រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី នៅតែមិនបញ្ចេញព័ត៌មានឲ្យសាធារណជនបានដឹង ជុំវិញគម្រោងបញ្ជូនជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នោះឡើយ បើទោះជាប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារួចហើយក៏ដោយ នៅរសៀលថ្ងៃទី២៦ កញ្ញា នៅឯក្រសួងមហាផ្ទៃ។ សង្គមស៊ីវិលសោកស្ដាយចំពោះការលាក់កំបាំងព័ត៌មាននេះ។
នៅទីបំផុត ព័ត៌មានលម្អិតជុំវិញជនភៀសខ្លួនដែលត្រូវបញ្ជូនមកកម្ពុជា ពីប្រទេសអូស្ត្រាលី មិនត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) លាតត្រដាងឲ្យដឹងឡើយនៅក្នុងពិធីចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នារវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខាដែលមានរយៈពេលប្រហែល ៥នាទី ប៉ុន្តែមានអ្នកសារព័ត៌មានជាច្រើនរង់ចាំប្រហែល ២ម៉ោងមុននោះ បានបិទបញ្ចប់ទៅវិញត្រឹមតែការចុះហត្ថលេខាផ្លាស់ប្ដូរឯកសារ ជល់កែវស្រា និងចាប់ដៃលាគ្នាប៉ុណ្ណោះ។ ទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក ស្កុត ម៉ូរីសុន មិនបាននិយាយជាមួយអ្នកសារព័ត៌មានសូម្បីតែមួយម៉ាត់ បើទោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ខំប្រឹងស្រែកសួរ និងព្យាយាមរត់ស្ទាក់ឈូឆរប្រៀបដូចព្រូឡានរត់ស្ទាក់ម៉ូយនៅថ្ងៃភ្ជុំបិណ្ឌក៏ដោយចុះ។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមដែលចែកចាយឲ្យអ្នកសារព័ត៌មាន បន្ទាប់ពីពិធីចុះហត្ថលេខា បញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងអូស្ត្រាលី នឹងផ្តល់ការតាំងទីលំនៅឲ្យជនភៀសខ្លួននៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត ហើយស្របទៅនឹងអនុសញ្ញាជនភៀសខ្លួន ហើយថាចំនួន និងពេលវេលាសម្រាប់ការតាំងទីលំនៅ នឹងត្រូវបានកំណត់ដោយប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន ក៏លើកឡើងប្រសាសន៍ លោក ស ខេង ដែលអះអាងថា កម្ពុជា ជាហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧ ទាក់ទងជនភៀសខ្លួន ហើយកម្ពុជា ក៏មានអនុក្រឹត្យស្ដីពីនីតិវិធីសម្រាប់ការទទួលស្គាល់ជនភៀសខ្លួន ឬការផ្តល់សិទ្ធិជ្រកកោនឲ្យជនបរទេសនៅកម្ពុជា។ ដូច្នេះ ការផ្តល់ទីលំនៅឲ្យជនភៀសខ្លួន គឺជាសកម្មភាពមនុស្សធម៌ ដែលនឹងជួយពួកគេចាប់ផ្តើមជីវិតថ្មីស្របតាមច្បាប់របស់កម្ពុជា។
ចំណែក លោក ស្កុត ម៉ូរីសុន វិញអះអាងថា ក្នុងនាមជាភាគីអនុសញ្ញាជនភៀសខ្លួន កម្ពុជា ក្នុងពេលដែលកំពុងប្រឹងប្រែងអភិវឌ្ឍប្រទេសខ្លួនក្រោយពីសង្គ្រាមស៊ីវិល កម្ពុជា ក៏កំពុងបង្ហាញសមត្ថភាព និងឆន្ទៈខ្លួន រួមចំណែកក្នុងបញ្ហាមនុស្សធម៌។
សេចក្តីប្រកាសព័ត៌មានរួមអះអាងថា ឋិតក្រោមអនុស្សរណៈនេះ ប្រទេសអូស្ត្រាលី នឹងប្រើប្រាស់អ្នកជំនាញ និងបទពិសោធន៍របស់ខ្លួន ដើម្បីជួយកម្ពុជា ពង្រឹងការគាំទ្រការតាំងទីលំនៅដែលផ្តល់ឲ្យជនភៀសខ្លួននៅកម្ពុជា ហើយថា អូស្ត្រាលី នឹងចេញថ្លៃចំណាយផ្ទាល់លើការចាត់ចែង រួមមាន ការគាំទ្របឋមសម្រាប់ជនភៀសខ្លួន ការកសាងសមត្ថភាពសម្រាប់កម្ពុជា ដើម្បីធានាថា កម្ពុជា មានធនធានសមរម្យ ដើម្បីទទួល និងធ្វើសមាហរណកម្មជនភៀសខ្លួនប្រកបដោយជោគជ័យ។
សេចក្តីប្រកាសព័ត៌មានរួមឲ្យដឹងដែរថា ដើម្បីធានាការអនុវត្តប្រកបដោយភាពវិជ្ជមាន និងប្រសិទ្ធភាព កម្ពុជា និងអូស្ត្រាលី បានព្រមព្រៀងគ្នាអនុវត្តការចាត់ចែងសាកល្បងបឋម ដែលផ្ដើមដោយជនភៀសខ្លួនមួយក្រុមតូចប៉ុណ្ណោះ ហើយបន្តដោយការតាំងទីលំនៅបន្ថែមទៀត ស្របតាមសមត្ថភាពរបស់កម្ពុជា។
ទោះជាយ៉ាងណា សង្គមស៊ីវិលនៅតែបន្តចាត់ទុកកិច្ចព្រមព្រៀងនេះ ថាជាការរំលោភទៅលើអនុសញ្ញាអន្តរជាតិស្ដីពីជនភៀសខ្លួនឆ្នាំ១៩៥១ ដោយសារតែវាមិនមានមធ្យោបាយណាមួយ ដែលរដ្ឋាភិបាលអូស្ត្រាលី អាចធានាថា ខណៈដែលជនភៀសខ្លួនទាំងនេះមកដល់កម្ពុជា ពួកគេនឹងទទួលបានការការពារសិទ្ធិមនុស្សមូលដ្ឋាន ដូចដែលមាននៅប្រទេសអូស្ត្រាលី ឡើយ។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) ដែលជាបណ្ដុំនៃអង្គការចំនួន២១ ដែលរហូតមកដល់ពេលនេះបានចេញរបាយការណ៍ចំនួន៤រួចហើយ ចាប់ពីខែមិថុនា មក ស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី បើកចំហព័ត៌មានជុំវិញការព្រមព្រៀងផ្តល់ការតាំងទីលំនៅនោះ សម្ដែងការបារម្ភជាថ្មីពីបញ្ហានេះ។ ពួកគេលើកឡើងថា កម្ពុជា មិនមែនជាកន្លែងមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួននោះទេ។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មអង្គការការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ ដែលចូលរួមឃ្លាំមើលក្នុងពិធីចុះហត្ថលេខាដែរនោះ សម្ដែងការហួសចិត្តនៅពេលរដ្ឋាភិបាលទាំងពីរមិនបើកចំហព័ត៌មាន។ លោកមានប្រសាសន៍ថា រឿងនេះជារឿងសំខាន់របស់ប្រទេសជាតិ។ ពលរដ្ឋខ្មែរចង់ដឹងថា ហេតុអ្វីបានជាអូស្ត្រាលី បញ្ជូនជនភៀសខ្លួនមកកម្ពុជា ហើយថា តើកម្ពុជា មានលទ្ធភាព និងបានត្រៀមខ្លួនយ៉ាងម៉េចខ្លះក្នុងការទទួលជនភៀសខ្លួន។
លោក សួន ប៊ុនស័ក្តិ៖ «រឿងសំខាន់ គឺរដ្ឋាភិបាលទាំងពីរ អូស្ត្រាលីកម្ពុជា គួរតែបើកចំហព័ត៌មានឲ្យបានច្បាស់លាស់ ឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសកម្មជនសិទ្ធិមនុស្សអូស្ត្រាលី ដែរ គេអាចមានជាយោបល់មានជាមតិផ្សេងៗថា តើគួរធ្វើយ៉ាងម៉េចដើម្បីសុវត្ថិភាពជនភៀសខ្លួនទាំងអស់ហ្នឹង។ បើតាមដែលខ្ញុំដឹង គឺជនភៀសខ្លួនរស់នៅឯជំរំនៅឯប្រទេសអូស្ត្រាលី ទេ ហើយបើបញ្ជូនជនភៀសខ្លួនមកកម្ពុជា មកនៅក្នុងជំរំដដែល តើមានន័យអី ហើយជនភៀសខ្លួន សូមបញ្ជាក់ជូនថា ដែលហៅថាជនភៀសខ្លួន មិនមែនសម្រាប់តែនៅក្នុងជំរំទេណា បើកាលណាទទួលបានឋានៈជាជនភៀសខ្លួនហើយ គឺមានឋានៈស្មើនឹងអន្តោប្រវេសន៍ស្របច្បាប់ ដែលគេមានសេរីភាពដូចគេដូចឯងចឹង»។
ព្រមជាមួយគ្នា ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) នៅថ្ងៃទី២៦ កញ្ញា ចេញសេចក្តីថ្លែងការណ៍សម្ដែងការព្រួយបារម្ភពីការបញ្ជូនជនភៀសខ្លួនមកកម្ពុជា នេះ។
ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស (António Guterres) លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា នេះគឺជាការដើរភ្លាត់ពីបទដ្ឋានអន្តរជាតិ ដែលគួរឲ្យបារម្ភ។ លោកថា វាជាការសំខាន់ដែលប្រទេសទាំងអស់នៅលើពិភពលោក មិនផ្ទេរការទទួលខុសត្រូវរបស់ខ្លួន ចំពោះជនភៀសខ្លួន ទៅកាន់កន្លែងផ្សេងទៀត។ លោកបន្តថា ការចែករំលែកការទទួលខុសត្រូវអន្តរជាតិ គឺជាមូលដ្ឋានដែលធ្វើឲ្យប្រព័ន្ធជនភៀសខ្លួនលើពិភពលោកទាំងមូលដំណើរការ។ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស សង្ឃឹមថា រដ្ឋាភិបាលអូស្ត្រាលី នឹងពិចារណាឡើងវិញពីករណីនេះ។
ចំណែកគណបក្សប្រឆាំងដែលពុំសូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដូចសង្គមស៊ីវិល និងពលរដ្ឋដែរនោះ អះអាងថា ប្រទេសកម្ពុជា នៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលជនភៀសខ្លួននៅឡើយ ព្រោះថា សេដ្ឋកិច្ចកម្ពុជា នៅមានកម្រិតទាប ហើយបញ្ហាគោរពសិទ្ធិមនុស្សទៀតសោត ក៏នៅមានកម្រិត។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងលើកឡើងថា ពួកគេបន្តតាមដានកិច្ចព្រមព្រៀងនេះ ហើយបើរកឃើញថា កិច្ចព្រមព្រៀងនេះមានភាពអវិជ្ជមាននោះ នោះពួកគេនឹងកោះហៅមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធធ្វើការសាកសួរ។
ជាមួយគ្នានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូម៉ែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់សម្គាល់ថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងអូស្ត្រាលី គឺមិនឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការបញ្ជូនជនភៀសខ្លួនទៅកាន់ប្រទេសទី៣ ដែលមានសុវត្ថិភាពនោះឡើយ ដោយអង្គការមួយនេះយល់ថា បើទោះជាកម្ពុជា ជាភាគីនៃអនុសញ្ញាជនភៀសខ្លួនក៏ដោយ តែប្រទេសក្រីក្រមួយនេះ ធ្លាប់ខកខានមិនបានការពារជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនឲ្យបានត្រឹមត្រូវឡើយ ហើយថែមទាំងបានបញ្ជូនជនទាំងនោះត្រឡប់ទៅប្រទេសកំណើតវិញ បើទោះជាដឹងថា ពួកគេនឹងត្រូវរដ្ឋាភិបាលប្រទេសពួកគេ ធ្វើបាបក៏ដោយ តួយ៉ាងដូចជនជាតិអ៊ុយហ្គរ៍ (Uyghur) នៅប្រទេសចិន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។