ប៉ូលិស​​​ព្រំដែន​ខេត្ត​រតនគិរី​ស្នើ​ឲ្យ​អាដហុក​​ស៊ើប​ករណី​អង្គភាព​កាត់​ប្រាក់​ខែ

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ខេត្ត​រតនគិរី មួយ​រូប​អះអាង​ថា មេ​បញ្ជាការ​វរៈ​មិន​បើក​ប្រាក់​ខែ​ឲ្យ​លោក​ចំនួន​បី​ខែ ដោយ​ចោទ​ប្រកាន់​ថា លោក​មិន​មក​បំពេញ​ការងារ។ លោក​បដិសេធ​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​យុត្តិធម៌​សម្រាប់​លោក ដែល​បាន​បម្រើ​ការ​ក្នុង​កង​កម្លាំង​ការពារ​ព្រំដែន​ជាង​២០ឆ្នាំ​កន្លង​ទៅ​នេះ​ទេ។
ដោយ រដ្ឋា វីសាល
2012-09-19
Share

មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ខេត្ត​រតនគិរី វរៈ​លេខ​២០៣ មួយ​រូប​នៅ​ថ្ងៃ​ពុធ ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​ស្នើសុំ​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (Adhoc) ជួយ​អន្តរាគមន៍​ទៅ​ស្នងការ​ប៉ូលិស ដើម្បី​ស៊ើប​អង្កេត​ពី​ករណី​ប្រធាន​អង្គភាព​កាត់​ប្រាក់​ខែ​លោក​ចំនួន​បី​ខែ ដោយ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស។

អនុសេនីយ៍​ត្រី សេវ ណាម អនុប្រធាន​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​លេខ​៤០១ ប្រចាំ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រាក់​ខែ​លោក​នៅ​ខែ​កុម្ភៈ ខែ​មេសា និង​ខែ​កក្កដា ឆ្នាំ​២០១២ ប្រធាន​អង្គភាព​មិន​បាន​បើក​ឲ្យ​លោក​ទេ ហើយ​ក៏​មិន​ប្រាប់​ពី​មូលហេតុ​ក្នុង​រឿង​នេះ​ដែរ។

លោក​បន្ត​ថា បាន​ព្យាយាម​សុំ​បើក​ប្រាក់​ខែ​នោះ​ពី​មេ​បញ្ជាការ​វរៈ​ច្រើន​លើក ក៏ប៉ុន្តែ មិន​បាន​សម្រេច​លទ្ធផល ទើប​លោក​អស់​សង្ឃឹម​ឈប់​ចូល​អង្គភាព​តាំង​ពី​ពេល​នោះ​មក ដើម្បី​ធ្វើ​ស្រែ​រក​ប្រាក់​ចិញ្ចឹម​ជីវិត៖ «ខ្ញុំ​សំណូម​ពរ​ឲ្យ​អគ្គស្នងការ​គិតគូរ​ដោះស្រាយ​បើក​លុយ​ឲ្យ​ខ្ញុំ​ផង។ គាត់​បញ្ជា​ឲ្យ​ខ្ញុំ​ទៅ​បង្គោល​លេខ​១៥ ទៅ​១៦ ខ្ញុំ​នៅ​រហូត​ដល់​ខែ​៣។ ដល់​ខ្ញុំ​មក​ពី​ហ្នឹង ខ្ញុំ​សួរ​ឯណា​លុយ​ខែ​៣? គាត់​ថា​អត់​ដឹង។ ខែ​៤ ខ្ញុំ​ឈឺ ខ្ញុំ​បាន​វះ​កាត់។ ហើយ​ដល់​ខែ​៨ ប៉ា​ខ្ញុំ​បាន​ស្លាប់ ខ្ញុំ​បាន​ធ្វើ​ច្បាប់។ ហើយ​ខ្ញុំ​ទៅ គាត់​អត់​បើក​លុយ​ឲ្យ​ខ្ញុំ​សែនព្រេន​ទេ។ ខ្ញុំ​សួរ​ថា ម៉េច​អត់​បើក​លុយ​ឲ្យ​ខ្ញុំ គាត់​អត់​មាត់ មិន​ថា​ស្អី​ក៏​មិន​ថា»

យោង​តាម​ពាក្យ​បណ្ដឹង​របស់​លោក សេវ ណាម ចុះ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​ជម្រាប​ជូន​ស្នងការ​ប៉ូលិស​ខេត្ត​ថា នៅ​ថ្ងៃ​ទី១ ខែ​មករា មេ​បញ្ជាការ​វរៈ​បាន​ចាត់​តាំង​លោក និង​កង​ប៉ូលិស​៧នាក់​ផ្សេង​ទៀត ទៅ​យាម​ប្រចាំ​ការ​នៅ​បង្គោល​ព្រំដែន​លេខ​១៥ និង​១៦ ដោយ​សង្ស័យ​ថា​មាន​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​នៅ​ទីនោះ។ រហូត​មក​ទល់​នឹង​ចុង​ខែ​មេសា លោក​មាន​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ត្រូវ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ និង​នៅ​ចុង​ខែ​កក្កដា ឪពុក​លោក​បាន​ស្លាប់ លោក​បាន​ឲ្យ​កូន​ទៅ​សុំ​ច្បាប់​អនុញ្ញាត​ធ្វើ​បុណ្យ​សព​ឪពុក​រយៈពេល​១០ថ្ងៃ ហើយ​បាន​ចូល​បម្រើ​ការ​នៅ​អង្គភាព​វិញ​តាម​ការ​កំណត់។

វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ពុធ​ទី១៩ ខែ​កញ្ញា នេះ មិន​អាច​ទាក់​ទង​មេ​បញ្ជាការ​ប៉ូលិស​វរៈ​លេខ​២០៣ គឺ​លោក ប៊ុត ទីលី ដើម្បី​បញ្ជាក់​ពី​សេចក្តី​ចោទ​ប្រកាន់​នេះ​បាន​ទេ។

យ៉ាង​នេះ​ក្តី អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​នឹង​ជួយ​ធ្វើ​លិខិត​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​លោក សេវ ណាម ជូន​ស្នងការ​ប៉ូលិស​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​នេះ។ លោក​បន្ត​ថា ស្នងការដ្ឋាន​គួរ​ចាត់​វិធានការ​ឲ្យ​មេ​បញ្ជាការ​វរៈ​ប៉ូលិស ប្រគល់​ប្រាក់​ខែ​ជូន​មន្ត្រី​ប៉ូលិស​ព្រំដែន​នោះ​វិញ ពីព្រោះ នេះ​ជា​ប្រាក់​ខែ​សម្រាប់​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​កង​កម្លាំង​នគរបាល៖ «យើង​ឃើញ​ថា ជីវភាព​គាត់​ក្រីក្រ​ណាស់ គាត់​រំពឹង​តែ​លើ​ប្រាក់​ខែ​ហ្នឹង។ តាម​ចម្លើយ​របស់​គាត់ គាត់​ថា​គាត់​ឈឺ គាត់​បាន​សុំ​គេ​ដែរ ហើយ​គាត់​ក៏​ជិត​ចូល​និវត្តន៍​ហើយ​ដែរ»

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​ការងារ​ព្រំដែន លោក ស៊ូ វ៉ាន់ខាំវ៉ាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា របាយការណ៍​របស់​មេ​បញ្ជាការ​វរៈ​លេខ​២០៣ ឲ្យ​ដឹង​ថា លោក សេវ ណាម បាន​ធ្វើ​ខុស​វិន័យ​កង​នគរបាល ដោយ​សារ​លោក​អវត្តមាន​មិន​មក​បំពេញ​ភារកិច្ច​ញឹកញាប់ ហើយ​គ្មាន​ការ​អនុញ្ញាត ទើប​ប្រធាន​អង្គភាព​តម្កល់​ប្រាក់​ខែ​លោក​មិន​បើក​ឲ្យ ដើម្បី​ព្រមាន​ឲ្យ​លោក​ទទួល​ស្គាល់​កំហុស និង​ចូល​មក​អង្គភាព​ធ្វើ​កិច្ច​សន្យា​បម្រើ​ការងារ​បាន​ត្រឹមត្រូវ​វិញ​តែ​ប៉ុណ្ណោះ។

យ៉ាង​នេះ​ក្តី លោក​អះអាង​ថា នឹង​សម្រប​សម្រួល​ឲ្យ​មេ​បញ្ជាការ​បើក​ប្រាក់​ខែ​ជូន​មន្ត្រី​ប៉ូលិស​នេះ​វិញ ជាមួយ​លក្ខខណ្ឌ​ឲ្យ​មន្ត្រី​ប៉ូលិស​នេះ​ឈប់​ធ្វើ​ខុស​វិន័យ​តទៅ​ទៀត៖ «ឲ្យ​គាត់​ចូល​ទៅ​អង្គភាព​វរៈ​វិញ ដើម្បី​គេ​សួរ​នាំ​ក្រោយ​ពី​មួយ​ខែ​មក​ហ្នឹង អ្នក​ឯង​បាត់​ទៅ​ណា ម៉េច​មិន​សុំ​ច្បាប់។ ខាង​វរៈ គេ​រង់ចាំៗ​ទទួល​មនុស្ស​ហ្នឹង ដើម្បី​គេ​សួរ​នាំ​ពី​ករណី​អ្នក​ឯង​បាត់​ប៉ុន្មាន​ខែ​នោះ។ ប្រាក់​ខែ គេ​រក្សា​ទុក​មិន​ឲ្យ​យក​ទៅ​ណា​ទេ គាត់​ស៊ីញេ​តាម​លំដាប់​លំដោយ​មក​គេ​ឲ្យ»

លោក សេវ ណាម គឺ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ចារាយ បាន​ចូល​បម្រើ​កង​នគរបាល​ការពារ​ព្រំដែន​រយៈពេល​២០ឆ្នាំ​កន្លង​ទៅ​នេះ លោក​បញ្ជាក់​ថា នឹង​ចូល​ទៅ​អង្គភាព ដើម្បី​បាន​ទទួល​ប្រាក់​ខែ​ទាំង​បី​ខែ​នោះ​វិញ បើ​ទោះ​បី​លោក​ត្រូវ​ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រធាន​អង្គភាព​យ៉ាង​ណា។ លោក​រំពឹង​ថា នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ លោក​នឹង​ត្រូវ​កំណត់​ចូល​និវត្តន៍ និង​បាន​ទទួល​ប្រាក់​សោធន​វិវត្តន៍​រស់នៅ​ចិញ្ចឹម​ក្រុម​គ្រួសារ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល