គណបក្សប្រឆាំងអះអាងថា កម្ពុជាត្រូវការការសង្គ្រោះជាចាំបាច់ក្នុងស្ថានភាពបច្ចុប្បន្ន ពីព្រោះក្រុមមេដឹកនាំរបបក្រុងភ្នំពេញកំពុងនាំជាតិធ្លាក់ចូលទៅក្នុងជ្រោះមរណៈ។ ចំណែក ប្រមុខការពារជាតិរបបលោក ហ៊ុន សែន វិញអះអាងថា ការសង្គ្រោះជាតិមិនមែនត្រូវធ្វើនៅពេលបច្ចុប្បន្ននេះទេ ព្រោះកម្ពុជាកំពុងមានសន្តិភាព។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា កម្ពុជាកំពុងប្រឈមមុខនឹងគ្រោះកាចជាច្រើន ដែលចាំបាច់ត្រូវមានការជួយសង្គ្រោះជាបន្ទាន់។
អ្នកសម្របសម្រួលកិច្ចការងារទូទៅរបស់គណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក ម៉ោញ សារ៉ាត់ មើលឃើញថា កម្ពុជាកំពុងប្រឈមនឹងវិបត្តិ ៣យ៉ាងជាសំខាន់ ដែលអាចធ្វើឱ្យប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយ។ លោកថា វិបត្តិទាំងនោះ រួមមាន ការជំពាក់បំណុលធនាគារវ័ណ្ឌក របស់ពលរដ្ឋ ការកាន់កាប់អចលនទ្រព្យ និងសម្បត្តិធម្មជាតិដោយក្រុមជនបរទេស និងការរងទណ្ឌកម្មផ្ដាច់ការអនុគ្រោះពន្ធពីក្រុមប្រទេសប្រជាធិបតេយ្យ៖ «ពលរដ្ឋខ្មែរកំពុងតែក្រនៅក្នុងស្ថានភាពបច្ចុប្បន្ន ចុះបើមានសម្ពាធបរិយាកាសសេដ្ឋកិច្ចធ្ងន់ធ្ងរជាងនេះទៀត តើយើងនឹងកាន់តែពិបាកប៉ុនណាទៀត ? អាហ្នឹង គឺជាបញ្ហាធំដែលយើងទាំងអស់គ្នា ក្នុងនាមជាម្ចាស់ប្រទេសត្រូវរួមគ្នាគិត រួមគ្នាជួយកម្ពុជាឱ្យបានរួចផុតអំពីវិនាសកម្មដែលយើងអាចរួចផុតបានពីកន្លែងនេះ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបញ្ចេញប្រតិកម្មបែបនេះ ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់ប្រមុខការពារជាតិរបបក្រុងភ្នំពេញ ដែលថា កម្ពុជាមិនត្រូវការការសង្គ្រោះទៀតទេ ដ្បិតកំពុងមានសន្តិភាព។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ សរសេរក្នុងហ្វេសប៊ុក (Facebook) នៅថ្ងៃទី១៤ សីហា ដោយចំអកឱ្យគណបក្សសង្គ្រោះជាតិថា “ជារឿងគួរឱ្យអស់សំណើចដែលមានគេចង់សង្គ្រោះជាតិ ក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព ការរីកចម្រើនគ្រប់វិស័យ និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។ លោកបន្តថា ការចង់សង្គ្រោះជាតិគួរតែធ្វើក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧៥ មិនមែនពេលនេះឡើយ។ លោកបន្ថែមថា ថ្នាក់ដឹកនាំបច្ចុប្បន្នបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីដឹកនាំនាវាកម្ពុជាឱ្យរីកចម្រើន និងបង្កើនកិត្យានុភាពលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណា មន្ត្រីគណបក្សសង្គ្រោះជាតិលោក ម៉ោញ សារ៉ាត់ ថ្លែងថា ក្រុមអ្នកដឹកនាំសព្វថ្ងៃ គ្មានបំណងដោះស្រាយវិបត្តិទាំងឡាយដែលជាតិកំពុងប្រឈមនោះឡើយ ដោយពួកគេគិតតែពីអំណាច និងប្រយោជន៍របស់ក្រុមខ្លួន ប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា កម្ពុជាត្រូវការការជួយសង្គ្រោះចេញពីអំណាចដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន ជាចាំបាច់ ដើម្បីភាពរីកចម្រើនរបស់ជាតិទៅថ្ងៃមុខ៖ «គាត់ធ្វើគ្រប់យ៉ាងដើម្បីបម្រើផលប្រយោជន៍របស់យួន របស់ចិន។ គោលបំណងធំមួយទៀត គឺដើម្បីការពារអំណាចរបស់គាត់ ដើម្បីពូជពង្សវង្សត្រកូលរបស់គាត់។ គាត់អត់បានគិតអំពីការស្លាប់របស់ប្រជាពលរដ្ឋយើងទេ។ យើងចង់ធ្វើកម្មវិធីនយោបាយដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរខ្លួនឯងពិតប្រាកដ អាហ្នឹងដែលគណបក្សសង្គ្រោះជាតិមានគោលដៅច្បាស់លាស់»។
