រដ្ឋអាជ្ញាតៃវ៉ាន់សម្រេចចោទបុរសចិនដីគោកម្នាក់ និងបក្ខពួកអំពីបទលាងលុយកខ្វក់ ក្នុងជំនួញល្បែងអនឡាញខុសច្បាប់ ក្នុងតំបន់អាស៊ាន និងកោះតៃវ៉ាន់
2024.08.27
រដ្ឋអាជ្ញាកោះតៃវ៉ាន់ (Taiwan) ថ្មីៗ នេះ សម្រេចចោទប្រកាន់មេខ្លោងបុរសដើមកំណើតចិនដីគោកម្នាក់ឈ្មោះ ចេន (Chen) និងបក្ខពួករបស់ខ្លួនជាច្រើនផ្សេងទៀតពីបទ «លាងលុយកខ្វក់» ក្រោយពីរកឃើញថា លោក ចេន រកស៊ីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបនល្បែងស៊ីសងខុសច្បាប់នៅកោះតៃវ៉ាន់ និងក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះ ក៏រួមមានទាំងកម្ពុជាផង។ មន្ត្រីសង្គមស៊ីវិលថា កម្ពុជាគួររៀនសូត្រពីតៃវ៉ាន់ដោយចាប់ផ្ដើមស៊ើបអង្កេតរកមេខ្លោងនៃក្រុមឧក្រិដ្ឋជនធំៗ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់យកមកផ្ដន្ទាទោសតាមច្បាប់កម្ពុជា។
តុលាការតៃវ៉ាន់កំពុងបន្តបើកប្រតិបត្តិការស៊ើបអង្កេតឧក្រិដ្ឋជនលាងលុយកខ្វក់ និងអាជីវកម្មបនល្បែងខុសច្បាប់ បន្ទាប់ពីចាត់វិធានការចំពោះប្រធានក្រុមហ៊ុន ជ៊ីវចូ គ្រុប (Jiuzhou Group) ឬក្រុមល្បែង ៩០ (90 Gaming Group) គឺលោក ចេន និងបក្ខពួកជាច្រើននាក់ពាក់ព័ន្ធមុខជំនួញអាជីវកម្មបែបឧក្រិដ្ឋ។
ការិយាល័យរដ្ឋអាជ្ញាតំបន់តៃជុង (Taichung) នៃកោះតៃវ៉ាន់កាលពីថ្ងៃទី២៣ ខែសីហា បានបង្ហាញលទ្ធផលស៊ើបអង្កេតលម្អិតមួយពាក់ព័ន្ធនឹងសំណុំរឿងរបស់ជនជាតិចិនដីគោកម្នាក់គឺលោក ចេន និងបក្ខពួក។ បន្ទាប់ពីមានការស៊ើបអង្កេតរដ្ឋអាជ្ញាតៃវ៉ាន់រកឃើញថា ក្រុមហ៊ុនចំនួន១០ និងមានមនុស្សចំនួន ៣១នាក់ ដែលជាបក្ខពួកលោក ចេន ដោយអ្នកខ្លះជាមន្ត្រីផងបានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មដូចជាល្បែងស៊ីសង លាងលុយកខ្វក់ និងឧក្រិដ្ឋកម្មសូកប៉ាន់ ជាដើម។
ប្រភពដដែលបង្ហាញថា លោក ចេន ដែលជាម្ចាស់ក្រុមហ៊ុន ជ៊ីវចូ គ្រុប បានដឹកនាំមនុស្សចំនួន ៣១នាក់ ដើម្បីប្រតិបត្តិអាជីវកម្មភ្នាល់ល្បែងស៊ីសងតាមគេហទំព័រ (Website) មួយចំនួន ដូចជា លីអូ (LEO) ធីអេចអេ (THA) និងគូបេត (KUBET) ដែលមានប្រភពចេញមកពីតៃវ៉ាន់ កម្ពុជា វៀតណាម និងប្រទេសមួយចំនួនទៀត នៅក្នុងតំបន់ ចាប់ពីអំឡុងឆ្នាំ២០១២មក។ វេទិកាភ្នាល់ល្បែងតាមអនឡាញនេះ គឺបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ពន្ធរបស់លោក ចេន ផ្សេងទៀត ដែលទូទាត់សាច់ប្រាក់តាមប្រព័ន្ធ (OnePaid) និងប្រព័ន្ធ ១១៧៧ផេ (1177PAY) និងមានក្រុមហ៊ុនប្រមាណ ១.០០០ផ្សេងទៀត ដែលបានប្រមូលលុយប្រមាណ ៤៣,៨ពាន់លានដុល្លារតៃវ៉ាន់ពីក្រុមអ្នកលេងល្បែង។ រដ្ឋអាជ្ញាតៃវ៉ាន់បញ្ជាក់ថា ចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០១២ ដល់អំឡុងខែឧសភា ឆ្នាំ២០១៣ គោលដៅបង្ក្រាប ឬស្វែងរកសមាជិកក្រុមហ៊ុន ជ៊ីវចូ គ្រុប របស់លោក ចេន មានចំនួន ៦៥នាក់ និងមានមនុស្ស ៤៨នាក់ត្រូវបានចាប់ខ្លួន និងចេញដីកាកោះហៅ។ ក្នុងនោះ ក៏មានការរឹបអូសបានអចលនទ្រព្យ រថយន្តស៊េរីទំនើប មាស ដែលមានតម្លៃសរុបប្រមាណជាង ៤ពាន់លានដុល្លារតៃវ៉ាន់ និងសាច់ប្រាក់ប្រមាណជាង ១៦០លានដុល្លារតៃវ៉ាន់។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែសីហាថា ថ្វីត្បិតកម្ពុជា និងតៃវ៉ាន់ពុំមានចំណងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដោយ ក៏លោកជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យស៊ើបអង្កេតស្វែងរកម្ចាស់ក្រុមហ៊ុន និងអ្នកដែលពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក ចេន ដែលកំពុងប្រតិបត្តិការល្បែងស៊ីសងតាមអនឡាញខុសច្បាប់នៅកម្ពុជា។
លោក សេង វណ្ណលី៖ «កម្ពុជាលទ្ធផលដែលធ្វើឱ្យល្បែងស៊ីសងអនឡាញខុសច្បាប់នៅតែបន្តច្រើន ការលាងលុយកខ្វក់លេចជាព័ត៌មានញឹកញាប់ មិនថាក្នុងតំបន់ទេ គឺនៅទូទាំងពិភពលោកគឺលេចព័ត៌មានមិនសូវល្អទេពាក់ព័ន្ធការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាហូរហែ មូលហេតុដោយសារតែកង្វះនៃការអនុវត្តច្បាប់ និងការឃុបឃិតរបស់មន្ត្រីមួយចំនួនក្នុងសង្គម ក៏ដូចជាមន្ត្រីមូលដ្ឋានឃុបឃិតជាមួយក្រុមឧក្រិដ្ឋជនអនឡាញ ព្យាយាមការពារ និងព្យាយាមជំរុញឱ្យមានការផ្សព្វផ្សាយទាំងមានការទាក់ទាញតារាសិល្បករ និងកីឡា ជាពិសេសប្រដាល់ជាដើមហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៦ ខែសីហា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីដើមឆ្នាំ២០២៤ បញ្ជាឱ្យរដ្ឋបាលទូទាំងខេត្តរាជធានីចាត់វិធានការលើការលួចបើកបនល្បែងស៊ីសងខុសច្បាប់ និងមិនអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណដល់អាជីវកម្មបនល្បែងគ្រប់ប្រភេទ។
ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលពិនិត្យឃើញថា វិធានការនេះហាក់គ្មានប្រសិទ្ធភាពឡើយ ដោយសារតែអាជីវកម្មភ្នាល់ល្បែងតាមមូលដ្ឋានមួយចំនួននៅតែបន្តកើតមានដដែល។ មួយវិញទៀតជារឿយៗ គេតែងឃើញមានការផ្សព្វផ្សាយល្បែងភ្នាល់តាមអនឡាញព្រោងព្រាតនៅតាមបណ្ដាញសង្គមដែលក្រុមហ៊ុនបនល្បែងតាមអនឡាញទាំងនោះថែមទាំងជួលក្រុមមនុស្សល្បីក្នុងសង្គមដូចជាតារាចម្រៀង សម្ដែង ទៅផ្សព្វផ្សាយជាដើម។
