ពលរដ្ឋរងគ្រោះដីធ្លី និងបញ្ហាសិទ្ធិការងារ លើកឡើងថា ការបង្កើតមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌មិនជួយដោះស្រាយបញ្ហាជូនពួកគាត់បានឡើយ ប្រសិនបើតុលាការមិនឯករាជ្យ និងគ្មានឆន្ទៈដោះស្រាយ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាជូនពលរដ្ឋ ក្រសួងយុត្តិធម៌គួរតែកែទម្រង់ប្រព័ន្ធយុត្តិធម៌ឡើងវិញ និងលុបបំបាត់អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ។
ប្រជាពលរដ្ឋក្រីក្រដែលរងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារលើកឡើងថា ប្រសិនបើក្រសួងយុត្តិធម៌ចង់ពន្លឿនការដោះស្រាយសំណុំរឿងតាមប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព តុលាការគួរតែធ្វើការដោយមានតម្លាភាព និងមិនលំអៀងទៅរកអ្នកមានលុយមានអំណាច។
តំណាងសហគមន៍ដីធ្លី ១៩៧គ្រួសារ នៅខេត្តកោះកុង លោកស្រី ដេត ហ៊ួរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៤ ខែកុម្ភៈ ថាលោកស្រីគ្មានជំនឿលើក្រុមមេធាវីបង្កើតដោយក្រសួងយុត្តិធម៌ថា អាចផ្ដល់ពន្លឺយុត្តិធម៌ជូនលោកស្រីឡើយ។ លោកស្រីមើលឃើញថា នៅពេលពលរដ្ឋដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ តុលាការបែរជាមិនខ្វាយខ្វល់ពីផលលំបាករបស់ពួកគាត់។
លោកស្រី ដេត ហ៊ួរ៖«ហើយមានក្រុមផ្សេងៗទៀតតស៊ូរហូតជាង១០ឆ្នាំទើបបានដំណោះស្រាយខ្លះទៀតមិនបានដំណោះស្រាយ ពេញលេញផងអ៊ីចឹងខ្ញុំគិតថាយន្តការរបស់រដ្ឋាភិបាលគាត់ដោះស្រាយជូនប្រជាពលរដ្ឋគាត់មិនមានការយន្តការណាមួយពន្លឿនក្នុងការដោះស្រាយទេ ហើយខ្ញុំគិតថា រឿងហ្នឹងមិនមែនមិនអាចដោះស្រាយបានទេបើគាត់មានចិត្តចង់ដោះស្រាយយន្តការរបស់ពួកគាត់អាចដោះស្រាយបានយ៉ាងឆាប់រហ័សហើយក៏មិនធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខវេទនាទៀត»។
ស្រដៀងគ្នានេះដែរកូដករណាហ្គាវើលដ៍ លោកស្រី សុខ រតនា ថ្លែងថា ការបង្កើតក្រុមមេធាវីនេះ គឺសម្រាប់តែការពារក្រុមអ្នកមានលុយមានអំណាចប៉ុណ្ណោះមិនបានការពារឱ្យពលរដ្ឋស្លូតត្រង់ឡើយ។ លោកស្រីបន្តថា វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងកម្មករអូសបន្លាយរយៈពេលជិត៣ឆ្នាំមកនេះបង្ហាញថា យន្តការដោះស្រាយបញ្ហារបស់ក្រសួងយុត្តិធម៌មិនបានបំពេញការងារស្របតាមច្បាប់ និងវិជ្ជាជីវៈឡើយ។
លោកស្រី សុខ រតនា៖«ពួកគាត់អាចអនុវត្តតាមបែបបទក្រសួងយុត្តិធម៌បានប៉ុណ្ណាយើងមិនហ៊ាននិយាយទេ ប៉ុន្តែជាក់ស្ដែងរឿងពួកខ្ញុំ ខ្ញុំហ៊ាននិយាយថាពួកខ្ញុំគ្មានការរំពឹងដូចថាវាស្ងាត់ជ្រាបពេក ហើយដូចជាគ្មានការផ្ដល់យុត្តិធម៌សម្រាប់ខ្ញុំដែលជាកម្មករហ្នឹងទេបើទោះបីជាពួកខ្ញុំដែលជាកម្មករប្រឹងស្រែកប្រឹងអំពាវនាវប៉ុណ្ណាក៏ដូចជាស្ងាត់អត់មានការអន្តរាគមន៍ ពន្លឿននៃការដោះស្រាយ ឬក៏អាចឱ្យថៅកែណាហ្គាវើលដ៍ចេញមកដោះស្រាយឱ្យកម្មករហ្នឹងទេវាពិបាកក្នុងការរស់នៅ»។
