"របប​ភ្នំពេញ​គួរ​មាន​សមយុទ្ធ​​រួមគ្នា​ឡើងវិញ​ជាមួយ​លោក​ខាង​លិច ដូច​ដែល​កំពុង​ធ្វើ​ជាមួយ​ចិន"

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា បើក​ឱ្យ​មាន​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្រទេស​លោក​ខាងលិច​ឡើងវិញ ជាពិសេស​ជាមួយ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ដូច​អ្វី​ដែល​កម្ពុជា​កំពុង​ធ្វើ​ជាមួយ​ប្រទេស​ចិន​ដែរ។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​កុំ​ឱ្យ​មានការ​ចោទប្រកាន់ ឬ​ការ​យល់​ច្រឡំ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ថា កម្ពុជា​ផ្អៀង​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​ឡើងៗ ខណៈ​ប្រទេស​នេះ ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា «​នាគ​មាស​» ជាមួយ​ចិន ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​លើក​មុនៗ រយៈពេល ២៨ ថ្ងៃ ចាប់ពី​ថ្ងៃទី២៨ កុម្ភៈ​នេះ ដល់​ថ្ងៃ​ទី២៧ មីនា។

លោក ឯម សុវណ្ណារ៉ា ប្រាប់​អាស៊ីសេរី​កាលពី​យប់​ថ្ងៃទី២៧ កុម្ភៈ ថា ដើម្បី​បង្ហាញ​ពី​ជំហរ​អព្យាក្រឹត្យ​នៃ​នយោបាយ​ការបរទេស និង​ស្ដារ​ទំនាក់ទំនង​ឱ្យ​មាន​តុល្យភាព​ល្អ​ប្រសើរ​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​លោក​ខាងលិច ជា​ការ​ល្អ ដែល​រដ្ឋាភិបាល​កម្ពុជា​បើក ឬ​គួរ​អនុញ្ញាត​ឱ្យ​មាន​ឡើងវិញ​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្រទេស​ទាំងនោះ ចៀស​ជាង​ធ្វើ​តែមួយ​មហា​យក្ស​ចិន​តែឯង៖ «ខ្ញុំ​គិត​ថា យន្ត​ការដែល​រដ្ឋាភិបាល​ជ្រើសរើស​សមយុទ្ធ​យោធា​ជាមួយ​នឹង​កងទ័ព​ចិន​នេះ យើង​គិត​ថា ការ​ធ្វើ​នេះ​ជា​ការ​ចាំបាច់​មួយ​ដែរ ដើម្បី​ពង្រឹងកម្លាំង​ផ្ទៃក្នុង​ជាតិ​។ ក៏ប៉ុន្តែ គ្រាន់តែ​យើង​ដើរតួ ឬក៏​ហៅថា ធ្វើ​នយោបាយ​ការបរទេស​យើង​យ៉ាងម៉េច​ឱ្យ​អព្យាក្រឹត្យ កុំ​ឱ្យ​គេ​មើល​ឃើញ​យើង​ថា វា​លម្អៀង​ទៅ​ខាង​ចិន​។ ដូច្នេះ យើង​អាច​បន្ត ឬក៏​បើក​ដំណើរការ​សមយុទ្ធ​យោធា​ជាមួយ​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​ឡើងវិញ ដោយ​សន្យា​ហៅ​គូភាគី​ហ្នឹង មក​ចរចា​គ្នា ហើយ​បើក​ដំណើរការ​ឡើងវិញ នោះ​ខ្ញុំ​គិត​ថា សមយុទ្ធ​យោធា​ជាមួយ​នឹង​ចិន​ហ្នឹង មិនមែន​ជា​សម្ពាធ​អី​ខ្លាំងក្លា​នោះ​ទេ»។

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា មិន​អាច​គ្រាន់តែ​ចេះតែ​បន្ទរ​តាមតែ​រដ្ឋធម្មនុញ្ញ ហើយ​ថា​ខ្លួន​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ក្នុង​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​នោះ ដោយ​ពុំ​ធ្វើ​សកម្មភាព​ជាក់ស្ដែង ហើយ​ធ្វើ​ឱ្យ​ប្រទេស​ដទៃ​ចេះតែ​ជឿ​តាម​នោះ​ទេ។

