រន្ទះ​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​និង​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​របួស​ធ្ងន់​នៅ​កំពង់ចាម

ពី​ខេត្ត​កំពង់ចាម​មាន​ព័ត៌មាន​មក​ថា រន្ទះ​បាញ់​បាន​សម្លាប់​ស្ត្រី​ម្នាក់​និង​ធ្វើ​ឲ្យ​កុមារា​ម្នាក់​រង​របួស​ជា​ទម្ងន់។

សាច់​ញាតិ​របស់​គ្រួសារ​សព​គឺ​លោក ហួន ហាវ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ កាយ វ៉េត អាយុ​ប្រមាណ​៤០​ឆ្នាំ​មាន​ទី​លំនៅ​នៅ​ភូមិ​ពោធិ៍សៀង ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ កូន​ប្រុស​ម្នាក់​របស់​ស្ត្រី កាយ វ៉េត ដែល​រង​គ្រោះ​ដែរ​នោះ អាយុ​១១​ឆ្នាំ រង​របួស​ជា​ទម្ងន់។

បាតុភូត​រន្ទះ​បាញ់​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​សីហា​នេះ ក្នុង​ខណៈ​ដែល​ជន​រងគ្រោះ​កំពុង​ទទួល​ទាន​ដំណេក​នៅ​ឯ​វាល​ស្រែ​រង់ចាំ​ពេល​ភ្លឺ​ឡើង​ដើម្បី​ងើប​ដក​ស្ទូង​បង្ហើយ​ស្រែ​របស់​គាត់៕