"ចិន និង​ប្រទេស​ជិត​ខាង​នៅតែ​រំលោភបំពាន​អធិបតេយ្យ បូរណភាព​ទឹកដី ឯករាជ្យ និង​អព្យាក្រឹតភាព​កម្ពុជា"

0:00 / 0:00

៣០ ឆ្នាំក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ក្រុម​អ្នក​ជំនាញ និង​មន្ត្រី​គណបក្ស​ប្រឆាំង វាយតម្លៃ​ថា កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការធានា​អធិបតេយ្យ បូរណភាព​ទឹកដី ឯករាជ្យ និង​អព្យាក្រឹតភាព​របស់​ខ្លួន​ដដែល​។ ទន្ទឹម​នឹង​នេះ ពួកគេ​ថា ប្រទេស​ចិន និង​ប្រទេស​ជិត​ខាង​កម្ពុជា​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ កំពុងតែ​រំលោភ​បំពាន​អធិបតេយ្យ បូរណភាព​ទឹកដី និង​អព្យាក្រឹតភាព​របស់​កម្ពុជា។ មន្ត្រី​បក្ស​កាន់​អំណាច​បដិសេធ​ការវាយតម្លៃ​នេះ និង​អះអាង​ថា កម្ពុជា និង​ប្រទេស​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ កំពុង​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការសន្យា​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ។

ក្រៅពី​វាយ​តម្លៃ​ថា កេរដំណែល​អវិជ្ជមាន​ជាច្រើន​កំពុង​រុញច្រាន​កម្ពុជា​ឱ្យ​វិល​មក​រក​ស្ថានភាព​គ្រប់គ្រង​ដោយ​របប​ផ្ដាច់ការ​បែប​ឯក​បក្ស​មិន​ខុសពី​នៅ​មុន​ឆ្នាំ​១៩៩១​នោះ ខណៈ​កម្ពុជា​បរាជ័យ​មិន​អាច​កសាង​សង្គម​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិតប្រាកដ​ដូច​តាម​ការ​ចង់​បាន​របស់​កិច្ចព្រមព្រៀង​នេះ បញ្ហា​មិនអាច​ធានា​បាន​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី ឯករាជ្យ និង​អព្យាក្រឹតភាព​ពេញលេញ​របស់​កម្ពុជា​នៅតែ​មាន​ភាព​ចម្រូងចម្រាស​ដដែល។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា កម្ពុជា​មិន​បាន​បំពេញ​តាម​ការសន្យា​របស់​ខ្លួន​ក្នុង​ការធានា និង​ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី ភាព​មិនអាច​រំលោភ​បាន អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​នៅឡើយ​ទេ។ លោក​ថា កម្ពុជា​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ខ្លួនឯង​ក្លាយជា​កូនអុក​របស់​ប្រទេស​មហាអំណាច​នោះ​ទេ​។ លោក​វាយតម្លៃ​ថា ជាក់ស្តែង​ប្រទេស​ចិន​ដែល​ជា​ភាគី​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ កំពុងតែ​រំលោភ​យ៉ាង​ច្បាស់​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ជាពិសេស​ពាក់ព័ន្ធ​នឹង​អធិបតេយ្យ ឯករាជ្យ និង​អព្យាក្រឹត​ភាពជា​និរន្ត​របស់​កម្ពុជា ដោយ​បាន​លួច​ចុះហត្ថលេខា​បង្កើត​សម្ព័ន្ធភាព​យោធា ឬ​កិច្ចព្រមព្រៀង​យោធា​ដទៃ​ទៀត​ជាមួយ​កម្ពុជា។

ស្រដៀង​គ្នា​នេះ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត គឺ​បណ្ឌិត ពៅ សូរពង្ស បាន​លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស រៀបចំ​ដោយ​វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក ដោយ​ព្រមាន​ថា កេរ​ដំណែល​អវិជ្ជមាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នេះ អាច​ធ្វើ​ឱ្យ​កម្ពុជា​ងាយ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​មហា​អំណាច​ឡើងវិញ​បាន។

រីឯ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ទោស​នយោបាយ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក អ៊ុំ សំអាន វិញ លោក​មានប្រសាសន៍​ថា ក្រុម​មេដឹកនាំ​កម្ពុជា​មិន​បាន​រក្សា​អព្យាក្រឹត​របស់​ខ្លួន​នោះ​ទេ ដោយសារតែ​កម្ពុជា​លម្អៀង​ខ្លាំង​ទៅ​ខាង​ប្រទេស​កុម្មុយនិស្ត​ចិន និង​វៀតណាម ដើម្បី​ឱ្យ​ប្រទេស​ទាំងពីរ​នេះ​ជួយ​រក្សា​អំណាច​របស់​ខ្លួន​ឱ្យ​បាន​យូរអង្វែង​។ លោក​ថា ក្រៅពី​នេះ ប្រទេស​ភូមិ​ផង​របង​ជាមួយ​កម្ពុជា ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ក៏​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​នោះ​ដែរ​៖ «​ខ្ញុំ​មើល​ឃើញ​ថា ប្រទេស​មួយ​ចំនួន​បាន​គោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី​កម្ពុជា​។ ក៏ប៉ុន្តែ ប្រទេស​មួយចំនួន​ទៀត​មិន​បាន​គោរព​ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ទេ​។ ជាពិសេស​ប្រទេស​ជិតខាង​របស់​កម្ពុជា ដូចជា​ប្រទេស​ឡាវ ថៃ វៀតណាម ជាដើម មិន​បាន​គោរព​ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​តម្រូវ​ឱ្យ​ប្រទេស​ទាំងអស់​ហ្នឹង​គោរព​នូវ​បូរណភាព​ទឹកដី​កម្ពុជា​។ ផ្ទុយទៅវិញ​គឺ​ប្រទេស​ទាំង​បី​នេះ បាន​រំលោភ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​ដោយ​រំលោភ​ព្រំដែន​កម្ពុជា បាន​បង្ខិត​បង្គោល​ព្រំដែន និង​ខណ្ឌសីមា​ចូល​មក​ទឹកដី​របស់​កម្ពុជា​។ នេះ​គឺ​យើង​ឃើញ​ជាក់ស្តែង​ដូច្នេះ»។

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​ស្ថានទូត​នៃ​ប្រទេស​ចិន វៀតណាម ឡាវ និង​ថៃ​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ប្រតិកម្ម​តប​ជុំវិញ​ការវាយតម្លៃ និង​អំណះអំណាង​ទាំងនេះ ក៏ប៉ុន្តែ​នៅ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។ វិទ្យុ​អាស៊ីសេរី ក៏​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​ដែរ ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​លើក​កាលពី​ល្ងាច​ថ្ងៃទី​២១ តុលា។

រីឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន វិញ លោក​បដិសេធ​ការ​ចោទប្រកាន់​ទាំងនេះ​។ លោក​ថា ទាំង​កម្ពុជា និង​ទាំង​ប្រទេស​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស សុទ្ធតែ​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​នេះ​។ លោក​ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​មក​នេះ មិន​ដែល​មានការ​កោះ​ប្រជុំ​ដោយ​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ ឬ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ឈ្លានពាន​មក​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា​នោះ​ទេ បើ​ទោះជា​កាលពី​ឆ្នាំ​២០០៨ កម្ពុជា​ធ្លាប់​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ភាគី​ថៃ​នៅ​តាម​ព្រំដែន​ជុំវិញ​រឿង​ប្រាសាទព្រះវិហារ​ក៏ដោយ​។ លោក​បដិសេធ​ថា គ្មាន​ប្រទេស​ណា​មក​ត្រួតត្រា​ដាក់​អាណានិគម បង្គាប់​បញ្ជា ឬ​ឈ្លានពាន​កម្ពុជា​នោះ​ទេ ហើយ​កម្ពុជា​ក៏បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​តាមរយៈ​ការ​បោះបង្គោល​ព្រំដែន​ដីគោក បានសម្រេច​មួយ​ភាគ​ធំ​ផង​ដែរ​។ ជុំវិញ​បញ្ហា​រក្សា​អព្យាក្រឹត​ជាមួយ​ប្រទេស​ចិន​វិញ លោក សុខ ឥសាន ថ្លែង​ការពារ​ថា កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត​សន្តិ​សហ​វិជ្ជមាន​ជាមួយ​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​៖ «​ដូច​ចិន​អី​អ្នកខ្លះ​ចង្អៀតចង្អល់​ពី​រឿង​ចិន​មក​អភិវឌ្ឍ​។ ចិន​ក៏​ជា​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដែរ។ តែ​ហត្ថលេខី​ទាំង​អស់ហើយ​សុទ្ធ​តែ​មាន​កាតព្វកិច្ច​តាម​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការ​ជួយ​កសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ដូច្នេះ នេះ​គឺជា​ការសន្យា បើ​សន្យា​ហើយ​មិន​មក​ជួយ​អាហ្នឹង​ជា​រឿង​របស់​គេ​ទេ។ កម្ពុជា​អត់​មាន​សិទ្ធិ​ទៅ​បង្ខិតបង្ខំ​គេ​ទេ​។ ក៏ប៉ុន្តែ​ចំពោះ​ចិន​គឺ​តាម​គោល​នយោបាយ​បើកទូលាយ​វិនិយោគ​ពី​បរទេស​មក​ ...​ ។ យើង​បើកទូលាយ​ដើម្បី​ស្វាគមន៍​ទាំងអស់​បណ្តា​ប្រទេស​ជា​ហត្ថលេខី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដើម្បី​មក​ជួយ​កសាង​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង»។

