"ប្រជាប្រិយ​ និង​ឥទ្ធិពល​នយោបាយ​របស់​លោក សម រង្ស៊ី ទើប​របប​លោក​ ហ៊ុន សែន ភ័យ​នឹង​ដំណើរ​វិល​ទៅ​កម្ពុជា​"

0:00 / 0:00

អ្នក​វិភាគ​នយោបាយ​ ថា​លោក សម រង្ស៊ី ​នៅតែ​មាន​ប្រជាប្រិយ​ និង ​ឥទ្ធិពល​នយោបាយ​ ទើប​របប​លោក​ ហ៊ុន សែន ​ភ័យ​នឹង​ដំណើរ​វិល​ទៅ​កម្ពុជា​វិញ​របស់​លោក ​និង មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​អះអាង​ថា ការ​រៀបចំ​វេទិកា​តុ​មូល​របស់​រាជបណ្ឌិត​សភាកាលពីថ្ងៃទី ២៦ ខែ មិថុនា​ ដែល​ពិភាក្សា​អំពី​ការ​ទប់ស្កាត់​ដំណើរ​របស់​លោក សម រង្ស៊ី ​បង្ហាញ​ថា​ លោក ហ៊ុន សែន​នៅ​តែ​ព្រួយបារម្ភ​ពី​វត្តមាន​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។​អ្វី​ដែលរឹត​តែ​មិន​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​តាំង​ពី​ឮ​ដំណឹង​ថា​លោក សម រង្ស៊ី ​គ្រោង​វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ លោក​ ហ៊ុន សែន ​បញ្ជា​ឲ្យស្ថាប័ន​កងយោធពលខេមរ​ភូមិន្ទ​ផង ចេញ​សេចក្ដី​ថ្លែង​ការណ៍​ គំរាម​ចាត់ការ​លោក​ សម រង្ស៊ី​ បើ​ហ៊ាន​ជាន់​ដី​ខ្មែរ​និង​ តុលាការ​របប​នេះ​បន្ត​ពន្លឿន​រឿង​ក្តី​ប្តឹង​លោក​ សម រង្ស៊ី​ ជាង​ ១០ ករណី​ទៅ​ហើយ​។ ​​បណ្ឌិត​ ឡៅ ​ម៉ុងហៃ ​ថា​ចំណាត់​ការ​ទប់ទល់​បែប​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ លោក​ សម រង្ស៊ី ​នៅ​មាន​ប្រជាប្រិយ​ខ្លាំង ក្នុង​ស្រទាប់​មហាជន​ខ្មែរ។​ លោក​បណ្ឌិត​បន្ថែម​ថាកម្លាំង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ខ្លាំង​ដែល​នៅ​តែ​ជា​គូ​ប្រជែង​ដ៏​ស្រួចស្រាល់​របស់​គណបក្ស​កាន់​អំណាច​៖ «ប្រតិកម្ម​ម្តងៗទៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​ សម រង្ស៊ី ហ្នឹង រួម​ទាំង​ការ​ចូលរួម​របស់​កង​ទ័ពសឹង​ទាំង​មូល​ផង គឺមានន័យ​ថារដ្ឋាភិបាល​មិន​ស្វាគមន៍ការ​វិលត្រឡប់​​របស់​ សម រង្ស៊ី ហ្នឹង​ទេ»។

​រាជ​បណ្ឌិត​សភា​កម្ពុជា​រៀបចំ​វេទិកា​តុ​មូល​មួយ​ក្រោម​ប្រធាន​បទ​« តើ​មាន​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ដែល​លោក សម រង្ស៊ី ​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ ?​»​។​វេទិកា​តុ​មូល​នេះ​ មាន​វាគ្មិន​បី​រូប​គឺ​ពីរ​រូប​ពី​រាជបណ្ឌិត​សភា​កម្ពុជា​ និង​មួយ​រូប​ពី​ខាង​ការិយាល័យ​នាំ​ពាក្យ​របប​លោក​ ហ៊ុន សែន​។គ្មាន​វាគ្មិន​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​ ឬ ​ស្ថាប័ន​ឯករាជ្យ​ណា​មួយ​ចូលរួម​នោះ​ទេ​។​

