ខ្មែរនៅបារាំងគ្រោងធ្វើបាតុកម្មគាំទ្រការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
2012.10.11
សិក្ខាសាលានេះ រៀបចំឡើងដោយសហគមន៍ខ្មែរនៅអឺរ៉ុប គណៈកម្មាធិការព្រំដែនខ្មែរ សហព័ន្ធខ្មែរក្រោម គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្ស សម រង្សី និងគណបក្ស សិទ្ធិមនុស្ស ក្រុមសម្ព័ន្ធសិទ្ធិសង្គមស៊ីវិលខ្មែរ និងឥស្សរជនខ្មែរមួយចំនួនទៀតនៅប្រទេសបារាំង។ ការជួបជុំគ្នា នឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២០ ខែតុលា នៅឯព្រះវិហារមួយដែលមានឈ្មោះហៅថា សាំង អ៊ីប៉ូលីត (Saint Hyppolyte) ស្ថិតនៅភាគខាងត្បូងនៃទីក្រុងប៉ារីស។
អ្នកនាំពាក្យនៃគណៈកម្មការរៀបចំសិក្ខាសាលា និងបាតុកម្ម លោក លីម គឹមយ៉ា មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងថា គោលបំណងសំខាន់នៃអង្គសិក្ខាសាលានេះ ផ្ដោតអំពីផលវិបាកដែលរដ្ឋាភិបាលក្រុងភ្នំពេញ និងប្រទេសជិតខាង ដែលជាហត្ថលេខី មិនគោរពកិច្ចព្រមព្រៀងនេះ៖ «សំខាន់ឲ្យប្រជាពលរដ្ឋខ្មែរ... ដើម្បីឲ្យយួនមករំលោភទឹកដីកម្ពុជា»។
លោករំពឹងថា មនុស្សប្រមាណ ៣ឬ ៤០០នាក់ នឹងមកចូលរួមក្នុងកិច្ចប្រជុំនេះ ដែលភាគច្រើនមកពីតាមបណ្ដាខេត្តក្រុងនៅទូទាំងប្រទេសបារាំង និងមកពីប្រទេសមួយចំនួនទៀតនៅទ្វីបអឺរ៉ុប។
លោក លីម គឹមយ៉ា មានប្រសាសន៍ថា ក្រុមអ្នករៀបចំសិក្ខាសាលា នឹងចងក្រងលទ្ធផលនៃកិច្ចប្រជុំ ដាក់ចេញជាញត្តិ គ្រោងនឹងផ្ញើជូនប្រទេសហត្ថលេខី ដើម្បីជួយជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ និងប្រទេសជិតខាង គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឲ្យបានជាក់លាក់៖ «ធ្វើសិក្ខាសាលាហ្នឹងចប់ហើយ... ពីការរំលោភសិទ្ធិប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា»។
ក្រៅពីរៀបចំសិក្ខាសាលានេះ គណៈកម្មការក៏នឹងរៀបចំបាតុកម្មមួយនៅថ្ងៃអាទិត្យ ទី២១ ខែតុលា នៅមុខតួអេហ៊្វែល (Eiffel Tower) នៅកណ្ដាលទីក្រុងប៉ារីស ដែលគេរំពឹងថានឹងមានអ្នកចូលរួមយ៉ាងតិចជាង ៥០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។