សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា បានចោទប្រកាន់ជនជាតិចិនចំនួន ១១នាក់ ពីបទផលិត ស្តុកទុក និងការជួញដូរគ្រឿងញៀន ព្រមទាំងការលាងលុយកង្វក់។
ការចោទប្រកាន់របស់តុលាការនេះធ្វើឡើង ក្រោយពីអាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀន បានចាប់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិនចំនួន ១១នាក់បន្ថែមទៀត ដោយរឹបអូសបានគ្រឿងញៀនជិត ២តោន និងសារធាតុគីមីផ្សំជាគ្រឿងញៀនចំនួន ២៧៦ តោនផ្សេងទៀត ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងផ្សេងៗគ្នា ចន្លោះពីថ្ងៃទី៤ ដល់ទី៩ ខែកក្កដា នៅទីក្រុងភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង និងខេត្តព្រៃវែង។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា បង្ហាញថា ការបង្ក្រាបទីតាំងរោងចក្រផលិតគ្រឿងញៀនចំនួន ៧ទីតាំងខុសៗគ្នារបស់ក្រុមឧក្រិដ្ឋជនចិន ទាំងនោះសមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ៣ខែមកហើយ។ សមត្ថកិច្ចថា គ្រឿងញៀនដែលរឹបអូសបាននោះ គឺជាប្រភេទកេតាមីន (Ketamine) ជិត ២តោន សារធាតុគីមីផ្សំជាគ្រឿងញៀនចំនួន ២៧៦តោន និងឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ ព្រមទាំងលិខិតកាន់កាប់ អចលនទ្រព្យ ចំនួន ៧កន្លែង ដែលជាទីតាំងសម្រាប់ផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជន។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថា ឧក្រិដ្ឋជនទាំង ១១នាក់នោះ បានដឹកជញ្ជូនល្បាយសារធាតុគីមីផ្សំគ្រឿងញៀន និងគ្រឿងម៉ាស៊ីនប្រតិកម្ម ចូលកម្ពុជា ឆ្លងកាត់សមុទ្រវៀតណាម ចូលតាមច្រកកំពង់ផែក្រុងភ្នំពេញ តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ លោកអះអាងថា ការណ៍ដែលជនជាតិចិនទាំងនោះ អាចនាំសារធាតុគីមីផ្សំចូលកម្ពុជាបានជាបន្តបន្ទាប់នេះ ដោយសារតែពួកគេបន្លំសារធាតុគីមីផ្សំទាំងនោះដាក់ក្នុងចំណោមសារធាតុគីមី ដែលប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម។
មន្ត្រីសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរពាក់ព័ន្ធ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយបន្តស៊ើបអង្កេតរកមន្ត្រីអាជ្ញាធរ និងអ្នកមានអំណាច ដែលបានឃុបឃិតគ្នាជាមួយក្រុមឧក្រិដ្ឋជន។ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា បើអាជ្ញាធរគ្មានចំណាត់ច្បាស់លាស់ក្នុងការស្រាវជ្រាវរកមេខ្លោងធំៗ ទាំងនោះទេ លំហូរគ្រឿងញៀននឹងមិនអាចទប់ស្កាត់បានឡើយ ដែលជាហេតុនាំឱ្យសង្គមជាតិទាំងមូលនឹងកាន់តែមានភាពអនាធិបតេយ្យ និងវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនបង្ហាញថា ជនសង្ស័យជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះ អាចនឹងប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី២០ឆ្នាំ ទៅ៣០ឆ្នាំ ឬ អស់មួយជីវិត និងពិន័យជាប្រាក់ពី៤០លានរៀល ទៅ១០០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។