ការ​លើកឡើង​របស់​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ ស្រប​ពេល​ដែល​កម្ពុជា និង​ចិន​កំពុង​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា «​នាគ​មាស​» ជា​លើក​ទី​បី នៅ​លើ​ទឹកដី​កម្ពុជា ចាប់ពី​ថ្ងៃទី២៨ កុម្ភៈ​នេះ តទៅ ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី២៧ មីនា​។ សមយុទ្ធ​រយៈពេល ២៨ ថ្ងៃនេះ ត្រូវ​ប្រទេស​ទាំងពីរ​ចាត់ទុកថា ជា​សមយុទ្ធ​ក្នុង​ទ្រាយ​ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន​ពីមុន​មក ខណៈ​នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ប្រទេស​ទាំងពីរ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រួមគ្នា​ជាប់​ឥត​ដាច់ តាំងពី​ឆ្នាំ២០១៧ មក​។ សមយុទ្ធ​នេះ ធ្វើឡើង​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ហ្វឹកហ្វឺន​ជុំគីរី ស្ថិតនៅ​ភូមិ​ត្រពាំងរាំង ស្រុក​ជុំគីរី ខេត្ត​កំពត ដោយមាន​ការប្រើប្រាស់​អាវុធ​យុទ្ធភណ្ឌ​សំខាន់ៗ រួមមាន​រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ និង​អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាលពី​ថ្ងៃ២៧ កុម្ភៈ ឱ្យ​ដឹង​ថា សមយុទ្ធ​យោធា​កម្ពុជា​-​ចិន នាគ​មាស​ឆ្នាំ ២០១៩ នេះ មាន​កងទ័ព​ចិន​ចូលរួម​សរុប ២៥២ នាក់ ខណៈ​កម្ពុជា​មាន​ជាង ២ ពាន់ ៥ រយ​នាក់ ( ២.៥៤២ នាក់​)​។ លោក ឈុំ សុជាតិ គូស​បញ្ជាក់​ថា សមយុទ្ធ​យោធា​នេះ ឆ្លុះបញ្ចាំង​អំពី​គោលជំហរ​របស់​កម្ពុជា ជាពិសេស​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ការ​អនុវត្ត​នយោបាយ​ការពារ​ជាតិ​រវាង​កម្ពុជា និង​ចិន លើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការ​ជួយ​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុងជ្រោយ​។ លោក​ថា សមយុទ្ធ​យោធា​នាគមាស​ឆ្នាំ ២០១៩ នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​កង​យោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន ផ្ដោត​លើ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​កិច្ចការ​មនុស្សធម៌ ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ការ​ប្រឆាំង​ភេរវកម្ម និង​ការ​រក្សា​សន្តិភាព។

យ៉ាងណាក៏ដោយ លោក ឈុំ សុជាតិ មិនបាន​បញ្ជាក់​ថា តើ​សមយុទ្ធ​យោធា​នេះ នឹង​ចំណាយ​អស់​ថវិកា​សរុប​ចំនួន​ប៉ុន្មាន ហើយ​ថា​ភាគី​ចិន​ជា​អ្នកទទួលខុសត្រូវ​លើ​ថ្លៃ​ចំណាយ​ទាំងនេះ ឬ​យ៉ាងណា​នោះ​ទេ​។ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក ឈុំ សុជាតិ ជាច្រើនលើក​កាលពី​យប់​ថ្ងៃទី២៧ កុម្ភៈ តែ​លោក​មិន​លើក​ទូរស័ព្ទ​។ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ឱ្យ​អាស៊ីសេរី ដោយសារ​លោក​ជាប់រវល់​ប្រជុំ។

ដោយឡែក មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន គូស​បញ្ជាក់​ជាថ្មី​ថា កម្ពុជា និង​ចិន ជា​មិត្ត​ជិតខាង​ល្អ និង​ជា «​មិត្ត​ស្លាប់​រស់​ពិតប្រាកដ​» អស់​ជាច្រើន​ជំនាន់​មក​ហើយ​។ ការ​គូស​បញ្ជាក់​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​មន្ត្រី​ជាន់ខ្ពស់​យោធា​ចិន រួមមាន​អនុប្រធាន​គណៈកម្មការ​យោធា​ម​ជ្ឈឹ​ម​លោក ហ្ស៊ូ គី​លៀង (Xu Qi Liang) និង​រដ្ឋមន្ត្រី​ការពារ​ចិន លោក វៃ ហ្វេង ហ៊ី (Wei Feng He) ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ាណែត កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៥ ថ្ងៃ​នៅ​ប្រទេស​ចិន ពី​ថ្ងៃ​ទី ២៥ កុម្ភៈ ដល់​ថ្ងៃ​ទី១ មីនា។ ប្រព័ន្ធ​ព័ត៌មាន​យោធា​ចិន រាយការណ៍​ឱ្យ​ដឹង​កាលពី​ថ្ងៃទី២៧ កុម្ភៈ ថា ក្នុង​ជំនួប​នោះ ភាគី​ចិន​ប្រកាស​គាំទ្រ​យ៉ាង​រឹងមាំ​ដល់​វិស័យ​ការពារ​ជាតិ និង​ការ​កសាង​យោធា នៅ​កម្ពុជា​។ ភាគី​ទាំងពីរ​ប្ដេជ្ញា​ថា នឹង​បន្ត​ចូលរួម​កាន់តែ​ច្រើន​ថែមទៀត​ដល់​ការ​អភិវឌ្ឍ​ភាគ​ជា​ដៃគូ​ប្រកបដោយ​យុទ្ធសាស្ត្រ​ទូលំទូលាយ​រវាង​កម្ពុជា និង​ចិន​។ លោក ហ៊ុន ម៉ាណែត ក៏បាន​ជជែក​ជាមួយ​ភាគី​ចិន​អំពី​ការរៀបចំ​សមយុទ្ធ​យោធា «​នាគ​មាស​ឆ្នាំ ២០១៩ » ដែរ ក៏ប៉ុន្តែ​ព័ត៌មាន​លម្អិត​ពី​ការ​ជជែក​នេះ មិន​ត្រូវ​បាន​លាតត្រដាង​ឱ្យ​ដឹង​ជា​សាធារណៈ​ឡើយ។

សមយុទ្ធ​យោធា «​នាគ​មាស​» ជាមួយ​ចិន​ជា​លើក​ទី​បី នេះ ធ្វើឡើង​ក្រោម​ក្រសែ​ភ្នែក​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ក្រុម​ប្រទេស​លោក​ខាងលិច ជាពិសេស សហរដ្ឋអាមេរិក និង​អូស្ត្រាលី ព្រមទាំង​ប្រទេស​ភូមិ​ផង​របង​ជាមួយ​កម្ពុជា គឺ​ប្រទេស​វៀតណាម តែម្ដង ក្រោយ​ពី​មានការ​សង្ស័យ​ខ្លាំង​ឡើងៗ​ថា កម្ពុជា អាច​ពិចារណា​លទ្ធភាព​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​ខេត្ត​កោះកុង។ ម្យ៉ាងវិញទៀត គិត​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​នៅ​មិនទាន់​បើក​ឱ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា «​ឆ្មាំ​អង្គរ​» ជាមួយ​សហរដ្ឋអាមេរិក និង «​ដន​គោព្រៃ​» ជាមួយ​អូស្ត្រាលី​ឡើងវិញ​នៅឡើយ​ទេ។ កាលពី​ឆ្នាំ​២០១៧ របប​លោក ហ៊ុន សែន បានសម្រេច​លុបចោល​ជា​ឯកតោភាគី​ដោយ​ពុំ​មាន​កាលកំណត់ ជាមួយ​ប្រទេស​ទាំងពីរ​នេះ ក្រោម​លេស​ថា ជាប់រវល់​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ព្រឹទ្ធសភា និង​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ។ ក៏ប៉ុន្តែ កម្ពុជា មិន​បាន​លុបចោល​ម្ដង​ឡើយ​ការ​ធ្វើ​សមយុទ្ធ​នេះ​ជាមួយ​ភាគី​ចិន​។ សមយុទ្ធ​នេះ ក៏​ធ្វើឡើង​ស្រប​ពេល​ដែល​មនោសញ្ចេតនា​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន ហាក់​មិនសូវ​ជា​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយ​ទង្វើ​អសកម្ម ឬ អសន្តិសុខ​មួយ​ចំនួន​បង្កឡើង​ដោយ​ជនជាតិ​ចិន ដែល​កំពុង​ហូរ​ចូល​មក​កម្ពុជា​យ៉ាង​គំហុក​នា​រយៈពេល​ចុងក្រោយ​នេះ តាមរយៈ​ការ​បណ្ដាក់ទុន​វិនិយោគ​របស់​វិនិយោគិន​ចិន​ភាគច្រើន​លើ​វិស័យ​សំណង់ អចលនទ្រព្យ ធនាគារ និង​កាស៊ីណូ។ ការ​វិនិយោគ​យ៉ាង​ច្រើន​លើសលប់​របស់​ចិន​មក​លើ​វិស័យ​ទាំងនេះ ក៏​បង្ក​ឱ្យ​មានការ​សង្ស័យ​ថា ពួកគេ​អាច​លាង​លុយកខ្វក់​នៅ​កម្ពុជា ខណៈ​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយកខ្វក់​ទើបនឹង​ដាក់បញ្ចូល​កម្ពុ​ជា​ទៅ​ក្នុង​បញ្ជី​ប្រផេះ​របស់​ខ្លួន ក្នុងចំណោម​ប្រទេស​ចំនួន ១២ ដែល​ងាយ​រងគ្រោះ​នឹង​អំពើ​លាង​លុយ​កខ្វក់។

វិបត្តិ​នយោបាយ និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​រុញច្រាន​របប​លោក ហ៊ុន សែន ឱ្យ​រត់​ទៅ​ពឹងផ្អែក​ប្រទេស​ចិន កាន់តែ​ខ្លាំង​ឡើងៗ ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ ហើយ​ចុងក្រោយ​ឈាន​ដល់​វិស័យ​យោធា​តែម្ដង​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​នយោបាយ​ការបរទេស ធ្លាប់​ព្រមាន​រួចជាស្រេច​ហើយ​ថា មហាអំណាច​ចិន អាច​នឹង​ឆ្លៀតឱកាស​នេះ ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​ក្រោម​គំនិត​ផ្តិតផ្តូង «​វិថី​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​» ឥទ្ធិពល​នយោបាយ ការទូត និង​យោធា​របស់​ខ្លួន ដើម្បី​អូសទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក ក្រោម​រូបភាព​ជា​ការ​ដាក់​អាណានិគម​សម័យ​ទំនើប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។