មេឃុំស្រយង់ ស្រុកគូលែន មកពីគណបក្សប្រឆាំងចោទប្រកាន់ថា អាជ្ញាធរខេត្តព្រះវិហារ បានដាក់សម្ពាធលើរូបគាត់ឲ្យបញ្ជាក់ការស្នាក់នៅទៅឲ្យកងទាហានចំនួនពីរវរៈសេនាតូច ដែលគាត់មិនធ្លាប់ស្គាល់ ដើម្បីឲ្យពួកគេអាចចុះឈ្មោះបោះឆ្នោតនៅឃុំនោះ។
ក្រៅពីអាជ្ញាធរខេត្តព្រះវិហារ ដាក់សម្ពាធ គឺមេបញ្ជាការទាហាននៃវរៈសេនាតូចនោះ ក៏គំរាមប្ដឹងផងដែរ ប្រសិនបើមេឃុំនៅតែបដិសេធមិនបញ្ជាក់ការស្នាក់នៅឲ្យទាហានទាំងនោះទេ។
មន្ត្រីក្រុមប្រឹក្សាឃុំស្រយង់ មកពីគណបក្សប្រឆាំង អំពាវនាវឲ្យក្រុមអ្នកច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬក៏អង្គការក្រៅរដ្ឋាភិបាលក្ដី ជួយពន្យល់ផ្នែកច្បាប់ជុំវិញរឿងដឹកជញ្ជូនទាហានពីតំបន់ផ្សេងហើយបង្ខំឲ្យរូបគាត់ចេញលិខិតបញ្ជាក់ការស្នាក់នៅ ដើម្បីឲ្យបានសិទ្ធិចុះឈ្មោះបោះឆ្នោតនោះ តើតាមនីតិវិធី វាត្រឹមត្រូវ ឬក៏យ៉ាងណា?
ការអំពាវនាវរបស់មេឃុំមកពីគណបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីគាត់បដិសេធមិនព្រមចេញលិខិតបញ្ជាក់ការស្នាក់នៅឲ្យទាហានចំនួនពីរកងវរៈសេនាតូច ហើយទទួលរងសម្ពាធពីអាជ្ញាធរខេត្តព្រះវិហារ ផង និងការគំរាមពីមេបញ្ជាការទាហានផង។
មេឃុំស្រយង់ ក្នុងស្រុកគូលែន មកពីគណបក្ស សម រង្ស៊ី គឺលោក ប៉ែន ឡាម។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ថា ជិតមួយសប្ដាហ៍មកហើយ ទាហានពីរកងវរៈសេនាតូចនៃកងពលតូចលេខ៤១ ត្រូវបានគេដឹកជញ្ជូនពីតំបន់ព្រំដែនខ្មែរ-ថៃ ទៅដាក់នៅបន្ទាយក្នុងឃុំស្រយង់ រួចហើយមេបញ្ជាការទាហានបានសុំឲ្យលោកចេញលិខិតបញ្ជាក់ការស្នាក់នៅ ដើម្បីឲ្យទាហានទាំងនោះមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មី។ លោក ប៉ែន ឡាម បញ្ជាក់ថា កងពលតូចលេខ៤១ គឺមានបន្ទាយនៅក្នុងឃុំស្រយង់ មែន ប៉ុន្តែកងទ័ពទាំងនោះបានចេញចោលបន្ទាយទៅនៅតាមព្រំដែនតាំងតែពីអំឡុងឆ្នាំ២០០៨ ម៉្លេះ។
លោកមេឃុំបញ្ជាក់ថា ក្នុងចំណោមទាហានដែលគេឲ្យលោកចេញលិខិតបញ្ជាក់ការស្នាក់នៅនោះ គឺប្រហែល ៤០នាក់លោកធ្លាប់ស្គាល់ គឺបានបញ្ជាក់លិខិតស្នាក់នៅឲ្យ ក៏ប៉ុន្តែភាគច្រើនលោកមិនស្គាល់ គឺមិនអាចចេញលិខិតបញ្ជាក់ការស្នាក់នៅទេ ហើយបន្ទាប់មក គឺអាជ្ញាធរស្រុកគូលែន និងខេត្តព្រះវិហារ ក៏ដាក់ការគាបសង្កត់ ចំណែកឯមេបញ្ជាការទាហានក៏គំរាមប្ដឹងរូបលោក៖ « លោកមួយចំនួនគាត់ថា ទាហានដែលមិនទាន់បានចុះឈ្មោះ បើសិនជាមិនចេញលិខិតបញ្ជាក់ការ ស្នាក់នៅ ឲ្ យ គឺគេប្ដឹង »។
