គ្រួសារជនរងគ្រោះទាមទារតុលាការឱ្យកាត់ទោសជនជាប់ចោទ ស្រី ស៊ីណា ជាប់ពន្ធនាគារមួយជីវិត
2024.06.26
គ្រួសារជនរងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅបុរីប៉េងហួត បឹងស្នោ ចង់ឃើញតុលាការ ផ្ដន្ទាទោសឃាតក គឺលោក ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារមួយជីវិត។ ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ អះអាងថា ការចោទប្រកាន់របស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លើជនជាប់ចោទ ស្រី ស៊ីណា ស្របទៅតាមអង្គហេតុ និងនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា។
សំណុំរឿងរបស់ខ្មាន់កាំភ្លើង បាញ់សម្លាប់គូដណ្ដឹង ១គូ នៅបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ ហាក់មានការប្រែប្រួលហើយ បន្ទាប់ពីសាធារណជនសម្ដែងការមិនពេញចិត្ត ក្រោយការសម្រេចចោទប្រកាន់របស់តុលាការដែលអាចធ្វើឱ្យជនជាប់ចោទ ជាប់ទោសក្នុងកម្រិតស្រាល។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីករណីឃាតកម្មប្រព្រឹត្តដោយអតីតឧកញ៉ា លោក ស្រី ស៊ីណា នៅក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា បទចោទដែលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចោទទៅលើជនជាប់ចោទ ស្រី ស៊ីណា ពីបទឃាតកម្ម តាមមាត្រា ១៩៩ គឺផ្អែកទៅលើអង្គហេតុដែលចៅក្រមស៊ើបសួររកមិនឃើញថា ជនជាប់ចោទរូបនេះមិនបានរៀបគម្រោងសម្លាប់ជនរងគ្រោះឡើយ។ លោកបន្តថា បទល្មើសឃាតកម្មដែលចោទតាមមាត្រា ២០០ ពីបទឃាតកម្មគិតទុកជាមុននោះ លុះត្រាតែបុគ្គលនោះបានរៀបគម្រោង ផែនការ ឬស្ទាក់ពួន ដើម្បីសម្លាប់ជនរងគ្រោះ ដោយលោកបានលើកឧទាហរណ៍ទាក់ទងនឹងបទល្មើសផ្សេងទៀត យកមកបកស្រាយបញ្ជាក់ផងដែរ។
លោក កើត រិទ្ធ៖ «ខ្ញុំនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះជននេះទៅក្នុងបញ្ជីរ គេហៅថាឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ។ ដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវបែបនេះ ត្រូវតែទទួលរងការអនុវត្តទោសនៅពន្ធនាគារ ឱ្យបានធ្ងន់ធ្ងរ សក្ដិសមនឹងអំពើដែលខ្លួនបានប្រព្រឹត្តិ ស្របតាមគោលការណ៍សមទណ្ឌូ ដែលជាគោលការណ៍គ្រឹះមួយក្នុងវិស័យយុត្តិធម៌»។
ទោះជាបែបនេះក្ដី លោក កើត រិទ្ធ បានស្នើឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កុំប្រើប្រាស់វិធានស្រូបទោស ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា នេះ ដោយឱ្យអនុវត្តទោសជាពីរដាច់ដោយឡែកពីគ្នាដែល ខ្មាន់កាំភ្លើង អាចនឹងត្រូវទទួលទោសរយៈពេល ៣០ឆ្នាំ។
ទោះជាយ៉ាងណា ក្រុមគ្រួសារជនរងគ្រោះ នៅតែអះអាងថា ពួកគាត់មិនអាចទទួលយកការសម្រេចលើការចោទប្រកាន់ និងកម្រិតទោសដែលជនជាប់ចោទ អាចទទួលនោះឡើយ។
ប្អូនស្រីជនរងគ្រោះ លោក ឡុង លីសុង គឺកញ្ញា ឡុង លីហ័រ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែមិថុនា ថា គ្រួសារកញ្ញាមិនពេញចិត្តចំពោះការសម្រេចនេះទេ ហើយអ្វីដែលគ្រួសារកញ្ញាចង់ឃើញនោះ គឺជនបង្កត្រូវតុលាការសម្រេចឱ្យជាប់ពន្ធនាគារអស់មួយជីវិត។
កញ្ញា ឡុង លីហ័រ៖ «ចិត្តយើងជាអ្នកបាត់បង់គ្រួសារហ្នឹង យើងពេញចិត្តចំណុចនេះអត់? ប្រហែលជាអត់ពេញចិត្តទេ ព្រោះយើងចង់បាននូវជីវិតយើងទេ។ ព្រោះឥឡូវនេះ ខ្ញុំមិនអាចអាកាត់បានដែរ ព្រោះខាងច្បាប់ យើងក៏អត់មានអីនឹងឈរធ្វើទៅមុខកើត»។
