ខណៈដែលថ្ងៃបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតមកដល់ យើងសង្កេតឃើញថា ទីតាំងស្ថាប័នរដ្ឋ និងឯកជន និងគេហដ្ឋានមួយចំនួន ត្រូវបានរៀបចំត្រៀមសម្រាប់ស្វាគមន៍ និងអបអរការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរជាបណ្ដើរៗ។ តើនៅតាមទីអារាមវិញដូចម្ដេចដែរ?
ជារៀងរាល់ឆ្នាំឱ្យតែថ្ងៃបុណ្យចូលឆ្នាំមកដល់ម្ដងៗ ប្រជាពលរដ្ឋខ្មែរជាទូទៅ តែងតែនាំគ្នាទៅកាន់ទីវត្តអារាមព្រះពុទ្ធសាសនា។
ការទៅវត្តពេលបុណ្យចូលឆ្នាំ ជាទំនៀមទម្លាប់ប្រពៃណីខ្មែរមួយ ដែលត្រូវបានអនុវត្តតាមលំអានតាំងពីដូនតាមក។ ប្រការដែលមិនសូវខានទៅវត្តពេលចូលឆ្នាំនេះហើយ ទើបអ្នកនិពន្ធបទចម្រៀងខ្លះ ក៏ច្បិចយកទម្លាប់នេះមកដាក់ក្នុងបទចម្រៀងរបស់ខ្លួនដែរ។ ឧទាហរណ៍ដូចជាបទខែចេត្រចូលឆ្នាំជាដើម។
សំឡេងចម្រៀងខែចេត្រចូលឆ្នាំ តាមចំណាំគេទៅលេងវត្ត៖ ពាក្យថា ទៅលេងវត្ត គឺសំដៅការទៅកម្សាន្តនៅទីវត្តនោះឯង។ ចុះចំណែកឯនៅតាមទីតាំងវត្តអារាមវិញ តើបានត្រៀមបម្រុងរួចហើយ ឬនៅ សម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ?
ស្របពេលដែលយើងឃើញនៅតាមខ្លោងទ្វារវត្តមួយជាច្រើន បានចងព្យួរបដាស្វាគមន៍បុណ្យចូលឆ្នាំថ្មី មានវត្តខ្លះបានរៀបចំសម្អាតទីធ្លា ត្រៀមបម្រុងកន្លែងសម្រាប់ពុទ្ធបរិស័ទប្រារព្ធពិធីផ្សេងៗ តាមផ្លូវព្រះពុទ្ធសាសនាដែរ។
ព្រះចៅអធិការវត្តទួលទំពូង ព្រះសាសនមង្គល គាន សុគន្ធា មានថេរដីកាថា ព្រះអង្គ និងគណៈកម្មការវត្តទួលទំពូង បានរៀបចំត្រៀមបម្រុងរួចហើយ សម្រាប់ទទួលពុទ្ធបរិស័ទនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៖ «បុណ្យពុទ្ធសាសនាក្ដី បុណ្យប្រពៃណីក្ដី ដូចជាចូលឆ្នាំជាដើម ខ្ញុំព្រះករុណាអាត្មាភាពតែងតែរៀបនូវគ្រឿងសក្ការទាំងឡាយជាចម្បងសម្រាប់ទទួលទេវតាឆ្នាំថ្មីដែលឆ្លងមកដល់។ ទីពីរយើងសម្អាតវត្តអារាម ដើម្បីជាទីរមណីយដ្ឋានមួយ គេហៅថាបូជនីយដ្ឋានជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។ បន្ទាប់មកយើងរៀបនូវកម្មវិធីផ្សេងៗ ដូចជាធ្វើម៉េចដើម្បីឱ្យពុទ្ធបរិស័ទកុំឱ្យមានការនឿយណាយ ដូចជាពូនភ្នំខ្សាច់ ភ្នំអង្ករអីជាដើម»។
ព្រះអង្គមានថេរដីកាទៀតថា ប្រការសំខាន់ គឺការរៀបចំនៅទីវត្តទួលទំពូងឱ្យមានសណ្ដាប់ធ្នាប់ និងវិន័យល្អ ដើម្បីសម្រួលដល់ការធ្វើបុណ្យរបស់ពុទ្ធបរិស័ទ៖ «ទីតាំងនៅក្នុងសាលាបុណ្យហ្នឹងត្រូវមានព្រះសង្ឃផ្នែកក្រុមការងារ មានដូចជាមើលការទទួលខុសត្រូវទេយ្យធម៌ផ្សេងៗ ដែលទាយកទាយិកាគាត់យកមកប្រគេន ហើយត្រូវរៀបចំបែបណា ដើម្បីឱ្យងាយស្រួលក្នុងការពុទ្ធបរិស័ទចូលមកប្រគេន។ ហ្នឹងគឺខ្ញុំករុណាដែលបានរៀបចំវត្តជាប្រពៃណីហ្នឹង គឺមានភ្នំខ្សាច់ភ្នំអង្ករ គឺដើម្បីធ្វើវត្តហ្នឹងឱ្យទៅជាបូជនីយដ្ឋានសម្រាប់បរិស័ទគាត់ចូលមកបូជា ធ្វើម៉េចយើងរៀបតាំងពីកន្លែងចតឡានអីហ្នឹងឱ្យបានល្អ គឺពុទ្ធបរិស័ទចេះតែចូលមកហើយ»។
ក្រៅពីការរៀបចំឱ្យមានទីតាំងសម្រាប់ពុទ្ធបរិស័ទរាប់បាត្រ សម្រាប់ឧទ្ទិសបុណ្យកុសលដល់បុព្វការី ជន ព្រះសាសនមង្គល គាន សុគន្ធា មានថេរដីកាបន្ថែមថា នៅក្នុងវត្តព្រះអង្គ ព្រះអង្គមានរៀបចំឱ្យមានកន្លែងសម្រាប់ពិធីស្រង់ព្រះជានិច្ច៖ «ដោយឡែកនៅវត្តទួលទំពូងហ្នឹង គឺយើងប្រកាន់ខ្ជាប់ទៅនឹងពិធីស្រង់ព្រះ។ ការរៀបចំរាប់បាត្រអីហ្នឹងធម្មតាទៅហើយ ប៉ុន្តែប្លែកដែលភាគច្រើនកន្លែងខ្លះដូចជាភ្លេចទៅហើយ ពិសេសនៅតាមស្រុកស្រែមួយចំនួន គឺអត់ដឹងថាស្រង់ព្រះយ៉ាងម៉េចទេ។ វត្តទួលទំពូង បានរៀបចំក្រោមដើមពោធិ៍ សម្រាប់ឱ្យពុទ្ធបរិស័ទគាត់មកស្រង់ព្រះ ហើយពន្យល់គាត់ថា ការស្រង់ព្រះហ្នឹងជាការជួបជុំគ្នាមួយ ដើម្បីនឹកដល់ព្រះសម្មាសម្ពុទ្ធរបស់យើង។ អ៊ីចឹងទាំងការស្រង់ព្រះ ទាំងការស្រោចទឹកឱ្យឪពុកម្ដាយរបស់យើង»។
ទាក់ទងនឹងការរៀបចំឱ្យមានទីតាំងពូនភ្នំខ្សាច់ និងភ្នំអង្ករវិញ ព្រះអង្គមានថេរដីកាថា មានការបកស្រាយអត្ថន័យច្រើនយ៉ាង ក៏ប៉ុន្តែអត្ថន័យសំខាន់ គឺដើម្បីការចម្រើននៃព្រះសង្ឃ និងទីអារាម៖ «អ្វីដែលមានដែលឮហើយអត់និយាយទេ គឺនិយាយតែអ្វីមិនដែលឮ។ បុរាណគាត់ថា ពូនភ្នំខ្សាច់ក្នុងមួយឆ្នាំពូនម្ដងហ្នឹង គឺដោយសារតែយើងដើរកាត់វត្ត។ ដល់ពេលដើរកាត់វត្តអ៊ីចឹងទៅ ខ្លាចយើងជាប់ដីនឹងបាតជើងនូវដីរបស់សង្ឃហ្នឹងចេញពីវត្តទៅ។ អ៊ីចឹង ខ្លាចជំពាក់កម្មពៀរជាមួយគរុភណ្ឌវត្តហ្នឹង។ អ៊ីចឹងតែងតែពុទ្ធបរិស័ទហ្នឹងមួយឆ្នាំ គាត់ត្រូវតែយកខ្សាច់ហ្នឹងមកពូនម្ដង»។
ព្រះអង្គមានថេរដីកាទៀតថា បច្ចុប្បន្ននេះ ដោយសារនៅភ្នំពេញ ហើយពុទ្ធបរិស័ទមិនទៅរកកើបខ្សាច់ឯណាបាន ទើបព្រះសង្ឃនៅវត្តហ្នឹងទិញខ្សាច់មកដាក់ ដែលខុសពីបុរាណ៖ «ប៉ុន្តែនៅតាមតំបន់ខ្លះធ្វើតាមបុរាណ ខ្សាច់ហ្នឹងគេយកពីផ្ទះមកតែម្ដង។ យកពីក្រៅវត្តមកពូនជាភ្នំខ្សាច់ ហើយខ្សាច់ហ្នឹងអាចយកទៅធ្វើជាសំណង់សមណវត្ថុនៅក្នុងវត្តហ្នឹងបាន។ ហ្នឹងនិយាយពីបុរាណ»។
រីឯការពូនភ្នំអង្ករក៏ដើម្បីចម្រើនដល់ព្រះសង្ឃដែរ៖ «ភ្នំអង្ករមួយឆ្នាំពូនម្ដង យើងបានចំណេញដល់ពេលចូលឆ្នាំហើយហ្នឹង ចង្ហាន់ព្រះសង្ឃរាងខ្សត់ខ្សោយបានយកអង្ករហ្នឹងដាក់ធ្វើជាចង្ហាន់ព្រះសង្ឃដល់ខែចូលវស្សាបីខែហ្នឹងតែម្ដង។ អានេះយន្តការរបស់ចាស់ៗ គាត់រកចំណុចណាដែលធ្វើរីកចម្រើនខាងវិស័យពុទ្ធសាសនា កុំឱ្យមនុស្សធ្វើបាប។ អ៊ីចឹងយកអង្ករមួយកំប៉ុងមកពូនទៅ បានន័យថា ធ្វើចង្ហាន់បានមួយពេលដែរ»។
ទាក់ទងនឹងការកម្សាន្តវិញ ដូចជាសិល្បៈ និងល្បែងប្រជាប្រិយ ព្រះសាសនមង្គល គាន សុគន្ធា មានថេរដីកាថា នៅវត្តទួលទំពូង មិនមានពុទ្ធបរិស័ទមកលេងទេ ពីព្រោះពុទ្ធបរិស័ទច្រើននាំគ្នាចេញទៅកម្សាន្តតាមខេត្ត។
ដោយឡែកនៅឯវត្តខ្ពបអណ្ដែត ហៅវត្តក្របៅ នាស្រុកតាខ្មៅ ខេត្តកណ្ដាលវិញ ត្រូវបានព្រះភិក្ខុ គន្ធ កល្យាណោ ហួន ឧត្ដម មានថេរដីកាថា វត្តខ្ពបអណ្ដែត ក៏បានត្រៀមរួចហើយដែរសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ។
ព្រះភិក្ខុ គន្ធ កល្យាណោ ហួន ឧត្ដម បញ្ជាក់ថា គណៈកម្មការនៅវត្តខ្ពបអណ្ដែត ត្រៀមទីធ្លាក្នុងអារាមរួចហើយ គឺមានកន្លែងសម្រាប់ប្រារព្ធពិធីខាងពុទ្ធសាសនាផង និងការកម្សាន្តល្បែងប្រជាប្រិយផង ព្រោះវត្តនេះ មានពុទ្ធបរិស័ទមកកម្សាន្តច្រើន៖ «អាត្មាបានស្រុះស្រួលជាមួយគណៈកម្មការ ហើយនិងព្រះចៅអធិការនឹងបង្កើតកម្មវិធីវាយក្អម ហើយនិងបូមទឹមដាក់ដបអីជាដើម ព្រោះខ្មែរយើងតាំងពីដើមមក គឺមានបោះអង្គញ់ ចោលឈូង។ ប៉ុន្តែអាត្មាសង្កេតមើលកន្លែងខ្លះបាត់។ បាត់ពីការលេងបោះឈូង និងការលេងបាញ់អង្គញ់។ កាលពីដើមពេលអាត្មានៅតូចៗ មិនទាន់ចូលព្រះផ្នួស ឃើញបងៗ ជំនាន់មុនគាត់លេងច្រើន»។
ព្រះអង្គកត់សម្គាល់ថា ឥឡូវនេះ ព្រះអង្គសង្កេតឃើញថា មានការថយចុះជាច្រើន៖ «មានការបាត់បង់សឹងតែខ្មែរខ្លះមិនដឹងថា ខ្មែរយើងមានល្បែងអ្វីផងសម្រាប់ខ្មែរខ្លួនឯងហ្នឹង។ ភាគច្រើនគឺបានតែទទួលវប្បធម៌ដទៃ មិនដឹងថា ដើមកំណើតខ្លួនឯង ឬល្បែងហ្នឹងលេងនៅពេលណាទៀតផង។ អាត្មានិយាយរួមទៅចង់មានល្បែងឡើងវិញ គឺមិនចង់ឱ្យបាត់ទំនៀមទម្លាប់ ឬហៅថា ជាវប្បធម៌មួយ។ បើកាលណាយើងបាត់នូវវប្បធម៌ហ្នឹង គិតថាចូលឆ្នាំដូចមិនសំខាន់អីវិញ គិតតែជួនកាលរាំតែ (ធុង) បាស់ បាត់បង់ល្បែងប្រជាប្រិយជាច្រើន។ ប៉ុន្តែអាត្មាធ្លាប់ដើរច្រើនទៅព្រៃល្វា តាកែវ កំពង់ចាម កំពង់ធំ ភាគច្រើនបាត់បង់ច្រើនញោម បើនិយាយពីល្បែងប្រជាប្រិយសម្រាប់ខ្មែរយើង។ ប៉ុន្តែពីមុនមានច្រើន។ ប៉ុន្តែនៅក្នុងវេលាគ្រានេះ អាត្មាសម្រាប់វត្តអាត្មានឹងបង្កើតឱ្យមានតទៅមុខទៀត គាំទ្រនូវល្បែងហ្នឹង»។
ដូចគ្នានេះដែរ ព្រះចៅអធិការវត្តទួលទំពូង ព្រះសាសនមង្គល គាន សុគន្ធា មានថេរដីកាដែរថា ព្រះអង្គគាំទ្រឱ្យការលេងល្បែងប្រជាប្រិយនៅវត្តរបស់ព្រះអង្គ ហើយព្រះអង្គឧបត្ថម្ភទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។