ក៏ប៉ុន្តែ ផ្ទុយ​ពី​ការ​អះអាង​នេះ ការ​ងាក​ទៅ​ឱបក្រសោប​ប្រទេស​កុម្មុយនិស្ត​ចិន​កាន់តែ​ខ្លាំង ជាពិសេស​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ​២០១៧ និង​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ដើម្បី​ជួយ​ការពារ​អំណាច និង​ការបង្កើត​រដ្ឋាភិបាល​ខ្វះ​ភាព​ស្របច្បាប់​របស់​របប​ឯក​បក្ស ត្រូវ​ក្រុម​អ្នកវិភាគ ប្រទេស​លោក​សេរី និង​សារព័ត៌មាន​អន្តរជាតិ​ធំៗ លើក​មក​និយាយ និង​សម្ដែង​កង្វល់​ជា​ហូរហែ ជាពិសេស​ករណី​សង្ស័យ​ថា កម្ពុជា​បាន​លួច​ចុះ​កុងត្រា​សម្ងាត់​រយៈពេល ៣០​ឆ្នាំ ជាមួយ​ប្រទេស​ចិន​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​ប្រើប្រាស់​កំពង់ផែ​កងទ័ពជើងទឹក​រាម​ផ្ដាច់មុខ​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​អនុញ្ញាត​ឱ្យ​ចិន​គ្រប់គ្រង​មួយ​ភាគ​ធំ​នៃ​ឆ្នេរសមុទ្រ​របស់​ខ្លួន និង​អភិវឌ្ឍ​តំបន់​តារា​សាគរ​នៅ​ខេត្តកោះកុង ដែល​អ្នកជំនាញ​ថា អាច​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​កែប្រែ​តំបន់​នោះ​ទៅ​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ខ្លួន​នា​ពេល​អនាគត​។ អ្នកវិភាគ​មួយ​ចំនួន​ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជា​បាន​លក់​អធិបតេយ្យ​របស់​ខ្លួន​ទៅ​ឱ្យ​ចិន​ដោយ​យក​អាស៊ាន​ធ្វើជា​ចំណាប់ខ្មាំង​មិន​ឱ្យ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កើត នៅ​ពេល​ដែល​ខ្លួន​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​កាលពី​ឆ្នាំ​២០១២ និង​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១៦​។ ក្តី​បារម្ភ​ដដែល​នេះ បាន​លេចចេញ​ជាថ្មី ខណៈ​កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​ខាងមុខ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ព្រមាន​ថា ការ​បន្ត​រំលោភ​បូរណភាព​ទឹកដី អធិបតេយ្យ និង​អព្យាក្រឹត​របស់​កម្ពុជា​នេះ គឺជា​រឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដែល​អាច​បណ្តាល​ឱ្យ​កម្ពុជា​ធ្លាក់​ផុង​ក្នុង​បញ្ហា​ធំ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ក្នុង​តំបន់​៖ « ការ​មិន​គោរព​បូរណភាព​ទឹកដី​កម្ពុជា​នេះ វា​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី ហើយ​វា​អាច​មាន​បញ្ហា​ជម្លោះ​នៅពេល​ថ្ងៃ​អនាគត​ជាមួយ​ប្រទេស​ជិតខាង​។ វា​អាច​ជួនកាល​រហូតដល់​ការ​ផ្ទុះអាវុធ​ដូច​កម្ពុជា​ធ្លាប់​ផ្ទុះអាវុធ​ជាមួយនឹង​ថៃ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ឆ្នាំ​២០០៨​កន្លងមក​អ៊ីចឹង​ឯង​។ បញ្ហា​ហ្នឹង​វា​មិន​ចេះចប់​ទេ បើសិនជា​ប្រទេស​ទាំងអស់​នេះ​នៅតែ​រំលោភ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​។ ហើយ​ដែល​ប្រទេស​ចិន​គាត់​បាន​រំលោភ​នូវ​អធិបតេយ្យភាព ឯករាជ្យភាព និង​អព្យាក្រឹតភាព​របស់​កម្ពុជា​ហ្នឹង​ឯង វា​ធ្វើ​ឱ្យ​មាន​ជម្លោះ​រវាង​កម្ពុជា​ជាមួយ​នឹង​ប្រទេសជិតខាង ព្រោះ​វា​អាច​បង្ក​អសន្តិសុខ​ទៅដល់​ប្រទេសជិតខាង ដែល​ជា​សត្រូវ​របស់​ចិន​ដែល​គេ​សង្ស័យ​ថា ដាក់​មូលដ្ឋាន​យោធា​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង»។

កាលពី​ខែ​មិថុនា ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​មកកាន់​កម្ពុ​ជា អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ងាក​មក​គោរព​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ និង​រក្សា​តុល្យភាព​នៃ​នយោបាយ​ការបរទេស​របស់​ខ្លួន។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​រៀបចំ​ដោយ​ក្លឹប​អ្នក​កាសែត​បរទេស​ប្រចាំ​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​១៩ តុលា ថា ក្រៅពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស បញ្ហា​អព្យាក្រឹត​របស់​កម្ពុជា​នេះ អាច​ជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​ប្រទេស​ភាគី​ហត្ថលេខី​លើក​យក​មក​សើរើ​អំពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នេះ​ឡើងវិញ​បាន​។ លោក​ថា ប្រទេស​កាន់តែ​ច្រើនឡើង​ឥឡូវនេះ​ចង់​ឃើញ​កម្ពុជា​អនុវត្ត​នូវ​ជំហរ​អព្យាក្រឹត​ពិត​ប្រាកដ​ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

ក៏ប៉ុន្តែ តំណាង និង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក លោក ជុំ សុន្ទរី ថ្លែង​ថា គ្មាន​កាតព្វកិច្ច​បច្ចុប្បន្ន​បន្ថែម​ទៀត​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​នេះ​ទេ​។ លោក​ថា កម្ពុជា​បាន​រក្សា​អធិបតេយ្យ អព្យាក្រឹត និង​ឯករាជ្យ​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​ផ្តល់​អំណះអំណាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នេះ «​មិនដែល​» មាន​ចែង​ថា បន្ទាប់​ពី​ដំណាក់កាល​អន្តរកាល​ទៅ កម្ពុជា​នឹង​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អន្តរជាតិ​ឡើយ។

ផ្ទុយ​ពី​ការ​អះអាង​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ថា ការ​និយាយ​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាង​បង់​ខ្លាំង​៖ «​ដែល​ខ្ញុំ​លើក​ថា​ខាត​ហ្នឹង គឺ​ដោយសារ​តែបើ​យើង​មើល​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ បាន​លើក​ច្រើន​មែនទែន​អំពី​ការចូលរួម ហើយនឹង​ការ​ទទួលស្គាល់​របស់​ប្រទេស​ជា​ហត្ថលេខី ត្រូវ​គោរព​ដល់​អធិបតេយ្យ​ភាព ត្រូវ​គោរព​ដល់​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា​។ មិនអាច​បង្ក​ជា​ការ​បំពាន​ណាមួយ រំលោភ​ដល់​បូរណភាព​ទឹកដី​របស់​ប្រទេស​យើង​ទេ។ អ៊ីចឹង បើសិនជា​យើង​យល់ថា កិច្ចព្រមព្រៀង​នេះ​បាន​អស់​សុពលភាព​រួច​ទៅ​ហើយ អ៊ីចឹង​បាន​ន័យ​ថា យើង​ច្រានចោល​នូវ​កាតព្វកិច្ច​របស់​ប្រទេស​ជា​ហត្ថលេខី​មិន​ឱ្យ​គេ​មក​ចូលរួម​គោរព​ដល់​អធិបតេយ្យភាព​របស់​យើង មិន​ឱ្យ​គេ​គោរព​ដល់​បូរណភាព​ទឹកដី​របស់​យើង»។

លើសពីនេះ​ទៀត មាត្រា ៥ នៃ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​កម្ពុជា ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នេះ បាន​ចែង​យ៉ាង​ច្បាស់​ថា ក្នុង​ករណី​មានការ​រំលោភ ឬ​ការ​គំរាមកំហែង​លើ​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹត ឬ​ឯកភាព​ជាតិ​នៃ​កម្ពុជា ឬ​លើ​ការ​ប្តេជ្ញា​អនុវត្ត​ដទៃទៀត​ណាមួយ​ក្នុង​កិច្ចព្រមព្រៀង​នេះ បណ្តា​ភាគី​ក្នុង​កិច្ចព្រមព្រៀង​នេះ ត្រូវធ្វើ​ការពិគ្រោះ​ជាបន្ទាន់ ដើម្បី​អនុម័ត​រាល់​វិធានការណ៍​សមស្រប​ដើម្បី​ធានា​ការគោរព​ដល់​ការ​ប្តេជ្ញាចិត្ត​ទាំងនេះ និង​ដោះស្រាយ​រាល់​ការ​រំលោភបំពាន​ទាំងនោះ តាម​មធ្យោបាយ​ដោយ​សន្តិវិធី។

យ៉ាងណា ស្ថាបនិក​ចម្បង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស និង​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោក ហ្គារ៉េត អេវ៉ានស៍ (Gareth Evans) ថ្លែង​ក្នុង​សារ​វីដេអូ​ថត​ទុកជាមុន​នៅក្នុង​កិច្ចពិភាក្សា​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​បរទេស​ប្រចាំ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៩ តុលា ថា លោក​មិន​មាន​សង្ឃឹម​ខ្លាំង​ទេ​ទៅលើ​ការ​កោះប្រជុំ​ឡើងវិញ​នៃ​កិច្ចព្រមព្រៀង​នេះ ដោយសារតែ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ នៅតែ​អាច​ជំទាស់​បាន​នៅ​ឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ រីឯ សមាគម​អាស៊ាន​ក៏​គ្មាន​ឥទ្ធិពល​។ លើស​ពី​នេះ​ទៀត លោក​ថា ក្នុង​ករណី​ដែល​អាច​មាន​ការ​កោះប្រជុំ​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​បាន នោះ​លទ្ធផល​នៃ​ការ​កោះប្រជុំ​នោះ គឺ​គ្មានអ្វី​ក្រៅ​តែ​ពី​រុញ​ទៅ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ជា​អ្នកពិនិត្យ​សម្រេច​បន្ត ដែល​លោក​ថា ក្រុមប្រឹក្សា​នេះ​ពុំ​មាន​សមត្ថភាព និង​ឥទ្ធិពល​ដោយសារ​មាន​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត ដូចជា ចិន និង​រុស្ស៊ី ជា​សមាជិក​ចាំ​ជួយ​ការពារ និង​កាង​ឱ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា​ដដែល។ ក៏ប៉ុន្តែ ដែល​ជា​ក្តី​សង្ឃឹម​របស់​ស្ថាបនិក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នេះ គឺ​ថា មាន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ទេ​ដែល​អាច​កំណត់​ជោគវាសនា​របស់​កម្ពុជា​បាន ដោយមាន​ការ​ផ្តល់​ការ​គាំទ្រ​តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​ពី​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​៖ «ខ្ញុំ​ជឿ​ថា ក្តី​សង្ឃឹម​ដ៏​ខ្លាំង​បំផុត​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​នា​ពេល​នេះ គឺ​ស្ថិត​នៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង ដោយមាន​ការ​ផ្តល់​ការ​គាំទ្រ និង​សម្ពាធ​ពី​ខាងក្រៅ​។ មិន​មាន​ច្រើន​ទេ ពី​អង្គការ​ពហុភាគី តែ​ពី​ប្រទេស​នីមួយៗ​ដែល​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ប្រទេស​ទាំងនោះ​អាច​ដាក់​នូវ​សម្ពាធ​ពិតប្រាកដ​មួយ​ចំនួន ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន លុបចោល​នូវ​បម្រាម​មក​លើ​គណបក្សប្រឆាំង​ធំ​ជាងគេ និង​អនុញ្ញាត​ឱ្យ​មានការ​អនុវត្ត​ពិត​ប្រាកដ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​សាកល ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ទាំងមូល»។

កន្លង​ទៅ ការិយាល័យ​របស់​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង (Office of the Director of National Intelligence) នៃ ដែល​ជា​បណ្តុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ចំនួន ១៧ ស្ថាប័ន ក្នុង​នោះ​រួមទាំង​ភ្នាក់ងារ ស៊ី​.​អាយ​.​អេ (CIA) ផង បាន​ចេញ​របាយការណ៍​វាយតម្លៃ​ការ​គំរាមកំហែង​ជា​សាកល​ប្រចាំឆ្នាំ ២០១៩ ដោយ​វាយតម្លៃ​ថា ការ​រអិល​ធ្លាក់​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​ផ្តាច់ការ​និយម ដែល​បណ្តាល​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​អំណាច​នីតិប្បញ្ញត្តិ​របស់​ប្រទេស​នេះ អាច​នឹង​បើកផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​បណ្តាល​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅក្នុង​ប្រទេស​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។