ក្រុមអតីតអ្នកទោសនយោបាយនៃគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម ជាង ១០នាក់ បានដាក់ពាក្យស្នើសុំរួមគ្នា ឲ្យតុលាការទម្លាក់បទចោទប្រកាន់លើពួកគាត់។ អ្នកឃ្លាំមើលផ្នែកសិទ្ធិ ជំរុញឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើសកម្មជននយោបាយទាំងនោះ ដើម្បីស្ដារស្ថានភាពរឹតត្បិតសិទ្ធិនយោបាយរបស់ពលរដ្ឋ។
អតីតអ្នកជាប់ឃុំរឿងនយោបាយម្នាក់ ក្នុងចំណោមជាង ១០នាក់ នៅខេត្តកំពង់ចាម លោក ដុង សុវណ្ណារិទ្ធិ ប្រាប់ថា ពួកលោក បានដាក់ពាក្យស្នើសុំរួមគ្នា ទៅសាលាដំបូងខេត្តកំពង់ចាម កាលពីដើមខែធ្នូ តែជិតមួយខែមកហើយ ពួកលោកមិនទាន់ទទួលបានការឆ្លើយតបពីតុលាការនៅឡើយទេ។ លោកថា ការសម្រេចដាក់ពាក្យស្នើសុំឲ្យទម្លាក់បទចោទ ដោយសារ ពួកលោក ចង់មានសិទ្ធិសេរីភាពពេញលេញ ដូចពលរដ្ឋទូទៅ៖ « ខ្ញុំបានដាក់ពាក្យទៅតុលាការរួចហើយ ឲ្យទម្លាក់បទចោទហ្នឹង កាលពីថ្ងៃទី១០ ខែធ្នូហ្នឹង បានដាក់ពាក្យហើយ។ លិខិតហ្នឹង ដូចតុលាការបានទទួលហើយ ព្រោះយើងដាក់ជាក្រុមណា មិនមែនដាក់ជាបុគ្គលទេ។ យើងដាក់ជាក្រុម ដូចជាប្រមាណ ១០នាក់ជាង ដាក់ជាមួយគ្នាតែម្ដង ដាក់ជាក្រុម»។
ចំណែកអតីតអ្នកទោសនយោបាយនៅខេត្តកំពង់ធំ លោក នូ ភឿន ថា ខាងលោក កំពុងណាត់ជួបជាមួយមេធាវី ដើម្បីធ្វើលិខិតស្នើសុំឲ្យទម្លាក់បទចោទដូចគ្នាដែរ។ លោកថា សព្វថ្ងៃ លោកមានផលលំបាក និងសម្ពាធច្រើនណាស់ ដោយសារតែការមិនទាន់ទម្លាក់ចោលបទចោទប្រកាន់នេះ សូម្បីការនិយាយស្ដី ក៏ត្រូវកម្រិតសិទ្ធិបញ្ចេញមតិខ្លួនឯងដែរ៖ « មេធាវី គាត់ចង់មកជួបខ្ញុំដែរ។ ប៉ុន្តែ មកដល់នេះ អត់ទាន់ឃើញគាត់មកជួបទេ ព្រោះអ្វី រង់ចាំមើលគាត់ដែរ ព្រោះអ្វីខាងមេធាវី អត់ទាន់ឃើញមកទាក់ទង។ ខ្ញុំចេះតែរង់ចាំមើលមេធាវី ដែរ»។
តុលាការនៃរបបក្រុងភ្នំពេញ បានដោះលែងអ្នកទោសនយោបាយនៃគណបក្សប្រឆាំងចំនួន ៧៦នាក់ភ្លាមៗ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្ដាលខែវិច្ឆិកា។ តែទោះជាយ៉ាងណា លោក ហ៊ុន សែន បានហាមមិនឲ្យទម្លាក់បទចោទឡើយ ហើយត្រូវកោះហៅពួកគេឲ្យចូលសវនាការកាត់ទោសជាធម្មតា នៅថ្ងៃខាងមុខ។
បន្ថែមពីនេះ តុលាការបានដាក់លក្ខខណ្ឌឲ្យសកម្មជនទាំងនោះ មិនឲ្យផ្លាស់ប្ដូរទីលំនៅ ឬចាកចេញពីប្រទេសកម្ពុជា និងតម្រូវឲ្យបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬនៅសាលាដំបូងរាជធានី ខេត្ត ២សប្ដាហ៍ម្ដង ឬមួយខែម្ដង ឬតាមការកោះហៅរបស់អាជ្ញាធរមានសមត្ថកិច្ច។
សកម្មជន បក្សប្រឆាំង និងអ្នកឃ្លាំមើលសិទ្ធិមនុស្សហៅលក្ខខណ្ឌទាំងនេះ ថាជាលក្ខខណ្ឌតឹងរ៉ឹង សម្រាប់អ្នកទោសនយោបាយ ដែលត្រូវដោះលែងទាំងនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ថា តុលាការគួរពិចារណា ទម្លាក់ចោលបទចោទប្រកាន់លើសកម្មជននយោបាយទាំងអស់នោះ ដើម្បីឲ្យពួកគេមានឱកាសបានចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស មានសិទ្ធិសេរីភាពពេញលេញ រួមទាំងសេរីភាពបញ្ចេញមតិ ជួបប្រជុំ សិទ្ធិនយោបាយ ដូចពលរដ្ឋដទៃទៀត។
លោកថា ការទម្លាក់ចោទបទចោទប្រកាន់លើសកម្មជននយោបាយទាំងនោះ នឹងធ្វើឲ្យរដ្ឋាភិបាលចំណេញ ព្រោះសហគមន៍អន្តរជាតិកំពុងឃ្លាំមើលការប្ដេជ្ញាចិត្តស្ដារលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្តប្រព័ន្ធអនុគ្រោះពន្ធ ឲ្យកម្ពុជាវិញ៖ « មិនមានភស្តុតាងអ្វី ទៅចោទប្រកាន់បន្តទៅលើ ពួកគាត់ទៀតទេ ហើយបើសិនជាបានដោះលែង ពួកគាត់ហើយ គួរតែទម្លាក់ចោទបទចោទប្រកាន់ទៅលើរូបគាត់ផង ដើម្បីឲ្យគាត់ បានធ្វើការងាររបស់គាត់ ឬក៏ធ្វើសកម្មភាពផ្នែកនយោបាយ ឬក៏សង្គមអ្វីផ្សេងៗហ្នឹង ដោយកុំឲ្យមានរងការរឹតត្បិត»។
ជុំវិញ សំណើស្នើសុំឲ្យទម្លាក់បទចោទលើសកម្មជនបក្សប្រឆាំងជាង១០នាក់នេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ជុំ ណារ៉ាន់ បានទេ នៅថ្ងៃទី២៤ ធ្នូ ដោយសារទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ទោះយ៉ាងណា ក្រុមអតីតអ្នកទោសនយោបាយ សង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទប្រកាន់លើពួកលោក និងសង្ឃឹមថា នឹងលែងមានការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញពួកគេតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។