អ្នក​សិទ្ធិ​មនុស្ស ​និង​អ្នក​វិភាគ​នៅ​តែ​ទទូច​ឱ្យ​រក​យុត្តិធម៌​សម្រាប់​អ្នក​ស្លាប់​ក្នុង​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ដណ្ដើម​អំណាច​របស់​លោក ហ៊ុន សែន ឆ្នាំ១៩៩៧

0:00 / 0:00

អ្នក​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​នយោបាយ នៅ​តែ​ទទូច​ឱ្យ​មាន​ការ​ស៊ើបអង្កេត​រក​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់ លើ​ក្រុម​មន្ត្រី​យោធា​ និង​ប៉ូលិស​ស្មោះស្ម័គ្រ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី៥ និង​ទី៦ ខែកក្កដា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​របស់​លោក ហ៊ុន សែន ដើម្បី​ដណ្ដើម​អំណាច ប៉ុន្តែ​មន្ត្រី​លោក ហ៊ុន សែន នៅ​តែ​បដិសេធ​ថា មិន​មែន​ជា​រដ្ឋប្រហារ​ឡើយ រួម​ទាំង​មិន​ចង់​ឱ្យ​មាន​ការ​ស៊ើបអង្កេត​នោះ​ទេ។

គិត​មក​ដល់​ពេល​នេះ ជា​ខួប ២៦ឆ្នាំ​គត់ នៃ​ការ​ផ្ទុះ​អាវុធ​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​មន្ត្រី​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​នៅ​ពេល​នោះ​លើកឡើង​ថា ជា​ព្រឹត្តិការណ៍​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី២ ដើម្បី​ដណ្ដើម​អំណាច​ពី​នាយក​រដ្ឋមន្ត្រី​ទី១ គឺ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ រដ្ឋប្រហារ​មួយ​ប្រាវ​កាល​ណោះ បាន​ធ្វើ​ឱ្យ​ជន​ស្លូត​ត្រង់​ជា​ច្រើន​នាក់ រួម​ទាំង​កុមារ​ផង បាន​រង​របួស​និង​ស្លាប់ ជាពិសេស ការ​ចាប់ចង​ និង​​ ការសម្លាប់​ក្រៅ​ច្បាប់​លើ​មន្ត្រី​ប៉ូលិស​ និង​យោធា​ជាន់​ខ្ពស់​ប្រមាណ​ ៦០​នាក់ របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​ស៊ើបអង្កេត​រក​យុត្តិធម៌​នៅ​ឡើយ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (Adhoc) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ កក្កដា​ថា លោក​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ ដែល​មាន​ការ​ចូលរួម​ពី​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស ដើម្បី​ស្វែងរក​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ផ្ទុះ​អាវុធ កាល​ពី​ឆ្នាំ១៩៩៧ ក្នុង​បំណង​បញ្ឈប់​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​ជន​រង​គ្រោះ។ លើស​ពី​នេះ ក៏​ដើម្បី​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​សម្រាប់​ឧក្រិដ្ឋជន​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បន្ត​ថា កម្ពុជា​ដែល​គ្មាន​ច្បាប់​ប្រហារ​ជីវិត​នោះ ដូច្នេះ ការ​សម្លាប់​មនុស្ស​ទាំង​ជាប់​ចំណង ​ឬ​ខ្នោះ​ដៃ និង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ ជា​រឿង​ខុស​ច្បាប់ ហើយ​សូម្បី​នៅ​ក្នុង​ពេល​សង្គ្រាម ក៏​ពុំ​អនុញ្ញាត​ឱ្យ​សម្លាប់​គូ​សត្រូវ​បែប​ព្រៃផ្សៃ​នេះ​ដែរ។

