កម្ពុជា​និង​ហ្វីលីពីន កំពុង​ទង្គិច​គ្នា​ខាង​ផ្លូវ​ទូត​ជុំវិញ​វិវាទ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

សមាជិក​ក្នុង​សហគមន៍​អាស៊ាន​ពីរ គឺ​កម្ពុជា និង​ហ្វីលីពីន កំពុង​ទង្គិច​គ្នា​ខាង​ផ្លូវ​ទូត នៅ​ជុំវិញ​វិវាទ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

ទីភ្នាក់ងារ​ព័ត៌មាន​នានា អោយ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​កម្ពុជា ឲ្យ​ទៅ​បំភ្លឺ​អំពី​សុន្ទរកថា ដែល​ឯកអគ្គរាជទូត ហើស សេរីធន (Hos Sereythonh) បាន​សរសេរ​លិខិត​ទៅ​កាន់​កាសែត ឌឹ ហ្វីលីពីន ស្តារ (The Philippines Star) ថ្លែង​ចោទ​ប្រកាន់​ថា ហ្វីលីពីន និង​វៀតណាម បាន​ដើរ​នយោបាយ​ខ្មៅ​កខ្វក់​ក្នុង​ដំណើរ​ដោះ​ស្រាយ​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​ចិន។

ក្រសួង​ការ​បរទេស​ហ្វីលីពីន បាន​អញ្ជើញ​ឯកអគ្គរាជទូត​កម្ពុជា ឲ្យ​ទៅ​បំភ្លឺ​ថា តើ​លោក ហើស សេរីធន ចង់​មាន​ន័យ​ដូចម្តេច ពេល​ថ្លែង​ដូច្នោះ​នោះ ប៉ុន្តែ​លោក​មិន​បាន​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​នោះ​ទេ ដោយ​ឆ្លើយ​តប​ថា មិន​ស្រួល​ខ្លួន។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ហ្វីលីពីន លោក ហឺណែនដេ (Hernandez) ប្រាប់​អ្នក​កាសែត​ថា លោក​នឹង​បន្ត​កោះ​ហៅ​ឯកអគ្គរាជទូត​កម្ពុជា​ទៀត រហូត​ដល់​លោក​អាច​មក​បំភ្លឺ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។