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាកាលពីអំឡុងខែកក្កដាបញ្ជាក់ថា មានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក គេហទំព័រ និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ។ គណៈកម្មការនេះចាត់ទុកការផ្សព្វផ្សាយនេះថា ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្ដាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអះអាងថា ស្រាវជ្រាវបង្ក្រាបលើអ្នកផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា ល្បែងស៊ីសងតាមអនឡាញដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមនៅតែកើតមានច្រើនដែលបានពង្វក់ដល់យុវជន និងពលរដ្ឋ។ លោកលើកទឹកចិត្តដល់រដ្ឋាភិបាល និងតុលាការគួររៀនសូត្រពីតៃវ៉ាន់ដោយស៊ើបអង្កេតរកមេខ្លោងធំៗយកមកអនុវត្តទោសតាមច្បាប់ ព្រោះលោកថា កម្ពុជាពុំមែនជាប្រទេសដែលលើកតម្កើងអាជីវកម្មល្បែងស៊ីសងនោះទេ។
លោក រស់ សុដ្ឋា៖ «កិច្ចការនេះមិនលំបាកដូចការចាប់ជំរិតអីទេដែលលាក់បាំងអីច្រើន ចំពោះការផ្សព្វផ្សាយល្បែងអនឡាញខុសច្បាប់គឺវាលេចក្នុងគេហទំព័រ លេចក្នុងប្រព័ន្ធបណ្ដាញសង្គម (Social media)។ វាមានតម្លាភាពយើងអាចឃើញច្បាស់ និងចាត់វិធានការទាន់ពេលវេលា។ ប្រសិនថាជៀសមិនរួចជាស្រុកសេរី ឬយ៉ាងម៉េចយ៉ាងហោចណាស់ល្បែងទាំងនោះមិនប៉ះពាល់សង្គមដែរ ហើយប្រសិនជាល្បែងណាដែលឈានដល់ការមានហានិភ័យគួរចាត់វិធានការតាមផ្លូវច្បាប់ភ្លាម»។
ក្រុមមន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើល កន្លងមកក្រៅពីលើកឡើងអំពីកង្វល់នៃបញ្ហាល្បែងស៊ីសងបង្កឱ្យប៉ះពាល់ដល់សង្គម ពួកគេយល់ថា ការរីកដុះដាលនៃល្បែងស៊ីសងតាមអនឡាញកាន់តែច្រើនក្នុងសង្គមក៏ជាកត្តាជំរុញឱ្យកើតមានបញ្ហាឧក្រិដ្ឋការជួញដូរមនុស្ស និងឆបោកតាមអនឡាញដែរ។ ទោះជាយ៉ាងណាក្ដី មកទល់ពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្រៅពីគ្មានវិធានការបង្ក្រាបមេខ្លោងបនល្បែងធំៗ ប៉ុន្តែបានធ្វើជាអ្នកការពារអ្នកមានអំណាចគ្រាក់ៗ មួយចំនួន និងអ្នកជំនួញខ្មែរដើមកំណើតចិនម្នាក់គឺ លោក ចេន ហ្សី (Chen Zhi) ដែលតុលាការចិនបានពណ៌នាសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប របស់លោកថា ជា «ក្រុមឧក្រិដ្ឋកម្មបនល្បែងឆ្លងដែនដ៏អាក្រក់» មួយ ដែលរកចំណូលបានយ៉ាងហោចណាស់ ៥ពាន់លានយ័ន (ស្មើនឹង ៧០០លានដុល្លារ) ជាចំណូលមិនស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។