អ្នកវិភាគ​មើល​ឃើញ​ថា ឆ្នាំ​ថ្មី​២០២០​ នេះ ស្ថានភាព​​នយោបាយ​ និង​​សេដ្ឋកិច្ច​​នឹង​​មិន​​ល្អ​​ប្រសើរ​​ឡើយ

0:00 / 0:00

ខណៈ​ឆ្នាំ​ថ្មី ឆ្នាំ​២០២០ ចូល​មក​ដល់ ប្រជាពលរដ្ឋ​កម្ពុជា​បួងសួង​ចង់​ឱ្យ​សង្គម​កម្ពុជា មានការ​ផ្លាស់ប្ដូរ​ពី​អាក្រក់​ទៅ​ល្អ ពិសេស​ទៅលើ​ស្ថានភាព​នយោបាយ ការ​គោរព​សិទ្ធិមនុស្ស​។ ពួកគេ​សង្ឃឹមថា កម្ពុជា​នឹង​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ នៅ​ឆ្នាំ​ថ្មី​នេះ ប៉ុន្តែ​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ ព្យាករណ៍​ថា ស្ថានភាព​នយោបាយ​ឆ្នាំ​ថ្មី​នេះ នឹង​មិន​មាន​អ្វី​ប្រែប្រួល​ពី​អាក្រក់​ទៅ​ល្អ​នោះ​ទេ ផ្ទុយទៅវិញ ស្ថានការណ៍​នយោបាយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស អាច​ប្រឈម​នឹង​បញ្ហា​កាន់តែ​អាក្រក់​ជាង​ឆ្នាំ​ចាស់​ទៅ​ទៀត​ក៏​បាន។

តើ​ឆ្នាំ​ថ្មី ឆ្នាំ​២០២០​នេះ នឹង​មាន​អ្វី​កើតឡើង​ទៀត ហើយ​ស្ថានភាព​នយោបាយ​នឹង​វិវឌ្ឍ​ទៅ​បែប​ណា?

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ និង អ្នកវិភាគ​លើកឡើង​ថា ឆ្នាំ​ថ្មី ឆ្នាំ​២០២០​នេះ គេ​មិន​រំពឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​អាច​រស់នៅ​ក្នុង​សង្គម​មួយ ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដូចជា សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ សិទ្ធិ​ទទួល​បាន​ការ​ការពារ ដោយ​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ និង​មាន​សេដ្ឋកិច្ច​ជាតិ​រីក​ចំរើន​នោះ​ឡើយ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា បើ​ពិនិត្យ​មើល​សកម្មភាព​របស់​រដ្ឋាភិបាល​អនុវត្ត​នៅ​ចុង​ឆ្នាំ​២០១៩​នេះ សម្រាប់​ឆ្នាំ​ថ្មី​គឺជា​ការ​លំបាក ដែល​ថា​រដ្ឋាភិបាល​នឹង​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឱ្យ​ល្អ​ប្រសើ​ឡើងវិញ ទោះបីជា​មានការ​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ពី​សហភាព​អឺរ៉ុប​ក្តី ។ លោក​បញ្ជាក់​ថា លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ត​គឺជា​រឿង​សំខាន់ សម្រាប់​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង និង ជា​ការ​ស្ដារ​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង ក៏ប៉ុន្តែ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ហាក់​នៅ​មិនទាន់​ផ្លាស់ប្ដូរ​ជំហរ ដើម្បី​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​នៅ​ឡើយ​ទេ៖ «»

កាលពីដើម​ខែ​ធ្នូ​ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​មិន​ខ្វល់ខ្វាយ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​ឡើយ​។ ប៉ុន្តែ​លោក​ថា បើសិនជា​កម្ពុជា​បាត់បង់​អ៊ីប៊ីអេ (EBA)​នោះ លោក​ក៏​មិន​ឱ្យ​គណបក្ស​ប្រឆាំង​រួចខ្លួន​ដែរ គឺ​ត្រូវតែ​ក​កម្ទេច​ប្រឆាំង​ចោល​តែម្ដង៖ «»

លោក បណ្ឌិត មាស នី លើកឡើង​ថា បើសិនជា​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ គឺ​រដ្ឋាភិបាល​គោរព​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​បាន​ប្រព័ន្ធ​អនុគ្រោះ​បន្ត​ទៀត ប៉ុន្តែ​ការ​មិន​ខ្វល់ខ្វាយ​របស់​មេដឹកនាំ ចំពោះ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ឆ្នាំ​ថ្មី​នេះ កម្ពុជា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​។ លើស​ពី​នេះ​ទៀត ការ​ព្រមាន​របស់​មេដឹកនាំ ចំពោះ​ការ​កម្ទេច​ឬ សម្លាប់​ក្រុម​ប្រឆាំង​នេះ ក៏​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅលើ​ការដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ​ដែរ។ «»

