គណបក្ស​កាន់​អំណាច​ថា គ្មាន​អ្នកណា​ម្នាក់​អាច​គ្រប់គ្រង​គណបក្ស​នេះ​ផ្ដាច់មុខ​ឡើយ

0:00 / 0:00

គណបក្ស​កាន់​អំណាច​ចាត់​ទុក​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ថា ជា​វោហារសាស្ត្រ​បំបែកបំបាក់​សាមគ្គីភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​ជាថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទី​១០ មេសា តាមរយៈ​ការ​អនុម័ត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ទុក​ប្រើ​ពេល​ផ្ទេរ​អំណាច​ឱ្យ​ទៅ​កូន។

គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ត្រៀម​បង្ក្រាប​អ្នក​ដែល​ប្រឆាំង​នឹង​គម្រោង​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស។

មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា ការតែងតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​នេះ ធ្វើឡើង​តាមរយៈ​មហាសន្និបាត​គណបក្ស​ទូទាំង​ប្រទេស មិនមែន​សម្រេច​លើ​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ​។ ជាពិសេស​លោក​សង្កត់ធ្ងន់​ថា គ្មាន​នរណា​ម្នាក់​អាច​យក​គណបក្ស​ប្រជាជន​កម្ពុជា​មក​គ្រប់គ្រង​ផ្តាច់មុខ​បាន​ឡើយ ព្រោះ​វា​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស៖ «ការ​ដាក់​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន មិនមែន​នៅ​លើ​បុគ្គល​ជា​អ្នក​សម្រេច​ឯណា គឺ​មហាសន្និបាត​របស់​គណបក្ស​ជា​អ្នក​សម្រេច ហើយ​គាត់​អត់​យល់​រឿង​ហ្នឹង គាត់​ចេះតែ​លើកឡើង​។ លើកឡើង​ហ្នឹង ដោយសារ​គាត់​ចងគំនុំ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន បានជា​គាត់​ចេះតែ​លើកឡើង​។ ចង់​ធ្វើ​ឯកជន​ភាវូបនីយកម្ម​អំណាច​របស់​គណបក្ស​ប្រជាជន ធ្វើ​ម្តេច​នឹង​កើត ពីព្រោះ​វា​ផ្ទុយ​អំពី​ខ្លឹមសារ​លក្ខន្តិកៈ​របស់​គណបក្ស»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ (AFP)

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូប​នេះ យល់ថា លោក សម រង្ស៊ី មាន​ចេតនា​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​ថា បក្ស​របស់​លោក​នឹង​មិន​បែកបាក់​តាម​សារ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​ឡើយ។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺជា​ការ​ឆ្លើយតប​នឹង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១០ មេសា​ថា លោក ហ៊ុន សែន គ្រោង​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន ក្នុង​រយៈពេល​១ ឆ្នាំ ឬ​២ ឆ្នាំ​ខាងមុខ​ទៀត​នេះ។

លោក សម រង្ស៊ី ថ្លែង​ថា ដើម្បី​ឱ្យ​គម្រោង​នេះ​ជោគជ័យ លោក ហ៊ុន សែន បាន​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ទុក​កម្ចាត់​នរណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​បំណង​របស់​គាត់ ជាពិសេស​គឺ​កម្ចាត់​មន្ត្រី​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង និង​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ ដែល​មិន​ពេញចិត្ត​របប​គ្រួសារនិយម​ដឹកនាំ​ដោយ​ត្រកូល ហ៊ុន​។ មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ចាត់​ទុក​ការ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​ជាថ្មី​ម្ដង​ទៀត​ពី​សំណាក់​លោក ហ៊ុន សែន។ លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ពី​ពលរដ្ឋ​ម្តង​រួច​ទៅ​ហើយ​តាមរយៈ​ការបោះឆ្នោត​ក្លែងក្លាយ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃ​ទី​១០ មេសា គាត់​បាន​ប្លន់​អំណាច​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដទៃ​ទៀត ទុក​សម្រាប់​ត្រកូល ហ៊ុន របស់​គាត់។

