សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​អំពើ​ជួញដូរ​ផ្លូវ​ភេទ

សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​សមាជិក​ចំនួន ៣៩​ស្ថាប័ន បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ក្នុង​ការ​ការពារ​ទប់ស្កាត់​អំពើ​ជួញដូរ​ផ្លូវ​ភេទ ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ និង​ការ​រំលោភ​សេពសន្ថវៈ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ជៀសវាង​និទណ្ឌភាព ឬ​ហៅ​ថា ការ​រួច​ទោស។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​របស់​ខ្លួន ស្ដី​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ និង​ការ​រំលោភ​សេពសន្ថវៈ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​១៦ ខែ​សីហា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​បំបាត់​ពេស្យាចារ ការ​រំលោភ និង​ការ​ជួញដូរ​កុមារ​នៅ​កម្ពុជា ហៅ​ថា អ៊ិកផាត (Ecpat) លោក ជិន ច័ន្ទវាសនា មាន​ប្រសាសន៍​ថា ក្រៅ​ពី​របក​គំហើញ​សំខាន់ៗ​នៅ​ក្នុង​របាយការណ៍​ទិន្នន័យ​ស្ថិតិ​រួម​របស់​អង្គការ​នានា​នោះ ក៏​មាន​អនុសាសន៍​ខ្លះ​ទៅ​នាយកដ្ឋាន និង​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​ដើម្បី​ធ្វើ​ការ​ពិចារណា និង​ចាត់វិធានការ​ទាន់​ពេល​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ទាំង​នេះ​ដែរ។

លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «ដូច្នេះ​ហើយ​ការ​លើក​អនុសាសន៍​របស់​យើង គឺ​ហាក់​ដូច​ជា​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​គាត់​ដឹកនាំ មិន​មែន​ជា​ការ​បញ្ជា​ទេ ប៉ុន្តែ​ជា​ការ​ស្នើ​សុំ​មួយ​ទាក់ទង​នឹង​ការ​ថ្កោលទោស​អំពើ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​គ្រប់​ទម្រង់ រដ្ឋាភិបាល​គួរ​ដឹកនាំ​ការងារ​នេះ ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ព្រោះ​ជា​រឿង​មួយ​ដែល​គួរ​ធ្វើ​ទូទាំង​ប្រទេស ជា​ពិសេស​ក្រុម​ការងារ​ដឹកនាំ​ថ្នាក់​ជាតិ​នេះ គួរ​តែ​ដឹកនាំ​ការងារ​នេះ​ឡើង ដើម្បី​ឲ្យ NGOs គាត់​បាន​ចូលរួម ហើយ​ធ្វើ​ម៉េច​បាន​ថ្កោលទោស​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​នេះ​ជា​លក្ខណៈ​ទូទៅ​តែម្ដង»

នៅ​ក្នុង​សៀវភៅ​របាយការណ៍​ដែល​មាន ៨៩​ទំព័រ ស្ដី​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ និង​ការ​រំលោភ​សេពសន្ថវៈ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១០ បាន​សរសេរ​បង្ហាញ​ពី​ចំនួន​ករណី​ស្ថានភាព​ជន​រងគ្រោះ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ជួញដូរ និង​ការ​រំលោភ​សេពសន្ថវៈ សាវតារ​របស់​ជន​ប្រព្រឹត្ត ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ និង​ការ​បញ្ជូន​ជន​រងគ្រោះ​ទៅ​កាន់​សហគមន៍​វិញ​ជាដើម។

