បក្ស​កាន់​អំណាច​ថា ខ្លួន​ត្រៀម​ទប់​ទល់នឹង​ឧបាយកល​អាក្រក់​ដែល​ចង់​បំផ្លាញ​សង្គម​កម្ពុជា

0:00 / 0:00

គណបក្ស​កាន់អំណាច​បាន​ប្រកាស​ថា គណបក្ស​នេះ បាន​ត្រៀម ខ្លួន​ទប់ទល់​បញ្ហា​មួយ​ចំនួន​ដែល​គណបក្ស​នេះ​ថា ជា​ឧបាយកល​អាក្រក់ ចង់​បំផ្លាញ​សង្គម ។ ការ​លើកឡើង​បែបនេះ ក្នុង​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​សន្និបាត លើក​ទី​៤២ នៃ​គណៈកម្មាធិការ​កណ្តាល នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​០១ ខែ​កុម្ភៈ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ​ថា

គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​សន្និបាត បូកសរុប​សភាព​ការងារ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី និង​និយាយ​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ រួម​ទាំង​បញ្ហា​ដែល​គណបក្ស​ត្រូវ​ដោះស្រាយ​នា​ពេល​ខាង​មុខ​។ លោក​បន្ត​ថា សមាជិក គណបក្ស​បាន​លើក​ឡើង​ពី ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​សភាព​នយោបាយ​ក្នុង​តំបន់ និង​សភាព​នយោបាយ​ក្នុង​ប្រទេស​។ ហើយ​គណបក្ស​ក៏​មិន​ឱ្យ​តម្លៃ​លើ បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​កម្ពុជា​អាច​នឹង​បាត់បង់​ខែ​កុម្ភៈ​ខាងមុខ​នេះ​ដែរ៖ «ពាក្យ​ EBA មាន ក៏ប៉ុន្តែ​មិន​មានអី​ជាក់លាក់​ក្នុង​ការ​ចាត់វិធានការ​ក្នុង​ការ​ដោះស្រាយ​យ៉ាងណា​នោះ មិនមែន​ចំណុះ​លើ​រដ្ឋាភិបាល​កម្ពុជា​ឯណា វា​ចំណុះ​សហភាព​អឺរ៉ុប​ទេ អ្នក​ដែល​ដាក់​ឬ​មិន​ដាក់​យ៉ាងណា»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ (AFP)

សន្និបាត​គណបក្ស​កាន់​អំណាច​នេះ មាន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រមាណ ៩០០​នាក់​ចូលរួម ហើយ​នឹង​ចប់​នៅ​ថ្ងៃ​ទី​២ កុម្ភៈ​នេះ។

ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា​ឯក​បក្ស លោក ហេង សំរិន ថ្លែង​ទៅ​កាន់​បក្ស​សន្និបាត​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ឧបសគ្គ​និង​បញ្ហា ប្រឈម​ច្រើន​ណាស់​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​ឱ្យ​សង្គម​រីកចម្រើន​។ លោក​ថា គណបក្ស​នេះ​បាន​ត្រៀម ខ្លួន​ទប់ទល់​បញ្ហា​មួយ​ចំនួន​ដែល​គណបក្ស​នេះ​ថា ជា​ឧបាយកល​អាក្រក់ ចង់​បំផ្លាញ​សង្គម​។ លោក ហេង សំរិន មិនបាន​បញ្ជាក់​ថា ក្រុម​ណា​ឬ​គណបក្ស​ណា​នៅ​ក្រោយ សមាសភាព​ដែល​លោក​ចោទ​ថា ជា​សមាសភាព​អាក្រក់​នោះ​ទេ​។

សន្និបាត​បក្ស​គណបក្ស​កាន់អំណាច​នេះ ធ្វើឡើង​ជិត​ពេល​ដែល គណៈកម្មការ​អឺរ៉ុប គ្រោង​នឹង​ប្រកាស​លទ្ធផល​ស្ដីពី​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា នៅ​​ជិត​ពាក់​កណ្តាល​ខែ កុម្ភៈ ខាងមុខនេះ​។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា សន្និបាត គណបក្ស​ប្រជាជន​កាន់អំណាច​នេះ អាច​នឹង​មាន​កិច្ចពិភាក្សា​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ លោក​ចង់​ឃើញ គណបក្ស​នេះ​ធ្វើតាម​អនុសាសន៍​របស់ សហភាព​អឺរ៉ុប​ដែល​ស្នើ​ឱ្យ​មាន​របប​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៖ «បើ​សិន​វិធានការ​ហ្នឹង​កើត​មាន​ឡើង​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់អំណាច​ត្រូវ​មាន​យន្តការ​ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ជាតិ ប៉ុន្តែ​បើ​មិន​ដោះស្រាយ​គឺជា​កិច្ចការ​មួយ​ដែល​គណបក្ស​ប្រជាជន​ប្រឈមមុខ​ទទួល​ខុសត្រូវ»។

លោក ឯម សុវណ្ណរ៉ា អ្នកជំនាញខាងវិទ្យាសាស្រ្ត​នយោបាយ។
លោក ឯម សុវណ្ណរ៉ា អ្នកជំនាញខាងវិទ្យាសាស្រ្ត​នយោបាយ។ (RFA)

ទោះបី​សង្គមស៊ីវិល​ក្នុងស្រុក និង​សហគមន៍​អន្តរជាតិ​ស្នើ​ឱ្យ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ឱ្យ​មាន​គណបក្សប្រឆាំង​ឡើងវិញ ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា កម្ពុជា​មិន​ឱន​ក្បាល​ឱ្យ​បរទេស​ដឹកច្រមុះ​ឡើយ ទោះបី​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ។

លោក ឯម សុវណ្ណារ៉ា បន្ត​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​យល់ថា សំណើ​របស់​សហភាព​អឺរ៉ុប​បែប​នេះ ជា​សត្រូវ​របស់​កម្ពុជា​នោះ ភាគី​ទាំងពីរ​នឹង​ពិបាក​ក្នុង​ការ​ដំណោះស្រាយ​បញ្ហា​ផ្ទុយគ្នា​ណាស់​។ លោក​បន្ត​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​តម្កល់​ប្រយោជន៍​ជាតិ​ធំ ជាង​ផលប្រយោជន៍​បក្ស​នោះ វិបត្តិ​ដែល​កម្ពុជា​កំពុង​ប្រឈម​អាច​នឹង​ដោះស្រាយ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។