តំណាងរបបក្រុងភ្នំពេញ នៅអង្គការសហប្រជាជាតិ ជាថ្មីម្តងទៀត ទាត់ចោលរបាយការណ៍សហគមន៍អន្តរជាតិ រឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ និងបានចោទអ្នកហ៊ានរិះគន់ចំណាត់ការរបបនេះថា លម្អៀង និងមិនផ្ដល់យុត្តិធម៌ដល់កម្ពុជា។
តំណាងកម្ពុជា នៅតែការពារចំណាត់ការរបស់របបក្រុងភ្នំពេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលសហគមន៍អន្តរជាតិ ថ្កោលទោសថា ជាការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនោះ។
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក អាន សុខខឿន បានថ្លែងនៅក្នុងសម័យប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែ កុម្ភៈ ថារបាយការណ៍របស់តំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប ជុំវិញការរកឃើញនូវការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជានោះ ធ្វើឡើងដោយលម្អៀង និងមើលតែមួយជ្រុង ដែលនាំឱ្យមើលរម្លងសមិទ្ធផលសំខាន់ៗនៅកម្ពុជា។
ប្រតិកម្មរបស់របបក្រុងភ្នំពេញនេះ ធ្វើឡើងក្រោយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងខាងតំណាងសហភាពអឺរ៉ុប បង្ហាញរបាយការណ៍ និងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនោះ ថាស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅតែអាក្រក់ ដែលទាមទារឱ្យអាជ្ញាធរកម្ពុជាស្តារឡើងវិញជាបន្ទាន់។
សហភាពអឺរ៉ុប បានបញ្ជាក់ជំហររបស់ខ្លួនសាជាថ្មី ដោយស្នើឱ្យអាជ្ញាធរកម្ពុជា ចាត់វិធានការជាបន្ទាន់ ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនេះ។ អ្វីដែលសហភាពអឺរ៉ុបទទូចឱ្យរបបក្រុងភ្នំពេញ ស្តារឡើងវិញជាបន្ទាន់នោះ រួមមានទី១ គឺផ្ដល់សិទ្ធិសេរីភាពខាងជីវភាពនយោបាយនៅកម្ពុជាឡើងវិញ ទី២ ធ្វើយ៉ាងណាបង្កភាពងាយស្រួល ដើម្បីឱ្យគណបក្សប្រឆាំងពិតប្រាកដ អាចបើកដំណើរការឡើងវិញបាន ទី៣ ដកបម្រាម និងការរឹតត្បិតសិទ្ធិសេរីភាព លើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ និងទី៤ សហភាពអឺរ៉ុបទទូចឱ្យអាជ្ញាធរកម្ពុជា ផ្ដល់នីតិសម្បទាឱ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងអស់ ដែលរដ្ឋាភិបាលកម្ពុជា បានហាមឃាត់សិទ្ធិនយោបាយ និងទី៥ ដោះលែងសមាជិក និងសកម្មជនគណបក្សប្រឆាំងទាំងអស់ ដែលរដ្ឋាភិបាលកម្ពុជា ឃុំខ្លួនដោយសារហេតុផលនយោបាយនោះ។
តបទៅនឹងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនេះ តំណាងកម្ពុជាថា សហភាពអឺរ៉ុបអនុវត្តស្តង់ដារពីរ រឿងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានេះ។ លោក អាន សុខខឿន អះអាងថា សិទ្ធិសេរីភាពខាងជីវភាពនយោបាយ ត្រូវបានពង្រឹង និងលើកកម្ពស់យ៉ាងត្រដែត។ លោកថា រដ្ឋាភិបាលកម្ពុជា បានកែច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យមន្ត្រីបក្សប្រឆាំង រួចផុតពីបម្រាមនយោបាយរួចហើយ ដែលកន្លងមកមាន មន្ត្រីបក្សប្រឆាំង ៩ នាក់ ក្នុងចំណោម ១១៨ នាក់បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ និងបាននាំគ្នាទៅបើកគណបក្សថ្មីទៀតផង។ លោក អាន សុខខឿន បន្ទោសថ្នាក់ដឹកនាំបក្សប្រឆាំងឯណោះទៅវិញទេ ដែលបិទសិទ្ធិសេរីភាពមន្ត្រីរបស់ខ្លួន មិនឱ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយចោទអ្នកដែលហ៊ានសុំសិទ្ធិធ្វើនយោបាយវិញនោះ ថាជាជនក្បត់។
