នគរបាល​កម្ពុជា​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជន​ជាតិ​តៃវ៉ាន់​នៅ​ថៃ រួច​គេច​មក​ប្រទេស​កម្ពុជា

កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ នៅ​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឱ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​អ្នក​នាង ភីយ៉ានុត ថាម៉ារ៉ាត់ (Piyanut Thammarat) ជា​ជន​ជាតិ​ថៃ ដែល​ពាក់ព័ន្ធ​ជា​មួយ​នឹង​បុរស​ជន​ជាតិ​តៃវ៉ាន់ ៤នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចោទ​ប្រកាន់​ថា បាន​សម្លាប់​ជន​ជាតិ​តៃវ៉ាន់​ម្នាក់ ហើយ​បាន​រត់​គេច​មក​ប្រទេស​កម្ពុជា។

អគ្គស្នងការ​រង​នគរ​បាល​ជាតិ​ប្រទេស​ថៃ លោក ថាណា ជូវង់ (Thana Chuwong) ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា អ្នក​នាង ភីយ៉ានុត ថាម៉ារាត់ អាយុ ២៣ ឆ្នាំ គឺ​ជា​ម្ចាស់​រថយន្ត​ម៉ាសស្ដារ (Mazda) ដែល​គេ​ជឿ​ថា ធ្លាប់​ដឹក​សាកសព​ជនជាតិ​តៃវ៉ាន់​ឈ្មោះ ស៊ី មូ ជៀង (Shih Mou Chiang) ពី​កន្លែង​ឧក្រិដ្ឋកម្ម​ទៅ​ទម្លាក់​នៅ​ក្នុង​តូប​លក់​អាហារ​ដែល​គ្មាន​មនុស្ស​នៅ​ក្បែរ​វាល​យន្តហោះ​សុវណ្ណភូមិ ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ។ មន្ត្រី​នគរបាល​ជាន់​ខ្ពស់​នេះ​ថា អ្នក​នាង ភីយ៉ានុត ថាម៉ារ៉ាត់ នឹង​ត្រូវ​នាំ​មក​ប្រទេស​ថៃ​វិញ ហើយ​អ្នក​នាង គឺ​ជា​មនុស្ស​គន្លឹះ​ក្នុង​ការ​បំបែក​សំណុំ​រឿង​នេះ។

អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ថ្លែង​ថា លោក​នៅ​មិន​ទាន់​ដឹង​ទេ ចំពោះ​ករណី​នេះ ហើយ​លោក​បង្វែរ​សំណួរ​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ។

ប្រធាន​អន្តោ​ប្រវេសន៍​ថៃ​ខេត្តស្រះកែវ ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី២៦ ខែកម្ភៈ​នេះ​ថា មេរ៉ា​សុវត្ថិភាព​បង្ហាញ​អំពី​ក្រុម​ជន​សង្ស័យ​ទាំង​នោះ ដែល​មក​ដល់​ខេត្ត​ស្រះកែវ​តាម​ឡាន​ក្រុង​ប្រហែល​ម៉ោង ៤រសៀល ថ្ងៃ​ទី២៥ ខែកម្ភៈ។ ជន​សង្ស័យ​ទាំង ៥នាក់ បាន​បង្ហាញ​លិខិត​ឆ្លងដែន​ដល់​មន្ត្រី​អន្តោប្រវេសន៍ និង​បាន​ឆ្លងដែន​ចូល​មក​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាល​ពី​ម៉ោង ៦ល្ងាច នៃ​ថ្ងៃ​ទី២៥ ខែកុម្ភៈ ហើយ​ចូល​ទៅ​កាស៊ីណូ វេលា​ពី​ម៉ោង ៧កន្លះ​យប់ និង​ជួល​រថយន្ត​តាក់ស៊ី​ចេញ​ទៅ​ភ្នំពេញ នៅ​ម៉ោង ៩យប់​ថ្ងៃ​ដដែល​នោះ។ នៅ​ពេល​ឆ្លងដែន​ចូល​កម្ពុជា ប៉ូលិស​អន្តោប្រវេសន៍​ថៃ​មិន​ទាន់​អាច​ឃាត់​ខ្លួន​ពួក​គេ​បាន​ទេ ដោយសារ​មិន​មាន​ដីកា​ឱ្យ​ឃាត់​ខ្លួន​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។