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

របាយការណ៍​សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨ មាន​ចំណងជើង​ថា «​ប្រជាធិបតេយ្យ​កំពុង​ស្ថិត​ក្នុង​វិបត្តិ​» បាន​ដាក់​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​សេរីភាព​តិចតួច​បំផុត ដែល​ឈរ​ក្នុង​ចំណាត់ថ្នាក់​ប្រទេស​ដែល​មិន​មាន​សេរីភាព ដូចគ្នា​ទៅ​នឹង​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) និង​ម៉ូរីតានី (Mauritania) ដែល​សុទ្ធ​តែ​ជា​ប្រទេស​ផ្ដាច់ការ ព្រមទាំង​បណ្ដា​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត​ដទៃ​ទៀត​រួមមាន ប្រទេស​ចិន រុស្សី និង​ប្រទេស​កូរ៉េ​ខាងជើង​ជាដើម។

ដើមចម​ចម្បង ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​កំពុង​តែ​ចាប់អារម្មណ៍​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​នោះ គឺ​កើត​ចេញ​ពី​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​ចាប់ លោក កឹម សុខា​ប្រធាន​គណបក្ស និង​សកម្មជន​បក្ស​នេះ ដាក់​ពន្ធនាគារ រហូត​ឈាន​ដល់​គណកម្មការ​សហ​ភាព​អឺរ៉ុប បាន​បញ្ជូន​បេសសកម្ម​ពិសេស​ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព​នៅ​កម្ពុជា​រហូត ឈាន​ដល់​ការសម្រេច​ឱ្យ​រដ្ឋាភិបាល​គោរព​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ឡើងវិញ បើ​ពុំ​នោះ​ទេ អឺរ៉ុប​នឹង​ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ី​ប៊ី​អេ (EBA) ជា​ផ្លូវការ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។ បើសិនជា​គណៈកម្មការ​អឺរ៉ុប​សម្រេច ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ដើម​ឆ្នាំ​២០២០​នេះ អ្នក​ដែល​ងាយ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ គឺ​កម្មករ​ទាំង​ជាង ៧០​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើការ​រោងចក្រ ពួកគាត់​អស់​ការងារ អស់​លុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង និង​អស់​ប្រាក់​សងបំណុល​ធនាគារ​ជាដើម។

ត្រង់​ចំណុច​នេះ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​មួយ​រូប​ទៀត គឺ​លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា បើសិនជា​កម្ពុជា​បាត់បង់ EBA នោះ មិនមែន​ត្រឹមតែ​ខាតបង់​ថវិកា​ប្រមាណ​ជាង ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ផលិតផល​របស់​កម្ពុជា ក៏​នឹង​ប្រឈម​ការបាត់បង់​ពី​ទីផ្សារ​អឺរ៉ុប​ថែម​ទៀត ពី​ព្រោះ​ថា អ្នកបញ្ជា ទិញ​ផលិតផល​ពី​ប្រទេស​នីមួយៗ​ក៏​គេ​សម្លឹង​មើល​ពី​លក្ខខណ្ឌ​សិទ្ធិ​ការងារ និង​ស្ថានភាព​សិទ្ធិមនុស្ស​ពី​ប្រទេស​ទាំង​នោះ​ដែរ៖ «»

ទាំង លោក បណ្ឌិត មាស នី ទាំង លោក​បណ្ឌិត សេង សារី ព្យាករណ៍​ថា បើ​យោង​ទៅ​លើ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​នោះ គឺ​សហភាព​អឺរ៉ុប​នឹង​ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​បញ្ហា​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា។

អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ (Photo courtesy of her Facebook)

របាយការណ៍​របស់​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា វិស័យ​ធំៗ​៣ នៅ​ឆ្នាំ​២០១៨ កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ រួមមាន ចំណូល​ពី​វិស័យ​កសិកម្ម​ចំនួន ២៥%​ក្នុង​មួយ​ឆ្នាំ ឧស្សាហកម្ម​ជាង ៣០% និង​សេវាកម្ម រាប់ទាំង​សេវាកម្ម​ទេសចរណ៍​រួមចំណែក​ជាង ៤៥% ក៏ប៉ុន្តែ​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​លើក​ឡើង​ថា វិស័យ​ទាំង​បី​នេះ នឹង​ធ្លាក់​ចុះ ឬ​ប៉ះពាល់​ខ្លាំង​ដោយសារតែ​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ពី​បស្ចិម​ប្រទេស។

វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ បាន​រួម​ចំណែក​ចាក់​បញ្ចូល​ថវិកា​ក្នុង​សេដ្ឋកិច្ច​ជាតិ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ជា​ការ​កត់សម្គាល់ នៅ​ពេល​ដែល​មាន​បញ្ហា​នយោបាយ​ភ្លាម ពោល​គឺ​ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​ចាប់ខ្លួន​លោក កឹម សុខា មក​ម្ល៉េះ កំណើន​នៃ​ការ​លក់​ផ្ទះល្វែង និង​ខុនដូ ចាប់ផ្ដើម ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​។ រហូត​មក​ទល់​ពេលនេះ ការ​លក់​ដី​ឡូត៍​ក៏​កាន់តែ​ទ្រឹង​គ្មាន​អ្នកទិញ​។ បើ​ទោះ​ជា​ឈ្មួញ​ប្រើ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​លក់​បែប​ណា ក៏​អ្នក​ដែល​មាន​ចំណូល​ខ្ពស់​និង​មធ្យម មិន​ហ៊ាន​ប្រថុយ​វិនិយោគ​ប៉ុន្មាន​ឡើយ ។ ហើយ​ក្រុម​អ្នក​វិនិយោគ​ចិន​លើ​វិស័យ​អចលនទ្រព្យ ដីធ្លី​នេះ ក៏​នៅ​ទ្រឹង​ដែរ​។ បើ​ទំនាស់​នយោបាយ​នៅតែ​បន្ត នឹង​នាំ​ឱ្យ​មានតែ​អ្នកលក់​ផ្ទះ លក់​ដី តែ​គ្មាន​អ្នកទិញ​។ វិបត្តិ​នេះ អាច​នឹង​រាលដាល​ដល់​វិស័យ​ធនាគារ មីក្រូហិរញ្ញវត្ថុ ដែល​នឹង​អាច​ក្លាយ​ជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃមុខ។

អ្នក​សង្កេតការណ៍​យល់​ថា ប្រសិន​បើ ប្រទេស​មហាអំណាច​ដាក់​ទណ្ឌកម្ម អ្នក​ដែល​រង​ផល​ប៉ះពាល់ គឺ​មិនមែន​គ្រួសារ​របស់​បុរស​ខ្លាំង ហ៊ុន សែន ទេ។ គ្រួសារ​លោក​នៅតែ​រស់នៅ​ក្នុង​វិមាន​ធំ​ស្កឹមស្កៃ មាន​លុយ​ចាយ​រាប់​ដំណ​មិន​អស់ ព្រោះតែ​សម្បត្តិ​មហាសាល​របស់​លោក និង​កូនក្មួយ​របស់​លោក និង​បក្ខពួក​មាននៅ​ក្នុង​ប្រទេស​ផង និង​ក្រៅ​ប្រទេស​ផង​។ ប៉ុន្តែ​ពលរដ្ឋ​សាមញ្ញ​វិញ ក្រុម​គ្រួសារ​កម្មករ និង​កសិករ​ដែល​សឹងតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន ព្រោះ​គ្រោះ​រាំងស្ងួត​ផង​នោះ ប្រាកដជា​ជួប​ទុក្ខ​លំបាក​កាន់តែ​ខ្លាំង​នៅ​ឆ្នាំ​២០២០ ប្រសិនបើ​មានការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មែន​នោះ​។ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក​ដូចជា​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្រមាន​រួចហើយ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧% ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,៥% ក្នុង​ឆ្នាំ​២០២០​នេះ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA​។

លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។
លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។ (RFA)

មន្ត្រី​ជាន់ខ្ពស់​នៃ​ការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ស្ថានភាព​សិទ្ធិមនុស្ស និង​សេដ្ឋកិច្ច​បច្ចុប្បន្ន​មិនល្អ​ប្រសើរ​ឡើយ​។ លោក​យល់ថា នៅ​ឆ្នាំ​២០២០ ពលរដ្ឋ​ចំណាកស្រុក​កាន់តែ​ច្រើន ដោយសារតែ​ការបែងចែក​ភោគផល​សេដ្ឋកិច្ច​មិនបាន​ស្មើភាព​គ្នា ពោល​គឺ​ក្រុម​អ្នកមាន និង​អ្នក​មាន​អំណាច​នៅតែ​ទទួល​បាន​ផលប្រយោជន៍​ពី​សង្គម​ច្រើន​លើសលប់​ជាង​អ្នកក្រ បញ្ហា​នេះ លោក​ព្រួយ​បារម្ភ​វិបត្តិ​សង្គម​ជាច្រើន​នឹង​ផ្ទុះឡើង៖ «»

