តុលាការ​កំពូល​កំពុង​ពិនិត្យ​មើល​បណ្ដឹង​សើរើ​ថ្មី​មួយ​ទៀត​របស់​បក្ស​ប្រឆាំង

ដោយ តាំង សារ៉ាដា
2017-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​នគរបាល​ការពារ​សន្តិសុខ​ឈរ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧។
ក្រុម​នគរបាល​ការពារ​សន្តិសុខ​ឈរ​ខាង​មុខ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧។
AP

តុលាការ​កំពូល កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​សើរើ​ថ្មី​មួយ​ទៀត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​មិន​លើក​យក​សំណុំ​រឿង​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មក​ជម្រះ​ជា​ថ្មី។

​មេធាវី​របស់​លោក អ៊ូ ច័ន្ទរ័ត្ន គឺ​លោក ផែង ហេង បាន​យក​បណ្ដឹង​សើរើ​ថ្មី​នេះ​ទៅ​ដាក់​នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដើម្បី​ប្ដឹង​តវ៉ា​លើ​ដីកា​សម្រេច​របស់​តុលាការ​នេះ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដែល​ច្រាន​ចោល​បណ្ដឹង​លោក អ៊ូ ច័ន្ទរ័ត្ន សុំ​ឱ្យ​ជំនុំជម្រះ​សា​ជា​ថ្មី​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​សុំ​ឱ្យ​ចេញ​រក្សា​ការពារ​តំណែង​សមាជិក​ក្រុមប្រឹក្សា រាជធានី-​ខេត្ត ក្រុង-​ស្រុក-ខណ្ឌ និង​ឃុំ-​សង្កាត់ និង​បណ្ដឹង​ទាមទារ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ១១៨​នាក់​ឡើង​វិញ។

​តុលាការ​កំពូល​បញ្ជាក់​ថា មូលហេតុ​ដែល​តុលា​ការ​មិន​ចាត់​ការ​លើ​បណ្ដឹង​សើរើ​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​សាលដីកា​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ជា​សាលដីកា​បិទ​ផ្លូវ​តវ៉ា។

​សហគមន៍​អន្តរជាតិ​បាន​ធ្វើការ​ថ្កោលទោស​ជា​ខ្លាំង និង​គំរាម​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ថែម​ទៀត ដោយសារ​តែ​រដ្ឋាភិបាល​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ រហូត​មក​ទល់​ពេល​នេះ សភា​អឺរ៉ុប​បាន​សម្រេច​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​កាត់​ដេរ និង​ទំនិញ​គ្រប់​ប្រភេទ​របស់​កម្ពុជា មក​លក់​នៅ​ទីផ្សារ​អឺរ៉ុប ហើយ​សហរដ្ឋអាមេរិក​ឯ​ណេះ​វិញ ក៏​បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជាន់​ខ្ពស់​មិន​អោយ​ជាន់​ទឹកដី​សហរដ្ឋអាមេរិក។

​ជាង​នេះ​ទៅ​ទៀត ក្រុម​សមាជិក​សភា​តំណាងរាស្ត្រ​អាមេរិក ក៏​កំពុង​ពិចារណា​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ទាំង​ឡាយ​ដែល​ចូលរួម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថែម​ទៀត តាម​រយៈ​ការ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ និង​បញ្ជី​រាយ​នាម​ក្រុមហ៊ុន​សាជីវកម្ម​ទាំង​ឡាយ​នៅ​កម្ពុជា។

​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ផាតទ្រិក មើហ្វី (Patrick Murphy) កាល​ពី​ដើម​ខែ​ធ្នូ បាន​ជំរុញ​អោយ​លោក ហ៊ុន សែន ប្រញាប់​បង្វែរ​ស្ថានការណ៍​របស់​ប្រទេស​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ដោយ​អាមេរិក ទុក​ពេល​មួយ​រយៈ​អោយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ធ្វើការ​ពិចារណា​លើ​បញ្ហា​នេះ មុន​ពេល​សហរដ្ឋអាមេរិក បោះ​ជំហាន​ដ៏​ធំ​របស់​ខ្លួន​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​រដ្ឋាភិបាល​កម្ពុជា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល