តំណាងក្រុមសហជីពកម្មករ និងសមាគមអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ៣១ រួមគ្នាទាមទារអោយរដ្ឋាភិបាលទម្លាក់ចោលច្បាប់សហជីព ដែលកំពុងឋិតក្នុងសេចក្ដីព្រាងនៅឡើយ។ ការទាមទារនេះធ្វើឡើងតាមរយៈញត្តិរបស់ក្រុមនេះ ដែលដាក់ទៅស្ថាប័នពាក់ព័ន្ធមួយចំនួន កាលពីព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០១៥។
តំណាងសហជីពកម្មករត្រៀមនឹងធ្វើការតវ៉ា ជំទាស់នឹងច្បាប់សហជីព ប្រសិនបើរដ្ឋាភិបាលនៅតែប្រកាន់ជំហរចេញច្បាប់សហជីពអោយខាងតែបាននោះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលដឹកនាំតំណាងសហជីព និងសមាគមដាក់ញត្តិ រិះគន់ថា ច្បាប់សហជីពដែលកំពុងឋិតក្នុងដៃក្រសួងការងារនៅឡើយនោះ មានចំណុចមួយចំនួនរឹតត្បិតសេរីភាពរបស់សហជីព និងមិនអាចអោយពួកគេបំពេញការងារអោយបានពេញលេញដើម្បីការពារប្រយោជន៍កម្មករបានទៀតឡើយ។ លោក អាត់ ធន ស្នើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបញ្ឈប់ការប៉ុនប៉ងបង្កើតច្បាប់សហជីព៖ «គឺយើងនឹងជួបប្រជុំគ្នាដើម្បីជជែក ឬអាចធ្វើការតវ៉ាតាមវិធីណាដែលអាចធ្វើបាននៅក្នុងពេលហ្នឹង។ ប្រសិនបើរដ្ឋាភិបាលថាត្រូវតែចេញ សូមឲ្យសេចក្តីព្រាងនោះបានមកសហជីពបានពិនិត្យ និងផ្ដល់យោបល់ចុងក្រោយ ធ្វើយ៉ាងណាឲ្យស្របរដ្ឋធម្មនុញ្ញ អនុសញ្ញាអន្តរជាតិ»។
លោក អាត់ ធន់ បានបង្ហាញពីមាត្រាមួយចំនួន ដែលមានផលប៉ះពាល់ រួមមាន មាត្រា ១២ ៦៦ ៧៨ និងមាត្រា៨០ ជាដើម៖ «យោងតាមអនុសញ្ញាលេខ៨៧ គេបានលើកឡើង រដ្ឋមិនត្រូវជ្រៀតជ្រែកកិច្ចការសហជីពឡើយ ក្រុមហ៊ុនមិនអាចធ្វើការ ឬក៏បញ្ចូលគ្នាជាមួយសហជីពឡើយ។ ប៉ុន្តែនៅក្នុងច្បាប់នេះ សូម្បីតែលក្ខន្តិកៈក៏មានសរសេរនៅក្នុងហ្នឹងស្រេច សហជីពមិនមានសិទ្ធិតែលក្ខន្តិកៈ។ ហើយមួយទៀត គឺត្រូវផ្ញើរបាយការណ៍ហិរញ្ញវត្ថុទៅក្រសួងបើក្រសួងត្រូវការ»។
ក្រុមអ្នកដាក់ញត្តិប្រមាណជាង ១០០នាក់បានជួបប្រជុំគ្នានៅខាងមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្នើរដ្ឋមន្ត្រីក្រសួងនេះ ពិចារណាពីផលប៉ះពាល់នៃច្បាប់នេះទៅលើសេរីភាពសហជីព និងអត្ថប្រយោជន៍របស់កម្មករ។
មន្ត្រីការិយាល័យដោះស្រាយកូដកម្មបាតុកម្មនៃក្រសួងការងារ លោក ទូច សុទ្ធមុត បានទទួលញត្តិ ដោយពុំមានការសន្យាអ្វីក្រៅតែពីនាំញត្តិនោះទៅជូនរដ្ឋមន្ត្រីឡើយ។
ក្រៅពីនេះតំណាងក្រុមអ្នកដាក់ញត្តិក៏បានយកញត្តិ ដែលមានអត្ថន័យស្នើសុំកុំអោយមានច្បាប់សហជីពដដែលនេះទៅដាក់នៅសហភាពអឺរ៉ុប ស្ថានទូតអាមេរិក និងស្ថានទូតនានា ប្រចាំប្រទេសកម្ពុជា។ ស្របគ្នានេះក្រុមដដែលក៏បានដាក់ទៅតំណាងរាស្ត្រទាំង ១២៣រូប នៃរដ្ឋសភា ដោយស្នើមិនអោយអនុម័តលើសេចក្តីព្រាងច្បាប់សហជីព។
កន្លងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអះអាងថា សេចក្ដីព្រាងច្បាប់សហជីពត្រូវផ្ដួចផ្ដើមតាមសំណូមពររបស់ភាគីកម្មករនិយោជិត និងនិយោជកកាលពីឆ្នាំ២០០៨។ ខ្លឹមសារនៃច្បាប់នេះផ្អែកតាមរដ្ឋធម្មនុញ្ញ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងបទពិសោធន៍បណ្ដាអន្តរជាតិដទៃទៀត។ លើសពីនេះច្បាប់នេះក៏មានគោលដៅទប់ស្កាត់មជ្ឈដ្ឋានមួយចំនួនតូច ដែលចង់ប្រើប្រាស់កម្មករ និយោជិត បម្រើប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីប្រយោជន៍កម្មករនិយោជិត។
ប្រធានផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា កន្លងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិតជាបានបើកអោយមានកិច្ចពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធប្រាកដមែន ប៉ុន្តែនៅពេលសេចក្ដីព្រាងច្បាប់ដែលសម្រេចមកដល់ពេលនេះគឺខុសពីអ្វី ដែលបានសម្រេចរួមគ្នានាពេលកន្លង។ លោកថា អ្នកបញ្ជាទិញកំពុងតាមដានករណីនេះ ពួកគេអាចនឹងប្រតិកម្មប្រសិនបើច្បាប់នេះរឹតបន្តឹងសិទ្ធិបញ្ចេញមតិរបស់កម្មករ៖ «បើសិនជាច្បាប់នេះកាត់បន្ថយសេរីភាពចូលរួមសហជីពបង្កើតសហជីព សិទ្ធិចរចាជាសមូហភាព និងសិទ្ធិធ្វើកូដកម្ម ចឹងអ្នកបញ្ជាទិញ ឬប្រទេសទិញសម្លៀកបំពាក់ពីស្រុកខ្មែរ គេអាចពិចារណា»។
ទាក់ទិននឹងសេចក្ដីព្រាងច្បាប់នេះ សហជីពអន្តរជាតិក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍ជំទាស់នឹងការបង្កើតច្បាប់ដែលរឹតបន្តឹងសេរីភាពសហជីពដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