លោក នី សុខា៖«ជា​ការ​រំលោភ​ទៅ​លើ​គោលការណ៍​សិទ្ធិ​ដែរ គឺ​ថា គោលការណ៍​សិទ្ធិ​មនុស្ស ទោះ​បី​ស្រុក​កើត​សង្គ្រាម ប្រសិន​បើ​គេ​ចាប់​បាន​បច្ចាមិត្ត គេ​មិន​ត្រូវ​យក​ទៅ​សម្លាប់​ទេ​។ អ៊ីចឹង​!អា​ហ្នឹង​ហើយ គេ​ត្រូវ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ថា​ តើ​ស្លាប់​ហ្នឹង វា​ស្លាប់​ក្នុង​លក្ខខណ្ឌ​បែប​ណា ជា​ពិសេស ការ​រក​ឃើញ​បែប​ហ្នឹង ធ្វើ​ឱ្យ​ខាង​សាច់​ញាតិ​ក្រុម​គ្រួសារ មាន​ភាព​អស់​ចិត្ត។ ប្រសិន​បើ​យើង​មិន(ស្រាវជ្រាវ)អ៊ីចឹង​ទេ ខ្ញុំ​គិត​ថា វា​ស្ថិត​នៅ​ក្នុង​ភាព​ជា​មន្ទិល​របស់​សាច់​ញាតិ​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​អស់​ហ្នឹង»។

នៅ​ពេល​មាន​ការ​ទទូច​ជា​រឿយៗ ពី​មន្ត្រី​សិទ្ធិ​មនុស្ស ឱ្យ​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​ទទួល​ខុស​ត្រូវ​នោះ មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​បង្ហាញ​ឆន្ទៈ​មិន​ចង់​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឡើយ លើស​ពី​នេះ ថែម​ទាំង​មិន​សប្បាយ​ចិត្ត នៅ​ពេល​មាន​ការ​រំឭក​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ​ថា ​ជា​រដ្ឋប្រហារ​ទៀត​ផង។ កន្លង​មក គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល និង​គោរព​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នេះ មុន​ពេល​ត្រូវ​បាន​រំលាយ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន លើក​ឡើង​ថា គណបក្ស​មិន​បាន​រៀបចំ​ពិធី​បុណ្យ​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​មន្ត្រី​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​ចាប់ចង​យក​ទៅ​សម្លាប់​នៅ​ថ្ងៃ​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ នោះ​ទេ។ អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា មូល​ហេតុ ដោយ​ប្រធាន​គណបក្ស​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និង​មន្ត្រី ជាប់​រវល់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប៉ុន្តែ​ថ្នាក់ដឹកនាំ​គណបក្ស តែង​ឆ្លៀត​ឱកាស​ឧទ្ទិស​កុសល​ទៅ​ដល់​ជន​រង​គ្រោះ​ទាំង​នោះ ជំនួស​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ ឬ​បុណ្យ​ភ្ជុំបិណ្ឌ។

លោក ញឿន រ៉ាដែន៖«ថ្នាក់ដឹកនាំ​ទាំង​អស់​គ្នា យើង​ចងចាំ ហើយ​ចំណែក​កម្មវិធី​អី យើង​មិន​អាច​ប្រារព្ធ​បាន​ទេ ដោយសារ​គណបក្ស​កំពុង​ជាប់​ធ្វើ​យុទ្ធនាការ​គ្រប់​ទី​កន្លែង»។

ទោះ​មាន​ការ​លើកឡើង​ពី​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បែប​នេះ​ក្ដី អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ និង​ជា​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ លើក​ឡើង​ថា ការ​មិន​ធ្វើ​ពិធី​ចងចាំ​អ្នក​ស្លាប់​នៅ​ថ្ងៃ​ទី៥ និង​ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ជា​ការ​រមិលគុណ ចំពោះ​អ្នក​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ជា​ការ​បន្ទន់​ឥរិយាបថ​ទទួល​យក​ឧក្រិដ្ឋកម្ម​ធ្វើ​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ថា ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន គ្មាន​ស្មារតី​ជា​អ្នក​តស៊ូ​ប្រកួត​ដើម្បី​យុត្តិធម៌​សង្គម​ឡើយ។

លោក គឹម សុខ លើកឡើង​ស្រដៀង​ទៅ​នឹង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែរ​ថា ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ដូច​ជា លោក ជា ស៊ីម លោក ស ខេង លោក ទៀ បាញ់ និង​លោក កែ គឹមយ៉ាន មិន​យល់ព្រម​ឱ្យ​ធ្វើ​រដ្ឋប្រហារ​នោះ​ឡើយ ហើយ​ថា រដ្ឋប្រហារ​នោះ​ជា​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

លោក គឹម សុខ៖«វា​ជា​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន សុទ្ធសាធ ពីព្រោះ​កងកម្លាំង​របស់​លោក ហ៊ុន សែន ទាំង​រថក្រោះ ទាំង​ថ្មើរ​ជើង ប្រមូល​ផ្ដុំ​គ្នា​ទាំង​កង​ទាំង​ក្រុម សម្រុក​ចូល​ទៅ​បន្ទាយ​កងទ័ព​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ សំនួរ តើ​នៅ​លើ​ពិភពលោក​នេះ នរណា​បើក​រថក្រោះ ប្រមូល​កម្លាំង​ទាំង​កង​ទាំង​ក្រុម ទៅ​សួរ​សុខទុក្ខ​ភាគី​ម្ខាង​ទៀត ដែល​ជា​គូ​ជម្លោះ​នោះ ក្រៅ​តែ​ពី​ទៅ​ផ្ដួល។ ម្យ៉ាង​វិញ​ទៀត ក៏​នាំ​គ្នា​ទម្លាក់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ស្របច្បាប់។ បើ​មិន​មែន​ជា​រដ្ឋប្រហារ តើ​ជា​អ្វី?»។

ក្រុម​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ របស់​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ច្បាប់ អំឡុង​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ រួម​មាន​លោក​ឧត្ដមសេនីយ៍​យោធា ចៅ សម្បត្តិ លោក​ឧត្ដមសេនីយ៍​យោធា ក្រូច យឿម និង​លោក ហូ សុខ មាន​តួនាទី​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​មេបញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេច​ក្រុម​ព្រះនរោត្ដម រណឫទ្ធិ។ លោក ហូ សុខ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​កម្លាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​លោក​កំពុង​ដើរ​ចេញ​ពី​ផ្ទះ​របស់​ឯកអគ្គរដ្ឋទូត​សិង្ហបុរី ហើយ​ក្នុង​ថ្ងៃ​តែ​មួយ លោក​ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នឹង​គ្រាប់​កាំភ្លើង ខណៈ​កំពុង​ជាប់​ឃុំ​ក្នុង​ក្រសួង​មហាផ្ទៃ។

អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០៤ និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​នេះ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា អ្នកស្រី​ជា​មនុស្ស​ម្នាក់ បាន​ជួយ​ស្វែងរក​មណ្ឌល​កុមារ​កំព្រា សម្រាប់​ធ្វើ​ជា​ទី​ជ្រក​កោន​សម្រាប់​កូនៗ របស់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​សម្លាប់។ អ្នកស្រី​បញ្ជាក់​ថា ព្រឹត្តិការណ៍​នៅ​ពេល​នោះ ជា​ការ​ធ្វើ​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ដោយសារ​លោក​ចង់​បាន​អំណាច ហើយ​លោក​បែរ​ចោទ​ប្រកាន់​ស្រេច​តែ​ចិត្ត​ខ្លួន​ថា ក្រុម​មន្ត្រី​ស្ម័គ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង​នោះ ជា​អ្នក​ដឹកនាំ​កម្លាំង​បង្ក​ចលាចល ឬ​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម ដូច​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ចោទ​ប្រកាន់​លើ​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ថា ជា​ក្រុម​ឧទ្ទាម ដើម្បី​យក​ធ្វើ​លេស​តាម​កម្ចាត់ សម្រាប់​រក្សា​អំណាច​របស់​ខ្លួន ដោយ​មិន​ខ្វល់​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។

អ្នកស្រី មូរ សុខហួរ ៖«ឈាម​គាត់(ហ៊ុន សែន)ឈាម​ចេញ​មក​ពី​ខ្មែរ​ក្រហម ដូច​ថា ភាព​សាហាវ និង​ឃោរឃៅ​របស់​គាត់ នៅ​ជានិច្ច ដក់​នៅ​ក្នុង​អារម្មណ៍​គាត់​ជានិច្ច។ អ៊ីចឹង​ហើយ បាន​ឃើញ​ថា អស់​រយៈពេល ៣៨ឆ្នាំ ដែល​គាត់​កាន់​អំណាច​ហ្នឹង គាត់​មិន​ដែល​យោគយល់ មិន​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង ក្លាយ​ទៅ​ជា​នីតិរដ្ឋ ក្លាយ​ទៅ​ជា​កោះ​សន្តិភាព​ពិត​ប្រាកដ​ទេ»។

