ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនឹងដាក់លិខិតស្នើទៅរដ្ឋាភិបាល ឲ្យបង្ហាញផែនទីដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃ និងនីតិវិធី នៃការបោះបង្គោល ព្រំដែនរវាងកម្ពុជា-វៀតណាម។ ទោះបែបនេះក្ដី មិនទាន់មានការឆ្លើយតប ពីមន្ត្រីរដ្ឋាភិបាលនៅឡើយទេ ដោយរង់ចាំមើលលិខិតស្នើជាមុនសុំសិន។
ប្រសិនបើគ្មានការប្រែប្រួលលិខិតរួមមួយ របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួនជាង១០រូប នឹងបញ្ជូនដល់ដៃមន្ត្រីរដ្ឋាភិបាលនៅសប្ដាហ៍ក្រោយ។ ជាងនេះទៅទៀត បើសិនមន្ត្រីរដ្ឋាភិបាល មិនឆ្លើយតបតាមលិខិតនោះ អ្នកតំណាងគណបក្សសង្គ្រោះជាតិ និងចេញលិខិតព្រមាន ហើយបើមន្ត្រីរដ្ឋាភិបាល នៅតែអើពើទៀតនោះ តំណាងទាំង៥៥រូបនៃបក្សនេះ ធ្វើដាក់ញត្តិស្ដីបន្ទោស។
តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ ថ្លែងឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភាថា លោកនិងអ្នកតំណាងរាស្ត្រផ្សេងទៀត បានព្រមព្រៀងគ្នារួចហើយថា នឹងដាក់លិខិតទៅមន្ត្រីរដ្ឋាភិបាលឲ្យបំភ្លឺទាក់ទងផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់ និងស្នើមួយចំណុចទៀតឲ្យបំភ្លឺពីនីតិវិធីនៃការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម។ តំណាងរាស្ត្ររូបនេះ បន្តថា គណបក្សសង្គ្រោះជាតិមានសំឡេងគ្រប់គ្រាន់ដើម្បីឲ្យមន្ត្រីរដ្ឋាភិបាលបំភ្លឺ បន្ថែមពីអនុវត្តការងាររបស់ខ្លួនទៅអ្នកតំណាងរាស្ត្រ និងប្រជាពលរដ្ឋបានដឹង៖ « បើគាត់មិនឆ្លើយតបបានន័យថា គាត់អត់គោរពរដ្ឋធម្មនុញ្ញ បើគាត់មិនគោរពរដ្ឋធម្មនុញ្ញ មានន័យថា គាត់ក្បត់នឹងសម្បថរបស់គាត់។ កាលពីមុនគាត់ព្រងើយកន្តើយបាន តែពេលនេះ គាត់ធ្វើចឹងម៉េចបាន៥៥អាសនៈ » ។
កាលពីថ្ងៃទី២១ ខែឧសភា មន្ត្រីជំនាញជាន់ខ្ពស់របស់រដ្ឋាភិបាល រួមមាន លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង និងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង ឆ្លើយបំភ្លឺក្នុងកម្មវិធីតុមូលមួយស្ដីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទីផ្លូវការ ដែលតម្កល់ទុកនៅក្នុងអង្គការសហប្រជាជាតិ។ ចំណែកនីតិវិធីបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម គឺមានក្រុមការងារធ្វើរឿងព្រំដែនច្បាស់លាស់ ដែលមានពីចូលពីមន្ត្រីមូលដ្ឋាន អាជ្ញាធរស្រុក ខេត្ត និងប៉ូលិសព្រំដែន។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង មិនទាន់ឆ្លើយតបយ៉ាងណាចំពោះផែនការដាក់សំណើរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនេះនៅឡើយទេ ដោយរង់ចាំមើលលិខិតរបស់អ្នកតំណាងរាស្ត្រជាមុនសិន។ ទោះយ៉ាងណាក្ដី លោក វ៉ា គឹមហុង ប្រាប់ទៅតំណាងរាស្ត្របក្សប្រឆាំងថា ល្មមអស់ចម្ងល់ពីបញ្ហាព្រំដែននេះហើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ឆ្លើយបំភ្លឺនៅរដ្ឋសភា អស់រយៈពេលជាង៥ម៉ោងម្ដងរួចហើយ៖ « ខ្ញុំមិនទាន់ឃើញលិខិតទេ ចាំឃើញលិខិតបានខ្ញុំឆ្លើយ។ អ្វីដែលទទួលខុសត្រូវខាងព្រំដែនជាការងាររបស់រដ្ឋាភិបាល សម្ដេចពន្យល់ប្រាំម៉ោងហើយមិនទាន់គ្រប់គ្រាន់ទៀត ចង់បាន១០ម៉ោងអី ?» ។
រឿងព្រំដែនកម្ពុជា-វៀតណាម ក្លាយជារឿងរសើបក្នុងពេលគណបក្សទាំងពីរកំពុងអនុវត្តវប្បធម៌សន្ទនា បន្ទាប់ពីជនជាតិវៀតណាម បានបាញ់ថ្នាំបំពុល ធ្វើឲ្យខូចផលដំណាំកសិកម្មរបស់ពលរដ្ឋខ្មែរ នៅចំណុចឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីពាក់កណ្ដាលខែមេសា ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានឆ្លើយតបនៅក្នុងលិខិតរបស់ខ្លួនថា ការពិតពលរដ្ឋកម្ពុជា បានធ្វើស្រែចូលដីវៀតណាម ជាង១៦ហិកតារទៅវិញទេ។
ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ យល់ថាការទាមទាររបស់តំណាងគណបក្សសង្គ្រោះជាតិជារឿងត្រឹមត្រូវ ព្រោះកិច្ចការព្រំដែនកន្លងមក ក្លាយជារឿងសំងាត់របស់រដ្ឋាភិបាល ដោយមិនឲ្យភាគីពាក់ព័ន្ធនានាចូលរួម។ លោក អ៊ូ វីរៈ បន្តថា រដ្ឋាភិបាលគួរតែដល់ពេលធ្វើរឿងកិច្ចព្រំដែនដោយបើកចំហ និងមាននីតិវិធីត្រឹមត្រូវ៖ « តាមពិតរដ្ឋាភិបាលជាអ្នកធ្វើឲ្យមានការមិនទុកចិត្តរឿងព្រំដែន។ ការរៀបចំព្រំដែនជាដំណើរការល្អបើសិនជារដ្ឋាភិបាលធ្វើឡើងល្អ មាននីតិវិធីត្រឹមត្រូវ » ។
លោក វ៉ា គឹមហុង ផ្ដាំផ្ញើទៅតំណាងគណបក្សសង្គ្រោះជាតិថា រឿងព្រំដែនជាការងាររបស់រដ្ឋាភិបាល មិនមែនជាការងាររបស់ស្ថាប័ននីតិប្បញ្ញត្តិទេ និងថាបើចង់សើរើរឿងព្រំដែនត្រូវរង់ចាំបក្សខ្លួនឈ្នះឆ្នោតសិនទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។