អ្នក​ជំងឺ​ម្នាក់​ចោទ​ក្រុម​គ្រូពេទ្យ​កាល់ម៉ែត​​ថា​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ

អ្នក​ជំងឺ​ឈ្មោះ ឆេង វណ្ណឌី មក​ពី​ភូមិ​ទឹកចេញ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ សីហា ថា ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ឈ្មោះ​លោក​វេជ្ជបណ្ឌិត ជា ផែន ប្រធាន​អគារ (ខ) នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត រើសអើង​ចំពោះ​អ្នក​ជំងឺ។
ដោយ វិជ័យ អានន្ទ
2012.08.28

អ្នកស្រី​បញ្ជាក់​ថា ដោយ​សារ​អ្នកស្រី​គ្មាន​លុយ​បង់​ថ្លៃ​សេវា​ព្យាបាល​ជំងឺ អ្នកស្រី​កាន់​ប័ណ្ណ​អ្នក​ក្រីក្រ ដែល​រដ្ឋាភិបាល​ផ្ដល់​ជូន​អ្នកស្រី ដើម្បី​សុំ​ឲ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល​ជំងឺ​ញ័រ​ជើង។ តែ​លោក​វេជ្ជបណ្ឌិត ជា ផែន បាន​អនុញ្ញាត​ឲ្យ​អ្នកស្រី​សម្រាក​ព្យាបាល​បាន​ចំនួន​បី​ថ្ងៃ។ បន្ទាប់​មក​អ្នកស្រី​បាន​ចោទ​ថា គ្រូពេទ្យ​នោះ​រក​លេស​បង្ក​ការ​លំបាក​ផ្សេងៗ​លើ​រូប​អ្នកស្រី។

អ្នកស្រី​បន្ថែម​ថា ក្នុង​រយៈពេល​បី​ថ្ងៃ លោក​វេជ្ជបណ្ឌិត ជា ផែន ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទ្រគោះ​បោះ​បោក​ជាច្រើន​ដាក់​អ្នកស្រី និង​រាល់​ពេល​គ្រូពេទ្យ​រូប​នេះ​ចុះ​ពិនិត្យ​ជំងឺ មិន​ដែល​ពិនិត្យ​ជំងឺ​អ្នកស្រី​នោះ​ឡើយ។

នៅ​ថ្ងៃ​ទី​២៤ សីហា គ្រូពេទ្យ​បាន​សុំ​ឲ្យ​អ្នកស្រី​ចេញ​ពី​មន្ទីរ​ពេទ្យ ដោយ​ហេតុផល​ថា អ្នកស្រី​គ្មាន​ជំងឺ​អ្វី​នោះ​ទេ៖ «លោក​អី​មួយ ខ្ញុំ​មិន​ដឹង​ថា​ជា​ប្រធាន ឬ​អ្វី​នោះ​ទេ ប៉ុន្តែ​មនុស្ស​ប្រុស​ហ្នឹង គ្រាន់​តែ​ឮ​ថា​ខ្ញុំ​អត់​លុយ គាត់​ឈប់​មើល​ខ្ញុំ​ភ្លាម គេ​ហៅ​អ្នក​រុញ​រទេះ​ថា រុញ​ចេញ​ឲ្យ​ឆាប់​ទៅ អា​ជំងឺ​គ្មាន​លុយ ខ្ញុំ​មិន​ត្រូវ​ការ​មើល​ទេ មើល​ប្រើ​ពាក្យ​អ៊ីចឹង​លោក ប្រើ​ពាក្យ​អាក្រក់​ណាស់ រុញ​ចេញ​ខ្ញុំ​មក​ទីណាត់ទីណែង ហាល​ក្ដៅ គេ​អ្នក​មាន​លុយ​គេ​យក​ក្រណាត់​គ្រប ខ្ញុំ​អត់​លុយ​ហាល​កាត់​ក្ដៅ ប៉ុន្តែ​ខ្ញុំ​អត់​ថា​ម៉េច​ទេ ព្រោះ​ខ្ញុំ​អត់​មាន​លុយ។ ដល់​មក​ដល់​កន្លែង​លោក ផែន ដល់​ពេល​គេ​កុងត្រូល​ជំងឺ គាត់​អត់​មើល​ខ្ញុំ​ទេ អ្នក​ដទៃៗ​ទៀត​គាត់​មើល​ទាំង​អស់ ដោយ​ឡែក​ខ្ញុំ គាត់​អត់​មើល​ទេ គាត់​ឲ្យ​តែ​កូន​សិស្ស ពេទ្យ​ស្អី​មួយ​ខ្មៅ​មក​មើល​ខ្ញុំ​ហើយ ពេល​ដែល​មើល​ហ្នឹង គាត់​ដើរ​ចេញ​ផុត​ពី​ខ្ញុំ ហើយ​គាត់​ថា​ភ្លាម មើល​ស្អី អា​គ្មាន​លុយ​ផង ឈឺ​ស្អី ឈឺ​មាយា»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង លោក ជា ផែន សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ សីហា។

អ្នកស្រី ឆេង វណ្ណឌី អះអាង​ថា អ្នកស្រី​មាន​ជំងឺ​ជាច្រើន​មុខ និង​ធ្លាប់​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នេះ​ពី​មុន​មក ហើយ​ជំងឺ​មួយ​ចំនួន​របស់​អ្នកស្រី ក៏​ត្រូវ​ព្យាបាល​ជា​សះស្បើយ​នៅ​មន្ទីរ​ពេទ្យ​នេះ​ដែរ។ ក្រោយ​ពី​អ្នកស្រី​ជា​សះស្បើយ​ពី​ជំងឺ អ្នកស្រី​ក៏​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ប៉ុន្តែ​មិន​ប៉ុន្មាន ជំងឺ​ញ័រ​ជើង​របស់​អ្នកស្រី​ចេះ​តែ​ញ័រ​ទទ្រើក ដើរ​មិន​កើត នៅ​ពេល​អ្នកស្រី​ដើរ អ្នកស្រី​ចេះ​តែ​ដួល ដូច្នេះ​អ្នកស្រី​ក៏​ត្រឡប់​មក​មន្ទីរ​ពេទ្យ​កាល់ម៉ែត ម្ដង​ទៀត ដើម្បី​សុំ​ឲ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល​ជំងឺ​ញ័រ​ជើង​របស់​អ្នកស្រី។

អ្នកស្រី ឆេង វណ្ណឌី ឲ្យ​ដឹង​ថា អ្នកស្រី​បាន​មក​មន្ទីរ​ពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១២ ហើយ​ក្រុម​គ្រូពេទ្យ​ឲ្យ​អ្នកស្រី​ចេញ​ពី​មន្ទីរ​ពេទ្យ​វិញ​នៅ​ថ្ងៃ​ទី​២៤ សីហា ដោយ​លោក​គ្រូពេទ្យ​ទាំង​នោះ​បញ្ជាក់​ថា អ្នកស្រី​គ្មាន​ជំងឺ​អ្វី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។