ជុំវិញ​ការ​លើកឡើង​ទាំង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន បាន​ទេ នៅ​ថ្ងៃ​ទី៥ កក្កដា​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​ព្យាយាម​ពន្យល់​ទៅ​សហគមន៍​អន្តរជាតិ​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី៦ និង​ថ្ងៃ​ទី៧ កក្កដា ជា​សកម្មភាព​យោធា​ប្រឆាំង​សម្ដេច​ក្រុម​ព្រះ និង​កម្លាំង​យោធា​របស់​ព្រះអង្គ ក្នុង​ការ​ទប់ស្កាត់​ការ​វិល​មក​វិញ នៃ​កងទ័ព​ខ្មែរ​ក្រហម និង​បាន​ចោទ​ប្រកាន់​សម្ដេច​ក្រុម​ព្រះ​ថា បាន​សហការ​ជាមួយ​ខ្មែរ​ក្រហម ប្រឆាំង​លោក រួម​ទាំង​នាំ​ចូល​អាវុធ​ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស។ លើស​ពី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន លើកឡើង​ថា ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង​នោះ ស្លាប់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា មិន​មែន​ជា​ដោយសារ​ការ​ចាប់ចង​យក​ទៅ​សម្លាប់​នោះ​ទេ។

លោក សុខ ឥសាន៖«គ្រាន់​តែ​សង្គ្រាម​រយៈពេល​ខ្លី ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​មក​ក្នុង​ប្រទេស នាំ​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ដល់​អាយុ​ជីវិត​ប្រទេស​ជាតិ​ជា​ថ្មី​ឡើង​វិញ តែ​ប៉ុណ្ណោះ​ទេ។ ដូច្នេះ!អត់​មាន​ពី​ណា កាត់ទោស​គាត់(ការ​សម្លាប់​ក្រុម​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្រៅ​ច្បាប់)ទេ ដូច ជា រិទ្ធី ឈុត ចៅហ្វាយ​ខេត្ត​កែប​អី​ហ្នឹង(ស្លាប់)ក្នុង​ចម្បាំង​តើ ហើយ ក្រួច យឿម អី​ហ្នឹង(ស្លាប់)ក្នុង​ចម្បាំង តើ​នរណា​ទៅ​ចាប់​គាត់​ដាក់​តុលាការ»។

ប៉ុន្តែ​ជុំវិញ​បញ្ហា​នេះ លោក ប៊្រែដ អាដាមស៍ (Brad Adams) អតីត​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តាម​ពិត អ្នក​ដែល​នាំ​ចូល​សព្វាវុធ​ខុស​ច្បាប់​ច្រើន​ជាង​គេ គឺ​លោក ហ៊ុន សែន ហើយ​លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​បង្កើត​កង​អង្គរក្ស​ផ្ទាល់​ខ្លួន​យ៉ាង​តិច ១ពាន់​នាក់ ដែល​បំពាក់​អាវុធ​ទំនើបៗ និង​ទទួល​បាន​ការ​ហ្វឹកហ្វឺន ប្រសើរ​ជាង​កងទ័ព​ការពារ​ជាតិ​ទៅ​ទៀត ហើយ​កងទ័ព​ទាំង​នោះ ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ។ លោក ប៊្រែដ អាដាមស៍ បន្ត​ថា តាម​ការ​ស្រាវជ្រាវ និង​ចុះ​សម្ភាសន៍​ផ្ទាល់​ពី​ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ ពុំ​មាន​ការ​នាំ​ចូល​កម្លាំង​ខ្មែរ​ក្រហម​ពី​តំបន់​អន្លង់​វែង ចូល​ទីក្រុង​ភ្នំពេញ ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ឡើយ។

ផ្ទុយ​ទៅ​វិញ​លោក​បញ្ជាក់​ថា អ្នក​ដែល​ប្រើប្រាស់​កង​កម្លាំង​ខ្មែរ​ក្រហម គឺ​លោក ហ៊ុន សែន ទៅ​វិញ ដោយសារ​មាន​អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​ចំនួន ២រូប គឺ​លោក កែវ ពង្ស និង​លោក ភុន ភាព បាន​ដឹកនាំ​កូន​ទាហាន ចូលរួម​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ ពី​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣ ជា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​តែ​ម្ដង​គត់ ដោយសារ​ជា​ការ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ។

