គណបក្សសង្គ្រោះជាតិ ស្នើជាថ្មីទៀតឱ្យរដ្ឋាភិបាលប្ដឹងទាមទារកោះត្រល់ និងកោះក្រចកសេះ ពីប្រទេសវៀតណាមទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ក្រុងឡាអេ ផ្អែកតាមច្បាប់សមុទ្រ (UNCLOS) និងឯកសារគតិយុត្តិនានា។ ការទាមទាររបស់គណបក្សនេះ គឺសម្អាងលើអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ ដែលចែងថា រដ្ឋទាំងអស់មានសិទ្ធិបង្កើតវិសាលភាព គ្រប់គ្រងដែនសមុទ្ររបស់ខ្លួន មិនលើសពី ១២ ម៉ាយល៍ ឬ ២២.២គីឡូម៉ែត្រ។
គណបក្សសង្គ្រោះជាតិលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ កក្កដាថា បើយោងតាមច្បាប់អន្តរជាតិ កម្ពុជានៅតែអាចប្ដឹងទាមទារកោះត្រល់ និងកោះក្រចកសេះ ពីប្រទេសវៀតណាមមកវិញ ប្រសិនបើរដ្ឋាភិបាលមានសុឆន្ទៈ។
គណបក្សសង្គ្រោះជាតិអះអាងថា អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ (UNCLOS) គឺជាលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិយ៉ាងសំខាន់ កំណត់សិទ្ធិប្រទេសនីមួយៗ ក្នុងការគ្រប់គ្រងដែនសមុទ្រ កំណត់ព្រំដែនសមុទ្រ នាវាចរណ៍ និងតំបន់នេសាទជាដើម ដែលកម្ពុជាត្រូវយកជាមូលដ្ឋានដោះស្រាយ ព្រំដែនសមុទ្រជាមួយប្រទេសជិតខាង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា កម្ពុជាមានឯកសារ និងច្បាប់អន្តរជាតិជាច្រើន អាចទាមទារយកកោះត្រល់ និងកោះក្រចកសេះ ពីវៀតណាមមកវិញបាន។ លោកបន្ថែមថា អគ្គទេសាភិបាលឥណ្ឌូចិន លោក ប្រេវីយេ (Jules Brévié) នៅឆ្នាំ១៩៣៩ បានផ្ញើលិខិតទៅកាន់អភិបាលតំបន់កូសាំងស៊ីនថា កោះត្រល់ ត្រូវដាក់ឲ្យកូសាំងស៊ីន គ្រប់គ្រងខាងផ្នែករដ្ឋបាល និងប៉ូលិសតែប៉ុណ្ណោះ ហើយកោះនេះ នៅតែជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាដដែល។ លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាល ស្រង់ឯកសារពាក់ព័ន្ធទាំងនេះ ប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិក្រុងឡាអេ នឹងអាចទាមទារកោះទាំងនេះ ពីវៀតណាមវិញបាន៖ «វៀតណាម បើគិតពីកោះត្រល់ ដល់ឆ្នេរ ហា ទៀង វៀតណាម រហូតដល់ ៤៥គីឡូម៉ែត្រ ឆ្ងាយជាងចម្ងាយនៃការកំណត់ ដោយអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រហ្នឹង ដែលគេកំណត់ត្រឹម ២២ .២គីឡូម៉ែត្រ ហើយវៀតណាម ៤៥គីឡូម៉ែត្រ បើតាមច្បាប់សមុទ្រគឺកោះត្រល់ជារបស់យើង»។
ឆ្លើយតបនឹងការទាមទារនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ចោទថា គណបក្សសង្គ្រោះជាតិ នៅមិនទាន់យល់ច្បាស់ ពីខ្លឹមសារច្បាប់សមុទ្រទៅវិញ។ លោកស្នើឱ្យគណបក្សប្រឆាំងពិនិត្យឡើងវិញ ចំពោះខ្លឹមសារច្បាប់អន្តរជាតិនេះ៖ «ឱ្យអ្នកធ្វើលិខិតស្នើចេះចុះឱ្យមើលច្បាប់ទម្លាប់ អនុសញ្ញាអង្គការសហការប្រជាជាតិឆ្នាំ១៩៨២ ឱ្យច្បាស់មែនទែន កុំយើងមើលមិនច្បាស់ យើងមើលមិនយល់ផងទេ កុំចេះតែឱ្យអ្នក រដ្ឋាភិបាលធ្វើចេះធ្វើចុះ រដ្ឋាភិបាលគេមិនភ្លើដូចគាត់ទេ»។
ទោះបីជាយ៉ាងនេះក្ដី គណបក្សប្រឆាំងទាមទារឲ្យរដ្ឋាភិបាលប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិនេះ នៅបន្ទាប់ពីមេដឹកនាំអាស៊ានរួមទាំងនាយករដ្ឋមន្ត្រីវៀតណាមផង ដែលជាប្រធានអាស៊ានប្ដូរវេន បានចេញសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំអាស៊ានលើកទី៣៦ តាមរយៈវីដេអូខន់ហ្វ្រិន (Video Conference) កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ ដែលព្រមព្រៀងគ្នា ជំរុញឱ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូងខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ នៃអនុសញ្ញាអង្គការសហការឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ ដែលកំណត់ដែនសមុទ្រ អធិបតេយ្យ យុត្តាធិការ និងផលប្រយោជន៍ស្របច្បាប់លើសមុទ្រ។
លោក អ៊ុំ សំអាន សង្កត់ធ្ងន់ថា នៅឆ្នាំ ១៩៨២ លោក ហ៊ុន សែន ដែលកាលនោះ ជារដ្ឋមន្ត្រីក្រសួងការបរទេស បានចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ កាត់កោះត្រល់ និងកោះក្រចកសេះឱ្យវៀតណាម ថែមទាំងដាក់តំបន់ទឹកប្រវត្តិសាស្ត្រទំហំ ១.០០០គីឡូម៉ែត្រការ៉េ គ្រប់គ្រងរួមជាមួយវៀតណាម។ លោកបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម ទើបចាប់ផ្ដើមអភិវឌ្ឍន៍កោះត្រល់ នៅឆ្នាំ២០០៥ ក្រោយពេលរបបក្រុងភ្នំពេញ និងវៀតណាម ចុះហត្ថលេខាប្រើប្រាស់សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥៖ «យួនអន់ចិត្តដែលចិនរំលោភដែនទឹកយើងក៏អត់ចិត្តដែរដែលយួនរំលោភដែនទឹករបស់យើង ប៉ុន្តែធ្វើខ្លួនឯងជាជនរងគ្រោះចិនរំលោភ តាមពិតខ្លួនឯងរំលោភគេដែរហ្នឹង។ ចិនយកដែនសមុទ្រគាត់គាត់បែរជាមកយកដែនសមុទ្ររបស់ខ្មែរ ហ្នឹងជាបូរណភាពទឹកដីរបស់ខ្មែរយើងកោះត្រល់ជារបស់ខ្មែរ ហើយកោះត្រល់យើងអាចប្តឹងបានព្រោះកោះត្រល់មិនមែនបាត់ទេសាភិបាលឥណ្ឌូចិនគ្រប់គ្រងទេ។ កោះត្រល់បាត់ដោយសារសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨២ ឆ្នាំ១៩៨៥ ឆ្នាំ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩។ កោះត្រល់ និងកោះក្រចកសេះ យួនគ្រប់គ្រង គឺយួនឈ្លានពានកម្ពុជា»។
អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី គាំទ្រសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនេះ។ លោកយល់ថា កម្ពុជាមានភស្តុតាង និងឯកសារជាច្រើន ដែលបញ្ជាក់ថា កោះទាំងនេះជារបស់ខ្មែរ។ លោកថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈប្តឹងរឿងនេះ ទៅតុលាការអន្តរជាតិ កម្ពុជានឹងអាចទាមទារកោះត្រល់ និងកោះក្រចកសេះបានមកវិញ ក៏ប៉ុន្តែលោកគ្មានសង្ឃឹមថា រដ្ឋាភិបាលនឹងប្តឹងរឿងនេះទេ ព្រោះបញ្ហានេះពុំមែនជារឿងថ្មីឡើយ៖
កោះត្រល់មានផ្ទៃដីសរុប ទំហំ ៥៤០គីឡូម៉ែត្រក្រឡា គឺធំជិតប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore)។ កោះនេះស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រ ពីកោះក្រចកសេះ ហើយចម្ងាយ ១៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខ្មែរភាគខាងត្បូង និង ៤៥គីឡូម៉ែត្រ ពីទីក្រុងហាទៀង ប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ បានប្រកាសក្នុងរដ្ឋសភាថា កោះត្រល់លែងជាកម្មសិទ្ធិរបស់ខ្មែរទៀតហើយ។ លោកអះអាងថា ឯកសារព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤ បានទទួលស្គាល់ខ្សែបន្ទាត់ ប្រេវីយេ ដែលបានកាត់កោះត្រល់ទៅឱ្យប្រទេសវៀតណាម។
ទោះបីជាងនេះក្ដី កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៥ បានដកស្រង់បន្ទូលរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ចុះផ្សាយថា ព្រះអង្គមិនដែលទទួលស្គាល់កោះត្រល់ ជារបស់វៀតណាម ម្ដងណានោះឡើយ។
រីឯក្នុងរជ្ជកាលព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទ នរោត្តម សុរាម្រិត អតីតព្រះមហាក្សត្រខ្មែរអង្គនេះ ក៏ចេញព្រះរាជក្រឹត្យមួយចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៧ បញ្ជាក់ថា កោះត្រល់ ឬកោះភូកុក ជាឈ្មោះតែមួយ ជាកោះដែលនៅក្នុងដែនអធិបតេយ្យកម្ពុជា។ ចំណែកផែនទីនៅសម័យសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ ក៏បញ្ជាក់ថា កោះត្រល់ ជារបស់ខ្មែរដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។