រដ្ឋាភិបាល​ស្នើ​ឲ្យ​មន្ត្រី​ថ្នាក់​ឧត្ដមសេនីយ៍​៧០​រូប​ចូល​និវត្តន៍

រាជរដ្ឋាភិបាល​បាន​ដាក់​លិខិត​ថ្វាយ​ទៅ​​ព្រះមហាក្សត្រ សុំ​រាជានុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់​ថ្នាក់​ឧត្ដមសេនីយ៍​ចំនួន ៧០​រូប​នៃ​ក្រសួង​មហាផ្ទៃ ចូល​និវត្តន៍។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា នេះ​ជា​ដំណើរ​នៃ​កំណែ​ទម្រង់​ដ៏​ល្អ​ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ និង​ជា​ឱកាស​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។
ដោយ ទេព សុរ៉ាវី
2013.12.08
Share on WhatsApp
Share on WhatsApp

មន្ត្រី​នគរបាល​ជាតិ ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ដែល​មាន​ឋានន្តរសក្ដិ​ចាប់​ពី​ផ្កាយ​១ ដល់​ផ្កាយ​៣ ចំនួន ៧០​នាក់ ត្រូវ​ចូល​និវត្តន៍។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ទៅ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ដែល​វិទ្យុ​អាស៊ីសេរី ទើប​តែ​ទទួល​បាន បង្ហាញ​ថា រាជរដ្ឋាភិបាល​បាន​ស្នើ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ដាក់​ឲ្យ​មន្ត្រី ៧០​រូប ចូល​និវត្តន៍ ដោយ​យោង​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​ដោយ​ឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា។

លោក ហ៊ុន សែន ក៏​បាន​រាយ​នាម​ឈ្មោះ​នាយ​នគរបាល​ជាតិ​ជាន់​ខ្ពស់​ទាំង​នោះ​ឲ្យ​ព្រះមហាក្សត្រ​ទត​និង​សម្រេច។ ក្នុង​នោះ​មាន​នាយ​ឧត្ដមសេនីយ៍​ឯក ឬ​មន្ត្រី​នគរបាល​ដែល​មាន​ឋានន្តរសក្ដិ​ផ្កាយ​៣ ចំនួន ៩​រូប។ នាយ​ឧត្ដមសេនីយ៍​ទោ ឬ​មន្ត្រី​នគរបាល​ដែល​មាន​ឋានន្តរសក្ដិ​ផ្កាយ​២ ចំនួន ២០​រូប និង​នាយ​ឧត្ដមសេនីយ៍​ត្រី ឬ​មន្ត្រី​នគរបាល​ដែល​មាន​ឋានន្តរសក្ដិ​ផ្កាយ​១ ចំនួន ៤១​រូប។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ដាក់​ឲ្យ​មន្ត្រី​ចូល​និវត្តន៍ គឺ​ផ្អែក​ទៅ​លើ​ចំណុច ២​សំខាន់ គឺ​ទី​១ ដោយសារ​តែ​មន្ត្រ​ទាំង​នោះ​ដល់​អាយុ​ចូល​និវត្តន៍ ទី​២ គឺ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​វិស័យ​រដ្ឋបាល​សាធារណៈ៖ «មន្ត្រី​ដល់​អាយុ​ចូល​និវត្តន៍ គឺ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នៅ​ក្នុង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ហ្នឹង គឺ​ត្រូវ​តម្រូវ​ឲ្យ​មន្ត្រី​ទាំង​នោះ​ចូល​និវត្តន៍ នេះ​ជា​គោលការណ៍​ធំ។ ...ឬ​បង្កើន​សមត្ថភាព​ថ្មី ឬ​ឈាម​ថ្មី​ចូល​ទៅ​ក្នុង​ការងារ​ជួរ​រាជរដ្ឋាភិបាល»

លោក សន ជ័យ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួប​រួម​ដើម្បី​គណនេយ្យភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក យល់​ឃើញ​ថា ការ​ដាក់​មន្ត្រី​ឲ្យ​ចូល​និវត្តន៍​តាម​អាយុ ដោយ​មិន​មាន​ការ​ពន្យារ​អាយុ​ចូល​និវត្តន៍ ជា​ដំណើរ​នៃ​ការ​កំណែ​ទម្រង់​ដ៏​ល្អ​ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ និង​ជា​ឱកាស​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ៖ «ជា​ឱកាស​មួយ​ដែរ កើត​មាន​សម្រាប់​យុវជន​ក្នុង​ការ​ទទួល​បាន​នូវ​តួនាទី​នៅ​ក្នុង​រាជរដ្ឋាភិបាល ពិសេស​យុវជន​ដែល​មាន​សមត្ថភាព​ពេញលេញ មាន​ចំណេះ​ដឹង​គ្រប់គ្រាន់ មាន​ថាមពល​សម្រាប់​បម្រើ​ដល់​សេចក្ដី​ត្រូវការ​ដល់​ប្រជាពលរដ្ឋ ខណៈ​ដែល​ពួកគេ​នឹង​ត្រៀម​ជា​អ្នក​ផ្ដល់​សេវា​នោះ»

សព្វថ្ងៃ​មាន​មន្ត្រី​រាជការ គ្រូបង្រៀន ទាហាន​និង​ប៉ូលិស រួម​ទាំង​ឈ្មោះ​មន្ត្រី​ខ្លះ​ដែល​បាន​ស្លាប់​សរុប​ប្រមាណ ៤០​ម៉ឺន​នាក់។

រាជរដ្ឋាភិបាល​អាណត្តិ​មុន​បាន​ទទួល​ការ​រិះគន់​ខ្លាំង​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ខ្លះ​ដែល​ពន្យារ​ការ​ចូល​និវត្តន៍ ឬ​កុហក​បន្ថយ​អាយុ​ពិត ដើម្បី​អាច​ធ្វើ​ការ​បាន​យូរ។ ការ​មិន​ព្រម​ចូល​និវត្តន៍​របស់​មន្ត្រី​ដល់​អាយុ​ចូល​និវត្តន៍ ធ្វើ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាត់​ឱកាស​មាន​ការងារ​ធ្វើ និង​ការ​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​ថ្មីៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន បន្ត​ឌឺដង​ដាក់​សហភាព​អឺរ៉ុប​រឿង​ដក EBA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល