អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន លើកឡើងថា ពួកលោកទាំងពីរនាក់កំពុងរស់នៅក្នុងស្ថានភាពលំបាកលំបិនផ្នែកជីវភាព និងគ្មានសេរីភាពគ្រប់គ្រាន់ឡើយ។ អ្នកទាំងពីរបានប្រៀបធៀបស្ថានភាពបច្ចុប្បន្ននេះ ទៅនឹងការរស់នៅក្នុងគុកឥតជញ្ជាំង ឬនៅក្នុងទ្រុង ដែលរងសម្ពាធពីគ្រប់ជ្រុង។ អ្នកជំនាញផ្នែកសារព័ត៌មានទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើអ្នកទាំងពីរ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។
អតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ មិនអាចដើរហើរបានដោយសេរី មិនអាចបញ្ចេញមតិតាមចិត្តចង់ និងមិនអាចស្វែងរកការងារសមដូចបំណងបានឡើយ។ ទាំងនេះគឺដោយសារសេចក្ដីសម្រេចរបស់តុលាការក្រុងរបបក្រុងភ្នំពេញ ដែលនៅតែបន្តសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកទាំងពីរ ទោះជាគ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់យ៉ាងណាក្ដី។
លោក យាង សុធារិន្ទ ដែលមានឈ្មោះនៅលើវិទ្យុ យាង សុជាមេត្តា រៀបរាប់ថា ស្ថានភាពរបស់លោកនៅពេលនេះ គ្រាន់បើជាងពេលជាប់ពន្ធនាគារបន្តិចព្រោះលោកអាចរស់នៅជួបជុំក្រុមគ្រួសារ អាចដើរហើរនៅក្នុងប្រទេសបាន និងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទៀត។ ទោះជាយ៉ាងណា លោកគ្មានឱកាសបានទៅជួបឪពុកម្ដាយចាស់ជរានៅឯដែនដីកម្ពុជាក្រោមនោះទេ ព្រោះតុលាការក្រុងភ្នំពេញមិនព្រមប្រគល់លិខិតឆ្លងដែនឱ្យលោកឡើយ៖ « ខ្ញុំអាចដើរបាននៅក្នុងផ្ទៃនៃប្រទេសកម្ពុជា។ ទៅកន្លែងណាក៏បានដែរ មិនមានការហាមឃាត់ទេ ក៏ប៉ុន្តែប្រសិនបើខ្ញុំឆ្លងដែន ចេញពីប្រទេសកម្ពុជា ជាពិសេសទៅស្រុកកំណើតរបស់ខ្ញុំនៅដែនដីកម្ពុជាក្រោម គឺខ្ញុំមិនអាចធ្វើទៅបានទេ។ អាហ្នឹងហើយដែលខ្ញុំតែងតែគិតថា ពួកខ្ញុំរស់នៅក្នុងទ្រុង ក្នុងដែលគេហៅថា គុកឥតជញ្ជាំង។ ចំណែកសេរីភាពផ្សេងទៀត ក៏វាមានការប៉ះពាលដែរ។ ពេលខ្លះពួកខ្ញុំមានការញញើតញញើមទេ នៅក្នុងការបញ្ចេញមតិ ក្នុងការបញ្ចេញយោបល់ » ។
លោក យាង សុធារិន្ទ អាយុ ៣៧ឆ្នាំ មានដើមកំណើតជាខ្មែរក្រោម បានមករស់នៅកម្ពុជាតាំងពីក្មេង។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅឆ្នាំ២០០៩ និងបានធ្វើការងារផ្នែកមនុស្សធម៌ជួយដល់កុមារ ព្រមទាំងសិស្ស-និស្សិតខ្មែរក្រោមផងដែរ។ លោកបានចូលបម្រើការជាអ្នកយកព័ត៌មានអាស៊ីសេរីចាប់ពីអំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣ រហូតដល់អាស៊ីសេរីបិទការិយាល័យនៅភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០១៧។
