លោក ម៉ម សូណង់ដូ ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ

អ្នកស្រី ឌិន ផាណារ៉ា ជា​ភរិយា​លោក ម៉ម សូណងដូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា នេះ​ថា ស្វាមី​អ្នកស្រី​កំពុង​ឈឺ​ធ្ងន់ធ្ងរ​នៅ​ក្នុង​គុក​ព្រៃ​ស។

អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ថា ជំងឺ​នោះ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង និង​រាក ហើយ​ឥឡូវ​នេះ​គ្រូពេទ្យ​នៅ​ពន្ធនាគារ​កំពុង​ព្យួរ​សេរ៉ូម។ ទោះ​យ៉ាង​ណា លោក ម៉ម សូណង់ដូ មិន​បាន​ធូរ​ស្បើយ​ពី​ជំងឺ​នោះ​ឡើយ។ ចាប់​តាំង​ពី​លោក​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នោះ​រួច​មក លោក ម៉ម សូណង់ដូ បាន​ឈឺ​ចំនួន​ពីរ​ដង​រួច​មក​ហើយ រួម​ទាំង​លើក​នេះ។

អ្នកស្រី ឌិន ផាណារ៉ា មាន​ប្រសាសន៍​ថា លោក ម៉ម សូណង់ដូ ឈឺ​ចាប់​ពី​ថ្ងៃ​ទី​១២ សីហា មក៖ «ពីរ​បី​ថ្ងៃ​មុន​មុខ​គាត់​ហើម មុខ​ខាង​ស្ដាំ​ដៃ។ អា​ហើម​ហ្នឹង​វា​មាន​កម្ដៅ​ហើយ ហើម​តិចៗ ហើយ​ជំងឺ​ហ្នឹង​អត់​ដឹង​ជំងឺ​អ្វី​ទេ ព្រោះ​ធ្លាប់​កើត​អ៊ីចឹង​ម្ដង​ហើយ ៧ ៨​ខែ​មុន​ហ្នឹង ទៅ​ពេទ្យ​កាល់ម៉ែត​ម្ដង ពេទ្យ​កាល់ម៉ែត​រក​អត់​ឃើញ​ដែរ យូរៗ​ទៅ​វា​បាត់​ខ្លួន​វា​ទៅ។ ដល់​ឥឡូវ​នេះ​ស្រាប់​វា​កើត​ឡើង​ទៀត វា​ស្រក​បាន​បន្តិច ប៉ុន្តែ​ឥឡូវ​ហ្នឹង​ជំងឺ​ហ្នឹង​មិន​ទាន់​ជា​ផង​ស្រាប់​រាក និង​គ្រុនក្ដៅ»

លោក ម៉ម សូណង់ដូ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​បាន​បី​ថ្ងៃ។ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​សាធារណៈ ធ្វើ​កុប្បកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ព្រហ្មទណ្ឌ​ទាក់​ទង​រឿង​ជម្លោះ​ដី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។