ប្រជាពលរដ្ឋជាម្តាយជនរងគ្រោះមួយរូប នៅភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានសុំឲ្យចៅក្រមតុលាការខេត្តព្រះវិហារ លើកយកករណីទាហាន និងប៉េអិម វាយកូនគាត់ឲ្យរបួសស្នាម មកកាត់សេចក្តី ដើម្បីផ្តល់យុត្តិធម៌ឲ្យកូនគាត់ និងដើម្បីជាគំរូកុំឲ្យអ្នកវាយគេបានរួចខ្លួន ហើយគ្មានការផ្ដន្ទាទោស។
អ្នកស្រី ភួង ផាន ជាម្តាយរបស់ជនរងគ្រោះឈ្មោះ ឆយ ផារី បានរៀបរាប់ឲ្យដឹងថា ការវាយតប់លើរូបកូនអ្នកស្រីនោះ កើតមានតាំងពីឆ្នាំ២០១០ មកម្ល៉េះ ប៉ុន្តែមកដល់ឆ្នាំ២០១២ តុលាការនៅតែមិនទាន់បានកាត់សេចក្តីលើពាក្យបណ្ដឹងករណីវាយធ្វើបាបលើកូនគាត់នៅឡើយ ហើយអាជ្ញាធរក៏មិនបានចាប់ជនល្មើសយកមកផ្ដន្ទាទោសទេ។
អ្នកស្រី ភួង ផាន៖ «ពីដំបូង កូនខ្ញុំវាមកពីភ្ជួរ ហើយមានមិត្តភក្ដិមកហូបបាយនៅផ្ទះបងវា ហើយវាទិញប៊ីយែរ មកអង្គុយផឹកជាមួយគ្នា ៤ទៅ៥នាក់។ ដល់ពេលនោះ ប៉ូលិសរងប៉ុស្តិ៍ឈ្មោះ យង់ ម៉ុក នោះមក ហើយកូនខ្ញុំវារាងស្រវឹងដែរ បានហៅគេ ដោយមិនសូវបានគួរសម។ ពេលហៅអ៊ីចឹង គេថាយើងមើលងាយគេ តែបានសុំទោសគេហើយ។ តែសុំទោសហើយ ឈ្មោះ យង់ ម៉ុក នោះ គេមិនអត់ទោសឲ្យយើងទេ គេខឹង។ ដល់ពេល យង់ ម៉ុក គេចេញទៅបន្តិច ស្រាប់តែឃើញទាហាន និងប៉េអិមនោះមកវាយកូនខ្ញុំតែម្តង»។
អ្នកស្រី ភួង ផាន បាននិយាយថា ក្រោយពេលទាហានឈ្មោះ ងួន សុខា និងប៉េអិមឈ្មោះ ឌីម កុសល ជាមិត្តភក្ដិរបស់ប៉ូលិស អនុប្រធានប៉ុស្តិ៍ស្រយ៉ង់ ឈ្មោះ យង់ ម៉ុក បានវាយមកកូនប្រុសអ្នកស្រី ឈ្មោះ ឆយ ផារី មានជំងឺប្រចាំកាយជាប់ជាប្រចាំ ដោយគ្រូពេទ្យបាននិយាយថា កូនអ្នកស្រីមានឈាមកកនៅក្នុងសរសៃឈាមក្បាល។ អ្នកស្រីក៏បានសុំឲ្យអង្គការការពារសិទ្ធិមនុស្សអាដហុក នៅខេត្តព្រះវិហារ ជួយអ្នកស្រីផងដែរ។
លោក ឡោ ចាន់ ជាអ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក នៅខេត្តព្រះវិហារ មានប្រសាសន៍នៅថ្ងៃទី២៨ សីហា ថា ចៅក្រមសាលាដំបូងខេត្តព្រះវិហារ មិនត្រូវទុកករណីរឿងទាហាន និងប៉េអិមវាយឈ្មោះ ឆយ ផារី នេះ ឲ្យជាប់កកជិត២ឆ្នាំ ដោយមិនមានការកាត់សេចក្តីឡើយ៖ «ដូច្នេះ ក្នុងនាមខ្ញុំជាសង្គមស៊ីវិល ស្នើសុំយ៉ាងទទូច សុំឲ្យឯកឧត្តមក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ក្នុងករណីនេះ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះស្លូតត្រង់។ ហើយករណីនេះ ជារឿងនិទ្ទណ្ឌភាពមួយ ដោយសារជនប្រព្រឹត្តមានអំណាច មិនទាន់បានយកមកដោះស្រាយជូនជនរងគ្រោះ។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ជនរងគ្រោះកំពុងមានបញ្ហាខាងផ្លូវចិត្ត គឺខាងខួរក្បាល។ គាត់និយាយមិនសូវដឹងអីទៀតទេ»។
វិទ្យុអាស៊ីសេរី បានទាក់ទងចៅក្រមសាលាដំបូងខេត្តព្រះវិហារ លោក វេង ប៊ុនធឿន ដែលមន្ត្រីសិទ្ធិមនុស្សអះអាងថា ជាអ្នកកាន់សំណុំរឿងយុវជន ឆាយ ផារី នេះ ដើម្បីសាកសួរអំពីមូលហេតុសំណុំរឿងនេះ។ តែលោកបានឆ្លើយថា លោកជាប់រវល់សវនាការ មិនអាចឆ្លើយពន្យល់បានទេ។
លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក នៅខេត្តព្រះវិហារ បាននិយាយថា ការពន្យារពេលយូរពេក ក្នុងការកាត់ទោសជនល្មើសដែលប្រើអំពើហិង្សាលើអ្នកដទៃនោះ វាជារឿងនិទ្ទណ្ឌភាពដែលជាគំរូអាក្រក់ នាំឲ្យបទល្មើសរំលោភសិទ្ធិមនុស្សក្នុងសង្គម កាន់តែកើតមានច្រើន និងរីករាលដាលទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។