អ្នកជំនាញ និងអ្នកវិភាគថា កម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នៅឡើយទេ។ ការលើកឡើងដូច្នេះ បន្ទាប់ពីក្រសួងការបរទេសកម្ពុជា ទើបបានឆ្លើយតប នឹងរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធEBA។ កម្ពុជាបន្តស្នើសុំកុំឱ្យគណៈកម្មការអឺរ៉ុបផ្ដាច់ EBA ប៉ុន្តែកុំឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី ថា ការណ៍ដែលកម្ពុជាយល់ព្រមទទួលយកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ គឺមានន័យថាខ្លួនបានសន្យាជាមួយសហភាពអឺរ៉ុបរួចហើយ ថានឹងគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់គេ៖ «បើសិនណាយើងគិតថា ឥឡូវនេះការណ៍ដែលមិនទទួលយកស្អីដែលជាការស្នើសុំរបស់សហគមន៍អឺរ៉ុប ឬក៏ការទទួលយកនេះ ជាការជ្រៀតជ្រែកផ្ទៃក្នុង អ៊ីចឹងយើងត្រូវទទួលស្គាល់ការណ៍ដែលយើងទាក់ទងគ្នាដំបូងថា តើយើងបានផ្តល់នូវអធិបតេយ្យភាព ឬក៏បានយកអធិបតេយ្យរបស់ខ្មែរយើងទៅដោះដូរជាមួយនឹងកិច្ចសន្យារបស់គេប៉ុណ្ណា។ នេះវាជារឿងមួយ បើយើងចង់ដឹងយល់ច្បាស់ យើងត្រូវត្រលប់ទៅមើលអំពីស្អីដែលជាលក្ខខណ្ឌ ដែលបានចែងក្នុង EBA វិញ នោះទើបយើងយល់ច្បាស់ថាតើវាជាការំលោភអធិបតេយ្យ ឬក៏មិនរំលោភអធិបតេយ្យ»។
ការលើកឡើងរបស់អ្នកវិភាគរូបនេះ កើតមានឡើងក្រោយពេលក្រសួងការបរទេសដាក់សេចក្ដីឆ្លើយតបរឿង EBA តាមឱសានវាទរបស់គណៈកម្មការអឺរ៉ុប ដែលផ្ទុយពីជំហរមិនឱនក្បាលរបស់លោក ហ៊ុន សែន។
នៅមួយថ្ងៃមុនពេលកម្ពុជាដាក់សេចក្តីបំភ្លឺចុងក្រោយតាមឱសានវាទរបស់គណៈកម្មការអឺរ៉ុប លោក ហ៊ុន សែន បានថ្លែងសារថា មានតែវិធានរបស់អង្គការសហប្រជាជាតិ ឬអង្គការពាណិជ្ជកម្មពិភពលោក WTO ប៉ុណ្ណោះដែលកម្ពុជាអាចធ្វើតាមបាន៖ «ខ្ញុំបាននិយាយហើយ អត់យកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ ឬក៏ភាពអនុគ្រោះពន្ធពីអ្នកណាទាំងអស់។ អ្វីដែលធ្វើបាន បាន អ្វីដែលធ្វើមិនបានគឺអត់។ ... ប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ឬពាណិជ្ជកម្មត្រូវគោរពច្បាប់ ប៉ុន្តែមិនអាចយកច្បាប់ នៃក្រុមមួយ ឱ្យក្រុមមួយទៀតគោរពនោះទេ។ គឺច្នេះ ត្រូវចេញពីធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ មិនអាចយកច្បាប់របស់ក្រុមប្រទេសមួយ យកទៅឱ្យប្រទេសមួយ និងក្រុមប្រទេសមួយគោរពទេ។ បើនិយាយពីវិធានពាណិជ្ជកម្ម មិនអាចយកវិធានរបស់ក្រុមមួយ មកឱ្យក្រុមមួយគោរពនោះទេ។ ត្រូវយកវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។ ឆ្លើយជាមួយខ្ញុំអត់រួចទេ»។
ផ្អែកតាមរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុបដាក់ជូនរដ្ឋាភិបាលកម្ពុជាឱ្យឆ្លើយតបកាលពី១ខែមុននោះ គណៈកម្មការអឺរ៉ុប បានព្រមានពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធបណ្ដោះអាសន្ននេះ បើកម្ពុជានៅតែមិនព្រមកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ។ គណៈកម្មការអឺរ៉ុបរកឃើញថា ការកែប្រែស្ថានភាពកន្លងមកនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ហើយថា មានការរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធទៅលើសិទ្ធិសំខាន់ៗ ក្នុងនោះរួមមានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិការងារ សិទ្ធិដីធ្លី សិទ្ធិសង្គម និងវប្បធម៌។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល (CENTRAL) លោក មឿន តុលា ពន្យល់ថា