តុលាការ​ខេត្ត​ព្រះសីហនុ​កាត់ទោស​ជនជាតិ​តៃវ៉ាន់ ២​នាក់​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ

ដោយ យ៉ង ចាន់តារា
2024.02.16
តុលាការ​ខេត្ត​ព្រះសីហនុ​កាត់ទោស​ជនជាតិ​តៃវ៉ាន់ ២​នាក់​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ (ពីឆ្វេង) ជនសង្ស័យជនជាតិ​តៃវ៉ាន់​ឈ្មោះ ឆេន ណេងឈុន (CHEN NENG CHUAN) និង លូ ស៊ូហ្ស៊ន (LU TSU HSIEN) ដែលតុលាការ​ខេត្ត​ព្រះសីហនុ ផ្ដន្ទាទោសដាក់គុក ២​ឆ្នាំ​ដោយ​ចោទ​ថា ពួកគេ​បាន​ថត​វីដេអូ​រៀបរាប់​ពី​បញ្ហា​អសន្តិសុខ និង​បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ។
រូប៖ ស្នងការនគរបាលខេត្ត​ព្រះសីហនុ

តុលាការខេត្ត​ព្រះសីហនុ​សម្រេច​ផ្ដន្ទាទោស​លើ​ជនជាតិ​តៃវ៉ាន់ (Taiwan) ២​នាក់​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​ដោយ​ចោទ​ថា ពួកគេ​បាន​ថត​វីដេអូ​រៀបរាប់​ពី​បញ្ហា​អសន្តិសុខ និង​បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា បញ្ហា​នៃ​អំពើ​ឧក្រិដ្ឋកម្ម​នៅ​ខេត្ត​ព្រះសីហនុ​នា​កន្លង​មក​បាន​កើត​ឡើង​ជាច្រើន និង​ហាក់​ល្បីល្បាញ​ខ្លាំង ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​មុខមាត់​កម្ពុជា។

តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ បាន​បើក​សវនាការ​លើ​ជនជាតិ​តៃវ៉ាន់ ២​នាក់​មានឈ្មោះ ឆេន ណេងឈុន (CHEN NENG CHUAN) និង លូ ស៊ូហ្ស៊ន (LU TSU HSIEN) ក្រោយពី​ពួកគេ​បាន​ឡាយ (Live) វីដេអូ​នៅ​តាម​បណ្ដាញ​សង្គម​ដោយ​បង្ហាញ​ពី​ទីតាំង​អគារ​មួយ​ចំនួន​ពាក់ព័ន្ធ​បញ្ហា​ជួញដូរ​មនុស្ស ការ​បង្ខាំង​មនុស្ស និង​អះអា​ងថា ខ្លួន​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប​នៅ​ខេត្ត​ព្រះសីហនុ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​១៥ ខែ​កុម្ភៈ បញ្ជាក់​ថា ជនជាតិ​តៃវ៉ាន់​ទាំងពីរ​នាក់​មក​កម្ពុជា​ក្នុង​បំណង​ផលិត​វីដេអូ​បំផ្លើស​ពី​ការ​ពិត អំពី​សកម្មភាព​ពាក់ព័ន្ធ​បញ្ហា​ជួញដូរ​មនុស្ស ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម អំពើ​ចាប់រំលោភ និង​ការលក់ដូរ​សរីរាង្គ​មនុស្ស​។ ប្រភព​ដដែល​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ជនជាតិ​តៃវ៉ាន់​ទាំងពីរ​នាក់​អះអាង​តាម​ការ​ឡាយ​វីដេអូ​តាមរយៈ​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ វ៉ា អាន ហ្សាវ ជី (WA AN XIAO JI) ដែល​អះអាង​ថា ត្រូវ​សន្តិសុខ​ចាប់ខ្លួន និង​ត្រូវ​គេ​វាយដំ។

