ក្រុម​សហជីព​និង​ដៃ​គូ​ពាក់ព័ន្ធ​លើ​វិស័យ​កាត់ដេរ​ពិគ្រោះ​យោបល់​លើ​ការ​ប្រឈម​ផ្នែក​ច្បាប់

ដោយ ហេង សកល
2017-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​អំពី​តម្រូវការ​របស់​កម្មករ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​អំពី​តម្រូវការ​របស់​កម្មករ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Leng Maly

ក្រុម​សហជីព លើ​វិស័យ​កាត់ដេរ និង​ដៃគូ​ពាក់ព័ន្ធ រួម​មាន​តំណាង​ទូត​ប្រទេស​ស៊ុយអែត និង​ក្រុម​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​ជាដើម ពិភាក្សា​គ្នា​លើ​ការ​ប្រឈម​នានា ចំពោះ​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋាភិបាល​បាន​តាក់តែង​ឡើង។ ពួក​គេ​រំពឹង​ថា បញ្ហា​ដែល​បាន​លើក​ឡើង​នេះ អាច​នឹង​កាត់​បន្ថយ​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ផ្នែក​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។

ការ​លើក​យក​បញ្ហា​ផ្លូវ​ច្បាប់ មក​ពិគ្រោះ​យោបល់​នៅ​ពេល​នេះ ត្រូវ​បាន​សហជីព​ចាត់​ទុក​ថា ច្បាប់​ដែល​គណៈរដ្ឋមន្ត្រី​តាក់តែង​ឡើង ហើយ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ក្នុង​ពេល​កន្លង​ទៅ មិន​អាច​ធ្វើ​ឲ្យ​ក្រុម​សហជីព ដែល​ស្វែង​រក​ផលប្រយោជន៍ សម្រាប់​កម្មករ​ធ្វើ​ការងារ​បាន​ដោយ​ស្រួល​ឡើយ។

លោក អាត់ ធន់ មេ​សហជីព​ម្នាក់ ក្នុង​ចំណោម​សហជីព​ផ្សេង​ទៀត ដែល​ចូលរួម​ពិគ្រោះ​យោបល់ កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​​វិច្ឆិកា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លើក​ឡើង​ថា ការ​ជួប​ជុំ​ជា​មួយ​ដៃគូ​ក្នុង​វិស័យ​កាត់ដេរ​នេះ មិន​បាន​លើក​យក​កង្វល់​ដែល​កម្ពុជា​ទទួល​សម្ពាធ​ពី​អន្តរជាតិ លើ​ការ​នាំ​ចេញ​សំលៀកបំពាក់​នេះ​ទេ។ លោក​បន្ត​ថា កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​នេះ ផ្ដោត​សំខាន់ លើ​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ«បាន​ជជែក​គ្នា​ស៊ី​ជម្រៅ​ច្រើន​​ជាពិសេស​ពាក់ព័ន្ធ​និង​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព និង​សិទ្ធិ​តំណាង​កម្មករ​ក្នុង​ការ​ដោះស្រាយ​វិវាទ។ សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​គេ​រក​ឃើញ​មាន​លក្ខណៈ​ស្មុគស្មាញ​ដែល​ទាក់ទិន​និង​ច្បាប់​ថ្មី ហើយ​និង​ច្បាប់​ចាស់»

នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ដៃគូ​ពាក់ព័ន្ធ​ផ្នែក​វិស័យ​ឧស្សាហកម្ម​កាត់ដេរ រួម​មាន តំណាង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ភាគី​អ្នក​បញ្ជាទិញ​អន្តរជាតិ​រួម​មាន​ក្រុមហ៊ុន H&M ជាដើម និង​ភាគី​សហជីព​តំណាង​ឲ្យ​ផលប្រយោជន៍​របស់​កម្មករ​ផង។

ការ​លើក​យក​ពី​បញ្ហា​ប្រឈម​ផ្នែក​ផ្លូវ​ច្បាប់​នេះ មក​ពិភាក្សា ស្រប​ពេល​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​លើ​វិស័យ​កាត់ដេរ​នេះ ព្រមាន​ឈប់​លើកលែង លើ​ការ​អនុគ្រោះ​ពន្ធ​ឲ្យ​កម្ពុជា។ សម្ពាធ និង​ទណ្ឌកម្ម​ដទៃ​ទៀត​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ឈប់​បំផ្លាញ​ប្រជាធិបតេយ្យ​តទៅ។

លោក ឈាង វុន សមាជិក​សភា​ពី​ខាង​បក្ស​កាន់​អំណាច និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា បដិសេធ​ថា ច្បាប់​សហជីព​ដែល​បាន​អនុម័ត​រួច​ហើយ​នេះ ដូច​មិន​មាន​បញ្ហា​នោះ​ទេ។ លោក​បន្ត​ថា ការ​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​នេះ​ឡើង​វិញ លុះ​ត្រា​មាន​សេចក្ដី​ពី​សំឡេង​សភា​ភាគ​ច្រើន​បំផុត៖ «ខ្ញុំ​អត់​ដឹង​ថា​មាន​ច្បាប់​ហ្នឹង​យ៉ាង​ម៉េច​ផង។ ច្បាប់​សហជីព​ហ្នឹង​គេ​ធ្វើ​រួច​ម្ដង​ហើយ​មាន​កែ​កន្លែង​ណា​ទៀត។ យើង​ធ្វើ​រលូន​ហើយ​តើ​សព្វថ្ងៃ។ អា​ហ្នឹង​អត់​ដឹង​ទេ សួរ​ខ្ញុំ​អ៊ីចឹង ខ្ញុំ​នៅ​កន្លែង​ញាំ​បាយ​នៅ​ឡើយ។ គេ​មាន​ការ​ពិភាក្សា​គ្នា នៅ​ក្នុង​រដ្ឋសភា​គេ​សម្រេច​ជា​សមូហភាព​មិនមែន​ម្នាក់​ខ្ញុំ ខ្ញុំ​សម្រេច​បាន​ទេ»

លោក ហ៊ុន សែន សន្យា​ថា​កម្មករ​នឹង​ទទួល​បាន​ប្រាក់​គោល​ខែ ១៦៨ ដុល្លារ ក្នុង​មួយ​ចាប់​ពី​ឆ្នាំ២០១៨​ទៅ។ ចំនួន​ប្រាក់​ខែ​ដែល​លោក ហ៊ុន សែន អះអាង​ថា វា​ជា​ការ​វិវត្តន៍​ថ្មី​មួយ​ជំហាន​ទៀត សម្រាប់​កម្ពុជា​នេះ គឺ​នៅ​មិន​ទាន់​គិត​ដល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​នៅ​ឡើយ​ផង។

នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ កាល​ពី​ខែ វិច្ឆិកា លោក ហ៊ុន សែន អះអាង​ថា​លោក​នឹង​ប្រើប្រាស់​ពេលវេលា នៅ​សេសសល់​ចុងក្រោយ​នេះ ដើម្បី​ទាញ​ការ​គាំទ្រ​ពី​កម្មករ។ លោក ហ៊ុន សែន ដែល​ជា​អ្នក​នយោបាយ​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ រំពឹង​ថា កម្លាំង​កម្មករ​ដែល​ពី​មុន​ជា​កម្លាំង​របស់​បក្ស​ប្រឆាំង នៅ​តាម​រោងចក្រ ពួក​គេ​អាច​នឹង​រត់​ចូល​បក្ស​កាន់​អំណាច​វិញ៖ «ឲ្យ​តែ​ប្រជាពលរដ្ឋ​បាន​សប្បាយ​ចិត្ត រៀបចំ​កម្មវិធី​យ៉ាង​ណា​ដើម្បី​ឆ្លៀត​ចុះ​មូលដ្ឋាន។ ខ្ញុំ​កំពុង​តែ​ច្បាម​នូវ​មុខ​សញ្ញា​កម្មករ ដែល​ខ្ញុំ​គិត​ថា​វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​រើសអើង​ក្នុង​ជួរ​កម្មករ​ប្រែ​ពណ៌។ តែ​មុន​នេះ​បងប្អូន​យើង​តែងតែ​គិត​ថា​កម្មករ​គឺ​ជា​កម្លាំង​គាំទ្រ​បក្ស​ប្រឆាំង។ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ទេ ឥឡូវ​នេះ​ស្ថានភាព​នៅ​ក្នុង​ជួរ​កម្មករ​មាន​ការ​ប្រែ​ពណ៌​ហើយ»

