អ្នកវិភាគនយោបាយ ថាលោក សម រង្ស៊ី នៅតែមានប្រជាប្រិយ និង ឥទ្ធិពលនយោបាយ ទើបរបបលោក ហ៊ុន សែន ភ័យនឹងដំណើរវិលទៅកម្ពុជាវិញរបស់លោក និង មន្រ្តីគណបក្សសង្គ្រោះជាតិវិញ។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃអះអាងថា ការរៀបចំវេទិកាតុមូលរបស់រាជបណ្ឌិតសភាកាលពីថ្ងៃទី ២៦ ខែ មិថុនា ដែលពិភាក្សាអំពីការទប់ស្កាត់ដំណើររបស់លោក សម រង្ស៊ី បង្ហាញថា លោក ហ៊ុន សែននៅតែព្រួយបារម្ភពីវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។អ្វីដែលរឹតតែមិនភ្ញាក់ផ្អើលទៀតនោះ គឺតាំងពីឮដំណឹងថាលោក សម រង្ស៊ី គ្រោងវិលទៅស្រុកខ្មែរវិញ លោក ហ៊ុន សែន បញ្ជាឲ្យស្ថាប័នកងយោធពលខេមរភូមិន្ទផង ចេញសេចក្ដីថ្លែងការណ៍ គំរាមចាត់ការលោក សម រង្ស៊ី បើហ៊ានជាន់ដីខ្មែរនិង តុលាការរបបនេះបន្តពន្លឿនរឿងក្តីប្តឹងលោក សម រង្ស៊ី ជាង ១០ ករណីទៅហើយ។ បណ្ឌិត ឡៅ ម៉ុងហៃ ថាចំណាត់ការទប់ទល់បែបនេះគឺបង្ហាញឲ្យឃើញច្បាស់ថា លោក សម រង្ស៊ី នៅមានប្រជាប្រិយខ្លាំង ក្នុងស្រទាប់មហាជនខ្មែរ។ លោកបណ្ឌិតបន្ថែមថាកម្លាំងគាំទ្រគណបក្សសង្គ្រោះជាតិនៅតែខ្លាំងដែលនៅតែជាគូប្រជែងដ៏ស្រួចស្រាល់របស់គណបក្សកាន់អំណាច៖ «ប្រតិកម្មម្តងៗទៅលើសេចក្តីថ្លែងការណ៍របស់ សម រង្ស៊ី ហ្នឹង រួមទាំងការចូលរួមរបស់កងទ័ពសឹងទាំងមូលផង គឺមានន័យថារដ្ឋាភិបាលមិនស្វាគមន៍ការវិលត្រឡប់របស់ សម រង្ស៊ី ហ្នឹងទេ»។
រាជបណ្ឌិតសភាកម្ពុជារៀបចំវេទិកាតុមូលមួយក្រោមប្រធានបទ« តើមានអ្វីដែលនឹងកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ ?»។វេទិកាតុមូលនេះ មានវាគ្មិនបីរូបគឺពីររូបពីរាជបណ្ឌិតសភាកម្ពុជា និងមួយរូបពីខាងការិយាល័យនាំពាក្យរបបលោក ហ៊ុន សែន។គ្មានវាគ្មិនពីខាងអង្គការសង្គមស៊ីវិល ឬ ស្ថាប័នឯករាជ្យណាមួយចូលរួមនោះទេ។
ទោះបីជាលោក ហ៊ុន សែន ប្រកាសប្តេជ្ញា និង សន្យាម្តងហើយម្តងទៀត ថាលែងឆ្លើយឆ្លង និងនិយាយដល់រឿងលោក សម រង្ស៊ី និងថែមទាំងបានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធដទៃទៀត លែងជ្រលក់មាត់រឿងលោក សម រង្ស៊ី ទៀតក៏ដោយក៏លោក ហ៊ុន សែន ខ្លួនឯងបន្តឆ្លើយឆ្លង និង លើករឿងលោក សម រង្ស៊ី មកនិយាយរាល់ពេលដែលលោកថ្លែងសារនយោបាយជាសាធារណៈ។មន្រ្តីរបបនេះទៀតសោតក៏នៅតែបន្តរៀបចំព្រឹត្តិការណ៍ដើម្បីធ្វើកម្លាលោកសម រង្ស៊ី។
លោក សុខ ទូចដែលជាប្រធានរាជបណ្ឌិតសភាកម្ពុជា និង ជាវាគ្មិនមួយរូបក្នុងវេទិកាតុមូលនោះព្យាយាមបង្ហាញពីភាពគ្មានច្រកចូលស្រុកខ្មែរវិញរបស់លោក សម រង្ស៊ី ដោយលោកអះអាងថាគ្មានប្រទេសជិតខាងកម្ពុជាណាមួយ ហ៊ានឲ្យលោក សម រង្ស៊ីឆ្លងកាត់នោះទេ។លោកសុខ ទូចថែមទាំងគំរាមថាបើប្រទេសណាមួយហ៊ានធ្វើដូច្នេះប្រទេសនោះនឹងរងទុក្ខដោយការសងសឹកពីរបបលោក ហ៊ុន សែន។
ទោះជាយ៉ាងនេះក្តីលោក សុខ ទូច ទទួលស្គាល់ថា លោក សម រង្ស៊ី ពិតជាមានឥទ្ធិពល ធ្វើឲ្យមនុស្សខ្វល់ច្រើនគ្នា « ឯកឧត្តម សម រង្ស៊ី មាន ប្រសាសន៍ថា គាត់វិល ! ហើយវិល ធម្មតាមនុស្ស កូរ ! ធម្មតាប្រជាជន អ្នកវិនិយោគ គេបារម្ភណាស់ ! កាលណាគេដាក់ទៅ ខ្លាចវាមានបញ្ហាអ្វីអ៊ីចឹង ! វាកង្វល់ ! អ៊ីចឹង ប្រាប់ថាបើមក តាមនេះ វាយ៉ាងម៉េច មកតាមនោះវាយ៉ាងម៉េច ! ហើយដល់តែអត់មកវាយ៉ាងម៉េច ! ហើយការអត់មកមូលហេតុអ្វី ?» ។
កិច្ចពិភាក្សាតុមូល ស្ដីពី «តើមានអ្វីដែលនឹងកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ?» ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា
Posted by Sok Touch - សុខ ទូច on Tuesday, June 25, 2019
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឯណោះ មិនខ្វល់នឹងវេទិកាតុមូលរបស់រាជបណ្ឌិតសភា ឬសារព្រមានរារាំងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី និងមន្រ្តីគណបក្សប្រឆាំងនោះទេ។ អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ២៧ ខែ មិថុនាថាការប្ដេជ្ញាចិត្តរបស់លោក សម រង្ស៊ី និង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដទៃទៀតរួមទាំងអ្នកស្រីផងដែលថានឹងវិលទៅស្រុកខ្មែរវិញមិនឲ្យហួសខែ កញ្ញា ខាងមុខនេះគឺមិនផ្លាស់ប្តូរដាច់ខាត។ ជាងនេះទៅទៀតអ្នកស្រីបញ្ជាក់ថាឥឡូវនេះមានសមាជិកសភាសហភាពអឺរ៉ុបយ៉ាងហោចណាស់ប្រាំនាក់ហើយ ដែលបានប្តេជ្ញា ថានឹងអមដំណើរទៅជាមួយគណប្រតិភូបក្សប្រឆាំងដែលនឹងទៅស្រុកខ្មែរវិញនោះ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនរួមមានអ្នកស្រីមូរ សុខហួរ និង លោក សម រង្ស៊ី ផងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅទីក្រុង ប្រ៊ុចសែល ប្រទេស ប៊ែលហ្ស៊ិកកាលពីថ្ងៃទី ២៧ ខែ មិថុនា។លោក សម រង្ស៊ី និង អ្នកស្រី មូរ សុខហួរ បានផ្សព្វផ្សាយរូបភាពវីដេអូនៃជំនួបជាមួយសមាជិកសភាសហភាពអឺរ៉ុប ចំនួនប្រាំរូបរួមមានអ្នកស្រី អាណា ហ្គោម៉េ (Ana Gomes) មកពីប្រទេសនេប៉ាល់, អ្នកស្រី អាបៀ អាល់ស្សាឡានី (Abir Al-Sahlani) និងលោក ហាវីយែរ ណាត (Javier Nart)ពីប្រទេស អេស្ប៉ាញ, លោក អ៊ីឡាន យូឆាក់ (Ilhan Kyuchuk) មកពីប្រទេសប៊ុលហ្គារី និង លោក ហ្វ៊ីល បិនញៀន (Phillip Bennion) មកពីចក្រភពអង់គ្លេស។
លោក លោក ហ្វ៊ីល បិននៀន ថ្លែងក្នុងវីដេអូឃ្លីប ដែលបង្ហោះតាមគណនី Tweeter របស់លោក ក្រោយជំនួបជាមួយមន្រ្តីបក្សប្រឆាំងនោះថាអ្វីដែលសហភាពអឺរ៉ុបទាមទារនៅពេលនេះគឺឲ្យរបបលោកហ៊ុន សែន ស្ដារសិទ្ធិមនុស្សនិង ប្រជាធិបតេយ្យឡើងវិញជាថ្នូរនឹងការមិនព្យួរការអនុគ្រោះពន្ធ EBA។ លោកបានអំពាវនាវឲ្យមន្ត្រីបក្សប្រឆាំងទាំងអស់វិលត្រឡប់ទៅកម្ពុជាវិញដោយលោកស្ម័គ្រចិត្តអមដំណើរជាមួយដើម្បីរួមគ្នាទាមទារឲ្យមានការផ្លាស់ប្ដូរ៖ « សូមវិលត្រឡប់ ទៅកម្ពុជាវិញទាំងអស់គ្នា ! ខ្ញុំនឹង ចូលរួមអមដំណើរ ទៅស្រុកខ្មែរនេះដែរ ដើម្បីបានជួប សួរសុខទុក្ខលោក កឹម សុខា ផង និង ទាញប្រជាធិបតេយ្យនៅកម្ពុជា ឲ្យងាក មករកគន្លងផ្លូវ ត្រូវ វិញ » ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបន្ថែមពីសមាជិកសភាសហភាពអឺរ៉ុបទាំងប្រាំរូបនោះនៅឡើយទេនៅពេលនេះ។ ប៉ុន្តែ អ្នកស្រី មូរ សុខហួរ ថាអ្នកទាំងនោះ នឹងទៅជាមួយមន្រ្តីបក្សប្រឆាំងក្នុងគោលបំណងការពារប្រជាធិបតេយ្យ និង ជម្រុញឲ្យដោះលែងលោក កឹម សុខា អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញជាដើម។ក្នុងករណីដែលមានវត្តមានរបស់មន្រ្តីទាំងនេះនៅកម្ពុជាទៅហើយ ហើយលោក ហ៊ុន សែន បែរជានៅតែមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះសហភាពអឺរ៉ុបច្បាស់ព្យួរការអនុគ្រោះពន្ធ៖ « គេដែលទៅនេះ គឺជាសមាជិកសភានៃ សហគមន៍អឺរ៉ុប គេនឹង រាយការណ៍ថាបេសកកម្មគេ នៅ ក្នុងការធានាឲ្យ មានការស្តារឡើងវិញ នូវប្រជាធិបតេយ្យ គឺអមដំណើរ អ្នកប្រជាធិបតេយ្យ អត់បាន សម្រេចទេ ។ ដូច្នេះរបាយការណ៍ នៃសហគមន៍អឺរ៉ុប ទាក់ទងនឹង EBA គេនឹងចុះទាំងអស់។ តើលោក ហ៊ុន សែន ទទួលខុសត្រូវទេ ចំពោះរបាយការណ៍ ដែលអវិជ្ជមាន ដែលធ្វើឲ្យគេដក EBA ដ៏ធ្ងន់នេះ ?» ។
1/3 I spoke out in Brussels on the suspension of democracy in yesterday, unaware that exiled opposition leader and of the banned Cambodian National Rescue Party were . We met up later & cut this video with the help of Emil Kirjas... 👇
ទោះរបបលោក ហ៊ុន សែន បានរម្លាយគណបក្សសង្គ្រោះជាតិ ជិតពីរឆ្នាំទៅហើយក្តី ក៏គណបក្សកាន់អំណាច មិនអាចអន្ទងឲ្យមន្រ្តីបក្សនេះ ចុះចូលនោះដែរ។ ជាលទ្ធផលមានមន្រ្តីក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិស្ទើរតែទាំងអស់ ក្នុងចំណោម ៥០០៧ នាក់ នៅតែសុខចិត្តក្រាញននៀល នៅស្មោះស្ម័គ្រគណបក្សប្រឆាំង ដោយសុខចិត្តដើររាវលាស រើសខ្យង លក់ធ្យូង ឬការ៉េមកី ដើម្បីបន្តក្តីសង្ឃឹម និង តាំងចិត្តបម្រើគណបក្សប្រឆាំងតទៅទៀត នៅពេលបក្សនេះ បើកដំណើរការឡើងវិញ។
ជាងនេះទៅទៀត ក្នុងចំណោមមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំង ១១៨នាក់ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយ មានតែមន្រ្តីតិចតួចប៉ុណ្ណោះ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ចំណែកឯសកម្មជនបក្សប្រឆាំងតាមមូលដ្ឋាន និង អ្នកគាំទ្រឯទៀត កំពុងតែទន្ទឹងរង់ចាំទទួលដំណើរលោក សម រង្ស៊ី និងមន្រ្តីបក្សប្រឆាំងដទៃទៀតយ៉ាងអន្ទះសារ បើទោះបីជារងការធ្វើទុក្ខបុកម្នេញ និងគាបសង្កត់ឥតស្រាកស្រាន្តពីរបបលោកហ៊ុន សែនយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