នៅ​ថ្ងៃ​បន្ទាប់​ពោល​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ពួកគេ​ក៏បាន​ឡាយ​វីដេអូ​ជា​ថ្មី​ទៀត​នៅ​ម្ដុំ​អគារ​ឆៃណាថោន (China town) ដែល​មាន​សកម្មភាព​ភ័យ​តក់ស្លុត​ហាក់ដូចជា​រត់​ចេញ​ពី​ការ​តាម​ចាប់ខ្លួន និង​បញ្ជាក់​ថា ត្រូវ​បាន​គេ​តាម​វាយ​ធ្វើបាប​។ តុលាការខេត្ត​ព្រះសីហនុ​សម្រេច​សាលក្រម​ផ្ដន្ទាទោស​ជនជាតិ​តៃវ៉ាន់​ទាំង ២​នាក់​នោះ​ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ ២​ឆ្នាំ​ពី​បទ «​ញុះញង់​» បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ៤​លាន​រៀល តាម​មាត្រា​៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​សាច់ញាតិ​ជន​ជាប់ឃុំ ជនជាតិ​តៃវ៉ាន់​ឈ្មោះ ឆេន ណេងឈុន (CHEN NENG CHUAN) ដើម្បី​សាកសួរ និង​សុំ​ប្រតិកម្ម​ជុំវិញ​ការ​សម្រេច​របស់​តុលាការ​នេះ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថ្មីៗ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ​ចំពោះ​មជ្ឈដ្ឋាន​មួយ​ចំនួន ជា​ពិសេស​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ដែល​និយាយ​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​នានា នៅ​ខេត្ត​ព្រះសីហនុ​។ លោក​ស្ដីបន្ទោស​ចំពោះ​ស្ថាប័ន​អន្តរជាតិ​ថា ការ​លាតត្រដាង​បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​បញ្ហា​នៃ​ការ​វិនិយោគ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ​បន្ត​ជាប់​គាំង។ ប៉ុន្តែ អ្នកឃ្លាំមើល​មួយចំនួន​រិះគន់​ថា បញ្ហា​នៃ​បទល្មើស​ឧក្រិដ្ឋកម្ម​បន្ត​កើតមាន​ដោយសារតែ​រដ្ឋាភិបាល​អ​សមត្ថភាព​គ្រប់គ្រង​ប្រទេស និង​គ្មាន​ឆន្ទៈ​បង្ក្រាប​មេខ្លោង​ឧក្រិដ្ឋជន​ធំៗ រួម​ទាំង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ចាក់​ស្រេះ​ជាដើម។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ជនជាតិ​តៃវ៉ាន់​ដែល​ឡាយ​វីដេអូ​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ ទោះ​ស្ថិត​ក្នុង​រូបភាព​ពិត ឬ​សម្ដែង​ក៏ដោយ គឺ​កន្លង​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ហាក់​ល្បីល្បាញ​ខ្លាំង​ពាក់ព័ន្ធ​ការ​កើត​មាន​បញ្ហា​បទល្មើស​ឧក្រិដ្ឋកម្ម​ជាច្រើន​។ ទោះ​យ៉ាងណា អ្នកស្រី​យល់​ថា សកម្មភាព​របស់​ជន​ជាតិ​តៃវ៉ាន់​ទាំងនោះ ខ្វះ​មូលដ្ឋាន និង​ខ្វះ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​បង្កើត​វីដេអូ​បង្ហាញ​ពី​រូបភាព​នៃ​បញ្ហា​បទល្មើស ឬ​ការ​ធ្វើ​ទារុណ​របស់​ក្រុម​ជនល្មើស។

អ្នកស្រី ជៀប សុធារី៖ «អ៊ីចឹង​កន្លងមក​យើង​ធ្លាប់​មាន​រឿង [​ឧក្រិដ្ឋកម្ម​] ទាំងអស់​ហ្នឹង​កើតឡើង​មែន ប៉ុន្តែ​សមត្ថកិច្ច​របស់​ប្រទេស​កម្ពុជា ព្រមទាំង​បណ្ដា​ប្រទេស​សាមី​យើង​បាន​ធ្វើ​ការ​សហការ​គ្នា ក្នុង​ការ​បង្ក្រាប​ជន​ប្រព្រឹត្ត​បទល្មើស និង​ផ្ដន្ទាទោស​តាមច្បាប់​កម្ពុជា ហើយ​ខ្លះទៀត​បាន​បញ្ជូន​ទៅ​ប្រទេស​គាត់​វិញ។ ប៉ុន្តែ គាត់ [​ជនជាតិ​តៃវ៉ាន់​ចំនួន ២​នាក់​] មក​របៀប​គាត់​មក​ធ្វើ​ផ្ដេសផ្ដាស អ្វី​ដែល​គាត់​ធ្វើ​គឺជា​រឿង​មួយ​មិនមែន​មក​ជា​លក្ខណៈ​ទេសចរណ៍ធម្មជាតិ មក​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ទេ គាត់​មក​ធ្វើ​អ្វី​ដែល​ជា​រឿង​គួរ​ឱ្យ​មាន​ការ​ភ័យខ្លាច​តក់ស្លុត»

អ្នកស្រី ជៀប សុធារី យល់​ថា ជនបរទេស​ដែល​មាន​បំណង​មក​ផលិត​វីដេអូ​ស្ដីពី​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​ខេត្ត​ព្រះសីហនុ គួរតែ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត ដើម្បី​ធានា​ថា ការ​ផលិត​វីដេអូ​នោះ​អប់រំ​ដល់​ជនបរទេស ឬ​មនុស្ស​ផ្សេងៗ​ជៀសវាង​ការ​ចាញ់កល​ល្បិច​របស់​ជន​ឆបោក រហូត​ក្លាយ​ខ្លួន​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។