សាលាឧទ្ធរណ៍​លើក​ពេល​សាកសួរ​លោក ឌិន ពុទ្ធី ក្នុង​សំណុំរឿង​ប៉ូលិស​ដួល​មុខ​ឡាន

ដោយ សុជីវី
2020.01.17
ឌិន ពុទ្ធី ៨៥៥ ២០១៧ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី (រូប​ពាក់​កម្រ​ផ្កា) ត្រូវ​បាន​ព្រះសង្ឃ​​សូធ្យមន្ត​ប្រោះព្រំ​ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។
RFA

ព្រះរាជអាជ្ញា​នៃ​មហាអយ្យកា​អម​សាលាឧទ្ធរណ៍​លោក តាន់ សេណារ៉ុង បាន​លើក​ពេល​សាកសួរ​លោក ឌិន ពុទ្ធី ទៅ​ពេល​ក្រោយ​វិញ ក្នុង​សំណុំរឿង​អតីត​នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត គឺ​លោក ឈាន ពិសិដ្ឋ ដែល​បាន​ដួល​មុខ​ឡាន​របស់​លោក។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ថ្លែង​ថា តុលាការ​ឧទ្ធរណ៍​បាន​ពន្យារពេល​សាកសួរ​ដោយ​គ្មាន​ថ្ងៃ​កំណត់​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅតែ​ទទូច​ដល់​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី​សំណុំ​រឿង​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​លោក៖ «នៅ​ក្នុង​រឿងក្ដី​នេះ​ខ្ញុំ​សំណូមពរ​ទៅ​តុលាការ ទម្លាក់​ចោល​ការចោទប្រកាន់​ចំពោះ​រូប​ខ្ញុំបាទ​ទាំងអស់ ពីព្រោះ​ដោយសារ​រឿង​នេះ​ពន្យារពេល​យូរហើយ។ មួយទៀត​លោក ឈាន ពិសិដ្ឋ ដែល​ជា​ដើម​ចោទ​ប្ដឹង​ខ្ញុំ​ហ្នឹង​អត់​ឃើញ​ចូល​មក​បំភ្លឺ​តុលាការ​ម្ដងណា​ទេ ហើយ​តុលាការ​ចេះតែ​ដំណើរ​នីតិវិធី​រហូត​មក»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បាន​ប្ដឹង​ឧទ្ធរណ៍​ដោយសារ​លោក​មិន​ពេញ​ចិត្តនឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​សម្រេច​ឱ្យ​លោក​ចាញ់ក្ដី។

ព្រះរាជអាជ្ញា​នៃ​មហាអយ្យកា​អម​សាលាឧទ្ធរណ៍​លោក តាន់ សេណារ៉ុង បង្គាប់​ឱ្យ​លោក ឌិន ពុទ្ធី ចូល​បំភ្លឺ​តុលាការ​នៅ​បន្ទប់​ពិភាក្សា​ដេញដោល​នៅ​ព្រឹក​ថ្ងៃទី​១៦ ម​រា​នេះ។

កាល​ពី​ធ្នូ​ឆ្នាំ​២០១៨ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ផ្ដន្ទាទោស​លោក ឌិន ពុទ្ធី ដាក់​ពន្ធនាគារ ១​ឆ្នាំ តែ​អនុវត្ត​ទោស​តែ ២១​ថ្ងៃ ដោយ​បទ​ចោទ​ថា បាន​បើកឡាន​បុក​លោក ឈាន ពិសិដ្ឋ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៦​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ថា ការសម្រេច​របស់​សាលាដំបូង​ខេត្ត​នេះ ជា​រឿង​អយុត្តិធម៌។ លោក​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៦ នោះ នាយរង​ប៉ុស្តិ៍​ប៉ូលិស​គឺ​លោក ឈាន ពិសិដ្ឋ បាន​ធ្វើ​ពុត​ជា​ដួល​ដោយ​ខ្លួនឯង។

លោក ឌិន ពុទ្ធី ត្រូវ​បាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ ប៉ុន្តែ​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការពិនិត្យ​តាមដាន​របស់​តុលាការ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។