លោក យាង សុធារិន្ទ ឱ្យដឹងថា ក្រោយចេញពីពន្ធនាគារជាងកន្លះឆ្នាំ ទើបលោករកបានការងារធ្វើនៅក្នុងអង្គការយុវជនមួយ ប៉ុន្តែដោយសារធ្វើការមិនចំជំនាញ លោកក៏ឈប់ពីការងារនោះវិញ បន្ទាប់ពីធ្វើបានប្រមាណ ៦ខែ។ លោកបានសម្រាកជាង ៣ខែ ដើម្បីព្យាបាលភ្នែកឡើងបាយ ទម្រាំនឹងរកបានការងារថ្មីជាអ្នកសារព័ត៌មានសេរី (Freelance) នៅក្នុងអង្គភាពមួយ។ លោកថា ចំណូលបានមកពីការសរសេរអត្ថបទ មិនគ្រប់គ្រាន់នឹងការចំណាយនោះឡើយ ព្រោះលោកមានកូន ២នាក់ស្ថិតក្នុងវ័យសិក្សា ហើយប្រពន្ធរបស់លោកមិនអាចរកចំណូលបានទេ ព្រោះគាត់នៅផ្ទះថែទាំកូនៗ។ និយាយដល់ត្រឹមនេះ លោក សុធារិន្ទ បានអួលដើមក និយាយមិនចេញ និងស្រក់ទឹកភ្នែក ព្រោះលោកនឹកអាណិតដល់ប្រពន្ធកូន ដែលបាត់បង់បង្គោលក្នុងគ្រួសារ ហើយត្រូវវេចបង្វេចសុំផ្ទះសាច់ញាតិជ្រក ពេលលោកកំពុងជាប់ពន្ធនាគារ៖ « ក្រោយការចាប់ខ្លួនខ្ញុំហ្នឹង ដោយសារតែឪពុកខ្ញុំ ហើយនិងបងប្អូនខ្ញុំ គាត់មានការបារម្ភអំពីសុវត្ថិភាពកូនរបស់ខ្ញុំហ្នឹង គាត់ក៏យកកូនរបស់ខ្ញុំទៅកម្ពុជាក្រោមទៅរស់នៅជាមួយឪពុកម្ដាយ ( ខ្ញុំ ) ជីដូនជីតាហ្នឹងរយៈពេលបានពីរខែ។ ទីពីរ គាត់បារម្ភថា តើទុកកូនខ្ញុំនៅហ្នឹងអ៊ីចឹង ពួកគាត់ពិបាកក្នុងការរស់នៅអត់អ្វីហូបអ៊ីចឹងទៅណា » ។
អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីរូបនេះបន្តទៀតថា ជាង ២ឆ្នាំមកនេះ គ្រួសាររបស់លោករស់នៅពឹងលើជំនួយពីសប្បុរសជន អង្គការសង្គមស៊ីវិល អតីតសហការី និងអ្នករាប់អានគ្នា ដែលអាណិតអាសូរដល់រូបលោក ដែលជាប់ពន្ធនាគារដោយអយុត្តិធម៌។ លោកបញ្ជាក់ថា សព្វថ្ងៃលោកស្នាក់នៅផ្ទះមិត្តភក្តិ ដោយខែណា មានប្រាក់ក៏ជួយចេញថ្លៃផ្ទះឱ្យគេខ្លះ ខែណាអត់ ក៏មិនបានបង់តាមនោះដែរ។ លោកឱ្យដឹងទៀតថា ថ្មីៗនេះស្ថាប័នព័ត៌មានអន្តរជាតិមួយបានផ្ដល់ការងារឱ្យលោកធ្វើជានិពន្ធនាយកនៅក្នុងគម្រោងមួយរយៈពេល ៣ខែ ផ្ដោតលើការអប់រំអំពីជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា ផុតពី ៣ខែនេះទៅ លោកមិនដឹងថា ត្រូវធ្វើការងារអ្វីទៀតនោះទេ។
ងាកមកលោក អ៊ួន ឈិន ឯណេះវិញ លោកក៏ជួបបញ្ហាប្រហាក់ប្រហែលគ្នានឹងលោក យាង សុធារិន្ទ ដែរ។ លោកជួបការលំបាកផ្នែកជីវភាព និងនៅតែរងការរឹតត្បិតសិទ្ធិសេរីភាពដដែល។
លោក អ៊ួន ឈិន ឱ្យដឹងថា បច្ចុប្បន្ននេះ លោកកំពុងធ្វើការងារឱ្យអង្គការក្នុងស្រុកមួយទាក់ទងនឹងគម្រោងពង្រឹងគុណភាពអប់រំនៅថ្នាក់បឋមសិក្សា។ លោកបញ្ជាក់ថា ការងារនេះមិនពាក់ព័ន្ធនឹងជំនាញសារព័ត៌មាននោះទេ តែលោកត្រូវតែធ្វើ ដើម្បីបានកម្រៃខ្លះចិញ្ចឹមជីវិត និងមានឱកាសជួយដល់សង្គមតទៅទៀត។ លោកបញ្ជាក់ថា លោកនៅតែមានក្ដីស្រមៃចង់ធ្វើជាអ្នកសារព័ត៌មានឯករាជ្យជាថ្មីម្ដងទៀត ព្រោះនេះជាការងារដែលលោកស្រឡាញ់ពេញចិត្តបំផុត៖ «រដ្ឋាភិបាលក៏ដោយ តុលាការក៏ដោយ ដើម្បីជាការលើកស្ទួយដល់វិស័យសារព័ត៌មាន សេរីភាពសារព័ត៌មាននៅក្នុងប្រទេសរបស់យើង គួរណាស់តែទម្លាក់ចោលរាល់បទចោទ ចំពោះពួកខ្ញុំទាំងពីរនាក់ ដែលជាអតីតអ្នកសារព័ត៌មាន ហើយដែលចង់ធ្វើការងារសារព័ត៌មាននេះយ៉ាងស្រួចស្រាល់ » ។
លោក អួន ឈិន អាយុ៥១ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ លោកមានអតីតភាពជាគ្រូបង្រៀនថ្នាក់បឋមសិក្សាក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឬរបប ហេង សំរិន និងវិវឌ្ឍខ្លួនជាអ្នកបកប្រែ និងជាគ្រូបង្រៀនភាសាអង់គ្លេស ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៅឆ្នាំ២០០៤ និងបានសិក្សាវគ្គខ្លីៗ ជាច្រើនដូចជា សារព័ត៌មាន វិជ្ជាពេទ្យ កុំព្យូទ័រ និងចម្រៀង ជាដើម។ លោកបានចូលបម្រើការងារជាអ្នកសារព័ត៌មានឱ្យវិទ្យុអាស៊ីសេរីនៅខែកញ្ញា ឆ្នាំ២០០៨ រហូតដល់អាស៊ីសេរីបិទការិយាល័យនៅភ្នំពេញ។ ការងារដំបូងក្នុងអាជីព លោកគឺជាអ្នកយកព័ត៌មានផ្នែកវិទ្យុ ហើយក្រោយមក គឺជាអ្នកថត និងផលិតវីដេអូសម្រាប់ស្ថាប័នអាស៊ីសេរី។ វីដេអូជាទាក់ទងនឹងការតវ៉ាដីធ្លី ការបង្ក្រាបដោយហិង្សាលើកម្មករ បញ្ហាព្រំដែន និងរឿងរ៉ាវជាច្រើនទៀត ដែលលោកអ្នកនាងបានឃើញនៅលើគេហទំព័រ ឬទំព័រហ្វេសប៊ុករបស់អាស៊ីសេរីនោះ មួយចំនួនធំ គឺជាស្នាដៃរបស់លោក អ៊ួន ឈិន នេះឯង។
លោក អ៊ួន ឈិន អះអាងថា លោកពេញចិត្តនឹងការងារផ្នែកសារព័ត៌មាននេះណាស់ ហើយលោកគ្មានវិប្បដិសារីអ្វីបន្តិចឡើយ ទោះជាអតីតភាពនេះបានធ្វើឱ្យលោកជាប់ពន្ធនាគារជាង ៩ខែក៏ដោយ៖ « ខ្ញុំមិនដែលគិតថា ហ៊ឹម ! ស្ដាយណាស់ដែលខ្ញុំបានសម្រេចចិត្តចូលមកធ្វើការអាស៊ីសេរីរហូតដល់មានរឿងដល់ខ្លួនដល់អ្វីអ៊ីចឹង ខ្ញុំមិនដែលគិតអ៊ីចឹងទេ។ គ្រាន់តែខ្ញុំតូចចិត្តថា ការដែលគេធ្វើចំពោះពួកខ្ញុំទាំងពីរនាក់នេះ គឺជាការធ្វើបាបពួកខ្ញុំ ជាការសងសឹកទៅនឹងស្ថាប័នអតីតការងាររបស់ខ្ញុំ ហើយនិងជាការគំរាម បំភិតបំភ័យដល់សេរីភាពសារព័ត៌មាន ជាពិសេស សារព័ត៌មានឯករាជ្យ » ។
ទាំងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ សុទ្ធសឹងតែជាអតីតអ្នកសារព័ត៌មានដ៏សកម្ម ដែលលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុរាយការណ៍ព័ត៌មានពិត ដើម្បីលើកស្ទួយសិទ្ធិសេរីភាព យុត្តិធម៌សង្គម និងប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែពួកលោកបែរជារងការចោទប្រកាន់គ្មានមូលដ្ឋានទាក់ទងនឹងអំពើចារកម្មទៅវិញ។
អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនពួកលោកនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលគឺនៅអំឡុងពេលយុទ្ធនាការកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មុននឹងឈានទៅរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំដដែលនោះ។ តុលាការបានចោទប្រកាន់អ្នកទាំងពីរពីបទ " ផ្ដល់ ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ ដែលនាំឱ្យអន្តរាយការការពារជាតិ" និងបានឃុំខ្លួនពួកលោកជាង ៩ខែ ទើបដោះលែងឱ្យនៅក្រៅឃុំ។
សហគមន៍ជាតិ និងអន្តរជាតិបានថ្កោលទោសរបបក្រុងភ្នំពេញជាខ្លាំងជុំវិញការចាប់ខ្លួនពួកលោកទាំងពីរ និងទាមទារឱ្យរបបនេះទម្លាក់ចោលការចោទប្រកាន់គ្មានមូលដ្ឋាននេះតាំងតែពីដំបូង។ ចំណុចស្នូលនៃរឿងនេះ គឺថា អាជ្ញាធរក្រុងភ្នំពេញបានចុះទៅឆែកឆេរបន្ទប់ ដែលលោក អ៊ួន ឈិន បានជួលធ្វើជាស្ទូឌីយ៉ូថតចម្រៀងផ្ទាល់ខ្លួន។ ពីដំបូងអាជ្ញាធរបានចោទលោកថា បង្កើតស្ទូឌីយ៉ូថតចម្រៀងដោយគ្មានការអនុញ្ញាត ក៏ប៉ុន្តែក្រោយមកបែរជាចោទលោកថា ផ្ញើព័ត៌មានសម្ងាត់ឱ្យស្ថាប័នអាស៊ីសេរីនៅសហរដ្ឋអាមេរិកទៅវិញ។ ចំណែក លោក យាង សុធារិន្ទ មិនមានពាក់ព័ន្ធអ្វីទាំងអស់ក្នុងរឿងនេះ ដោយលោកគ្រាន់តែទៅសង្កេតមើលការចុះឆែកឆេររបស់សមត្ថកិច្ច ក៏ស្រាប់តែអាជ្ញាធរចាប់ទាំងលោកម្នាក់ទៀត។
បទចោទប្រកាន់លើអ្នកទាំងពីរត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ វាយតម្លៃថា ជារឿងមិនត្រឹមត្រូវ និងមិនស្របតាមអង្គហេតុជាក់ស្ដែង។ តាមការពិត ទាំងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានលាឈប់ពីអាស៊ីសេរីតាំងពីបិទការិយាល័យភ្លាមៗ មកម៉្លេះ។ ម្យ៉ាងវិញទៀត អាស៊ីសេរីមិនមែនជារដ្ឋបរទេសឡើយ តែជាស្ថាប័នព័ត៌មានវិជ្ជាជីវៈដែលផ្សព្វផ្សាយព័ត៌មានអំពីប្រទេសកម្ពុជា។ ជាពិសេស អាស៊ីសេរីផ្សាយព័ត៌មានទូទៅ ដូចស្ថាប័នដទៃទៀតដែរ មិនមានផ្សាយព័ត៌មានណាប៉ះពាល់សន្តិសុខជាតិ ឬធ្វើឱ្យអន្តរាយដល់ប្រជាជាតិខ្មែរនោះឡើយ។
ទោះជាបែបនេះក្តី តុលាការនៅតែបន្តចោទប្រកាន់អ្នកទាំងពីរដដែល។ ជាងនេះទៀតនោះ តុលាការក៏បានសម្រេចចោទប្រកាន់អ្នកទាំងពីរពីបទ ផលិត និងកាន់កាប់រូបភាពអាសអាភាស មួយទៀតផងដែរ។
ក្រោយប្រើពេលស៊ើបក្ដីនេះជាង ១ឆ្នាំ បើកសវនាការ ២ដង និងពន្យារពេលប្រកាសសាលក្រមម្ដង ស្រាប់តែនៅខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជំនុំជម្រះតុលាការក្រុងភ្នំពេញ បានចេញសាលក្រមចាត់របៀប បញ្ជាឱ្យស៊ើបអង្កេតរឿងនេះបន្ថែមទៀត ដោយផ្អឹបទុកសាលក្រមលើអង្គសេចក្ដីទៅវិញ។ មិនត្រឹមតែប៉ុណ្ណឹងទេ តុលាការនៅតែរក្សាទុកអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនរបស់អ្នកទាំងពីរដដែល។
លោក យាង សុធារិន្ទ យល់ថា អាជ្ញាធរមានចេតនាធ្វើបាបពួកលោក ទើបបានជាអូសបន្លាយរឿងក្ដីនេះដោយគ្មានកាលកំណត់ ទោះជាគ្មានភស្តុតាងគ្រប់គ្រាន់ក៏ដោយ៖ « ប្រសិនបើពួកខ្ញុំមានកំហុសពិតមែន ( តុលាការ ) កាត់ទោសពួកខ្ញុំ ប្រហែលជាតាំងពេលពីរឬក៏បីខែក្រោយការចាប់ខ្លួនពួកខ្ញុំមកម៉្លេះ។ តែដោយសារមិនអាចរកភស្តុតាង មិនអាចរកអ្វីបាន ចេះតែអូសបន្លាយពេលវេលាអ៊ីចឹង។ អ៊ីចឹងបានថាប្រព័ន្ធយុត្តិធម៌ស្រុកយើងហ្នឹង ធ្វើអ៊ីចឹងទៅ វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព ប៉ះពាល់ដល់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្លួនឯងផង ហើយវាធ្វើឱ្យអាប់មុខអាប់មាត់ទៅដល់ប្រព័ន្ធយុត្តិធម៌ខ្លួនឯងផង។ នៅពេលដែលគេអត់មានកំហុសផង ហើយចាប់គេដាក់គុក ហើយដោះលែងគេមក មិនឱ្យគេមានសេរីភាព មិនឱ្យគេទៅជួបឪពុកម្ដាយហ្នឹង អមនុស្សធម៌ អយុត្តិធម៌សម្រាប់គេអ៊ីចឹង » ។
ចំណែកអ្នកជំនាញផ្នែកសារព័ត៌មាន លោក ស៊ុន ណារិន ថ្លែងថា ការចោទប្រកាន់អ្នកសារព័ត៌មានទាក់ទងនឹងអំពើចារកម្ម គឺជារឿងមិនសមហេតុផលឡើយ ហើយតុលាការក៏គ្មានភស្តុតាងបញ្ជាក់រឿងនេះដែរ។ លោកស្នើឱ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់លើអ្នកទាំងពីរ ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា៖ « គាត់នៅតែមានភាពអយុត្តិធម៌សម្រាប់អាជីពរបស់គាត់ហ្នឹង អ៊ីចឹងអ្នកកាសែត ក៏ដូចខ្ញុំបាទ ក៏ចង់ឃើញតុលាការ គឺពន្លឿនករណីគាត់ហ្នឹង ហើយទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើពួកគាត់។ បើអូសបន្លាយអ៊ីចឹង តើគាត់មានសេរីភាពបែបយ៉ាងម៉េចដែរ » ។
អង្គការផ្នែកសារព័ត៌មាន និងសហគមន៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងមន្ត្រីអង្គការសហប្រជាជាតិផង បានស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ឱ្យទម្លាក់ចោលបទចោទប្រកាន់នេះ និងបើកលំហសារព័ត៌មានឱ្យប្រសើរឡើងវិញ។
នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ នៅថ្ងៃទី៣ ឧសភាខាងមុខនេះ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ស្នើដល់អាជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន និងផ្ដល់សេរីភាពពេញលេញដល់ពួកគេអាចបំពេញការងាររបស់ខ្លួន។ ពួកលោកក៏អំពាវនាវដល់តុលាការគ្រប់ជាន់ថ្នាក់ពន្លឿនសំណុំរឿងរបស់ខ្លួន និងផ្ដល់យុត្តិធម៌ដល់លោកទាំងពីរវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។