ចំណែក​លោក ធន សារាយ ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ថ្លែង​ថា ឆ្នាំ​២០២០​គឺជា​ឆ្នាំ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​អាច​កាន់តែ​អាក្រក់ ពីព្រោះ​ថា ប្រសិនបើ​នៅ​ពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​កម្មករ កម្មការិនី​មួយ​ចំនួន​ដែល​កូនចៅ​របស់​ពួកគាត់ បាត់បង់​ការងារ​ធ្វើ​ក្រោយពី​បាត់បង់ EBA នោះ គឺ​ពួកគាត់​នឹង​គ្មាន​លុយ​សង​បង្វិល​ទៅ​ធនាគារ​វិញ នៅ​ពេល​នោះ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​រឹបអូស​ដីធ្លី ផ្ទះសម្បែង​របស់​ពួកគាត់​ដែល​នឹង​អាច​ឈាន​ទៅជា​ជម្លោះ​ដ៏​ខ្លាំងក្លា​នៅ​ពេល​នោះ​៖ «»

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។
ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។ (RFA)

តាម​ការ​អះអាង​របស់ លោក ហ៊ុន សែន រដ្ឋាភិបាល​ពឹង​លើ​ប្រាក់ចំណូល​ពី​ការ​ប្រមូល​ពន្ធដារ និង​ពន្ធគយ​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក្រោយពី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក៏ប៉ុន្តែ​អ្នកវិភាគ​មើល​ឃើញ​ថា មិន​អាច​ធានា​និរន្ត​ភាព​សេដ្ឋកិច្ច និង​អំណាច​របស់​បក្ស​កាន់អំណាច​បាន​យូរ​អង្វែង​ទេ។ ហើយ​បើសិនជា​រដ្ឋាភិបាល​ងាក​ទៅ​ពឹង​ចិន ជា​ខ្នងបង្អែក​សេដ្ឋកិច្ច និង​នយោបាយ​កាន់តែ​ខ្លាំង តាមរយៈ​ជំនួយ ឬ​កម្ចី​របស់​ចិន​នោះ វា​នឹង​កាន់តែ​រុញច្រាន​កម្ពុជា ឱ្យ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក ដូច​ពាក្យស្លោក​ខ្មែរ​ថា “ ខ្មែរ​ចេះតែ​កិន ចិន​ចេះតែ​កត់​’ ចិន​កត់​យូរៗ ធ្វើ​ឱ្យ​ខ្មែរ​ជាប់​ផុង​ក្នុង​បំណុល​ចិន​កាន់តែ​ខ្លាំង ហើយ​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយៗ​នឹង​នៅតែ​បណ្ដាក់​គ្នា​សងបំណុល​ចិន​ជាប់​រហូត។

ក្រុម​អ្នកឃ្លាំមើល​សង្គម និង អ្នកវិភាគ​លើកឡើង​ថា កាដូ​ឆ្នាំ​ថ្មី ដែល​ពលរដ្ឋ​ចង់បាន​នោះ គឺ​សិទ្ធិ​សេរីភាព​ពេញលេញ នៅ​ក្នុង​ការរស់នៅ និង​មាន​សិទ្ធិ​ពេញលេញ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​សន្តិសុខ​សង្គម ក៏ប៉ុន្តែ​កូនសោ​ដ៏​សំខាន់​ដែល​អាច​ទម្លុះទម្លាយ វិបត្តិ​នយោបាយ និង​វិបត្តិ​សង្គម​ផ្សេងៗ​បាន​នៅ​ឆ្នាំ​ថ្មី​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​អាច​ចាក់សោ​ចេញ ឬ​ដោះស្រាយ​វិបត្តិ​នយោបាយ​វិញ​បាន ពីព្រោះ​របប​ឯក​បក្ស​នេះ ជា​អ្នក​ចង​ឡើង ដូច្នេះ របប​នេះ ឬ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ជា​អ្នក​ដែល​ត្រូវ​ស្រាយ​វិញ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។