កាលពីថ្ងៃទី១៧ ខែមិថុនា ជនជាប់ចោទ គឺអតីតឧកញ៉ា ស្រី ស៊ីណា បានប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលឱ្យមនុស្សចំនួន ២នាក់បាត់បង់ជីវិត និង ២នាក់ទៀតរងរបួស។ ជនជាប់ចោទបានចូលទៅបាញ់សម្លាប់ជនរងគ្រោះដល់ក្នុងផ្ទះ ដោយសារទំនាស់រឿងស្នួហាលខោអាវរបស់ជនបង្កជ្រុលចូលព្រំដីរបស់ជនរងគ្រោះ។ ជនរងគ្រោះ ដែលបាត់បង់ជីវិតមានឈ្មោះ ឡុង លីសុង និងឈ្មោះ ឃីន កញ្ចនា ដែលត្រូវជាគូដណ្ដឹងនឹងគ្នា។
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាលពីថ្ងៃទី២២ ខែមិថុនា ឱ្យជនជាប់ចោទ លោក ស្រី ស៊ីណា ចំនួន ៣បទល្មើស គឺ ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់។ តុលាការបំបែកសំណុំរឿងជា២ គឺសំណុំរឿងទី១ ពីបទ «ឃាតកម្ម និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត» និងសំណុំរឿងទី២ ពីបទ «ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត»។
ទាក់ទិនរឿងនេះ មេធាវី សឺន ជុំជួន យល់ឃើញថា ករណីឃាតកម្មរបស់អតីតឧកញ៉ា ស្រី ស៊ីណា ថ្វីត្បិតចាត់ចូលក្នុងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌក្ដី ប៉ុន្តែតុលាការអាចរកអង្គហេតុផ្សេងទៀត ដើម្បីដាក់បន្ទុកលើជនបង្ក ទាំងក្នុងក្រមព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណី ពីព្រោះករណីខាងលើនេះ មានព្យសនកម្ម ឬបង្កការខូចខាត ឬវិនាសអន្តរាយដល់គ្រួសារជនរងគ្រោះ ទាំងផ្នែកផ្លូវចិត្ត និងជីវភាព។ លោក សឺន ជុំជួន សង្កេតឃើញថា ភាពចន្លោះប្រហោងមួយផ្សេងទៀត នៅក្នុងក្រមព្រហ្មទណ្ឌ ស្ដីពីបទល្មើសឃាតកម្ម គឺ ជនបង្កដែលបានសម្លាប់មនុស្សលើសពីមួយនាក់ បែរជាត្រូវទទួលទោស ស្មើនឹងឃាតកសម្លាប់មនុស្សតែម្នាក់ដែរ។
លោក សឺន ជុំជួន៖ «អំពើឃាតកម្ម ក្នុងពេលវេលាតែមួយ ក្នុងអង្គហេតុតែមួយ តែសម្លាប់មនុស្សពីរបីនាក់ ចំណុចហ្នឹងនៅក្នុងសំណុំរឿងទៅមុខ។ ប៉ុន្តែការទទួលខុសត្រូវទៅលើសំណងរដ្ឋប្បវេណី វាអាចផ្ដោតទៅលើមនុស្សជាច្រើននាក់ ដែលបានខូចខាត ព្យសនកម្មជាដើម ប៉ុន្តែរឿងទោស គឺផ្ដោតទៅលើទង្វើទេ»។
ទាក់ទិននឹងសំណុំរឿងនេះ លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook ) កាលពីថ្ងៃទី២៥ ខែមិថុនា ដោយអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះឱ្យបានតឹងរ៉ឹង ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។ ជាមួយគ្នានេះ លោកបានបង្ហោះសារមួយទៀត ដោយណែនាំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ នាពេលខាងមុខនូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ជាពិសេសចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាព នៃបទល្មើស ដូចករណីការបាញ់ប្រហារដ៏សាហាវរបស់ជនជាប់ចោទ ស្រី ស៊ីណា។
ទោះជាយ៉ាងណា មហាជនហាក់មិនអស់ចិត្តនោះទេ ព្រោះក្រមព្រហ្មទណ្ឌ ដែលក្រសួងយុត្តិធម៌ គ្រោងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្ម នេះ នៅពេលដែលប្រសូតចេញមក ក៏នៅតែមិនអាចយកមកដាក់ទោសលើខ្មាន់កាំភ្លើង បានដដែល។ ពួកគាត់រិះគន់ថា រដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ទាំងមូល បែរជាមើលមិនឃើញពីចន្លោះប្រហោងនៃច្បាប់ ហើយទាល់តែមានករណីធ្ងន់ធ្ងរកើតឡើង និងប្រតិកម្មពីប្រជាពលរដ្ឋ ទើបមកកែច្បាប់តាមក្រោយ ប្រៀបដូចជា ពេលគោស៊ីស្មៅ ទើបម្ចាស់ចម្ការ ចេញមកធ្វើរបងការពារជាក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។