មន្ត្រី​សិទ្ធិមនុស្ស​ស្នើសុំ​អាជ្ញាធរ​​ឱ្យ​ជួយ​យុវជន​មូស្លីម​កម្ពុជា​ ដែល​ត្រូវ​ប៉ូលិស​ថៃ​ឃាត់​​ខ្លួន​រឿង​​ហ្វឹក​ហាត់​បែប​ជា​​យោធា​

ដោយ ថន ថារ៉ូ
2019-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​អន្តរាគមន៍​ករណី​យុវជន​មូស្លីម​កម្ពុជា​ចំនួន ១១នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ហ្វឹក​ហាត់​យោធា។ មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ អះអាង​ថា ស្ថាន​ទូត​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ ហើយ​ព័ត៌មាន​លម្អិត​ស្ថាន​ទូត​នឹង​ផ្ដល់​ឱ្យ​នៅ​ពេល​ក្រោយ​ទៀត។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ​អាជ្ញាធរ​កម្ពុជា​មាន​កាតព្វកិច្ច​ក្នុង​ការ​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ ទោះ​ជា​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​។ លោក​ថា ករណី​ឃាត់​ខ្លួន​យុវជន​មូស្លីម​កម្ពុជា​នេះ ​ស្ថាន​ទូត​កម្ពុជា​ប្រ​ចាំ​ប្រទេស​ថៃ ត្រូវ​ជួយ​​​ពួក​គេ​តាម​លទ្ធភាព​ដែល​​អាច​​ធ្វើ​​ទៅ​​បាន​​ ជាពិសេស​ គឺ​​​ការ​ផ្ដល់​​មេធាវី ដើម្បី​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពួក​គេ៖ «ការ​សម្រេច​សេចក្ដី​ ឬ​ក៏​តុលាការ​ថៃ​កាត់​ទោស​យ៉ាង​ម៉េច អា​ហ្នឹង​​យើង​មិន​អាច​ជ្រៀតជ្រែក​បាន ប៉ុន្តែ​ស្ថានទូត​មាន​លទ្ធភាព​ពិនិត្យ​មើល​តើ ហើយ​អាច​រក​មេធាវី​ដើម្បី​ការពារ​ ព្រោះ​អ្នក​ទាំង​អស់​ហ្នឹង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ ហើយ​ប្រសិន​បើ​គេ​កាត់​ទោស​កាត់​អី​ អា​ហ្នឹង​យើង​អាច​ចរចា​ទាក់ទង​ហ្នឹង​ការ​ធ្វើ​បត្យាប័ន​ អា​ហ្នឹង​ជា​រឿង​ក្រោយ​មួយ​ទៀត​ ដែល​ខាង​រដ្ឋាភិបាល​ត្រូវ​គិត​គូរ»

កាល​ពី​ពេល​ថ្មីៗនេះ សមត្ថកិច្ច​ថៃ​បាន​ឃាត់​ខ្លួន​យុវជន​មូស្លីម​កម្ពុជា​ចំនួន​ ១១នាក់ ពាក់ព័ន្ធ​នឹង​សកម្មភាព​ហ្វឹកហាត់​យោធា ​ក្នុង​បរិវេណ​សាលា​អ៊ីស្លាម​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ាតានី (Pattani) ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ក្នុង​ចំណោម​យុវជន​ទាំង​ ១១នាក់​នោះ មាន ៩នាក់ ចូល​មក​ក្នុង​ប្រទេស​ថៃ​តាម​រយៈ​ទិដ្ឋាការ​ទេសចរណ៍​ ម្នាក់​ទៀត​មាន​ប័ណ្ណ​ការងារ​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ និង​ម្នាក់​ទៀត​ជា​ជន​អន្តោប្រវេសន៍​ខុសច្បាប់។

មន្ត្រី​យោធា​នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិ​ការ​សន្តិសុខ​ផ្ទៃក្នុង​ភូមិភាគ​ ៤ របស់​ថៃ បាន​អះអាង​ប្រាប់​ កាសែត ​ឌឺ ណេស៊ិន (The Nation) ថា មាន​ភស្តុតាង​ជា​វីដេអូ​ដែល​បង្ហាញ​ថា យុវជន​មូស្លីម​កម្ពុជា​ទាំងនោះ ​កំពុង​ហ្វឹក​ហាត់​របៀប​ការពារ​ខ្លួន​តាម​បែប​យោធា ហើយ​ប្រតិបត្តិការ​ឃាត់​ខ្លួន​ពួក​គេ​ ​ធ្វើ​ឡើង​ក្រោយពេល​អាជ្ញាធរ​បាន​ពិនិត្យ​មើល​វីដេអូ​នោះ។​​ មន្ត្រី​យោធា​ដដែល​បន្ត​ថា បន្ទាប់​ការ​ឃាត់​ខ្លួន​យុវជន​មូស្លីម​កម្ពុជា​នោះ​ ម្ចាស់​សាលា​​​អ៊ីស្លាម​មួយ​កន្លែង​នោះ ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​​ឱ្យ​ជន​បរទេស​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់។

