ក្រុមគ្រូបង្រៀននៅខែត្រតាកែវ អះអាងថា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា មានមនុស្សមួយក្រុមបានពាក់ឯកសណ្ឋានរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានយកសំណួរចំនួន ៤ទំព័រ ទាក់ទងនឹងលទ្ធភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកែទម្រង់រដ្ឋាភិបាល និងការផ្ដន្ទាទោសមេបក្សប្រឆាំងទាំង ២នាក់ ទៅស្ទង់មតិពួកគេ។
គ្រូបង្រៀនដែលផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី អះអាងថា ដំបូងក្រុមអង្គភាពប្រឆាំងអំពើពុករលួយប្រាប់ពួកគាត់ថា ការចុះមកដល់សាលា គឺដើម្បីផ្សព្វផ្សាយពីច្បាប់ប្រឆាំងអំពើពុករលួយ។ ប៉ុន្តែនៅពេលដែលពិនិត្យមើលសំណួរទាំងអស់នោះ ពួកគាត់យល់ថា មិនមែនជាច្បាប់ប្រឆាំងអំពើពុករលួយទេ តែជាប្រភេទសំណួរដើម្បីស្ទង់មតិអំពីសកម្មភាពដឹកនាំរដ្ឋាភិបាល និងអារម្មណ៍របស់ពលរដ្ឋចំពោះការរំលាយគណបក្សសង្គ្រោះជាតិ៖ «»។
នៅក្នុងកម្រងសំណួរកម្រាស់ ៤ទំព័រនោះ ចាប់ផ្ដើមដំបូងដោយសួរថា តើការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមសព្វថ្ងៃមានសារសំខាន់ដែរ ឬទេ? តើគណបក្ស ឬឥស្សរជននយោបាយណាមួយដែលអ្នកគាំទ្រ? ក្នុងចម្លើយមាន លោក សម រង្ស៊ី លោក កឹម សុខា លោក ញឹក ប៊ុនឆៃ ទ្រង់ នរោត្តម រណឫទ្ធិ លោក ម៉ម សូណង់ដូ លោក ខឹម វាសនា លោក ហ៊ុន សែន លោក ហេង សំរិន លោក ស ខេង ឬលោក ហ៊ុន ម៉ាណែត។
នៅក្នុងកម្រងសំណួររបស់អង្គភាពប្រឆាំងអំពើពុករលួយ បានតាក់តែងសម្រាប់ផ្សព្វផ្សាយនោះក៏មានសំណួរសួរថា តើអ្នកយល់យ៉ាងណាចំពោះការកាត់ទោសលោក សម រង្ស៊ី លោក កឹម សុខា? តើអ្នកយល់យ៉ាងណាចំពោះទោសក្បត់ជាតិរបស់លោក កឹម សុខា? ចំណែកក្នុងប្រភេទចម្លើយវិញ ACU មានប្រភេទចម្លើយ៣ ឲ្យជ្រើសរើស គឺលោក ហ៊ុន សែន ចង់ធ្វើបាបបក្សប្រឆាំង ឬបក្សប្រឆាំងធ្វើខុសសមនឹងទោស ឬគ្មានចម្លើយ។
សំណួរបានបន្តសួរអំពីបញ្ហាព្រំដែន ដោយសួរថា តើអ្នកយល់ថា សម្ដេច ហ៊ុន សែន ជាអ្នកធ្វើឲ្យបាត់បង់ទឹកដី ឬយ៉ាងណា? តើអ្នកបានស្ដាប់ការអត្ថាធិប្បាយ ៤ម៉ោង របស់សម្ដេច ហ៊ុន សែន និយាយពីបញ្ហាព្រំដែន ឬទេ? តើហេតុអ្វីបានជាគេបន្តបោះឆ្នោតឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន? ហេតុអ្វីគេឈប់បោះឲ្យ? និងសំណួរមួយចំនួនទៀតដែលអាចឲ្យគ្រូបង្រៀនអាចគូសជ្រើសរើសចម្លើយមួយ ឬច្រើនបាន។ ក្នុងកម្រងសំណួរមានសំណួរមួយប្រហែលជាចង់ដឹងថា ការសម្រេចចិត្តរបស់លោក ហ៊ុន សែន លើកលែងទោសម្ដងឲ្យលោក កឹម សុខា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាចជាការគិតខុស ឬដើម្បីបរិយាកាសល្អឲ្យការបោះឆ្នោតស្មើភាព? ចំណែកចុងក្រោយគឺសួរថា តើអ្នកជឿថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចកែទម្រង់បានជោគជ័យ ឬទេ?
ការស្ទង់មតិគ្រូបង្រៀននៅខែត្រតាកែវ មិនបានតម្រូវសម្រាប់គ្រូបង្រៀនជាទូទៅទេ គឺជ្រើសរើសយកតំណាងគំរូ ក្នុងនោះមាននាយកសាលា នាយករង ប្រធានការិយាល័យ និងក្រុមគ្រូបង្រៀនដែលជាប្រធានក្រុមបច្ចេកទេសតែប៉ុណ្ណោះ។ នៅក្នុងកម្រងសំណួរស្ទង់មតិទាំង ៤ទំព័រនោះ ក៏មិនតម្រូវឲ្យដាក់ឈ្មោះដែរ និងគ្មានការបង្ខិតបង្ខំឲ្យគ្រូបង្រៀនគូសយកចំណុចល្អៗរបស់រដ្ឋាភិបាលទេ។ ប៉ុន្តែគ្រូបង្រៀនប្រាប់ថា ពួកគេបានឆ្លើយពីការស្ទង់មតិនោះដោយមិនបានចេញពីអារម្មណ៍ពិតទេ ព្រោះគ្រូបង្រៀនមិនហ៊ានគូសចំណុចមិនល្អរបស់រដ្ឋាភិបាល និងមិនហ៊ានជំទាស់ថា លោក សម រង្ស៊ី លោក កឹម សុខា គ្មានទោសដែរ។
កាលពីថ្ងៃទី១០ ខែមករា អតីតជំនួយការរបស់លោក កឹម សុខា លោក ហ៊ីង សុខសាន្ដ ក៏បានបង្ហោះទំព័រទី១ នៃកម្រងសំណួររបស់អង្គភាពប្រឆាំងអំពើពុករលួយនេះដែរ។ អមដោយកម្រងសំណួរ លោក ហ៊ីង សុខសាន្ដ សរសេរថា មិនដឹងថាកូនចៅសម្ដេច ឬមួយសម្ដេចផ្ទាល់ទេ ដែលធ្វើការស្ទង់មតិនេះ?
បន្ថែមពីការសរសេរនេះ លោក ហ៊ីង សុខសាន្ដ ប្រាប់អាស៊ីសេរីថា ការស្ទង់មតិបែបនេះ អាចជាការធ្វើឡើងដើម្បីដាក់បន្ទុកគណបក្សសង្គ្រោះជាតិ ព្រោះការស្ទង់មតិដែលប្រើប្រាស់អង្គភាពរដ្ឋ ប៉ុន្តែសំណួរទាំងនេះហាក់ធ្វើឡើងក្នុងគោលបំណងបម្រើឲ្យគណបក្សកាន់អំណាច៖ «»។
អាស៊ីសេរី មិនទាន់អាចទាក់ទងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីសាកសួរពីការស្ទង់មតិនេះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។