ទោះ​បី​ជា​លោក​ ហ៊ុន សែន​ ប្រកាស​ប្តេជ្ញា​ និង​ សន្យា​ម្តង​ហើយ​ម្ត​ងទៀត ថា​លែង​ឆ្លើយឆ្លង ​និង​និយាយ​ដល់​រឿង​លោក សម រង្ស៊ី ​និង​ថែម​ទាំង​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ លែង​ជ្រលក់​មាត់​រឿង​លោក​ សម រង្ស៊ី ទៀត​ក៏​ដោយ​ក៏​លោក​ ហ៊ុន សែន​ ខ្លួន​ឯង​បន្ត​ឆ្លើយ​ឆ្លង​ និង​ លើក​រឿង​លោក​ សម រង្ស៊ី ​មក​និយាយ​រាល់​ពេល​ដែល​លោក​ថ្លែង​សារ​នយោបាយ​ជា​សាធារណៈ​។​មន្រ្តី​របប​នេះ​ទៀត​សោត​ក៏​នៅ​តែ​បន្ត​រៀប​ចំ​ព្រឹត្តិការណ៍​ដើម្បី​ធ្វើ​កម្លា​លោក​សម រង្ស៊ី​។

លោក​ សុខ ទូច​ដែល​ជា​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​ និង ​ជា​វាគ្មិន​មួយ​រូប​ក្នុង​វេទិកា​តុ​មូល​នោះព្យាយាម​បង្ហាញ​ពី​ភាព​គ្មាន​ច្រក​ចូល​ស្រុក​ខ្មែរ​វិញ​របស់​លោក​ សម រង្ស៊ី ដោយ​លោក​អះអាង​ថា​គ្មាន​ប្រទេស​ជិត​ខាង​កម្ពុជា​ណា​មួយ​ ហ៊ាន​ឲ្យ​លោក​ សម រង្ស៊ី​ឆ្លង​កាត់​នោះ​ទេ​។លោក​សុខ ទូច​ថែម​ទាំង​គំរាម​ថា​បើ​ប្រទេស​ណា​មួយ​ហ៊ាន​ធ្វើ​ដូច្នេះ​ប្រទេស​នោះ​នឹង​រងទុក្ខ​ដោយ​ការ​សងសឹក​ពី​របប​លោក​ ហ៊ុន សែន​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក ​សុខ ទូច ​ទទួល​ស្គាល់​ថា​ លោក ​សម រង្ស៊ី ​ពិត​ជា​មាន​ឥទ្ធិពល​​ ធ្វើ​ឲ្យ​មនុស្ស​ខ្វល់​ច្រើន​គ្នា « ឯកឧត្តម ​ សម រង្ស៊ី មាន​ ប្រសាសន៍​ថា ​គាត់​វិល ! ហើយ​វិល​ ធម្មតា​មនុស្ស ​កូរ ! ធម្មតា​ប្រជាជន អ្នក​វិនិយោគ​ គេ​បារម្ភ​ណាស់ ! កាល​ណា​គេ​ដាក់​ទៅ ​ខ្លាច​វា​មាន​បញ្ហា​អ្វី​អ៊ីចឹង !​ វា​កង្វល់ !​ អ៊‍ីចឹង ប្រាប់​ថា​បើ​មក ​តាម​នេះ វា​យ៉ាង​ម៉េច ​មក​តាម​នោះ​វា​យ៉ាងម៉េច​ ! ហើយ​ដល់​តែ​អត់​មក​វា​យ៉ាងម៉េច ! ហើយ​ការ​អត់​មក​មូលហេតុ​អ្វី ?​»

កិច្ចពិភាក្សាតុមូល ស្ដីពី «តើមានអ្វីដែលនឹងកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ?» ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា

Posted by Sok Touch - សុខ ទូច on Tuesday, June 25, 2019

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ​ មិន​ខ្វល់​នឹង​វេទិកា​តុ​មូល​របស់​រាជ​បណ្ឌិត​សភា​ ឬ​សារ​ព្រមាន​រារាំង​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ​និង​មន្រ្តី​គណបក្ស​ប្រឆាំង​នោះ​ទេ។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី​ មូរ សុខហួរ​ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ មិថុនា​ថា​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ សម រង្ស៊ី ​និង ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​រួម​ទាំង​អ្នកស្រី​ផង​ដែល​ថា​នឹង​វិល​ទៅ​ស្រុក​ខ្មែរ​វិញ​មិន​ឲ្យ​ហួស​ខែ​ កញ្ញា​ ខាង​មុខ​នេះ​គឺ​មិន​ផ្លាស់​ប្តូរ​ដាច់​ខាត​។ ជាង​នេះ​ទៅ​ទៀតអ្នក​ស្រី​បញ្ជាក់​ថាឥឡូវ​នេះ​មាន​សមាជិក​សភាសហភាព​អឺរ៉ុប​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​ហើយ​ ដែល​បាន​ប្តេជ្ញា ថានឹង​អម​ដំណើរ​ទៅជាមួយ​គណប្រតិភូ​បក្ស​ប្រឆាំងដែល​នឹង​ទៅ​ស្រុក​ខ្មែរ​វិញ​នោះ។

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​រួម​មាន​អ្នកស្រី​មូរ សុខហួរ ​និង​ លោក​ សម រង្ស៊ី ផង​បាន​ជួប​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ ប្រ៊ុចសែល​ ប្រទេស​ ប៊ែលហ្ស៊ិក​កាល​ពី​ថ្ងៃទី​ ២៧​ ខែ ​មិថុនា​។​លោក សម រង្ស៊ី​ និង​ អ្នកស្រី​ មូរ សុខហួរ ​បាន​ផ្សព្វផ្សាយ​រូបភាព​វីដេអូ​នៃ​ជំនួប​ជាមួយ​សមាជិក​សភាសហភាព​អឺរ៉ុប​ ចំនួន​ប្រាំ​រូប​រួម​មាន​អ្នកស្រី​ អាណា ហ្គោម៉េ ​(Ana Gomes) ​មក​ពី​ប្រទេស​នេប៉ាល់​, អ្នកស្រី​ អាបៀ អាល់ស្សាឡានី ​(Abir Al-Sahlani)​ ​និង​​លោក​ ហាវីយែរ ណាត​ (Javier Nart)ពី​ប្រទេស​ អេស្ប៉ាញ, ​លោក​ អ៊ីឡាន យូឆាក់​ (Ilhan Kyuchuk) ​មក​ពី​ប្រទេស​ប៊ុលហ្គារី និង ​លោក ​ហ្វ៊ីល បិនញៀន ​(Phillip Bennion) ​មក​ពី​ចក្រភព​អង់គ្លេស​។ ​

លោក​ លោក​ ហ្វ៊ីល បិននៀន​ ថ្លែងក្នុង​វីដេអូឃ្លីប ​ដែល​បង្ហោះ​តាម​គណនី Tweeter​ របស់​លោក​ ក្រោយ​ជំនួប​ជាមួយ​មន្រ្តី​បក្ស​ប្រឆាំង​នោះ​ថា​អ្វី​ដែល​សហភាព​អឺរ៉ុប​ទាមទារ​នៅ​ពេលនេះ​គឺ​ឲ្យ​របប​លោក​ហ៊ុន សែន​ ស្ដារ​សិទ្ធិ​មនុស្ស​និង ​ប្រជាធិបតេយ្យ​ឡើង​វិញ​ជា​ថ្នូរ​នឹង​ការ​មិន​ព្យួរ​ការ​អនុ​គ្រោះ​ពន្ធ​ EBA។ លោក​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​លោក​ស្ម័គ្រ​ចិត្ត​អម​ដំណើរ​ជាមួយ​ដើម្បី​រួម​គ្នា​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​៖ « សូម​វិល​ត្រឡប់ ទៅ​កម្ពុជា​វិញ​ទាំងអស់​គ្នា ! ខ្ញុំ​នឹង​ ចូលរួម​អម​ដំណើរ​ ទៅ​ស្រុក​ខ្មែរ​នេះ​ដែរ​ ដើម្បី​បាន​ជួប​ សួរ​សុខ​ទុក្ខ​លោក​ កឹម សុខា ផង និង ​ទាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ឲ្យ​ងាក​ មក​រក​គន្លង​ផ្លូវ ​ត្រូវ​ វិញ​ »

អាស៊ីសេរី ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​សមាជិក​សភាសហភាព​អឺរ៉ុប​ទាំង​ប្រាំ​រូប​នោះ​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ​។ ​ប៉ុន្តែ​ អ្នកស្រី​ មូរ សុខហួរ​ ថា​អ្នក​ទាំង​នោះ​ នឹង​ទៅ​ជាមួយ​មន្រ្តី​បក្ស​ប្រឆាំង​ក្នុង​គោល​បំណង​ការពារ​ប្រជាធិបតេយ្យ​ និង​ ជម្រុញ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​ដើម​។​ក្នុង​ករណី​ដែល​មាន​វត្តមាន​របស់​មន្រ្តី​ទាំង​នេះ​នៅ​កម្ពុជា​ទៅ​ហើយ​ ហើយ​លោក​ ហ៊ុន សែន ​បែរ​ជា​នៅ​តែ​មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​សហភាព​អឺរ៉ុប​ច្បាស់​ព្យួរ​ការ​អនុគ្រោះ​ពន្ធ៖ « គេ​ដែល​ទៅ​នេះ គឺជា​សមាជិក​សភា​នៃ សហគមន៍​អឺរ៉ុប គេ​នឹង រាយការណ៍​ថា​បេសកកម្ម​គេ​ នៅ​ ក្នុង​ការ​ធានា​ឲ្យ មាន​ការ​ស្តារ​ឡើង​វិញ នូវ​ប្រជាធិបតេយ្យ ​គឺ​អម​ដំណើរ ​អ្នក​ប្រជាធិបតេយ្យ អត់​បាន​ សម្រេច​ទេ ដូច្នេះ​របាយការណ៍ ​ នៃ​សហគមន៍​អឺរ៉ុប ទាក់ទងនឹង​ EBA គេនឹង​ចុះទាំងអស់។ តើ​លោក ហ៊ុន សែន ទទួល​ខុសត្រូវ​ទេ ​ចំពោះ​របាយការណ៍ ​​​​​ ដែល​អវិជ្ជមាន ​ដែល​ធ្វើ​ឲ្យ​គេ​ដក​ EBA ដ៏​ធ្ងន់​នេះ​ ?»​

1/3 I spoke out in Brussels on the suspension of democracy in yesterday, unaware that exiled opposition leader and of the banned Cambodian National Rescue Party were . We met up later & cut this video with the help of Emil Kirjas... 👇

ទោះ​របបលោក ហ៊ុន សែន បាន​រម្លាយ​គណបក្សសង្គ្រោះជាតិ ជិតពីរឆ្នាំទៅ​ហើយក្តី ក៏​គណបក្ស​កាន់​អំណាច មិន​អាច​​​អន្ទង​ឲ្យ​មន្រ្តីបក្សនេះ ចុះចូលនោះដែរ។ ជាលទ្ធផល​មានមន្រ្តីក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​ទាំង​អស់​ ក្នុង​​ចំណោម ៥០០៧ នាក់ នៅតែសុខចិត្ត​ក្រាញននៀល នៅស្មោះស្ម័គ្រគណបក្ស​ប្រឆាំង ដោយ​​សុខ​ចិត្ត​​ដើរ​រាវ​លាស រើស​ខ្យង លក់​ធ្យូង ឬ​ការ៉េមកី ដើម្បីបន្តក្តីសង្ឃឹម និង តាំងចិត្ត​បម្រើគណបក្សប្រឆាំងតទៅទៀត នៅ​ពេល​បក្ស​នេះ បើក​ដំណើរ​ការ​ឡើង​វិញ។

ជាង​នេះ​ទៅ​ទៀត​ ក្នុង​ចំណោម​មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំង ១១៨នាក់ ដែលត្រូវ​បាន​ហាម​ឃាត់​សិទ្ធិនយោបាយ​ មានតែ​មន្រ្តីតិចតួច​ប៉ុណ្ណោះ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើង​វិញ។ ចំណែកឯ​សកម្មជនបក្ស​ប្រឆាំង​តាម​មូលដ្ឋាន និង​ អ្នក​គាំទ្រ​ឯ​ទៀត កំពុង​តែទន្ទឹង​រង់ចាំទទួលដំណើរលោក សម រង្ស៊ី​ និង​​មន្រ្តី​បក្ស​ប្រឆាំង​ដទៃ​​ទៀត​​យ៉ាង​​អន្ទះ​សារ ​បើ​ទោះបី​ជា​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​​គាប​សង្កត់​ឥត​ស្រាកស្រាន្ត​ពី​របប​លោក​ហ៊ុន សែន​យ៉ាងណា​ក្តី​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។