គ្រូបង្រៀន​ចូល​បំភ្លឺ​រឿង​​បរិហារកេរ្តិ៍​លើ​ហ្វេសប៊ុក

គ្រូបង្រៀន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ ភែល ភារុណ ដែល​បង្ហោះ​រឿង​នគរបាល​ចាប់​ម៉ូតូ​របស់​គាត់​លើ​ហ្វេសប៊ុក (Facebook) ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នគរបាល​ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​១៨ មីនា ឆ្នាំ​២០១៣ ពាក់ព័ន្ធ​នឹង​បរិហារកេរ្តិ៍។

លោក ភែល ភារុណ ឱ្យ​ដឹង​ថា បន្ទាប់​ពី​ជំនួប​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ជាង ២​ម៉ោង ដោយ​ផ្ដល់​ហេតុផល​រៀងៗ ខ្លួន​មក លោក និង​ភាគី​នគរបាល​ខណ្ឌ​ចំការមន បាន​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រមព្រៀង​គ្នា​ថា មិន​បន្ត​រឿង​រ៉ាវ​នេះ​ត​​ទៅ​ទៀត​ទេ។

លោក ភែល ភារុណ បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​នៃ​ពិភាក្សា​គ្នា គឺ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ធម្មតា គ្មាន​ការ​គំរាម​កំហែង ដែល​ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​ជួប​ពិភាក្សា​គ្នា​នោះ​អាច​ទទួល​យក​បាន​ទាំង​សង្ខាង។

ករណី​របស់​លោក ភែល ភារុណ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើក​យក​ធ្វើ​ជា​ករណី​សិក្សា​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​មួយ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ទាក់ទង​នឹង​សេរីភាព​បញ្ចេញ​មតិ។

មូលហេតុ​នៃ​ការ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​នគរបាល​ខណ្ឌ​នេះ ត្រូវ​បាន​លោក ភែល ភារុណ បញ្ជាក់​ថា ​បណ្ដាល​មក​ពី​លោក​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក អំពី​រឿង​រ៉ាវ​ដែល​នគរបាល​ចាប់​ម៉ូតូ​របស់​លោក​ទុក​មួយ​យប់ កាល​ពី​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០១៣ នេះ។ លោក​ឱ្យ​ដឹង​ថា ក្រោយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​រួច នគរបាល​ខណ្ឌ​ចំការ​មន​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​កោះ​អញ្ជើញ​លោក​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ដោយ​សរសេរ​ថា ឱ្យ​លោក​ចូល​បំភ្លឺ​អំពី​ករណី​បទ​បរិហារកេរ្តិ៍។

លោក ភែល ភារុណ ត្រូវ​បាន​នគរ​បាល​កោះ​អញ្ជើញ​ឱ្យ​ចូល​ទៅ​បំភ្លឺ​អំពី​ករណី​នេះ​ម្ដង​ហើយ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ប៉ុន្តែ​ដោយសារ​តែ​មាន​ធុរៈ​នៅ​តាម​ខេត្ត លោក​បាន​សុំ​លើក​ពេល​មក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៣​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។