លោក ប៊្រែដ អាដាមស៍ ធ្លាប់​បំពេញ​ការងារ​រយៈពេល ៥ឆ្នាំ​នៅ​កម្ពុជា ជា​មេធាវី​ជាន់ខ្ពស់​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស មុន​ពេល​លោក​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពី​ឆ្នាំ២០០២ ដល់​ឆ្នាំ២០២២។ អំឡុង​ពេល​បំពេញ​ការងារ​នៅ​កម្ពុជា លោក ប៊្រែដ អាដាមស៍ រួម​ទាំង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ផ្សេង​ទៀត ធ្លាប់​ទៅ​ជីក​គាស់​ឃើញ​សាកសព​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​គេ​សម្លាប់​ដោយ​ចង​ដៃ​ពត់​ទៅ​ក្រោយ និង​មាន​គ្រាប់​កាំភ្លើង​ផុង​ក្នុង​លលាដ​ក្បាល។ លោក​បញ្ជាក់​ថា សាកសព​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​គេ​ដឹក​ទៅ​ចោល​នៅ​ខេត្ត​កំពង់ស្ពឺ និង​នៅ​ក្នុង​ជ្រោះ​ពេជ្រនិល។

ការ​បោះឆ្នោត​ឆ្នាំ១៩៩៣ ជា​ការ​បោះឆ្នោត​លើក​ដំបូង បន្ទាប់​ពី​កម្ពុជា​ធ្លាក់​ក្នុង​ជម្លោះ​ផ្ទៃ​ក្នុង​រ៉ាំរ៉ៃ​និង​ក្នុង​សង្គ្រាម​ស៊ីវិល និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​តែ​ម្ដង​គត់ ដោយសារ​កាល​នោះ ជា​ការ​រៀបចំ​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC)។ ការ​បោះឆ្នោត​នៅ​ពេល​នោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​ជ័យជម្នះ ដោយ​ទទួល​បាន​អាសនៈ​ចំនួន៥៨ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៥១អាសនៈ។

ប៉ុន្តែ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា មិន​សុខ​ចិត្ត​ចាញ់​ការ​បោះឆ្នោត និង​បាន​ប្រើប្រាស់​កម្លាំង​ទាហាន​និង​ប៉ូលិស បណ្ដេញ​កងទ័ព​អង្គការ​សហប្រជាជាតិ ចេញ​ពី​ខេត្ត​ចំនួន៧ ហើយ​គំរាម​បំបែក​ប្រទេស​កម្ពុជា​ជា​ពីរ នៅ​ពេល​នោះ អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​ដាក់​ចេញ​រូបមន្ត​នាយក​រដ្ឋមន្ត្រី​ទី១ និង​នាយក​រដ្ឋមន្ត្រី​ទី២ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​បំបែក​ប្រទេស​ជា​ពីរ​ផ្នែក។ ប៉ុន្តែ​ក្រោយ​មក កត្តា​មួយ​ដែល​នាំ​ឱ្យ​លោក ហ៊ុន សែន ប្រើ​កម្លាំង​ទ័ព ដើម្បី​ឡើង​ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង បន្ទាប់​ពី​លោក​ខឹង​ក្រេវក្រោធ​ទៅ​នឹង​សម្ដេច​ក្រុម​ព្រះ ដែល​បាន​សម្រេច​ព្រះទ័យ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មិន​ចង់​បន្ត​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ប៊្រែដ អាដាមស៍។

ការ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​ចោល​នូវ​ការ​ខិតខំ​របស់​អង្គការ​សហប្រជាជាតិ ដែល​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​សិទ្ធិ​សេរីភាព​ដូច​បណ្ដា​ពលរដ្ឋ​ប្រទេស​ជឿន​លឿន​ផ្សេង​ទៀត និង​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​តាម​បែប​សន្តិវិធី និង​ឈប់​បង្ហូរ​ឈាម​គ្នា ដែល​ពួកគេ​មិន​ធ្លាប់​ទទួល​បាន​កាល​ពី​ពេល​មុន​មក។ ប៉ុន្តែ​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន បាន​រុញ​ច្រាន​កម្ពុជា ឱ្យ​ធ្លាក់​ទៅ​ក្នុង​យុគ​សម័យ​ខ្មៅ​ងងឹត​ឡើង​វិញ គឺ​មេ​ដឹកនាំ​ខ្មែរ នាំ​គ្នា​ដណ្ដើម​អំណាច តាម​រយៈ​កម្លាំង​ប្រដាប់​អាវុធ និង​អំពើ​ហិង្សា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។