ទោះបីជាយ៉ាងណា អាស៊ីសេរី មិនអាចស្វែងរកការទាក់ទងមេបញ្ជាការទាហាននៃវរៈសេនាតូចទាំងពីរ ដើម្បីសុំអធិប្បាយជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយ។
ចំណែកឯអភិបាលរងស្រុកគូលែន លោក ប៉ែន ជឹង បដិសេធចោលការចោទប្រកាន់របស់មេឃុំស្រយង់ ដោយថាអាជ្ញាធរស្រុកគូលែន និងខេត្តព្រះវិហារ គ្រាន់តែទៅជួបមេឃុំស្រយង់ ដើម្បីបង្ហាញពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ដើម្បីកុំឲ្យមានកំហុសប៉ុណ្ណោះ មិនបានដាក់សម្ពាធណាមួយទេ៖ « បើគាត់ មិនព្រម ក្នុងនាមអាជ្ញាធរ ខ្ញុំមិនដឹងនិយាយ យ៉ាងម៉េច ទេ ? ឯមេបញ្ជាការទាហាននៅកងពលតូច៤១ ថាបើគាត់មិនព្រមបញ្ជាក់លិខិតស្នាក់នៅឲ្យទាហាន គឺគេប្ដឹង »។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ពន្យល់ថា នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតទៅក្នុងបញ្ជីថ្មី គឺទាហានដែលឈរជើងការពារព្រំដែន ឬក៏ធ្វើការប្រាកដប្រជាកន្លែងរបស់គាត់ស្ថិតនៅក្នុងទឹកដីនៃឃុំណាមួយ ដូច្នេះគាត់អាចទៅចុះឈ្មោះនៅឃុំដែលជិតកន្លែងឈរជើងរបស់គាត់ លើកលែងតែទាហានខ្លះត្រូវបានគេរៀបចំគម្រោងឲ្យធ្វើជាកងការពារសន្តិសុខនៅតាមមណ្ឌលបោះឆ្នោតណាមួយនៅពេលខាងមុខ ទើបគេរៀបចំដឹកជញ្ជូនគាត់ឲ្យទៅចុះឈ្មោះនៅតាមឃុំដែលគេគ្រោងនឹងដាក់គាត់ឲ្យធ្វើជាកម្លាំងសន្តិសុខនោះ៖ « អាហ្នឹងយើង ត្រូវតាម ដានមើលថា តើទាហានហ្នឹងគេមានផែនការឲ្យគាត់មកការពារសន្តិ សុខ នៅការិយាល័យបោះឆ្នោតក្បែរៗនោះ នៅពេលខាងមុខឬទេ »។
លោក ហង្ស ពុទ្ធា ឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅឆ្នាំ២០១៧ ខាងមុខ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងពង្រីកការិយាល័យបោះឆ្នោតទូទាំងប្រទេសឲ្យបាន ២ម៉ឺន ៤ពាន់ការិយាល័យ។ ការពង្រីកបន្ថែមការិយាល័យបោះឆ្នោតនេះ គឺខ្វះកម្លាំងការពារសន្តិសុខចំនួន ៧ម៉ឺននាក់ ដោយគេត្រូវការកម្លាំងទាហានខ្លះឲ្យជួយការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោតមួយចំនួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។