វិវាទ​ការងារ​រវាង​កម្មករ​និង​រោងចក្រ PCCS មិន​ទាន់​ដោះស្រាយ

កម្មករ​កាត់​ដេរ​ប្រមាណ ៦០០​នាក់ នៅ​ក្នុង​រោងចក្រ​កាត់​ដេរ ភី.ស៊ី.ស៊ី.អេស. លីមីធីត (PCCS Limited) ក្នុង​ក្រុង​ភ្នំពេញ អង្គុយ​រង់ចាំ​ថៅកែ​រោងចក្រ​នោះ ផ្តល់​ការងារ​ឲ្យ​ធ្វើ​ជិត ២​ខែ​ហើយ នៅ​តែ​មិន​មាន​ការងារ​ធ្វើ។
ដោយ អ៊ុក សាវបូរី
2011-01-20
Share

កម្មករ​មួយ​រូប​ឈ្មោះ អាត រិទ្ធ ឲ្យ​ដឹង​ថា ពួកគេ​ជាង ៦០០​នាក់​នៅ​អង្គុយ​លេង​ក្នុង​រោងចក្រ​កាត់ដេរ​រង់ចាំ​ការងារ។ ប្រភព​បន្ត​ថា រោងចក្រ​គ្មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ​តាំង​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​មុន រហូត​ដល់​ពេល​នេះ។ បច្ចុប្បន្ន​ប្រាក់​ដែល​ថៅកែ​បើក​ឲ្យ​មិន​គ្រប់​តាម​ចំនួន ៦១​ដុល្លារ ដែល​រដ្ឋ​កំណត់​ឲ្យ​កម្មករ​នោះ​ទេ។

កម្មករ អាត រិទ្ធ បន្ត​ថា ៖ «ដល់​ពេល​សួរ​ទៅ​ថា បិទ​ឬ​អត់​រោងចក្រ​ហ្នឹង? ថា​អត់​បិទ​ទេ។ គោលការណ៍​គេ​គិត​ម៉េច? ហើយ​គេ​គិត​លុយ​ឲ្យ​សព្វថ្ងៃ​គិត​ឲ្យ​បន្តិចៗ​ម្នាក់ គ្នា​ធ្វើការ ៤-​១០​ឆ្នាំ​ឲ្យ ១០០ ២០០ ហើយ​អ្នក​ណា​គ្នា​ទៅ​យក។ ពួក​តំណាងៗ គេ​មុនៗ​នោះ​បាន​សុទ្ធតែ ៥​ចំណុច។ ម្នាក់​បាន​សុទ្ធ​តែ ២-​៣​ពាន់ ទៅ​បាត់ៗ​អ៊ីចឹង​ទៅ»

កម្មការិនី ជា ស្រី អះអាង​ថា ពួកគាត់​ចង់​ឈប់ តែ​ថៅកែ​រោងចក្រ​អត់​គិត​ប្រាក់​អតីតភាព​ការងារ​ឲ្យ​ទេ។ ពួកគាត់​បាន​ពឹង​មេ​សហជីព​ឲ្យ​ជួយ​ដោះស្រាយ​កម្មករ ប៉ុន្តែ​មេ​សហជីព​បែរ​ជា​ដោះដៃ​ក្រោយ​ពេល​ពួកគេ​បើក​បាន​ប្រាក់​ផ្ទាល់​ខ្លួន​យក​ទៅ​បាត់ ៖ «សូម្បី​តែ​សហជីព​នៅ​ជាមួយ​ក៏​គេ​រត់​ចោល​ពួកខ្ញុំ​អស់​ដែរ អត់​មាន​អ្នក​នៅ​ទេ។ ពួក​ខ្ញុំ​នៅ​តែលតោល​ដូច​កូន​មាន់​កូន​ទា​ដែល​អត់​មេ»

កម្មការិនី ហ៊ុយ សាម៉ន អះអាង​ថា គាត់​ធ្វើការ​ជិត ១៥​ឆ្នាំ គាត់​ចង់​បាន​ប្រាក់​អតីតភាព​ការងារ។ អ្នកស្រី​ថា ប្រាក់​អតីតភាព​ការងារ​គាត់​អាច​បាន​ជិត ២​ពាន់​ដុល្លារ ប៉ុន្តែ​នៅ​ពេល​គាត់​ស្ម័គ្រចិត្ត​ឈប់ គាត់​ទៅ​បើក​ប្រាក់ ថៅកែ​គិត​ឲ្យ​តែ ៣០០ ទៅ ៤០០​ដុល្លារ ទើប​គាត់​មិន​ទទួល​យក ៖ «ដូច​ថា ផ្តិត​មេដៃ​គាំទ្រ​យក​ទៅ​ខាង​នេះ យក​ទៅ​ដាក់​ខាង​នោះ​អ៊ីចឹង​ទៅ ទី​បំផុត​អ្នក​នាំ​មេដៃ​ហ្នឹង​ទៅ ក្រុមហ៊ុន​គេ​ទិញ​ទឹក​ចិត្ត​យក​អស់​ប្រហែល​ជា ១០​នាក់​ហើយ»

តំណាង​រោងចក្រ​កាត់ដេរ PCCS Limited លោក ជាតិ ខេមរា ឲ្យ​ដឹង​ថា រោងចក្រ​នេះ​ខ្វះ​អ្នក​បញ្ជា​ទិញ។ អ្នក​ទទួល​ទិញ​ច្រើនៗ មិន​ទទួល​ទិញ​ត​ទៅ​ទៀត ទើប​រោងចក្រ​គ្មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ។

លោក​ថា រោងចក្រ​មិន​បិទ​ទេ ថៅកែ​កំពុង​ស្វះស្វែង​រក​អ្នក​ទិញ។ ក្នុង​ពេល​នេះ​រោងចក្រ​បាន​ផ្តល់​ជម្រើស​២ ឲ្យ​កម្មករ​ស្ម័គ្រ​ចិត្ត​រើស។ ទី​១ នៅ​បន្ត​អង្គុយ​លេង​ក្នុង​រោងចក្រ​គ្រប់​ម៉ោង​ធ្វើការ​នោះ រោងចក្រ​នៅ​តែ​បើក​ប្រាក់​ខែ​គោល​តាម​រដ្ឋ​កំណត់​ឲ្យ​កម្មករ​ដដែល។ ទី​២ បើ​កម្មករ​ធុញទ្រាន់ ឬ​គិត​ថា ប្រាក់​ខែ​គោល​មិន​អាច​ចាយ​គ្រប់ កម្មករ​អាច​សុំ​ឈប់​ពី​ការងារ ថៅកែ​រោងចក្រ​នឹង​បើក​ប្រាក់​ផ្តាច់​ឲ្យ​កម្មករ​ណា​ស្ម័គ្រ​ចិត្ត​ឈប់​នោះ តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រោងចក្រ។

លោក ជាតិ ខេមរា បន្ថែម​ថា ៖ «ព្រោះ​ក្រុមហ៊ុន​អត់​បង្ខំ​ឲ្យ​អ្នក​ឯង​លាលែង​ទេ ប៉ុន្តែ​ដោយសារ​តែ​លុយ​ដែល​ទទួល​រាល់​ខែ​ហ្នឹង​មក​ចាយ​វា​មិន​គ្រប់គ្រាន់​ក្នុង​ជីវភាព​ក្រុម​គ្រួសារ ហើយ​នឹក​ឃើញ​ថា ចង់បាន​លុយ​មួយ​កញ្ចប់​ហ្នឹង​កាន់​ទៅ​ហើយ ទៅ​រក​ការងារ​កន្លែង​ផ្សេង​ទៀត​ធ្វើ អា​ហ្នឹង​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​គាត់ ហើយ​ទទួល​លុយ​ប៉ុណ្ណេះៗ ដូច​ជា​លុយ​ជូន​ដំណឹង លុយ​បញ្ចប់​កិច្ចសន្យា ឬ​ក៏​លុយ​បំណាច់​ឆ្នាំ ដែល​នៅ​សេសសល់​អ៊ីចឹង​ទៅ ឬ​ក៏​ប្រាក់​ខែ​ចុង​ក្រោយ​អ៊ីចឹង​ទៅ​ណា»

លោក ជាតិ ខេមរា តំណាង​រោងចក្រ​កាត់ដេរ ពន្យល់​បន្ត​ថា កម្មករ​យល់​ខុស​ដោយ​ខ្លួន​ឯង។ បើ​កម្មករ​ទារ​ប្រាក់​អតីតភាព​ការងារ ទាល់តែ​រោងចក្រ​នោះ​គេ​បញ្ឈប់​កម្មករ ឬ​ក្ស័យធន ប្រកាស​បិទ​ទ្វារ​រោងចក្រ​ជាដើម។ ប៉ុន្តែ​រោងចក្រ PCCS Limited មិន​បិទ​ទ្វារ​ទេ គឺ​ខ្វះ​អ្នក​បញ្ជា​ទិញ ហើយ​គេ​នៅ​តែ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ដដែល។ តែ​បើ​កម្មករ​សុំ​ឈប់​ធ្វើការ​គេ​ឲ្យ​តែ​ប្រាក់​ខ្លះ​ប៉ុណ្ណោះ។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា កម្មករ​រោងចក្រ PCCS Limited កម្មករ​មិន​គួរ​បន្ទោស​ថ្នាក់​ដឹកនាំ​សហជីព​ទេ គឺ​ជា​ជម្រើស​របស់​គេ។ ម្យ៉ាង​ទៀត កម្មករ​អង្គុយ​ប្រមូល​ផ្ដុំ​ក្នុង​រោងចក្រ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ គួរ​តែ​ក្រុម​កម្មករ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​សហជីព​ណា​មួយ​ជួយ​ធ្វើការ​ដោះស្រាយ​បញ្ហា​កើត​ឡើង​នោះ ទើប​ជា​ការ​ប្រសើរ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល