មេធាវី៖ មេ​ឃុំ ស៊ាង ចែត មិន​អាច​ចេញ​ក្រៅ​ឃុំ​តាម​ការ​ធានា​របស់​មន្ត្រី​បក្ស​ប្រឆាំង

0:00 / 0:00

មេធាវី​ការពារ​ក្តី​មេ​ឃុំ​បក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា នីតិវិធី​នៃ​ដំណើរ​ការ​ក្តី និង​បែប​ផែន​រដ្ឋបាល​របស់​តុលាការ គឺ​មិន​អាច​ឲ្យ​លោក​មេ​ឃុំ ស៊ាង ចែត ចេញ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ការ​ធានា​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទេ។ ចំណែក​អ្នក​តាមដាន​នយោបាយ​យល់​ថា លោក ស៊ាង ចែត អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​លុះ​ត្រា​មាន​ឆន្ទៈ​នយោបាយ។

​មេធាវី​ការពារ​ក្ដី គ្មាន​រំពឹង​ថា កូន​ក្តី​របស់​ខ្លួន​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​បុណ្យ​ភ្ជុំបិណ្ឌ តាម​ការ​រំពឹង​ពី​គណបក្ស​ប្រឆាំង ខណៈ​តុលាការ​មិន​ទាន់​ផ្ដល់​ចម្លើយ​ពី​សំណើ​នេះ​នៅ​ឡើយ។

មេធាវី​ការពារ​ក្តី​របស់​មេឃុំ ស៊ាង ចែត លោក សំ សុគង់ ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​៣០ ខែ​កញ្ញា ថា ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​លោក ស៊ាង ចែត នៅ​ក្រៅ​ឃុំ​ដោយ​មាន​ការ​ធានា​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ ប៉ុន្តែ​លោក​ថា មក​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មេធាវី​មិន​ទទួល​បាន​ចម្លើយ​ទេ។ លោក​ថា តាម​ផ្លូវ​ច្បាប់ និង​បែប​ផែន​ការងារ​រដ្ឋបាល​សាលា​ដំបូង​រាជធានី លោក ស៊ាង ចែត មិន​អាច​ចេញ​ក្រៅ​ឃុំ​មុន​ភ្ជុំ ឬ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ គឺ​អាច​នឹង​ចេញ​ក្រៅ​ឃុំ​ក្រោយ​ភ្ជុំ៖ «បើ​ទោះ​បី​ជា​គេ​​សម្រេច​នៅ​ពេល​នេះ ក៏​អត់​អាច​សម្រេច​បាន​ដែរ ព្រោះ​ទាក់ទង​ការងារ​រដ្ឋបាល​មួយ​ចំនួន​នៅ​ក្នុង​ការ​ចុះ​បញ្ជី ចុះ​លិខិត​អី​ហ្នឹង»

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ថា ក្នុង​នាម​លោក​ផ្ទាល់ ទោះ​ត្រូវ​ចំណាយ​លុយ​បែប​ណា លោក​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ធានា​ឲ្យ​មេ​ឃុំ​លោក ស៊ាង ចែត បាន​នៅ​ក្រៅ​ឃុំ​ឲ្យ​បាន​ជួបជុំ​គ្រួសារ​នៅ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ ការ​ថ្លែង​បែប​នេះ​របស់​លោក សុន ឆ័យ បន្ទាប់​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា នឹង​ចូល​ប្រជុំ​ពេញ​អង្គ​នៅ​រដ្ឋសភា​ឡើង​វិញ។

​មេ​ឃុំ​ស្រក មក​ពី​គណបក្ស សម រង្ស៊ី នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម លោក ស៊ាង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា។ អង្គភាព​នេះ​រក​ឃើញ​ថា លោក ស៊ាង ចែត មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ក្រោយ​ពី​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ អះអាង​ថា មេ​ឃុំ​ស្រក រូប​នេះ បាន​យក​លុយ​ចំនួន ៥០០​ដុល្លារ ដើម្បី​ឲ្យ​ខ្លួន​ជួយ​បិទ​បាំង​ការពិត​ដែល​គេ​ចោទ​ថា មាន​រឿង​អាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់ លោក ស៊ាង ចែត ពី​បទ​សូកប៉ាន់​សាក្សី។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប គឺ​លោក សុន ឆ័យ និង​លោក ឡុង រី បាន​ចេញ​មុខ​យក​កិត្តិយស​របស់​ខ្លួន​មក​ធានា​សុំ​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​លោក ស៊ាង ចែត នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដើម្បី​អាច​ជួបជុំ​សាច់ញាតិ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

ទាក់ទង​រឿង​នេះ អាស៊ីសេរី​មិន​អាច​បំភ្លឺ​ពី​ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា។

ចំណែក​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ចំពោះ​ករណី​លោក ស៊ាង ចែត ឬ​ករណី​ចោទ​ប្រកាន់​លើ​មន្ត្រី​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​នយោបាយ ខណៈ​ប្រព័ន្ធ​តុលាការ​មិន​ទាន់​មាន​ឯករាជភាព​នៅ​ឡើយ។ លោក​និយាយ​ថា ការ​ចោទ​ប្រកាន់​ថា លោក ស៊ាង ចែត មាន​ជាប់​ពាក់ព័ន្ធ​នឹង​លុយ ៥០០​ដុល្លារ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​មេ​ឃុំ​រូប​នេះ បើ​ធៀប​ទៅ​នឹង​មន្ត្រី​ខិលខូច ឬ​ឈ្មួញ​ព្រៃឈើ​នានា ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​រាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ​គ្មាន​ការ​ចោទ​ប្រកាន់​អ្វី​ទាំង​អស់៖ «បើ​សិន​គ្មាន​ឆន្ទៈ​នយោបាយ​ទេ អ្នក​ជាប់​ទោស​ដោយសារ​លុយ ៥០០​ដុល្លារ​ហ្នឹង​ជាប់​រាប់​ឆ្នាំ រី​ឯ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផ្សេង​ទៀត​គេ​រស់​នៅ​សុខ​ស្រួល»

​លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​នេះ សំណុំ​រឿង​លោក ស៊ាង ចែត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​បិទ​ការ​ស៊ើបអង្កេត​រួច​ហើយ ដែល​ដំណើរ​រឿង​នេះ​ចៅក្រម​ស៊ើបសួរ​ត្រូវ​ចេញ​ដីកា​ដោះស្រាយ​មួយ​ក្នុង​ដីកា​នោះ ចៅក្រម​មាន​សិទ្ធិ​ពីរ​យ៉ាង គឺ​បញ្ជូន​រឿង​នោះ​ទៅ​ជំនុំជម្រះ ឬ​លើកលែង​ការ​ចោទ​ប្រកាន់។ លោក​បន្ត​ថា ក្នុង​ពេល​នោះ​ដែរ ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​ឲ្យ​លោក ស៊ាង ចែត នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។