អាជ្ញាធរ​គ្រោង​បណ្ដេញ​ជនជាតិ​ចិន ២៧​នាក់ និង​បរទេស ១៦៧​នាក់​ផ្សេង​ទៀត​ចេញ​ពី​កម្ពុជា

ដោយ សេក បណ្ឌិត
2024.03.14
អាជ្ញាធរ​គ្រោង​បណ្ដេញ​ជនជាតិ​ចិន ២៧​នាក់ និង​បរទេស ១៦៧​នាក់​ផ្សេង​ទៀត​ចេញ​ពី​កម្ពុជា សមត្ថកិច្ចខេត្ត​ព្រះសីហនុចុះបង្ក្រាបទីតាំងល្បែងសុីសង​អត់ច្បាប់​​ នៅទីតាំង​អតីតកាសុី​ណូ​ Paradise Island នៅភូមិ៣​ សង្កាត់៤​ ក្រុង-ខេត្តព្រះសីហនុ​ កាលពីថ្ងៃទី៩ មីនា ២០២៤។
រូប៖ ហ្វេសប៊ុកស្នងការខេត្តព្រះសីហនុ

ក្រសួង​មហាផ្ទៃ​គ្រោង​​បណ្ដេញ​ជនជាតិ​ចិន​ចំនួន​២៧​នាក់ និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ផ្សេង​ទៀត​ចំនួន ១៦៧​នាក់ ចេញ​ពី​កម្ពុជា​នៅ​ពេល​ខាងមុខ។ ជនបរទេស​ជិត ២​រយ​នាក់ (១៩៤) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្នុង​ពេល​បង្ក្រាប​ទីតាំង​ល្បែង​ខុស​ច្បាប់​ផ្ទួនៗ​គ្នា ចំនួន ២​កន្លែង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​បណ្តេញ​ជនជាតិ​ចិន​ចំនួន ២៧​នាក់ និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១៦៧​នាក់​ផ្សេង​ទៀត ចេញ​ពី​ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​ពេល​វេលា​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី៩ និង​ទី​១០ ខែមីនា សមត្ថកិច្ច​ចម្រុះ មាន​កងរាជអាវុធហត្ថ និង​ប៉ូលិស បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង អតីត​កាស៊ីណូ​ផារ៉ាដាយ អាយលែន (Paradis Island) និង​ទីតាំង​មួយ​ផ្សេង​ទៀត ក្នុង​គោលបំណង​បំបាត់​នូវ​ទីតាំង​ដែល​មាន​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scammed) គ្រប់​ប្រភេទ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​ចិន​២៩​នាក់ ជនជាតិ​តៃវ៉ាន់​១២​នាក់ ជនជាតិ​ថៃ ៥៤​នាក់ ជនជាតិ​វៀតណាម ១០៩​នាក់ និង​ជនជាតិ​មីយ៉ាន់ម៉ា ម្នាក់ ដែល​បាន​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់។

ជុំវិញ​រឿង​នេះ អង្គការ​សិទ្ធិមនុស្ស​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល ដែល​ចាត់​វិធានការ​បណ្ដេញ​ជនបរទេស​ទាំងឡាយ​ណា ដែល​ចូល​មក​កម្ពុជា​ខុសច្បាប់​ព្រមទាំង​បង្ក​ឱ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម​នានា​ផង​នោះ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ច្បាប់ ប្រសិនបើ​ជនបរទេស​ណា​បាន​ចូល​មក​ដោយ​ខុសច្បាប់ គឺ​ត្រូវ​បណ្ដេញ​ចេញ​និង​ត្រូវតែ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។

លោក អំ សំ អាត៖ «ខ្ញុំ​យល់​ថា គឺ​ដល់​ពេល​ដែល​កម្ពុជា ត្រូវ​ពង្រឹង​បន្ថែម​នូវ​យន្តការ​គ្រប់គ្រង​ទៅលើ​ជនអន្តោប្រវេសន៍​មួយចំនួន ដែល​ចូល​មក​កម្ពុជា​ខុសច្បាប់​ឬក៏​ជន​ជា​មុខសញ្ញា ដែល​បណ្ដា​ប្រទេស​ផ្សេងៗ​គេ​បាន​ដាក់​ក្នុង​បញ្ជីខ្មៅ​។ គួរតែ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​អនុញ្ញាត ឱ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក យង់ គិមអេង មានប្រសាសន៍​ថា លោក​ចង់​ឃើញ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​កម្ពុជា អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បទល្មើស​និង​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ ដែល​បង្កឡើង​ដោយ​ជនបរទេស ហើយ​កំពុងតែ​កើត​មាន​នៅក្នុង​សង្គម​កម្ពុជា។

លោក យង់ គិមអេង មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​ជនបរទេស​ខ្លះ ដែល​ចូល​មក​កម្ពុជា​មិន​ស្រប​ច្បាប់ ហើយ​ថែមទាំង​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​កម្ពុជា​ផង។

លោក យង់ គិមអេង៖ «ជនអន្តោប្រវេសន៍ បង្ក​បញ្ហា​ស្មុគស្មាញ​ខ្លាំង​ណាស់ អ្នកខ្លះ​ចូល​មក​បង្ក​ឧក្រិដ្ឋកម្ម អ្នក​ខ្លះទៀត​ចូល​មក​បង្ក​បទល្មើស​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​កម្ពុជា។ ជាពិសេស​យើង​ឃើញ​ហើយ​ដូច​ករណី​ជនជាតិ​ចិន​និង​ករណី​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​ហ្នឹង គឺ​ដោយសារតែ​ការ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ មិន​បាន​ហ្មត់ចត់​និង​ដិត​ដល់»

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនបរទេស​ជាង ៥​រយ​លើក (៥១២) ស្មើ​និង​ជនល្មើស​ចំនួន​ជាង ២​ពាន់​នាក់ (,១៥៩) ចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់។

ជនបរទេស​ទាំងនោះ មាន​៣៩​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​ចិន​ច្រើន​ជាង​គេ​ចំនួន​ជាង ១​ពាន់​នាក់​(,០១១) ឥណ្ឌូណេស៊ី ជិត​ ៣​រយ​នាក់ (២៦៧) វៀតណាម ជាង ៥​រយ​នាក់ (៥០៧) ថៃ​៦០​នាក់ ឥណ្ឌា​៧៧​នាក់ ជប៉ុន​៥៣​នាក់ នីហ្សេរីយ៉ា ៣៣​នាក់ ម៉ាឡេស៊ី ៣២​នាក់ តៃវ៉ាន់ ២៤​នាក់ កូរ៉េខាងត្បូង​២០​នាក់ ហ្វីលីពីន ១៦​នាក់ អាមេរិក ១៤​នាក់ អង់គ្លេស ១៤​នាក់ និង​២៦​សញ្ជាតិ​ផ្សេងទៀត តែ​មាន​ចំនួន​តិចតួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។