បច្ចុប្បន្ន​ យុវជន​មូស្លីម​កម្ពុជា​ទាំងនោះ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​អាជ្ញាធរ​ថៃ ហើយ​ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីក្រុង​បាងកក​ បន្ទាប់​ពី​ផុត​រយៈពេល​ ១៥ថ្ងៃ។ មេ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ លោក ស៊ូរ៉ាឆេត (Surachet Hakpal) បាន​អះអាង​ថា យុវជន​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ ប្រសិន​បើ​រក​មិន​ឃើញ​ពី​ទោស​កំហុស​របស់​ពួក​គេ។ ក៏​ប៉ុន្តែ​លោក​ថា ​ប្រសិន​បើ​រក​ឃើញ​ថា ពួក​គេ​បាន​ប្រព្រឹត្ត​​កំហុស យុវជន​មូស្លីម​កម្ពុជា​ទាំង​នោះ នឹង​រង​ការ​ផ្ដន្ទាទោស និង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​ថៃ។

មន្ត្រី​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​មួយ​រូប​ ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ស្ថានទូត​បាន​ដឹង​ពី​ព័ត៌មាន​នេះ​រួច​ហើយ និង​កំពុង​ស្នើសុំ​ព័ត៌មាន​បន្ថែម​ពី​​អាជ្ញាធរ​ថៃ។ មន្ត្រី​ដដែល​អះអាង​ថា អាជ្ញាធរ​ថៃ​កំពុង​សាកសួរ​​​យុវជន​មូស្លីម​ទាំងនោះ​ ដោយ​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់ពួក​គេ​នៅ​ឡើយ៖ «ប្រសិន​បើ​គាត់​អត់​មាន​​ទោស​អី អា​ហ្នឹង​​អត់​​អី​ទេ តែ​ប្រសិន​បើ​គាត់​មាន​ទោស អា​ហ្នឹង​តាម​នីតិវិធី​ច្បាប់​របស់​គេ​។ ប៉ុន្តែ​គ្រាន់​​ថា អត់​​ទាន់​​ដឹង​​ព័ត៌មាន​​លម្អិត​​ទេ ដោយសារ​​យើង​ដឹង​​តែ​​ពី​​តាម​​គ្នា​​យើង និង​ (បណ្តាញ) ​ព័ត៌មាន​​ទេ។ អ៊ីចឹង​​ឥឡូវ​​ខាង​​ស្ថានទូត​​កំពុង​​តាម​ដាន​​រឿង​​ហ្នឹង​ដែរ​ជាមួយ​​អាជ្ញាធរ​​ថៃ»

អាស៊ី​សេរី​បាន​ព្យាយាម​​ទាក់ទង​​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈ​ចលនា​សាសនិក​ឥសា្លម​កម្ពុជា លោក ឧស្មាន់ ហាសាន់ ជាច្រើន​ដង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី៥ មករា ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ឡើយ។

រយៈពេល​ជិត ២ទសវត្សរ៍​កន្លង​ទៅ​នេះ អាជ្ញាធរ​ថៃ​បាន​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​នៅ​ដែន​ដី​ភាគ​ខាង​ត្បូង​ ដោយ​សារ​រីក​រាលដាល​នៃ​​ចលនា​ទាមទារ​ផ្ដាច់​ទឹក​ដី​និយម។ រដ្ឋាភិបាល​ថៃ​បាន​ដាក់​ខេត្ត​ ៣ ​ រួម​មាន​ខេត្ត​ប៉ាតានី យ៉ាឡា និង​ណារ៉ាធីវ៉ាត ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ក្រោម​ច្បាប់​អាជ្ញាសឹក​តាំង​ពី​ឆ្នាំ២០០៤ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ក្រោយ​ព្រឹត្តិការណ៍​ក្រុម​ឧទ្ទាម​លួច​វាយ​ឆ្មក់​ចូល​​បន្ទាយ​ទាហាន​នៅ​ខេត្ត​ណារ៉ាធីវ៉ាត ដោយ​ប្រមូល​យ​ក​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​ និង​បណ្ដាល​ឱ្យ​ស្លាប់​ទាហាន​រដ្ឋាភិបាល​មួយ​ចំនួន។ ការ​ប្រឈម​មុខ​ដ៏​ហិង្សា​រវាង​រដ្ឋាភិបាល​ក្រង​បាងកក​ និង​កង​ឧទ្ទាម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​ក្នុង​​​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ បាន​បណ្ដាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់​បង់​អាយុជីវិត ក្នុង​នោះ​ភាគ​ច្រើន ​គឺ​ជា​ជន​ស៊ីវិល​ស្លូត​ត្រង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Dan

ពី LA

អាហ្នឹងជាការហាត់របស់ពួកភេរវករ។ ម៉េចបានជាប្រព្រឹត្តអំពើល្ងង់ខ្លៅដូច្នេះ ដេកគុកសៀមយ៉ាងតិច៥ឆ្នាំអានាង។ កុំអោយតែសៀមវាទាត់ធ្លាយនោមទៀតគ្រាន់បើហើយ

Feb 05, 2019 09:54 AM

គេហទំព័រ​ទាំងមូល