ប្រភពពីកម្មករបានឲ្យដឹងថា ក្រុមកម្មករកំពុងតែឈរនៅក្រៅរោងចក្រ ដើម្បីសម្ដែងការទាមទារដោយសន្តិវិធីក្រោមកម្ដៅថ្ងៃតាំងពីថ្ងៃទី៧ ខែឧសភាមក។ តំណាងរោងចក្របានចេញមកជួបកម្មករ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយទេ។ ចំណែកឯកងកម្លាំងនគរបាលមួយចំនួនបានឈរជើងឃ្លាំមើលក្រុមកម្មករតវ៉ាទាំងនោះខ្លាចក្រែងមានអំពើហិង្សា។
កម្មកររោងចក្រស្បែកជើងឈ្មោះ គឹម សុខទ្បាយ អាយុ ២៤ឆ្នាំមកពីខេត្តកណ្តាល បានថ្លែងប្រាប់តាមទូរស័ព្ទថា ដរាបណាការទាមទារមិនត្រូវបានដោះស្រាយ កូដកម្មនៅតែបន្ត ៖ «ខ្ញុំចង់ជួយកម្មករនៅក្នុងហ្នឹង កម្មករចាស់ដែលគាត់ផុតក្រុងត្រាហើយ ដែលគាត់ដកចេញហើយ គាត់មិនបានជម្រាបពួកគាត់មុន។ គាត់ដកក៏ដកចុះ ព្រោះអីផុតកុងត្រា ប៉ុន្តែសុំឲ្យគាត់ធ្វើតាមច្បាប់។ ពួកខ្ញុំមិនថាកម្មករថ្មី ឬកម្មករចាស់ទេ គឺអត់សុខចិត្តទេដែលគាត់ដកអ៊ីចឹង»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាឌូ (C.CAWDU) ប្រចាំការនៅរោងចក្រស្បែកជើងនោះ គឺលោក អ៊ុក ភីរម្យ អាយុ ២៩ឆ្នាំ បានថ្លែងថា សហជីពសុំឲ្យថៅកែរោងចក្រដោះស្រាយជាបន្ទាន់ ៖ «ដោះស្រាយកម្មករឲ្យសមរម្យ កម្មករហ្នឹងអត់មានកំហុសអ្វីទេ។ សុំឲ្យកម្មករហ្នឹងចូលធ្វើការវិញដូចដើម។ សំណូមពរមួយទៀតខ្ញុំសុំឲ្យក្រុមហ៊ុនហ្នឹងបន្តកិច្ចសន្យាការងារឲ្យកម្មករទាំងអស់វិញ»។
កម្មករចំនួនជាង ១០០នាក់ផ្សេងទៀតនៅតែបន្តការងារជាធម្មតា គឺមិនចូលរួមធ្វើកូដកម្មនោះទេ។ កូដកម្មនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី៦ និងថ្ងៃទី៧ ខែឧសភា កន្លងទៅនេះ។
តំណាងរោងចក្រស្បែងជើងឈ្មោះ ម៉ាទ្បៃ បានបញ្ជាក់ថា ថៅកែរោងចក្រកំពុងតែដោះស្រាយបញ្ហានេះ។
មន្ត្រីនាយកដ្ឋាននៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំមិនឲ្យបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា មន្ត្រីជំនាញកំពុងតែដោះស្រាយរឿងនេះ ហើយក្រសួងចង់ឲ្យបញ្ហានេះបញ្ចប់ឲ្យបានឆាប់ ដើម្បីមិនឲ្យរាំងស្ទះដល់ដំណើរការរោងចក្រ និងផលិតកម្ម៕