របបលោក ហ៊ុន សែន កំពុងមានកេរ្តិ៍ឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ បន្ទាប់ពីរបបនេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ មានតែប្រទេសកុម្មុយនិស្តទេ ដែលកោតសរសើររបបក្រុងភ្នំពេញ ចំពោះអ្វីដែលបានកើតឡើងនៅកម្ពុជា ស្របពេលដែលក្រុមប្រទេសប្រជាធិបតេយ្យកំពុងដាក់ចេញនូវទណ្ឌកម្មទាំងឡាយប្រឆាំងនឹងរបបនេះ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ប្រសាសន៍របស់លោក ទៀ បាញ់ ជាការបំភ័ន្តមតិសាធារណៈ។ លោកយល់ថា កម្ពុជាពិតជាកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរមែន ដែលទាមទារឱ្យមានដំណោះស្រាយសមស្របឱ្យបានទាន់ពេលវេលា បើពុំដូច្នេះទេ ស្ថានភាពនឹងកាន់តែអាក្រក់ជាងនេះទៀត។ លោកបន្ថែមថា វិបត្តិធ្ងន់ធ្ងរជាងគេនៅពេលនេះ គឺហានិភ័យនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនឹងបំផ្លាញឆ្នាំងបាយពលរដ្ឋខ្មែររាប់លាននាក់ទូទាំងប្រទេស៖ «ប្រសិនបើយើងបន្តប្រកាន់ត្រូវរៀងៗខ្លួន មិនឈរលើផ្លូវកណ្ដាល ខ្ញុំគិតថា នេះជាការបែកបាក់ជាតិមួយយ៉ាងធ្ងន់ធ្ងរ។ ប្រទេសកម្ពុជានឹងមិនមានការអភិវឌ្ឍទេ ហើយចុងក្រោយហ្នឹងគឺអាចឋិតនៅក្រោមការត្រួតត្រារបស់បរទេសជាថ្មីម្ដងទៀត។ អ៊ីចឹងហើយ ខ្ញុំសំណូមពរឱ្យអ្នកនយោបាយទាំងពីរចរន្ត ដែលជាចរន្តនយោបាយដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជាហ្នឹង ធ្វើការចរចាគ្នាដើម្បីរក្សាផលប្រយោជន៍ជាតិ»។
សមាគមថៅកែរោងចក្រ អះអាងថា ការដកហូតការអនុគ្រោះពន្ធ EBA នឹងធ្វើឱ្យកម្មករ ៧៥ម៉ឺននាក់ រួមទាំងគ្រួសាររបស់ពូកគេ ៣លាននាក់ទៀត ត្រូវរងគ្រោះ។ សមាគមដដែលនេះ បញ្ជាក់ទៀតថា ទណ្ឌកម្មនេះនឹងធ្វើឱ្យបាត់បង់ការងារទ្រង់ទ្រាយធំនៅកម្ពុជា ហើយការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចិរភាពនោះ នឹងមិនអាចសម្រេចបានឡើយ។
ទោះជាយ៉ាងណា សហភាពអឺរ៉ុបបានបញ្ជាក់ច្បាស់ហើយថា បើរបបក្រុងភ្នំពេញចង់ទទួលបានការអនុគ្រោះពន្ធនេះបន្តទៅទៀត របបនេះត្រូវតែដោះលែងលោក កឹម សុខា បើកឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពិតប្រាកដ។ សហភាពអឺរ៉ុបក៏តម្រូវឱ្យរបបនេះ គោរពសិទ្ធិការងារ និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងបើកលំហសេរីភាពការងារសម្រាប់ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសារព័ត៌មានឯករាជ្យផងដែរ។
ក្រុមសង្គមស៊ីវិលពិនិត្យឃើញថា លក្ខខណ្ឌទាំងនេះអាចអនុវត្តបាន បើរបបលោក ហ៊ុន សែន គិតពីប្រយោជន៍ជាធំមែននោះ ហើយការបំពេញលក្ខខណ្ឌទាំងនេះមិនប៉ះពាល់ដល់ឯករាជ្យ និងអធិបតេយ្យជាតិឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។