លោក អាន សុខខឿន បន្តអះអាងថា កម្ពុជាជាប្រទេសមានពហុបក្ស ដោយគ្រាន់តែក្នុងឆ្នាំ២០១៨ មានគណបក្សនយោបាយថ្មីចំនួន ១៥ បានចុះឈ្មោះ ទោះមិនជាប់ឆ្នោតយ៉ាងណាក្តី។ សរុបមកដល់ពេលនេះ មានគណបក្សនយោបាយ ដែលបានចុះបញ្ជីរួចមានរហូតដល់ ៤៤ គណបក្សទៅហើយ។ ជុំវិញសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយវិញ លោក អាន សុខខឿន អះអាងថា កម្ពុជាមានកាសែត ទស្សនាវដ្ដី ទូរទស្សន៍ និងស្ថានីយវិទ្យុជាង ១,០០០ ស្ថាប័នឯណោះ ដែលលោកអះអាង ថាមធ្យោបាយដ៏មានឥទ្ធិពលមួយ ក្នុងការចែករំលែកមតិពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី សហគមន៍អន្តរជាតិ បានថ្កោលទោស និងដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញជុំទិស ដែលបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ក្រោយរបបនេះ បានធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ផ្ដើមពីការកែច្បាប់ ដើម្បីរម្លាយគណបក្សសង្គ្រោះជាតិ ចោទប្រកាន់ប្រធានគណបក្សប្រឆាំងនេះពីបទក្បត់ជាតិ ហាមឃាត់សិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់បក្សនេះ ១១៨រូប បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើទុក្ខបុកម្នេញមេដឹកនាំសហជីពកម្ពុជា សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី ដកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សប្រឆាំងទាំង ៥០០៧ នាក់ ដែលតំណាងឱ្យឃុំសង្កាត់ជិត ៥០០ នៅទូទាំងប្រទេស ឬតំណាងឱ្យអ្នកបោះឆ្នោតជាងបីលាននាក់ និង រៀបចំការបោះឆ្នោតដោយផាត់ចោលគណបក្សប្រឆាំងជាដើម។
ថ្មីៗនេះទៀតសោត ដោយសារតែរបបក្រុងភ្នំពេញ នៅតែចចេសមិនស្ដារស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យទាំងនេះ ទើបសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ឬគិតទឹកប្រាក់ជាង ១ពាន់លានដុល្លារ និងសហរដ្ឋអាមេរិក កាត់ផ្ដាច់រាល់ជំនួយទាំងអស់ លើកលែងតែជំនួយមនុស្សធម៌ និងបានបិទទិដ្ឋាការមិនឱ្យមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញជាច្រើនរូប ជាន់ទឹកដីអាមេរិក និងបានអនុវត្តច្បាប់ដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាដែលស្និទិ្ធនឹងរបបនេះ ចំនួនបីនាក់ និងសាច់សាលោហិតជាច្រើនរបស់មន្ត្រីទាំងនេះថែមទៀតផង។ ទណ្ឌកម្មនេះ រួមមានការបង្កកទាំងអស់របស់អ្នកទាំងនោះ ដែលមាននៅសហរដ្ឋអាមេរិក និងហាមធ្វើដំណើរចូលទឹកដីអាមេរិក។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ព្រមានថា របបក្រុងភ្នំពេញ នឹងទទួលទណ្ឌកម្មច្រើនជាងនេះ បើនៅតែចចេស មិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ឱ្យបានឆាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។