មេធាវីការពារក្តីឱ្យអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ (យាង សុជាមេត្តា) គ្រោងប្ដឹងឧទ្ធរណ៍នៅសប្ដាហ៍ក្រោយប្រឆាំងនឹងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលមិនព្រមប្រគល់សម្ភារៈដែលសមត្ថកិច្ចបានចាប់យក។ នេះជាបណ្ដឹងលើកទី៣ហើយ ក្នុងសំណុំរឿងសុំឱ្យតុលាការប្រគល់វត្ថុដែលបានចាប់យកប្រគល់ឲ្យគ្រួសារ។
លោក កែវ វ៉ាន់នី បានឱ្យអាស៊ីសេរី ដឹងកាលថ្ងៃសុក្រ ទី២៦ ថា មូលហេតុដែលលោកប្តឹងឧទ្ធរណ៍ដោយសារតែចៅក្រមស៊ើបសួរមិនព្រមប្រគល់សម្ភារៈដែលបានចាប់យកឱ្យកូនក្ដីលោកវិញ។ សម្ភារៈទាំងនោះរួមមាន ទូរស័ព្ទដៃចំនួន ៤គ្រឿង កុំព្យូទ័រមួយចំនួន កាមេរ៉ា និងសម្ភារៈមួយចំនួនទៀត។
លោក កែវ វ៉ាន់នី កាលពីពាក់កណ្ដាលខែមករានេះ បានដាក់ពាក្យជាលើកទី២ ស្នើសុំឱ្យតុលាការប្រគល់វត្ថុដែលបានចាប់យក ប៉ុន្តែត្រូវបានចៅក្រមស៊ើបសួរសម្រេចទាត់ចោលពាក្យស្នើសុំនេះ ដោយលើកមូលហេតុថា សម្ភារៈទាំងអស់នោះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ ប៉ុន្តែ លោក កែវ វ៉ាន់នី អះអាងផ្ទុយវិញថា សម្ភារៈទាំងនោះមិនឋិតនៅក្នុងការស៊ើបអង្កេតតទៅទៀតឡើយ៖ «»។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទលួចផលិតព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតោន ទោះបីអ្នកទាំងពីរបានឈប់ធ្វើការងារឲ្យអាស៊ីសេរី ហើយបដិសេធការចោទប្រកាន់ក៏ដោយ។
លោក កែវ វ៉ាន់នី កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ក៏បានទៅជួបកូនក្ដីទាំងពីររបស់លោកនៅពន្ធនាគារដើម្បីជម្រាបជូនព័ត៌មានទាំងនេះ ព្រមទាំងសួរសុខទុក្ខកូនក្ដីលោកផងដែរ។ លោកឱ្យដឹងបន្តថា លោក អ៊ួន ឈិន នៅតែប្រឈមនឹងបញ្ហាសុខភាព ដោយលោកឈឺភ្នែក និងកើតជំងឺរមាសពេញខ្លួនដដែល។
អ្នកច្បាប់ជាតិ អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ អះអាងថា ការចោទប្រកាន់ ការឃុំខ្លួនលើអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងអយុត្តិធម៌។ ពួកគេស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកទាំងពីរដោយគ្មានលក្ខខណ្ឌ។ មកទល់ថ្ងៃសៅរ៍ ទី២៧ ខែមករា នេះ ចូលថ្ងៃទី៧៨ ហើយ ដែលតុលាការបានឃាត់ និងឃុំខ្លួនអ្នកទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