លក្ខខណ្ឌដែលសហភាពអឺរ៉ុបចង់ឱ្យកម្ពុជាគោរពតាមនោះ មិនមែនជាវិធានរបស់ក្រុមប្រទេសអឺរ៉ុប ដូចដែលលោក ហ៊ុន សែន អះអាងនោះទេ។ លោកថា តាមពិត គណៈកម្មការអឺរ៉ុបគ្រាន់តែចង់ឱ្យកម្ពុជាងាកមកគោរពច្បាប់របស់ខ្លួនឯងតែប៉ុណ្ណោះ៖ «ដូចខ្ញុំបញ្ជាក់អ៊ីចឹង ទីមួយកតិកាសញ្ញាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាកតិកាសញ្ញារបស់អង្គការសហប្រជាជាតិ។ កតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយក៏ជារបស់អង្គការសហប្រជាជាតិ។ ដោយឡែក អនុសញ្ញាលេខ៨៧ លេខ៩៨ ក៏ជាអនុសញ្ញារបស់អង្គការសហប្រជាជាតិខាងការងារដែរ។ អ៊ីចឹងអនុសញ្ញាទាំងពីរ កតិកាសញ្ញាទាំងពីរសុទ្ធតែជាប្រព័ន្ធច្បាប់របស់អង្គការសហប្រជាជាតិ។ ទីពីរកម្ពុជាខ្លួនឯងក៏បានយកអនុសញ្ញា កតិកាសញ្ញាទាំងនេះ ដាក់ទៅធ្វើជាច្បាប់របស់ខ្លួនឯងហើយ។ ដូច្នេះ ចំណុចនេះ យើងត្រូវមើលឱ្យច្បាស់ថា វាមិនមែនជាការចាប់បង្ខំឱ្យកម្ពុជាគោរពច្បាប់ណាផ្សេងនោះទេ។ គឺថាគោរពនូវច្បាប់របស់ខ្លួនឯងនោះឯង ដែលមានចែងនៅក្នុងធម្មនុញ្ញនោះឯង»។
ជុំវិញការណ៍ដែលលោក ហ៊ុន សែន អួតអាង និងដាក់ក្តីសង្ឃឹមថា ចក្រភពអង់គ្លេសអាចនឹងជួយកម្ពុជា ប្រសិនបើបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ លោក មឿន តុលា ថា នេះគ្រាន់តែជាសារបន្លំសាធារណជនប៉ុណ្ណោះ ព្រោះអង់គ្លេសក៏មានលក្ខខណ្ឌឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរ៖ «ការលើកឡើងថា សង្ឃឹមថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនេះ ខ្ញុំគិតថា គឺជាសារនយោបាយបន្លំសាធារណជនទេ។ ជាក់ស្ដែងគឺអង់គ្លេសគេបានដាក់លក្ខខណ្ឌថា គេអាចផ្ដល់បាន ប៉ុន្តែលុះណាតែប្រទេសកម្ពុជាហ្នឹង ដោះនូវបញ្ហារំលោភសិទ្ធិមនុស្ស ដោះនូវបញ្ហាប្រជាធិបតេយ្យកំពុងតែប្រទូសរាយគ្នាហ្នឹងឯង»។
ទោះបីជាលោក ហ៊ុន សែន ថា លោកមិនអនក្បាលដើម្បីទទួលបាន EBA ក៏ដោយ ប៉ុន្តែ ក្រសួងការបរទេស កាលពីថ្ងៃទី១២ ធ្នូ ថា កម្ពុជាសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងពិចារណាមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះទេ។ ក្រសួងមិនបានបញ្ជាក់អំពីអំណះអំណាងលម្អិតដែលកម្ពុជាត្រូវពន្យល់ទៅកាន់គណៈកម្មការអឺរ៉ុបវិញនោះទេ ហើយក៏មិនបានផ្សព្វផ្សាយអំពីរបាយការណ៍ទាំងស្រុងដែលកម្ពុជា ត្រូវដាក់ឱ្យគណៈកម្មការអឺរ៉ុបនាពេលនេះជាសាធារណៈនោះដែរ។ ក្រសួងការបរទេស គ្រាន់តែអះអាងថា ការដាក់របាយការណ៍ឆ្លើយតបនេះ គឺធ្វើឡើងផ្អែកតាមនីតិវិធីរបស់សហភាពអឺរ៉ុប និងថា សេចក្ដីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានា ដែលរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ដែលរួមមានបញ្ហាសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការបង្កើតសមាគមជាដើម។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរីយ៉ាងខ្លីតាមប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី១២ ធ្នូ ថា លោកសុំមិនធ្វើអត្ថាធិប្បាយបន្ថែមទៅលើអ្វីដែលមានក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសជុំវិញរឿងនេះទេ។
គិតត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរី នៅមិនទាន់អាចទាក់ទងខាងភាគីគណៈកម្មការអឺរ៉ុបដើម្បីបញ្ជាក់ពីការទទួលបានឯកសារសេចក្ដីឆ្លើយតបរបស់រដ្ឋាភិបាល ជាផ្លូវការនេះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។