មន្ទីរការងារខេត្តស្វាយរៀង អះអាងជាថ្មីម្ដងទៀតថា កម្មកររោងចក្រ ៤នាក់ ក្នុងចំណោម ១១នាក់ ដែលអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងកូដកម្មហិង្សានៅក្រុងបាវិត កាលពីចុងឆ្នាំ២០១៥ នោះ អាចនឹងត្រូវដោះលែងនៅសប្ដាហ៍ក្រោយ។ ចំណែកសហជីពរិះគន់ថា អាជ្ញាធរហាក់សន្យាខ្យល់ដែលបណ្ដាលឲ្យគ្រួសារកម្មករខកចិត្តអស់ជំនឿម្ដងហើយម្ដងទៀត។
នេះជាលើកទី៣ហើយដែលថ្នាក់ដឹកនាំខេត្តស្វាយរៀង សន្យាថា នឹងដោះលែងកម្មករឲ្យនៅក្រៅឃុំ។
ប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក ហាស់ ប៊ុនធី បានបញ្ជាក់យ៉ាងណាខ្លីថា អាជ្ញាធរកំពុងរៀបចំនីតិវិធីស្នើសុំនៅក្រៅឃុំ៖ «ប្រហែលជាគេជិតដោះលែងហើយមើលទៅនោះ ក៏ប៉ុន្តែរៀបចំបែបបទអីវាមិនទាន់រួច គ្រាន់តែយល់ប៉ុណ្ណឹងបានហើយ»។
ទន្ទឹមគ្នានេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា រំពឹងថា ថ្នាក់ដឹកនាំខេត្តស្វាយរៀង នឹងមានភាពក្លាហានគោរពការសន្យារបស់ខ្លួន ដោយកុំឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្តម្ដងហើយម្ដងទៀត៖ «ខ្ញុំរំពឹងថា ថ្នាក់ដឹកនាំខេត្តនឹងពិចារណា និងគោរពទៅតាមសម្ដីរបស់ខ្លួនដើម្បីអោយពួកគាត់មានសេរីភាពឡើងវិញ ហើយអាចចូលធ្វើការបាន?»។
កាលពីថ្ងៃទី២២ ខែធ្នូ កន្លងមក អភិបាលរងខេត្តស្វាយរៀង លោក ហ៊ូ វតនៈ ក៏បានប្រកាសព្រមព្រៀងម្ដងហើយដែរ ថានឹងជួយដោះលែងកម្មករ ៤នាក់ឲ្យនៅក្រៅឃុំដើម្បីជាថ្នូរឲ្យមេដឹកនាំសហជីពដែលអះអាងថា មិនបានចូលរួមក្នុងកូដកម្មនោះ ជួយលួងលោមឲ្យកម្មករស្ងប់ចិត្ត ហើយឱ្យពួកគេវិលត្រឡប់ចូលធ្វើការវិញ។ ប៉ុន្តែកិច្ចព្រមព្រៀងនោះ ត្រូវបានគេបំភ្លេចចោលរហូតមកទល់ពេលនេះ។
ទាក់ទិននឹងកោះដោះលែងនេះដែរ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង លោក ទិត្យ សុធីបូរ៉ាឆាត មានប្រសាសន៍ថា លោកទើបទទួលបានលិខិតស្នើសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីជនជាប់ចោទ ហើយតុលាការនឹងបើកសវនាការសម្រេចនៅដើមសប្ដាហ៍ក្រោយនេះ៖ «យើងនឹងពិនិត្យពិចារណានៅសប្ដាហ៍ក្រោយ ប្រហែលជាថ្ងៃច័ន្ទ ឬថ្ងៃអង្គារ អាចដឹងលទ្ធផល»។
ករណីកូដកម្មទាមទារប្រាក់ឈ្នួលឲ្យបានឡើងដល់ប្រមាណ ១៥០ដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) និងតាយសេង (Taiseng) ក្នុងក្រុងបាវិត កាលពីខែធ្នូ កន្លងទៅនោះ បណ្ដាលឲ្យផ្ទុះហិង្សា ហើយសមាគមរោងចក្រអះអាងខូចខាតទ្រព្យសម្បត្តិរោងចក្រអស់រាប់លានដុល្លារ។
វិវាទការងារនោះ អាជ្ញាធរខេត្តស្វាយរៀង ចាប់ខ្លួនកម្មករ ៤នាក់ នៅថ្ងៃទី១៨ និងទី១៩ ធ្នូ ហើយអាជ្ញាធរបានបន្តចាប់ខ្លួនកម្មការិនីម្នាក់ និងអ្នកបើកឡានដឹកកម្មករចំនួន ៦នាក់ផ្សេងទៀតនៅថ្ងៃទី២៣ និងថ្ងៃ២៤ ខែធ្នូ ដោយគិតជាសរុបមានចំនួន ១១នាក់។ ពួកគេត្រូវដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើស។
ការចាប់ខ្លួននេះបណ្ដាលឲ្យមានការរិះគន់ពីគ្រួសារកម្មករ និងសហជីព ព្រមទាំងអង្គការសង្គមស៊ីវិលថា ខ្វះការតាមដានស៊ើបអង្កេតច្បាស់លាស់ ដោយពួកគេអះអាងថា អាជ្ញាធរមិនបានចាប់ខ្លួននៅកន្លែងកើតហេតុនោះទេ ពោលគឺអ្នកខ្លះដែលជាអ្នកបើកបរឡានដឹកកម្មករនោះ ត្រូវបានចាប់ខ្លួនបន្ទាប់ពីអាជ្ញាធរកុហកឲ្យទៅរៀនច្បាប់ចរាចរណ៍ថ្មី និងខ្លះទៀតហៅទៅប្រជុំ។
លោក ប៉ាវ ស៊ីណា បញ្ជាក់ថា ប្រសិនបើកម្មករនៅតែមិនត្រូវបានដោះលែងតាមការសន្យានោះទេ សហជីពរបស់លោកនឹងពិគ្រោះយោបល់ជាមួយអង្គការដៃគូពាក់ព័ន្ធ ជាពិសេសជាមួយអ្នកបញ្ជាទិញ សហជីពអន្តរជាតិ ដើម្បីពិនិត្យមើលការចាប់ខ្លួន និងស្នើឲ្យដោះលែងកម្មករទាំងនោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
