អាជ្ញាធរវៀតណាមជាប់ព្រំដែនកម្ពុជាចុះសួរសុខទុក្ខនិងផ្ដល់កាដូដល់ទាហានខ្មែរនៅព្រំដែន
2018.04.08

អាជ្ញាធរវៀតណាមតាមនៅខេត្តជាប់ព្រំប្រទល់ជាមួយកម្ពុជា បានចុះសួរសុខទុក្ខ និងផ្ដល់កាដូ ឲ្យទាហានខ្មែរនៅតាមព្រំដែន ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា ស្នងការនគរ បាលខេត្តមួយចំនួនរបស់កម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូបញ្ជាការដ្ឋានយោធាការពារព្រំដែននៃខេត្តអានយ៉ាង របស់ វៀតណាម លោក ប៊ូយ ជុនយុង។
ក្នុងជំនួបនោះ ទាំងភាគីទាំងពីរបានប្ដេជ្ញា ថានឹងខិតខំថែរក្សាចំណងមិត្តភាព សាមគ្គីភាព រវាង ប្រទេសទាំងពីរ ព្រមទាំងការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់តាមព្រំដែន។
ប៉ុន្តែអគ្គលេខាធិការ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ស្នើឲ្យអាជ្ញាធរវៀតណាមចេញសេចក្ដីណែនាំ ដល់គ្រឹះស្ថានឯកជន រោងចក្រ សហគ្រាស ដែលមានពលរដ្ឋ និងយុវជនខ្មែរក្រោមធ្វើការ សូមឲ្យផ្ដល់ថ្ងៃឈប់សម្រាក ដោយមិនមានកាត់ប្រាក់ប្រចាំខែ ដើម្បីអាចឲ្យពួកគេ បានទៅលេងភូមិកំណើតនៅទឹកដីខ្មែរក្រោម។
ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ជនជាតិខ្មែរដែលរស់នៅទឹកដីកម្ពុជាក្រោម ឬប្រទេសវៀតណាម អះអាងថា ពួកគេមិនដែលបានឈប់សម្រាក ដើម្បីអបអរពិធីបុណ្យប្រពៃណីដូច្នេះទេ៕