ស្រដៀង​នឹង​លោក សម រង្ស៊ី ដែរ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត ជឿជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​ឡើង​ដើម្បី​ទុក​បង្ក្រាប​អ្នក​ប្រឆាំង​នឹង​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​របស់​គាត់ ពី​ព្រោះ​លោក ហ៊ុន សែន បាន​សារភាព​ហើយ​ថា ទោះជា​មិនទាន់​មាន​ច្បាប់ ក៏​លោក​អាច​ប្រើ​កម្លាំង​បង្ក្រាប​ពលរដ្ឋ​បាន​ដែរ៖ «លោក ហ៊ុន សែន រៀបចំ​ច្បាប់​នេះ​ដើម្បី​អ្វី​ ? ដើម្បី​ប្រសិនបើ​ក្រុម​គ្នា​គាត់ ថ្ងៃ​ណាមួយ​មានការ​បះបោរ មានការ​ប្រឆាំង​នៅ​ក្នុង​រឿង ហ៊ុន ម៉ាណែត ដែល​អាច​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​ជំនួស​គាត់​អ៊ីចឹង អ៊ីចឹង​គាត់​អាច​ប្រើ​ច្បាប់​នេះ​បង្ក្រាប​។ បង្ក្រាប​ទាំង​អ្នក​រិះគន់ បង្ក្រាប​ទាំង​អ្នកប្រឆាំង បង្ក្រាប​ទាំង​ក្រុម​គ្នា​គាត់ ប្រាកដជា​មានរឿង​ហ្នឹង​កើតឡើង»។

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ទី​១៣ មេសា ហើយ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ទំនងជា​នឹង​ត្រូវ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​ពិនិត្យ​សម្រេច​នៅ​ថ្ងៃ​ទី​១៧ មេសា​ខាងមុខ​។ សេចក្តី​ព្រាងច្បាប់​ដែល​ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់​នេះ មាន​ចំនួន​៥ ជំពូក ចែក​ជា​១២ មាត្រា។

តាមរយៈ​សេចក្តី​ព្រាងច្បាប់​នេះ រដ្ឋាភិបាល​ទទួល​បាន​សិទ្ធិ​អំណាច​យ៉ាង​ច្រើន​លើសលប់ ក្នុង​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូចជា ការ​ធ្វើ​ដំណើរ ការ​ជួបប្រជុំ ការ​ប្រមូល​ផ្តុំ និង​ការ​ប្រកប​មុខរបរ​ជា​ដើម​។ ច្បាប់​នេះ​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​ប្រើ​វិធានការ​អ្វី​ក៏បាន​ឱ្យ​តែ​យល់​ថា សមស្រប និង​ចាំបាច់ ក្នុង​ការ​ឆ្លើយតប​នឹង​ភាព​អាសន្ន រហូតដល់​អាច​គ្រប់គ្រង​ប្រទេស​តាម​របប​អាជ្ញាសឹក​ទៀត​ផង​។ ចំណុច​គន្លឹះ​នៅត្រង់​នេះ គឺថា កូនប្រុស​ច្បង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣ កំពុង​គ្រប់គ្រង​កងទ័ពជើងគោក​ទូទាំង​ប្រទេស​ស្រាប់ ដូច្នេះ​បើ​ករណី​ប្រទេស​ត្រូវ​ដាក់​ស្ថិត​ក្នុង​ភាព​អាសន្ន ហើយ​ការគ្រប់គ្រង​ធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក នោះ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​អ្នកកាន់អំណាច​នៅ​កម្ពុជា​យ៉ាង​ងាយស្រួល។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លា​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន យល់​ថា ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ គឺជា​ការ​ច្បាម​យក​អំណាច​ដោយ​ស្រស់ៗ និង​ឥត​គ្មាន​ខ្មាស​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​លេស​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ លោក​ជឿ​ថា ច្បាប់​នេះ​នឹង​បង្កើន​ការគាបសង្កត់​លើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​បន្ថែម​ថា ដោយសារតែ​អំណាច​របស់​លោក ហ៊ុន សែន បាន​គ្រប​សង្កត់​លើ​រដ្ឋសភា និង​ព្រឹទ្ធសភា​រួច​ទៅ​ហើយ​នោះ ដូច្នេះ​នឹង​គ្មាន​នរណា​ម្នាក់​ហ៊ាន​លើក​ពី​កង្វល់​អំពី​បញ្ហា​ទាំងនេះ​ជាមួយ​គាត់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។