ប្រតិកម្មរបស់ពលរដ្ឋទាំងនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ កាលពីថ្ងៃទី០២ ខែកុម្ភៈ ប្រកាសរៀបចំមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ស្ម័គ្រចិត្ត ដើម្បីផ្ដល់សេវាការពារក្ដីដោយឥតគិតថ្លៃក្នុងការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមប្រព័ន្ធតុលាការ ព្រមទាំងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីមួយចំនួននៅតាមតុលាការ ។ ការរៀបចំក្រុមមេធាវីចំនួន២០៩រូបនោះ គឺរាប់ចាប់តាំងពីមេធាវីការពារក្ដីនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូង ដែលពលរដ្ឋអាចស្វែងរកការពារក្ដីបានដោយឥតគិតថ្លៃក្នុង២៥រាជធានី ខេត្ត ក្រុង។
ជុំវិញបញ្ហានេះនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា គឺជារឿងល្អដែលក្រសួងយុត្តិធម៌បង្កើតក្រុមមេធាវីការពារក្ដីឱ្យពលរដ្ឋដែលរងគ្រោះ ប៉ុន្តែលោកថាស្ថាប័នតុលាការមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយប្រសិនបើតុលាការមានឆន្ទៈ។
លោក អំ សំអាត៖«រឿងតុលាការលោកមានភាពយុត្តិធម៌ ហើយឯករាជ្យដោះស្រាយឈរលើគោលការណ៍នៃច្បាប់ ឈរលើភស្តុតាងអាហ្នឹងជារឿងមួយធានាបាន ហើយបើតុលាការមិនទាន់ឯករាជ្យហើយយើងមិនទាន់មាននីតិរដ្ឋពិតប្រាកដ អាហ្នឹងក៏មិនទាន់ធានាថាភាពយុត្តិធម៌នៅក្នុងសង្គមមានការទទួលស្គាល់ ហើយពលរដ្ឋមានសេចក្ដីជឿជាក់លើប្រព័ន្ធតុលាការដែរ»។
ទោះជាយ៉ាងណាប្រព័ន្ធតុលាការនៅកម្ពុជាត្រូវបានសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា មិនទាន់ឯករាជ្យនៅឡើយទេ ព្រោះមន្ត្រីជាន់ខ្ពស់នៅក្នុងប្រព័ន្ធនេះ រាប់ចាប់ពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម រហូតដល់ចៅក្រម ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងសូម្បីតែគណៈមេធាវី ភាគច្រើនគឺជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធានគណបក្ស។ បញ្ហានេះធ្វើឱ្យពលរដ្ឋក្រីក្រ និងស្លូតត្រង់ពិបាកជឿជាក់លើប្រព័ន្ធតុលាការថា អាចនឹងដាក់ចេញនូវយន្តការជួយដោះស្រាយបញ្ហាជូនពួកគាត់។
រដ្ឋាភិបាលកម្ពុជារងការរិះគន់ថា យកប្រព័ន្ធតុលាការធ្វើជាអាវុធ ដើម្បីកម្ចាត់ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នករិះគន់។ កម្ពុជាជាប់ចំណាត់ថ្នាក់ជិតបាតតារាងជាប្រទេសពូកែខាងរំលោភច្បាប់ជាងគេនៅលើពិភពលោក នេះបើយោង សន្ទស្សន៍នីតិរដ្ឋ ឆ្នាំ២០២៣ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក World Justice Project (WJP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) សហរដ្ឋអាមេរិក (USA)។
ពលរដ្ឋលើកឡើងថា ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ឱ្យមានប្រសិទ្ធភាពរដ្ឋាភិបាល និងស្ថាប័នតុលាការគួរតែធ្វើការដោយឯករាជ្យកុំលំអៀងទៅរកអ្នកមានលុយមានអំណាច ជាពិសេសត្រូវចាត់ទុកទុក្ខលំបាករបស់ពលរដ្ឋគឺជារឿងអាទិភាពក្នុងការដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
