ប្រជាពលរដ្ឋខ្មែរនៅប្រទេសកាណាដា និង សហរដ្ឋអាមេរិកដឹកនាំធ្វើមហាបាតុកម្មសាជាថ្មីម្ដងទៀតនៅរដ្ឋធានីវ៉ាស៊ីនតុន នៅសប្ដាហ៍ក្រោយ ដើម្បីទាមទារអោយដោះលែងលោក កឹម សុខា ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ មន្ត្រីរបបក្រុងភ្នំពេញចាត់ទុកថា បាតុកម្មនេះគ្រាន់តែជាសំឡេងមួយ ដើម្បីឱ្យអន្តរជាតិមើលឃើញថា រដ្ឋាភិបាលអាក្រក់ តែមិនបានជះឥទ្ធិពលដល់កម្ពុជាឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១កក្កដាថា រដ្ឋាភិបាលនឹងមិនធ្វើតាមការទាមទាររបស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេសទេ ដោយសារតែសំណុំរឿងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងដៃរបស់តុលាការ។
លោកបញ្ជាក់ថា កម្ពុជាគ្មានអ្វីត្រូវធ្វើការពិចារណាទេដោយសារតែរដ្ឋាភិបាលមានកាតព្វកិច្ចមួយ ត្រូវគោរពចំពោះសេចក្ដីសម្រេចរបស់តុលាការដែលបានរំលាយគណបក្សសង្គ្រោះជាតិ ហើយលោក កឹម សុខាជាប់ពាក់ព័ន្ធនឹងសំណុំរឿងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល៖ «មិនមានឥទ្ធិពលអ្វីទេ ពីព្រោះយើងបានសម្រេចរួចទៅហើយ យើងមិនទៅ កម្ទេចសាលដីការបស់តុលាការកំពូលបានទេពីព្រោះនីតិរដ្ឋមួយដែលយើងគោរព។អ្នកណាមិនគោរព គឺជារឿងដទៃទៀត។ ទៅតាមច្បាប់ ជាធរមានច្បាប់យើងត្រូវដាក់ពាក្យសុំវិលត្រឡប់មកធ្វើនយោបាយវិញ » ។
ប្រតិកម្មរបស់មន្ត្រីនាំពាក្យរដ្ឋាភិបាលនេះ ដោយសារតែក្រុមនិយមប្រជាធិបតេយ្យនៅក្រៅប្រទេស កំពុងស្វែងកិច្ចអន្តរាគមន៍ពីអាមេរិកនិងសហគមន៍អន្តរជាតិឲ្យរដ្ឋាភិបាលខ្មែរស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក លោក អ៊ុង ឬទ្ធី ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១១ កក្កដាថា ប្រជាពលរដ្ឋខ្មែរនៅប្រទេសកាណាដា និង សហរដ្ឋអាមេរិកប្រមាណជាង ៣០០នាក់នៅពុធ ថ្ងៃទី១៧ គ្រោងនឹងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មីម្ដងទៀតនៅ សេតវិមាន និងអគារព្រឹទ្ធសភា ដើម្បីទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា និងឲ្យរបបក្រុងភ្នំពេញផ្ដល់សិទ្ធិឲ្យគណបក្សសង្គ្រោះជាតិ ធ្វើនយោបាយឡើងវិញ ហើយអាចចូលរួមបោះឆ្នោតនាឆ្នាំ២០២៣ ខាងមុខនេះ៖ «កម្ពុជាឥឡូវប្រជាធិបតេយ្យសេរីភាពក្នុងការបញ្ចេញមតិ សេរីភាព ក្នុងការជួបប្រជុំគ្នាត្រូវបំបិទទាំងអស់ ហើយជាពិសេសគឺការរំលាយគណបក្សសង្គ្រោះជាតិ ហើយចាប់ឃុំឃាំងលោកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយខុសច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា » ។
លោក អ៊ុង ឬទ្ធី បញ្ជាក់ថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ក៏ទាមទារសមាជិកសភាសហរដ្ឋអាមេរិក ឱ្យពន្លឿនសេចក្ដីច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលខ្មែរ ឱ្យចេញរូបរាងជាផ្លូវការផងដែរ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅសហរដ្ឋអាមេរិក ប្រាប់អាស៊ីសេរីថា ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលរួមមានលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស គ្រោងនឹងចូលរួមមហាបាតុកម្មនេះ ស្របពេលដែលពួកគេមកជួបជាមួយសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និង មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយនេះ៖ «សហគមន៍ ខ្មែរនៅសហរដ្ឋអាមេរិកហ្នឹងនឹងធ្វើបាតុកម្មនៅពីមុខសេតវិមានហើយថ្នាក់ដឹកនាំជាន់ខ្ពស់នឹងធ្វើការនៅខាងក្នុងជាមួយនឹងអ្នកមុខអ្នកការថ្នាក់ដឹកនាំសហរដ្ឋអាមេរិក » ។
សមាជិកព្រឹទ្ធសភាអាមេរិកទាំងបីរូប មកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានរួមគ្នាស្នើច្បាប់ថ្មីមួយ កាលពីថ្ងៃទី១៤ ខែឧសភាបានដាក់ចេញនូវសេចក្តីព្រាងច្បាប់ S. 1468 ស្ដីពី «ការទទួលខុសត្រូវរបស់កម្ពុជា និងការវិលត្រឡប់មកវិញនៃការវិនិយោគឆ្នាំ២០១៩ (Cambodia Accountability and Return on Investment Act of 2019)» ដែលស្នើឡើង ដើម្បីជំរុញឲ្យរបបលោក ហ៊ុន សែន ងាកមកគោរពគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឲ្យបានពេញលេញ។
សេចក្ដីព្រាងច្បាប់ S.1468 នេះទាមទារឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខក្នុងតំបន់ការពារអធិបតេយ្យរបស់កម្ពុជា កុំឲ្យលុះតាមឥទ្ធិពលរបស់ចិនកុម្មុយនិស្ត និងធ្វើយ៉ាងណាឲ្យកម្ពុជា គោរពសិទ្ធិរបស់ពលរដ្ឋខ្មែរ និងការទទួលខុសត្រូវ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះ តម្រូវឲ្យរបបលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ ដោះលែងអ្នកទោសនយោបាយ និង សកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលផង ហើយទម្លាក់ចោលរាល់បទចោទប្រកាន់លើពួកគាត់។ សេចក្ដីព្រាងច្បាប់នេះ ក៏ទាមទារឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ ដោយហេតុផលនយោបាយ លើមេដឹកនាំផ្សេងទៀត របស់បក្សប្រឆាំង ដូចលោក សម រង្ស៊ី និង ទម្លាក់ចោលបទចោទលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបផង គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។