អ្នកភូមិម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែមន្ត្រីនគរបាលប្រើអំពើហិង្សា វាយនឹងស្វាយកាំភ្លើង បន្ទាប់មកទាត់ធាក់ ចាប់ដាក់ខ្នោះដៃរុញបញ្ចូលក្នុងរថយន្តដឹកយកទៅធ្វើទារុណកម្ម ខ្លាំងខ្លាទៀតក្នុងប៉ុស្តិ៍រដ្ឋបាលរបស់ប៉ូលិស នៅឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ករណីនេះកើតមានឡើងដោយសារជនរងគ្រោះបាននិយាយធ្វើតម្រាបតាមក្រុមតារាកំប្លែងនាយពាក់មី ទៅកាន់មន្ត្រីប៉ូលិសពីរនាក់ នៅក្នុងតូបលក់គ្រឿងទេសមួយរបស់អ្នកភូមិ។
លោក ទាន សាន អាយុ ៤៧ឆ្នាំ ជាម្ចាស់ផ្ទះ និងជាសាក្សី បានឲ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ថា កាលពីវេលាម៉ោងជិត ៧យប់ថ្ងៃទី២៥ ខែមិថុនា ជនរងគ្រោះ និងមិត្តភក្ដិម្នាក់ឈ្មោះ ម៉ៃ កំពុងអង្គុយផឹកស្រាសនៅលើគ្រែក្នុងតូបលក់ដូររបស់លោកនៅក្នុងភូមិ។ មន្ត្រីនគរបាលពីរនាក់ឈ្មោះ ប៉េង ឡាយ និង ឈ្មោះ រ៉ាត ស្លៀកពាក់ស៊ីវិល បើកឡានទៅឈប់ រួចចុះសួររកទិញទឹកត្រឡាច និងទឹកសុទ្ធ ប៉ុន្តែជនរងគ្រោះឈ្មោះ ឌិន វី ដែលកំពុងបើកទូរស័ព្ទមើលរឿងវីដេអូកំប្លែងរបស់នាយ ពាក់មី បានឆ្លើយប្រាប់ថា ទឹកសុទ្ធអត់មានទេមានតែ ដាប់បែលយូ (W)។ ការនិយាយបែបនេះហើយ ដែលធ្វើមន្ត្រីនគរបាលខឹង ហើយចោទថា និយាយនេះ និយាយមើលងាយ។
លោក ទាន សាន៖ «ដល់ពេលអ៊ីចឹងទៅក៏ដោះកាំភ្លើងពីស្មាវ៉ៃគ្នា បណ្ដោយកាំភ្លើងម៉ាក អាកាបត់ វ៉ៃឆ្អឹងខ្នងមួយស្វាយកាំភ្លើង រួចទះមួយដៃធ្លាក់ពីលើតុ ដល់គ្នាអង្គុយហ្នឹងទៅក៏ទាត់ប្រមៀលថែមមករហូតគ្នាឡើងអង្គុយ លត់ជង្គង់បទជើង សុំទោសថាវាខុសហើយ គ្នាអត់ដឹងរឿងអីម៉េចក៏មិនព្រម»។
បុរសជាជនរងគ្រោះមានឈ្មោះ ឌិន វី អាយុ ១៩ឆ្នាំ រស់នៅភូមិអូរដា ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។គាត់បាននិយាយលេងតាមក្រុមកំប្លែងរបស់នាយ ពាក់មី ដោយពុំមានចេតនាប្រមាថនោះទេ ប៉ុន្តែប៉ូលិសខឹងក៏ចាប់វាយគាត់នឹងស្វាយកាំភ្លើង ដាក់ខ្នោះដៃ រុញបញ្ចូលឡានយកទៅធ្វើទារុណកម្មនៅប៉ុស្តិ៍ប៉ូលិស៖ «ខ្ញុំបត់ជើង ហើយគាត់ថា មកទៅជាមួយអញ ទៅការដ្ឋាន។ ទៅដល់វ៉ៃខ្ញុំនៅហ្នឹងទៀត។ ទុកឡាន វាយខ្ញុំពីរចំនៀរក្ដារ។ ទៅដល់ប៉ុស្តិ៍លើកកៅអីជ័រវ៉ៃខ្ញុំ វ៉ៃចំក្បាលពីរបីកៅអី បាក់កៅអីហ្នឹងខ្ទេច។ ខ្ញុំដៃជាប់ខ្នោះហ្នឹង គេវ៉ៃ»។
ប៉ូលិសបានឃុំខ្លួនឈ្មោះ ឌិន វី ទល់ភ្លឺ រហូតដល់ម្ដាយគាត់ទៅសុំអង្វរទើបដោះលែង។
លោកស្រី សាន អឿន អាយុជាង ៥០ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះ បានថ្លែងថា កូនរបស់គាត់បានរងរបួសគ្រាំពេញខ្លួន ហើយមានការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ៖ «ចុះបើគ្រាន់ពាក្យមួយម៉ាត់ប៉ុណ្ណឹង ចុះហេតុអីបានយកកូនខ្ញុំទៅទាត់ទៅធាក់ទៅវ៉ៃ ជាំពេញខ្លួនអស់ ក្បាលអី។ គ្នាគ្រាន់តែអង្គុយនិយាយមិនកើតផងហ្នឹង។ ជួយរកខុសត្រូវឲ្យខ្ញុំផង ខ្ញុំក្រណាស់គ្មានលុយគ្មានកាក់ទេ»។
លោក សារ៉េត វិសេធ ស្នងការរងនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា លោកកំពុងសម្របសម្រួលជាមួយជនរងគ្រោះ។ ប៉ុន្តែលោក ហេង សាយហុង មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licado) ថ្លែងថា នេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ មន្ត្រីនគរបាលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ហេង សាយហុង៖ «ប្រើអំពើហិង្សាបែបនេះយើងមិនអាចទទួលយកបានទេ គប្បីតែមានវិធានការយ៉ាងជាក់លាក់ចំពោះអ្នកប្រព្រឹត្តអំពើហិង្សាដ៏ធ្ងន់ធ្ងរនេះ។ អ៊ីចឹងអង្គភាព ក៏ដូចជាស្នងការនគរបាលជាតិ មានវិធានការចាត់ការរឿងនេះ ធ្វើយ៉ាងណាកុំឲ្យនគរបាលត្រឹមត្រូវហ្នឹងខូចកិត្តិយសដោយសារនគរបាលគ្នាពីរបីនាក់ហ្នឹង»។
នៅក្នុងទិវាអន្តរជាតិគាំទ្រជនរងគ្រោះដោយអំពើទារុណកម្មរបស់អង្គការសហប្រជាជាតិទើបបញ្ចប់ទៅថ្មីៗនេះ។ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័ន បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រើអំពើទារុណកម្មនៅកន្លែងឃុំខ្លួនរបស់ប៉ូលិស ដូចជាដាក់ខ្នោះដៃ ជើង និងការវាយដំលើជនជាប់ចោទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។