គិត​ត្រឹម​ចុង​ឆ្នាំ២០១៦ ប្រទេស​កម្ពុជា​មាន​រោងចក្រ​ជាង ១ពាន់​រោងចក្រ។ នេះ​បើ​យោង​របាយការណ៍​ដែល​ចេញ​ដោយ​រដ្ឋាភិបាល កាល​ពី​ពេល​ថ្មី​ៗ​នេះ។ តាម​រយៈ​ការ​រីក​លូតលាស់​ផ្នែក​វិស័យ​វាយនភណ្ឌ​ដ៏​លឿន​នេះ កម្ពុជា​អាច​ស្រូប​យក​កម្លាំង​ពលកម្ម​លើ​វិស័យ​នេះ​ប្រមាណ​ជិត ១លាននាក់។

នៅ​ក្នុង​យុទ្ធនាការ​ចុះ​ជួប​កម្មករ លោក ហ៊ុន សែន បាន​ប្រកាស​ប្រាប់​ថា សមិទ្ធផល​ដែល​កម្មករ​កំពុង​តែ​ទទួល​បាន​នេះ គឺ​មិន​មាន​ការ​ពលិកម្ម​ណា​មួយ​ចេញ​ពី​ញើស​ឈាម របស់​គណបក្ស​ប្រឆាំង​សូម្បី​មួយ​សរសៃ​សក់​ឡើយ។ ផ្ទុយ​ពី​វិញ គណបក្ស​ប្រឆាំង ក្នុង​រយៈពេល​ប៉ុន្មាន​អាណត្តិ​មក​នេះ មាន​តែ​ព្យាយាម​ធ្វើ​ឲ្យ​កម្មករ ត្រូវ​ខាត​ផលប្រយោជន៍ និង​បាត់បង់​អាយុ​ជីវិត​ប៉ុណ្ណោះ។

លោក អាត់ ធន់ ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា ចាត់​ទុក​ថា នៅ​ក្នុង​ប្រទេស​ដែល​គោរព​សិទ្ធ​ពលរដ្ឋ​ជា​ធំ ពិត​ជា​ពិបាក​និយាយ​ណាស់​ថា តួ​អង្គ​ណា​ដែល​សំខាន់​ជាង​តួអង្គ​ណា។ សំខាន់​ទាំង​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង គឺ​សុទ្ធ​តែ​ធាតុផ្សំ​ដែល​ជួយ​ឲ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​បាន​ដូច​គ្នា៖ «គណបក្ស​ប្រឆាំង​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ដែរ។ ខ្ញុំ​គិត​ថា​ថ្វី​ត្បិត​គេ​មិន​បាន​ធ្វើ​ផ្ទាល់​មែន​ប៉ុន្តែ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ដែរ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​កាន់​រដ្ឋាភិបាល​ជា​អ្នក​ធ្វើ​រី​ឯ​គណបក្ស​ប្រឆាំង​ជា​អ្នក​តម្រង់​ទិស ឬក៏​កែតម្រូវ​ដើម្បី​ឲ្យ​គណបក្ស​ដែល​កាន់​រដ្ឋាភិបាល​ធ្វើ​ល្អ​ឲ្យ​កាន់​តែ​ច្រើន»

សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ក្របខ័ណ្ឌ​គតិយុត្តិ សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​នៅ​កម្ពុជា បង្ហាញ​ថា គោលនយោបាយ​ឧស្សាហកម្ម រយៈពេល១០ឆ្នាំ សម្រាប់​កម្ពុជា គិត​ចាប់​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ២០២៥ នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ឈាន​រក​ប្រទេស​ដែល​មាន​ប្រាក់​​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០។

ទោះ​ជា​យ៉ាង​ណា ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋសភា​អនុម័ត​កាល​ពី​ខែមេសា ឆ្នាំ ២០១៦ ត្រូវ​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ថា ជា​ច្បាប់​ដែល​បិទ​ផ្លូវ​ដល់​ក្រុម​សហជីព ក្នុង​ការ​ជួបជុំ ការ​​សំដែង​មតិ​ដោយ​សន្តិវិធី និង​ការ​ចង​ក្រង​តំណាង​សហជីព​នៅ​តាម​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ការពិត បើគ្មានបក្សសង្គ្រោះជាតិ រុញគូទ ក៏លោកហ៑ុនសែន មិនចិត្តល្អ តម្លើងប្រាក់ខែ អោយមន្ត្រីរាជការថ្នាក់ក្រោម កម្មករកម្មការីនី ដែរ !

Dec 13, 2017 02:41 AM

គេហទំព័រ​ទាំងមូល