តុលាការនឹងប្រកាសសាលក្រមរឿងក្ដីឃាតកម្មបណ្ឌិត កែម ឡី នៅថ្ងៃទី២៣មីនា
2017.03.01

តុលាការក្រុងភ្នំពេញ បានបើកសវនាការនៅព្រឹកថ្ងៃទី១ មីនា ជុំវិញរឿងក្ដីឃាតកម្មលើលោកបណ្ឌិត កែម ឡី។ សវនាការដែលមានការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងមន្ត្រីអង្គទូតផងនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៣ ខែមីនា។ អ្នកសង្កេតផ្នែកសិទ្ធិមនុស្សយល់ឃើញថា ការជំនុំជម្រះដែលប្រើពេលប្រមាណ ៥ម៉ោងនេះ ហាក់នៅមានចំណុចនៃមន្ទិលសង្ស័យជាច្រើន ដែលត្រូវស៊ើបអង្កេតទៀតនៅឡើយ។
ជនជាប់ចោទត្រូវបានឆ្មាំពន្ធនាគារដឹកតាមរថយន្ត យកទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញភ្លាមៗក្រោយបញ្ចប់ការជំនុំជម្រះ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក លាង សំណាត់ សម្រេចលើកពេលប្រកាសសាលក្រមរឿងក្ដីឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់ទៅថ្ងៃទី២៣ ខែមីនា នៅពេលស្ដាប់សេចក្ដីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការ និងមេធាវីការពារក្ដីរបស់ជនជាប់ចោទ ព្រមទាំងស្ដាប់សំណូមពររបស់ អឿត អាង រួច។
នៅក្នុងអង្គសវនាការ តំណាងអយ្យការ លោក លី សុផាណា បានស្នើសុំឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចចោទប្រកាន់ និងផ្ដន្ទាទោសឈ្មោះ អឿត អាង ដាក់ពន្ធនាគារទៅតាមបទល្មើសដែលបានប្រព្រឹត្ត។
ការជំនុំជម្រះដែលមានតែមេធាវីការពារក្ដីឲ្យឈ្មោះ អឿត អាង គឺលោក យុង ផានិត និងសាក្សីជាសមត្ថកិច្ច អ្នកជំនាញ និងបុគ្គលិកហាងស្តារម៉ាត (Star Mart) ដែលឆុងកាហ្វេ ជនជាប់ចោទបានព្យាយាមបដិសេធរាល់របាយការណ៍នៅក្នុងសវនាការទាំងអស់។ ចម្លើយសារភាពនៅក្នុងដំណាក់កាលនៃចៅក្រមស៊ើបសួរ ៣ដង គឺហាក់ខុសគ្នានៅត្រង់ចម្លើយខ្លះថា ជនជាប់ចោទបានជួបលោកបណ្ឌិត កែម ឡី ចំនួន ៣ដង ក៏ប៉ុន្តែចម្លើយសារភាពខ្លះថា ជួបលោកបណ្ឌិត កែម ឡី ចំនួន ២ដង។
ដោយឡែករូបភាពវីដេអូដែលបញ្ចាំងនៅក្នុងអង្គជំនុំជម្រះវិញ គឺឃើញតែមួយប្លង់នៅក្នុងហាងស្តារម៉ាត ដែលមានរូបភាពមិនសូវច្បាស់ តែភិនភាគដែលគេអាចមើលឃើញព្រឹលៗ គឺស្រដៀងជនជាប់ចោទដែរ។ ក្រៅពីនេះ វីដេអូដែលដាក់បញ្ចាំង គឺហាក់ថតបានចេញពីតាមស្តុប ដែលឈ្មោះ អឿត អាង រត់កាត់ ហើយវីដេអូចុងក្រោយ គឺជាវីដេអូដែលបែកធ្លាយក្រោយព្រឹត្តិការណ៍បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់។
ជនជាប់ចោទបានបដិសេធនៅក្នុងអង្គជំនុំជម្រះថា ខ្លួនពុំមែនឈ្មោះ អឿត អាង ដូចក្នុងរបាយការណ៍ស៊ើបអង្កេតរបស់តុលាការឡើយ។ មិនតែប៉ុណ្ណោះ ឈ្មោះ ជួប សម្លាប់ នេះបញ្ជាក់ថា ខ្លួនជាកូនកំព្រាតាំងពីកុមារភាព ហើយថែមទាំងពុំមានប្រពន្ធកូន និងទីលំនៅក្នុងខេត្តសៀមរាប ទៀតផង។
ស្របពេលឈ្មោះ ជួប សម្លាប់ មិនទទួលស្គាល់ឈ្មោះពិតថាជាឈ្មោះ អឿត អាង ហើយ នៅក្នុងអង្គសវនាការ ជនជាប់ចោទបានពិនិត្យមើលកាំភ្លើងដែលខ្លួនធ្លាប់ប្រើចំនួន ២ដងយ៉ាងជិតហើយ ទើបស្គាល់ថាពិតជាកាំភ្លើងខ្លីដែលខ្លួនបានបាញ់លោកបណ្ឌិត កែម ឡី ជាដើម។ នៅក្នុងអង្គជំនុំជម្រះ ក្រុមអ្នកសង្កេតការណ៍យល់ឃើញថា ទំនងមើលទៅឈ្មោះ ជួប សម្លាប់ នេះហាក់ដូចជាមិនប្រាកដថាជាកាំភ្លើងរបស់ខ្លួនផង ទាល់តែតំណាងអយ្យការដំឡើងសំឡេងខ្លាំងបន្តិច ទើបទទួលស្គាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។