ទន្ទឹម​នឹង​គ្នា​នេះ ក៏​មាន​អនុសាសន៍​មួយ​ចំនួន​ទៀត​ដែរ ដើម្បី​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ទាំង​នេះ។ ក្នុង​របាយការណ៍​បញ្ជាក់​ថា មាន​ជនរងគ្រោះ ៨០% មិន​បាន​ទទួល​សេវា​ផ្នែក​ច្បាប់​ក្នុង​ការ​ដោះស្រាយ​ករណី​របស់​ពួកគេ ជន​ល្មើស​មិន​ត្រូវ​បាន​ផ្ដន្ទាទោស ហើយ​រដ្ឋាភិបាល​កម្ពុជា​គួរ​ដឹកនាំ​ការងារ​នេះ។ នាយកដ្ឋាន​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល គួរ​ធ្វើ​ការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍ និង​សាលារៀន និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ការពារ​កុមារ។

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក​ឧត្ដម​សេនីយ៍​ត្រី ប៊ែន បូរ៉ានី ដែល​បាន​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ដែរ មាន​ប្រសាសន៍​ថា នេះ​ជា​សមិទ្ធផល​មួយ​របស់​សម្ព័ន្ធ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ខិតខំ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា។

លោក​ថា ក្រសួង​មហា​ផ្ទៃ​កំពុង​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ និង​ទប់ស្កាត់​លើ​បញ្ហា​ពាក់ព័ន្ធ​ទាំង​នេះ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​អនុសាសន៍​នៅ​ក្នុង​របាយការណ៍​នេះ​គួរ​តែ​មាន​ពាក្យ​ខ្លះ​ត្រូវ​ធ្វើ​ការ​កែសម្រួល​ឡើង​វិញ ៖ «យើង​គួរ​កុំ​ដាក់​ថា រដ្ឋាភិបាល​គួរ​តែ​ដឹកនាំ ខ្ញុំ​អត់​ចង់​ឲ្យ​ប្រើ​ពាក្យ​គួរ អា​ហ្នឹង​វា​មិន​ខុស​ពី​អី​ថា ធ្វើ​ក៏​បាន​មិន​ធ្វើ​ក៏​បាន ពាក្យ​ហ្នឹង​គឺ​វា​មិន​ល្អ​ទេ។ ព្រោះ​ឥឡូវ​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ហើយ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ ជាពិសេស​ការ​ឆ្លងដែន គឺ​មាន​ទាំង​អស់ ផ្នែក​លើ​ពិធីសារ​ផាលាម៉ូ ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ យើង​ក៏​លើក​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស ជាពិសេស​គឺ​គោរព​សិទ្ធិ​កុមារ​ដែរ យើង​មាន​អស់​ហើយ យើង​គួរ​ដាក់​ពាក្យ​សហការ​វិញ»

នេះ​ជា​របាយការណ៍​លើក​ទី​៥​ហើយ ដែល​បាន​រៀប​ចំ​ដោយ​បណ្ដាញ​ទាំង​៤ គឺ​មាន​ គណៈកម្មាធិការ​អ៊ិកផាត​កម្ពុជា គណៈកម្មាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ សម្ព័ន្ធ​កូសេកាំ និង​សម្ព័ន្ធ​បញ្ឈប់​ការ​ជួញដូរ​កុមារ ហៅ​ថា Cambodia Acts។

ក្នុង​ឆ្នាំ​២០១០ ដែល​​ក្នុង​នោះ​គេ​បាន​រក​ឃើញ​ថា ករណី​ជួញដូរ​ផ្លូវ​ភេទ​មាន​ចំនួន ៣៩​ករណី ពាក់ព័ន្ធ​ជន​រងគ្រោះ ៣៩​នាក់ និង​ជន​ប្រព្រឹត្ត​ចំនួន ៦១​នាក់។ ករណី​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​មាន​ចំនួន ២៨​ករណី មាន​ជន​រងគ្រោះ​ចំនួន ៤៣​នាក់ និង​មាន​មេខ្យល់​ចំនួន ៣៤​នាក់ និង​ករណី​សេពសន្ថវៈ​មាន​ចំនួន ៥២៤​ករណី មាន​ជនរងគ្រោះ ៥៣៩​នាក់ និង​ជន​ល្មើស​ចំនួន ៥៩៦​នាក់៕